បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​គ.ជ.ប​បំពេញ​តួនាទី​ដោយ​ឯករាជ្យ​ជា​ជាង​ប្រាប់​ទូត​អង់គ្លេស​ឱ្យ​ប្រដៅ​បក្ស​ប្រឆាំង

0:00 / 0:00

សង្គម​ស៊ីវិល និង​មន្ត្រី​បក្សប្រឆាំង ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតហៅ​កាត់​ថា​គ.ជ.ប ត្រូវ​ពេញ​តួនាទី​ដោយ​ឯករាជ្យ​ស្របតាម​ច្បាប់ ជាជាង​ណែនាំ​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ឲ្យ​គោរព​ច្បាប់​។ ការលើកឡើង​នេះ គឺ​បន្ទាប់ពី​ប្រធាន ស្ថាប័ន គ.ជ.ប បាន​ប្រាប់​ឱ្យ​ទូត​អង់គ្លេស ប្រាប់​ទៅ​បក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​គោរព​ច្បាប់។

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ហួសចិត្ត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រាប់​ឲ្យ​ស្ថានទូត​ចក្រភព​អង់គ្លេស ជួយ​ណែនាំ​គណបក្ស​នយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ កំពុង​រង​ការ​រិះគន់ថា មិនបាន​បំពេញ​តួនាទី​ត្រឹមត្រូវ​តាមច្បាប់ ដោយ​លម្អៀង​ទៅរក​គណបក្ស​កាន់អំណាច។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១១ កុម្ភៈ ថា ស្ថាប័ន​គ.ជ.ប គួរតែរៀបចំ​សមាសភាព​ខ្លួន​ឱ្យ​អព្យា​ក្រឹត្យ​ជាមុនសិន មុននឹង​ទៅ​ប្រដៅ ឯកអគ្គរាជទូត​អង់គ្លេស ពី​មូលហេតុ​ដែលនាំឱ្យ​ការបោះឆ្នោត​មាន​ភាពចម្រូងចម្រាស។ លោក​បន្ត​ថាស្ថាប័ន​គ.ជ.ប កំពុងតែ​ដើរ​ធ្លាក់​ពី​គន្លង​អព្យាក្រឹត្យ ដោយសារ​ការ​មន្ត្រី​គ.ជ.ប ភាគច្រើន​ដែលមាន​កូតា​ចេញពី​គណបក្សកាន់អំណាច និង​តែងតែ​បណ្ដោយឱ្យ​គណបក្ស​កាន់អំណាច​បំពាន​ច្បាប់ ដើម្បី​យក​ឈ្នះ​ដៃគូ​ប្រកួត។

លោក អ៊ុំ សំអាន៖ «ដែល​គាត់​និយាយ​ជាមួយ​ឯកអគ្គរាជទូត​អង់គ្លេស ជំរុញ​ឱ្យ​អ្នកនយោបាយ គោរពច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ គាត់​គួរ​លើក​ឱ្យ​ចំ​តែម្ដង​ទៅ។ ឱ្យ​ឯកអគ្គរាជទូត​អង់គ្លេស និយាយ​ជាមួយ​លោក​ ហ៊ុន សែន ឱ្យ​គោរពច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ប្រកាន់​នូវ​គោក​ល​ការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ហើយនិង​ឈប់​រម​លោភ​សិទ្ធិមនុស្ស​ទៀត​ទៅ។ អា​ហ្នឹង​បានជា​រឿង​ត្រឹមត្រូវ»។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​លោក​ ប្រាជ្ញ ចន្ទ ​បាន​ជួប​​ឯកអគ្គរាជទូត​ចក្រភពអង់គ្លេសប្រចាំ​កម្ពុជា លោក​ ដូមីនិច វីល្លាម​ (Dominic Williams) ​កាលពី​ថ្ងៃ​ទី១០ ​ខែ​កុម្ភៈ ​ដោយ​ជជែក​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​នឹង​ដំណើរ​ការរៀបចំ​ការបោះឆ្នោត​នា​ពេល​ខាងមុខ។ ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​នោះ ថា ​អង់គ្លេស ​សង្ឃឹម​ថា ​ការបោះឆ្នោត​សកល​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​សន្តិភាព ​សេរី ​និង​យុត្តិធម៌ ​ដោយមាន​កន្លែង​សម្រាប់​ឱ្យ​ទស្សនៈ​នយោបាយ​ផ្សេងៗ​គ្នា​ត្រូវ​បាន​បញ្ចេញ។ លើស​ពី​នេះ អង់គ្លេស ​ចង់​ឃើញ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការបោះឆ្នោត ហើយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មាន​សិទ្ធិ​ធ្វើសកម្មភាព​ដែល​រួម​មាន​គណបក្ស​នយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ជា​ការ​ឆ្លើយតប លោក​ ប្រាជ្ញ ចន្ទ ​បាន​ចោទ​ថា អ្នកនយោបាយ​មួយ​ចំនួន​បាន​ធ្វើសកម្មភាព​របស់​ខ្លួន​មិន​គោរពច្បាប់ ហើយ​សកម្មភាព​ទាំងនោះ​មិន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ គ.ជ.ប ​ទេ។ លោក​អះអាង​ថា​ គ.ជ.ប ​បាន​អនុវត្ត​តួនាទី ​និង​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​ផ្អែកលើ​ច្បាប់។ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​មាន​ប្រភព​ចេញពី​ជួរ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​រូប​នេះ ក៏បាន​ប្រាប់​ទៅ​ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស​ឱ្យ​ជួយ​ណែនាំ​ទៅ​គណបក្ស​នយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​ឱ្យ​ជួយ​ជំរុញ​ ឱ្យ​គោរពច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។

ប៉ុន្តែ​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​ស្ថាន​ការ​នយោបាយ​មើល​ឃើញ​ថា ការ​លើកឡើង​របស់​ លោក ​ប្រាជ្ញ ចន្ទ ​នេះ ជា​ការ​និយាយ​ជាន់​កែង​ខ្លួនឯង ព្រោះ​កន្លងមក មានតែ​គណបក្ស​កាន់អំណាច​មួយ​ប៉ុណ្ណោះ ដែល​តែងតែ​បំពានច្បាប់​បោះឆ្នោត ប៉ុន្តែ​ស្ថាប័ន​ គ.ជ.ប ​បែរជា​មើល​រំលង។ ផ្ទុយទៅវិញ ស្ថាប័ន គ.ជ.ប ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ប្រាជ្ញ ច័ន្ទ បែរ​ជា​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ដោយ​បាន​ដាក់​បណ្ដឹង​ប្រឆាំង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន គឺ​លោក​ សុន ឆ័យ ទៅ​តុលាការ ដោយសារ​លោក​បញ្ចេញ​មតិ​រិះគន់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កន្លង​មក។

នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក​ (NICFEC) ​លោក​ សំ គន្ធាមី មាន​ប្រសាសន៍​ថា ដំណើរ​ការ​បោះឆ្នោត​ប្រកប​ដោយ សេរី ស្មើភាព​ និង​យុត្តិធម៌ អាច​ប្រព្រឹត្ត​បាន លុះត្រាតែ​មាន​ការចូលរួម​សហការ​ពី​គណបក្ស​នយោបាយ​ទាំងអស់ ជាពិសេស​ស្ថាប័ន គ.ជ.ប ​ដែល​ដើរ​តួនាទី​ជា​អាជ្ញាកណ្ដាល ​គួរ​ប្រកាន់​យក​គោល​ជំហរ​អព្យាក្រឹត្យ។ ទោះជា​យ៉ាងណា លោក​សង្កេតឃើញ​ថា ស្ថាប័ន គ.ជ.ប ​ហាក់​នៅ​មាន​ចន្លោះ​ប្រហោង​ក្នុង​ការ​បំពេញ​តួនាទី​ជា​អ្នក​រៀបចំ​ការបោះឆ្នោត និង​ជា​អ្នក​សម្របសម្រួល ដែល​បណ្ដាល​ឱ្យ​មាន​បណ្ដឹង​រាប់ពាន់​ករណី​កើតឡើង​ក្រោយ​ការបោះឆ្នោត។

លោក​ សំ គន្ធាមី៖ «កន្លងមក​គ្រាន់តែ​ថា ការ​ដោះស្រាយ​បណ្ដឹង គ.ជ.ប ​មិនបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ខ្ញុំ​ចង់និយាយ​ថា ភាគី​ពាក់ព័ន្ធ​ក៏ដោយ អ្នក​សង្កេតការណ៍​ក៏ដោយ ជូនដំណឹង​ទៅ​ឱ្យ​គេ​ចូល​ស្ដាប់។ ព្រោះអី​ច្រើនតែ​ការ​ដោះស្រាយ​បណ្ដឹង​ខាងយើង​សង្គម​ស៊ីវិល​អត់​សូវ​ដឹង»។

ចាប់តាំង​ពី​មានការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​ឆ្នាំ​២០១៧ មក​ ស្ថាប័ន​គ.ជ.ប​រង​ការរិះគន់​ថា លែង​ឯករាជ្យ និង​ក្លាយ​ស្ថាប័ន​ការពារ​ហិបឆ្នោត​របស់​គណបក្ស​កាន់អំណាច ដោយសារ​សមាសភាព​ថ្នាក់​ដឹកនាំ​ គ.ជ.ប ​៣រូប មកពី​គណបក្ស​ប្រឆាំង ក្នុងចំណោម​៩រូប ដែល​បង្កើត​ឡើង​ក្រោម​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ នោះ បាន​ជំនួស​ដោយ​មនុស្ស​មាន​ប្រភព​ដែល​មកពី​គណបក្ស​កាន់អំណាច។ ជាមួយគ្នា​នេះ ប្រទេស​លោកសេរី​រួមមាន សហរដ្ឋអាមេរិក ​និង​សហភាព​អឺរ៉ុប​ជាដើម​ ​បាន​ផ្ដាច់​ជំនួយ​ទាំងអស់​លែង​ផ្ដល់​ឱ្យ គ.ជ.ប ​និង​ឈប់​បញ្ជូន​អ្នកសង្កេតការណ៍​មក​ចូលរួម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។