លោក គង់ បូរ៉ា តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង សុំ​ធ្វើ​ជា​មន្ត្រី​​​នៅ​ក្រសួង​កសិកម្ម​វិញ​ ក្រោយ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជាមួយ​ឪពុក​​​រួច

ដោយ សុ ជីវី
2019-03-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គង់ បូរ៉ា តំណាង​រាស្ត្រ​ពី​គណបក្ស​ សង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​ខេត្ត​ព្រៃវែង។
លោក គង់ បូរ៉ា តំណាង​រាស្ត្រ​ពី​គណបក្ស​ សង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​ខេត្ត​ព្រៃវែង។
រូប​ពី​ហ្វេសប៊ុក Kong Bora-គង់ បូរ៉ា

តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង ពីគណបក្ស​ សង្គ្រោះ​ជាតិ​ ម្នាក់ គឺ​លោក គង់ បូរ៉ា ដែល​​ទើប​ទទួល​បាន​​សិទ្ធិធ្វើ​នយោបាយ​ថ្មីៗ ពី​របប​ឯក​បក្ស​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ មីនា បាន​ដាក់​លិខិត​ស្នើ​សុំ​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​លោក​ចូល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល​វិញ។

លោក គង់ បូរ៉ា សរសេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ថា ដោយសារ​លោក​ទើប​រួច​ពី​បម្រាម​ធ្វើ​នយោបាយ កាល​ពី​ខែ​មករា ដូច​នេះ លោក​ស្នើសុំ​ចូល​បម្រើ​ការងារ​​ជា​មន្ត្រី​រាជការ ​ឡើង​វិញ ទៅ​តាម​ភាព​អនុគ្រោះ​របស់​គោល​នយោបាយ​រាជរដ្ឋាភិបាល សម្រាប់​កាលៈទេសៈ​ពិសេស​នេះ។

លោក គង់ បូរ៉ា ប្រាប់​​សារព័ត៌មាន​ក្នុង​ស្រុក ​(គេហទំព័រ​ថ្មីៗ) នៅ​ថ្ងៃ​ទី៨ មីនា​ថា លោក​ធ្លាប់​ជា​ឧត្ដម​​មន្ត្រី​ (ក្របខ័ណ្ឌ ក) ​នៅ​ក្រសួង​កសិកម្ម មុន​ពេល​លោក ប្រឡូក​ចូល​ឆាក​នយោបាយ ទៅ​ធ្វើ​ជា​តំណាង​រាស្ត្រ​ ២អាណត្តិ​ ឲ្យ​គណបក្ស​ប្រឆាំង៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​ឡើងវិញ នៅ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​នៃ​បសុព្យាបាល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ (សារ) ខ្ញុំ​យល់​ថា ខ្ញុំ​មិន​ទាន់​ចង់​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ណា​មួយ ក្រៅ​ពី​គណបក្ស​ សង្គ្រោះ​ជាតិ​ ទេ»

លោក គង់ បូរ៉ា ជា​សមាជិក​គណបក្ស​ សង្គ្រោះ​ជាតិ ម្នាក់ ក្នុង​ចំណោម ១១៨នាក់ ដែល​តុលាការ​កំពូល​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​កម្ពុជា។ តែ​យ៉ាង​ណា លោក និង​ឪពុក​របស់​លោក គឺ​លោក គង់ គាំ ជា​មនុស្ស​ដំបូង​ដូច​គ្នា ដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​ឯក​បក្ស​ឡើង​វិញ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់​ថា ប្រសិន​បើ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម យល់​ព្រម​ទទួល​លោក គង់ បូរ៉ា ចូល​ក្របខ័ណ្ឌ​វិញ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​គ្រូ​បង្រៀន ១១នាក់ បាន​ទទួល​ក្របខ័ណ្ឌ​វិញ​ដែរ៖ «យើង​ឃើញ​ហើយ​ថា អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន គឺ​ងាយ​បំផុត​ទៅ​លើ​តែ​បុរស​ខ្លាំង​ម្នាក់។ បើ​សិន​មាន​ការ​អនុគ្រោះ ពី​បុរស​ខ្លាំង ទោះ​បី​ជ្រែក​មេឃ​ ជ្រែក​ដី ប៉ុណ្ណា ក៏​រឿង​ដែល​​ថា យ៉ាប់​បំផុត គឺ​ទៅ​ដោយ​រលូន។ ដោយ​ឡែក យ៉ាង​ណា​មិញ ចំពោះ​រឿង​លោក គង់ បូរ៉ា និង​គ្រូ​បង្រៀន​យើង​ ១១​នាក់ ដែល​យើង​បាន​សុំ​ចូល​ក្របខ័ណ្ឌ​ដើម​វិញ​នេះ វា​មិន​ខុស​អ្វី​ពី​គ្នា​ទេ។ បើ​សិន​ជា​លោកគ្រូ អ្នកគ្រូ​ទាំង ១១​នាក់​ហ្នឹង​ទៅ​សុំ​សិទ្ធិ​ដូច​លោក គង់ បូរ៉ា សុំ​ចុះ​ចូល​អ្វី ទទួល​កំហុស​ខុសឆ្គង​អ្វី ខ្ញុំ​គិត​ថា រលូន។ ប៉ុន្តែ​លោក​គ្រូ​អ្នកគ្រូ យើង អត់មាន​ខុស​អ្វី ត្រូវ​សុំ​ទោស​ណា»

គ្រូ​បង្រៀន ១១នាក់ ក្នុង​នោះ មាន​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក រ៉ុង ឈុន ផង ត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា ដក​ក្របខ័ណ្ឌ និង​លុប​ឈ្មោះ​ចេញ​ពី​ក្រសួង​អប់រំ ដោយ​គ្មាន​ការ​ជូន​ដំណឹង ឬ​លិខិត​ព្រមាន ក្រោយ​​​​ពួកគេ​បាន​លា​ឈប់​ពី​តួនាទី​សមាជិក គ..ប និង​​​ខ្លះ​ទៀត​ ជា​​សមាជិក​​ក្រុម​ប្រឹក្សា​គណបក្ស​ប្រឆាំង ដែល​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។

យ៉ាង​ណា​ក្ដី រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម មិន​ទាន់​ចេញ​ប្រកាស​ផ្ដល់​ក្របខ័ណ្ឌ​ឲ្យ​លោក គង់ បូរ៉ា​ នៅ​ឡើយ​ទេ គិត​ត្រឹម​ព្រលប់​ថ្ងៃ​ទី៨ មីនា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល