មន្ត្រី​បក្ស​ប្រឆាំង៖ បក្ស​កាន់​អំណាច​រំលឹក​គុណ​ព្រឹត្តិការណ៍ ២ ធ្នូ ដើម្បី​ពង្វក់​ខ្មែរ ឱ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ហៅ​ការ​រំលឹក​គុណ​ព្រឹត្តិការណ៍​ថ្ងៃ​ទី ២ ខែធ្នូ ឆ្នាំ១៩៧៨ ថា ជា​ការ​ពង្វក់​ខ្មែរ​ឱ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា ព្រឹត្តិការណ៍​រណសិរ្ស ២ ធ្នូ ជា​ការ​រំដោះ​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ ទូទាំង​ប្រទេស។

ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍ និង​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សោកស្ដាយ ចំពោះ​ការ​បន្ត​រំលឹក​គុណ​ ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ១៩៧៨ ព្រោះ​លោក​ចាត់​ទុក​ថា ព្រឹត្តិការណ៍​នោះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​វៀតណាម ចាប់​ផ្ដើម​បើក​ការ​ឈ្លាន​ពាន ចូល​ទឹកដី​កម្ពុជា​ជា​ថ្មី​ទៀត។

លោក អ៊ុំ សំអាន ពន្យល់​ថា ត្រឹម​រយៈ​ពេល​ជាង​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ទី២ ធ្នូ ឆ្នាំ១៩៧៨ ដល់​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ រណសិរ្ស​សង្គ្រោះ​​មាតុភូមិ​កម្ពុជា ២ ធ្នូ គ្មាន​លទ្ធភាព​បង្ក​បង្កើត​កង​ទ័ព វាយ​ផ្ដួល​របប​ខ្មែរ​ក្រហម​យ៉ាង​ងាយ​ស្រួល​បែប​នេះ​ទេ។ លោក​អះអាង​ថា វៀតណាម​ជា​អ្នក​បញ្ជា និង​ជ្រោមជ្រែង​ដល់​កងទ័ព ២ ធ្នូ ដើម្បី​វាយ​ចូល និង​គ្រប់គ្រង​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា ព្រឹត្តិការណ៍ ២ ធ្នូ របស់​គណបក្ស​កាន់​អំណាច​បាន​ពង្វក់​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់ ក្នុង​ពេល​ដែល​វៀតណាម​បន្ត​​​ដឹក​កូន​ជញ្ជូន​ចៅ មក​រស់​នៅ​ពាស​ពេញ​ទឹក​ដី​កម្ពុជា ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន សាងសង់​ស្តូប​ដឹង​គុណ​វៀតណាម​នៅ​ទូទាំង​ប្រទេស៖ « ថ្ងៃ ៧ មករា ជា​ថ្ងៃ​ដែល​យួន​ឈ្លានពាន។ ថ្ងៃ ២ ធ្នូ ជា​ថ្ងៃ​ចាប់​ផ្ដើម​បង្ក​ទ័ព ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​យួន​ឈ្លាន​ពាន ហើយ​ក្មេង​ជំនាន់​ក្រោយ​ដឹង​តែ​យួន​យក​ដី​ខ្មែរ យួន​រស់​នៅ​ស្រុក​ខ្មែរ​ពេញ​ទឹក​ពេញ​ដី។ ដល់​អ៊ីចឹង គណបក្ស​ប្រជាជន​គឺ​ត្រូវ​រំលឹក​អា​គុណ​ហ្នឹង ដែល​ខ្លួន​រំដោះ​ប្រទេស​ជាតិ​កម្ពុជា រំលឹក​គុណ​វៀតណាម​រំដោះ​កម្ពុជា​ហ្នឹង ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ដឹង​គុណ​ហើយ​គាំទ្រ​គណបក្ស​ប្រជាជន​ហើយ​គាំទ្រ​ទៅ​ដល់​ប្រទេស​វៀតណាម​ផង​ដែរ។ តែ​ក្មេង​ឥឡូវ គេ​​ដឹង​ប្រវត្តិសាស្ត្រ​ច្រើន គេ​អាន គេ​មើល​ហ្វេសប៊ុក មិន​មែន​ចេះ​តែ​ទៅ​ដឹង​គុណ​យួន​ទេ»

ថ្ងៃ​ទី២ ធ្នូ ឆ្នាំ២០២០ នេះ គឺ​ជា​ខួប​ទី ៤២ឆ្នាំ នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ នៅ​ជាប់​ព្រំដែន​វៀតណាម ក្នុង​ភូមិ​ជើង​ឃ្លូ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ។ ក្រោយ​ជ័យ​ជម្នះ លើ​របប​ខ្មែរ​ក្រហម គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដូរ​ឈ្មោះ​ រណសិរ្ស​នេះ មក​ជា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​វិញ។

នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ១៩៧៨ គឺ​ជា​ថ្ងៃ​សច្ចធម៌​ប្រវត្តិសាស្ត្រ នៃ​ការ​រស់រាន​ឡើងវិញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា ឆ្នាំ​នេះ គណបក្ស​កាន់​អំណាច​មិន​ប្រារព្ធ​ទិវា​រំលឹក​ខួប​ដូច​​រាល់​ឆ្នាំ​ទេ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19)។

ដូច​មេបក្ស​របស់​លោក​ដែរ លោក សុខ ឥសាន ប្រាប់​ថា រណសិរ្ស​ ២ ធ្នូ គឺ​ជា​ថ្ងៃ​សច្ចៈ​ភាព​ ប្រវត្តិ​សាស្ត្រ ដែល​ឥស្សរជន​​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ប្រមូល​កង​កម្លាំង​ស្នេហា​ជាតិ នាំ​គ្នា​រំដោះ​ជាតិ​មាតុភូមិ​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម។ លោក​​ថា ទស្សនៈ​ទាំង​ឡាយ​ដែល​ផ្ទុយ​ពី​នេះ គឺ​ជា​ការ​បញ្ចេញ​មតិ ដែល​​មិន​ឆ្លុះ​បញ្ចាំង​ពី​សច្ចភាព ក្នុង​ប្រវត្តិសាស្ត្រ​ឡើយ៖ « យើង​ដឹង​ថា ថ្ងៃ​ទី២ ធ្នូ​ជា​សច្ចធម៌​ប្រវត្តិ​សាស្ត្រ ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា ហើយ​នឹង​ពាក់ព័ន្ធ​នឹង​អាយុ​ជីវិត​ប្រទេស​ជាតិ និង​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។ អា​ហ្នឹង មាន​អត្ថន័យ​ដូច​ខ្ញុំ​បាន​បញ្ជាក់​មួយ​ឃ្លា​អំបាញ់មិញ​ហ្នឹង។ ក៏​ប៉ុន្តែ​ត្រង់​ថា ក្រុម​ណា​ផ្សេង​គេ​យល់​យ៉ាង​ណា ជា​រឿង​របស់​គេ​ទេ គេ​យល់​យ៉ាង​ណា ជា​រឿង​របស់​គេ​ទេ។ តែ​ឲ្យ​ប្រជាជន​ទៅ​យល់​ជាមួយ​គេ គឺ​អត់​មាន​ទេ»

អ្នក​ឃ្លាំមើល​សង្គម​វិញ​យល់​ថា ដរាប​ណា ភាគី​ខ្មែរ​មិន​ទាន់​ឯកភាព​គ្នា ពលរដ្ឋ​ពិបាក​ទទួល​យក​ថ្ងៃ​ទី២ ធ្នូ និង​ថ្ងៃ​ទី៧ មករា​ថា ជា​ថ្ងៃ​រំដោះ​ជាតិ​នោះ​ឡើយ។ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី​ ស្រីស្រស់ ថ្លែង​ថា ការ​លើក​ទ័ព​វាយ​ផ្ដួល​ខ្មែរ​ក្រហម​កាល​នោះ ក្រុម​រណសិរ្ស ២ ធ្នូ គាំទ្រ​ដោយ​កងទ័ព​វៀតណាម មិន​បាន​ជូន​ដំណឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ឮ​នោះ​ទេ ទើប​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា នេះ ជា​ការ​ឈ្លានពាន​កម្ពុជា​ពី​សំណាក់​កង​ទ័ព​វៀតណាម។

កញ្ញាបន្ត​ថា កម្ពុជា​​មិន​គួរ​ដឹង​គុណ​វៀតណាម​ជ្រុល​ពេក​ទេ ព្រោះ​វៀតណាម ក៏​ជំពាក់​គុណ​កម្ពុជា​ច្រើន​ដែរ ពិសេស​គុណ​ជួយ​​វៀតណាម​ក្នុង​ការ​​​បង្រួប​បង្រួម​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង​ដោយ​ជោគជ័យ៖ « ២ ធ្នូ ក៏​ដោយ​ថ្ងៃ ៧ មករា ក៏​ដោយ យើង​អត់​អាច​បដិសេធ​ទេ ពីព្រោះ​ប្រសិន​បើ​យើង​មើល​ទៅ គឺ​វា​ជា​​ការ​ពិត​ដែល​កងទ័ព​វៀតណាម ក៏​ដូច​ជា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ហ្នឹង គឺ​បាន​ចូល​មក​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ពី​ការ​ដឹក​នាំ​របប ប៉ុល ពត ហើយ​បើ​យើង​មើល​ពី​ចំណុច​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រួច​ផុត​ពី​របប​ឃោរឃៅ ដែល​យើង​ហៅ​សាមញ្ញ ថា របប ប៉ុល ពត»

រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ គាំទ្រ​ដោយ​កងទ័ព​វៀតណាម ដោយ​បាន​ប្រកាស​ទទួល​ជ័យជម្នះ លើ​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថ្ងៃ​ទី២ ធ្នូ ជា​ថ្ងៃ​ចាប់​ផ្ដើម​ដ៏​អស្ចារ្យ ក្នុង​ការ​ផ្ដួល​រំលំ​របប ប៉ុល ពត។

រាល់​ឆ្នាំ គណបក្ស​នេះ​តែង​បង្កើត​កម្មវិធី​ផ្សេងៗ ដើម្បី​អូសទាញ​យុវជន ឲ្យ​ចូល​រួម​ដឹង​គុណ​ថ្ងៃ​ទី២ ធ្នូ និង​ថ្ងៃ​ទី៧ មករា ហើយ​កាល​ពី​ឆ្នាំ២០១៣ សមាជិក​រដ្ឋសភា ខាង​គណបក្ស​កាន់​អំណាច បាន​អនុម័ត​ច្បាប់​ថ្មី​មួយ ដើម្បី​ផ្ដន្ទាទោស​អ្នកណា​ដែល​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។