សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.ប ត្រូវពេញតួនាទីដោយឯករាជ្យស្របតាមច្បាប់ ជាជាងណែនាំគណបក្សប្រឆាំង និងសង្គមស៊ីវិល ឲ្យគោរពច្បាប់។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធាន ស្ថាប័ន គ.ជ.ប បានប្រាប់ឱ្យទូតអង់គ្លេស ប្រាប់ទៅបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលឱ្យគោរពច្បាប់។
មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល ហួសចិត្តដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ឲ្យស្ថានទូតចក្រភពអង់គ្លេស ជួយណែនាំគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល គោរពច្បាប់ឲ្យបានត្រឹមត្រូវ ខណៈដែលស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ កំពុងរងការរិះគន់ថា មិនបានបំពេញតួនាទីត្រឹមត្រូវតាមច្បាប់ ដោយលម្អៀងទៅរកគណបក្សកាន់អំណាច។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១១ កុម្ភៈ ថា ស្ថាប័នគ.ជ.ប គួរតែរៀបចំសមាសភាពខ្លួនឱ្យអព្យាក្រឹត្យជាមុនសិន មុននឹងទៅប្រដៅ ឯកអគ្គរាជទូតអង់គ្លេស ពីមូលហេតុដែលនាំឱ្យការបោះឆ្នោតមានភាពចម្រូងចម្រាស។ លោកបន្តថាស្ថាប័នគ.ជ.ប កំពុងតែដើរធ្លាក់ពីគន្លងអព្យាក្រឹត្យ ដោយសារការមន្ត្រីគ.ជ.ប ភាគច្រើនដែលមានកូតាចេញពីគណបក្សកាន់អំណាច និងតែងតែបណ្ដោយឱ្យគណបក្សកាន់អំណាចបំពានច្បាប់ ដើម្បីយកឈ្នះដៃគូប្រកួត។
លោក អ៊ុំ សំអាន៖ «ដែលគាត់និយាយជាមួយឯកអគ្គរាជទូតអង់គ្លេស ជំរុញឱ្យអ្នកនយោបាយ គោរពច្បាប់ឱ្យបានត្រឹមត្រូវ គាត់គួរលើកឱ្យចំតែម្ដងទៅ។ ឱ្យឯកអគ្គរាជទូតអង់គ្លេស និយាយជាមួយលោក ហ៊ុន សែន ឱ្យគោរពច្បាប់ឱ្យបានត្រឹមត្រូវ ប្រកាន់នូវគោកលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ហើយនិងឈប់រមលោភសិទ្ធិមនុស្សទៀតទៅ។ អាហ្នឹងបានជារឿងត្រឹមត្រូវ»។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លោក ប្រាជ្ញ ចន្ទ បានជួបឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិច វីល្លាម (Dominic Williams) កាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយជជែកផ្ដោតសំខាន់ពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខ។ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ថ្លែងក្នុងជំនួបពិភាក្សានោះ ថា អង់គ្លេស សង្ឃឹមថា ការបោះឆ្នោតសកលឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សេរី និងយុត្តិធម៌ ដោយមានកន្លែងសម្រាប់ឱ្យទស្សនៈនយោបាយផ្សេងៗគ្នាត្រូវបានបញ្ចេញ។ លើសពីនេះ អង់គ្លេស ចង់ឃើញអ្នកមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត ហើយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមានសិទ្ធិធ្វើសកម្មភាពដែលរួមមានគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល។ ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ បានចោទថា អ្នកនយោបាយមួយចំនួនបានធ្វើសកម្មភាពរបស់ខ្លួនមិនគោរពច្បាប់ ហើយសកម្មភាពទាំងនោះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទេ។ លោកអះអាងថា គ.ជ.ប បានអនុវត្តតួនាទី និងសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកលើច្បាប់។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានប្រភពចេញពីជួរមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចរូបនេះ ក៏បានប្រាប់ទៅឯកអគ្គរាជទូតចក្រភពអង់គ្លេសឱ្យជួយណែនាំទៅគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងឱ្យជួយជំរុញ ឱ្យគោរពច្បាប់ឱ្យបានត្រឹមត្រូវ។
ប៉ុន្តែសង្គមស៊ីវិល និងអ្នកតាមដានស្ថានការនយោបាយមើលឃើញថា ការលើកឡើងរបស់ លោក ប្រាជ្ញ ចន្ទ នេះ ជាការនិយាយជាន់កែងខ្លួនឯង ព្រោះកន្លងមក មានតែគណបក្សកាន់អំណាចមួយប៉ុណ្ណោះ ដែលតែងតែបំពានច្បាប់បោះឆ្នោត ប៉ុន្តែស្ថាប័ន គ.ជ.ប បែរជាមើលរំលង។ ផ្ទុយទៅវិញ ស្ថាប័ន គ.ជ.ប ក្រោមការដឹកនាំរបស់លោក ប្រាជ្ញ ច័ន្ទ បែរជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រដោយបានដាក់បណ្ដឹងប្រឆាំងអនុប្រធានគណបក្សភ្លើងទៀន គឺលោក សុន ឆ័យ ទៅតុលាការ ដោយសារលោកបញ្ចេញមតិរិះគន់ភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់កន្លងមក។
នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ដំណើរការបោះឆ្នោតប្រកបដោយ សេរី ស្មើភាព និងយុត្តិធម៌ អាចប្រព្រឹត្តបាន លុះត្រាតែមានការចូលរួមសហការពីគណបក្សនយោបាយទាំងអស់ ជាពិសេសស្ថាប័ន គ.ជ.ប ដែលដើរតួនាទីជាអាជ្ញាកណ្ដាល គួរប្រកាន់យកគោលជំហរអព្យាក្រឹត្យ។ ទោះជាយ៉ាងណា លោកសង្កេតឃើញថា ស្ថាប័ន គ.ជ.ប ហាក់នៅមានចន្លោះប្រហោងក្នុងការបំពេញតួនាទីជាអ្នករៀបចំការបោះឆ្នោត និងជាអ្នកសម្របសម្រួល ដែលបណ្ដាលឱ្យមានបណ្ដឹងរាប់ពាន់ករណីកើតឡើងក្រោយការបោះឆ្នោត។
លោក សំ គន្ធាមី៖ «កន្លងមកគ្រាន់តែថា ការដោះស្រាយបណ្ដឹង គ.ជ.ប មិនបានផ្សព្វផ្សាយជាសាធារណៈ។ ខ្ញុំចង់និយាយថា ភាគីពាក់ព័ន្ធក៏ដោយ អ្នកសង្កេតការណ៍ក៏ដោយ ជូនដំណឹងទៅឱ្យគេចូលស្ដាប់។ ព្រោះអីច្រើនតែការដោះស្រាយបណ្ដឹងខាងយើងសង្គមស៊ីវិលអត់សូវដឹង»។
ចាប់តាំងពីមានការរំលាយគណបក្សប្រឆាំងនៅឆ្នាំ២០១៧ មក ស្ថាប័នគ.ជ.បរងការរិះគន់ថា លែងឯករាជ្យ និងក្លាយស្ថាប័នការពារហិបឆ្នោតរបស់គណបក្សកាន់អំណាច ដោយសារសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ៣រូប មកពីគណបក្សប្រឆាំង ក្នុងចំណោម៩រូប ដែលបង្កើតឡើងក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ នោះ បានជំនួសដោយមនុស្សមានប្រភពដែលមកពីគណបក្សកាន់អំណាច។ ជាមួយគ្នានេះ ប្រទេសលោកសេរីរួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម បានផ្ដាច់ជំនួយទាំងអស់លែងផ្ដល់ឱ្យ គ.ជ.ប និងឈប់បញ្ជូនអ្នកសង្កេតការណ៍មកចូលរួមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
