គណបក្សប្រឆាំង និងសហគមន៍ខ្មែរនៅក្រៅប្រទេស គ្រោងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសល ព្រមទាំងធ្វើយុទ្ធនាការទាមទារយុត្តិធម៌ជូនលោក លិម គិមយ៉ា នៅពេលខាងមុខនេះ។ ពួកគាត់ចោទការបាញ់សម្លាប់មន្ត្រីបក្សប្រឆាំងរូបនេះថា ជាការរៀបចំជាប្រព័ន្ធ ដែលអាចជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជានៅពីក្រោយ ដើម្បីផ្ញើសារគំរាមកំហែងដល់សមាជិកបក្សប្រឆាំងផ្សេងទៀតថា គ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ ទោះបីជាពួកគេបានចាកចេញពីកម្ពុជាហើយក៏ដោយ។
គណបក្សសង្គ្រោះជាតិ ក្រុមអង្គការសង្គមស៊ីវិល រួមជាមួយសហគមន៍ខ្មែរនៅតាមបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក ប្រកាសជួបជុំគ្នារៀបចំធ្វើពិធីបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធអតីតតំណាងរាស្ត្រ លោក លិម គិមយ៉ា ដែលត្រូវខ្មាន់បាញ់សម្លាប់នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា។
ពួកគាត់រៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងរំលឹកដឹងគុណដល់លោក លិម គិមយ៉ា ដែលជាអ្នកនយោបាយម្នាក់ហ៊ានរិះគន់គ្រួសារត្រកូល ហ៊ុន ក្នុងបុព្វហេតុការពារផលយុត្តិធម៌ និងប្រជាធិបតេយ្យនៅកម្ពុជា។

ប្រធានចលនាស្ត្រី និងកិច្ចការបរទេសនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ធិត គឹមហ៊ុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែធ្នូថា សាខាគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក នឹងរៀបចំពិធីបុណ្យតាមបែបសាសនាជូនលោក លិប គិមយ៉ា ដោយចាប់ផ្ដើមចេញពីទីក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័រញ៉ា (California) និងនៅទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូសេតស៍ (Massachusetts) នៅថ្ងៃអាទិត្យទី១៩ ខែមករា។ ចំណែកសាខាគណបក្សសង្គ្រោះជាតិនៅតាមប្រទេសមួយចំនួន ដូចជានៅបារាំង ជប៉ុន និងកូរ៉េខាងត្បូងជាដើម ក៏នឹងរៀបចំពិធីបុណ្យដូចគ្នានេះដែរ។ អ្នកស្រី ធិត គឹមហ៊ុន ចាត់ទុកករណីបាញ់សម្លាប់លោក លិប គិមយ៉ា ថា ជាអំពើឃោឃៅ ហើយថ្នាក់ដឹកនាំគណបក្សកំពុងជំរុញឱ្យសហគមន៍អន្តរជាតិ ជាពិសេសរដ្ឋាភិបាលប្រទេសលោកសេរីជួយស្វែងរកយុត្តិធម៌ជូនមន្ត្រីបក្សប្រឆាំងរូបនេះ។
អ្នកស្រី ធិត គឹមហ៊ុន៖ «ចាប់ពីសប្ដាហ៍ក្រោយទៅ សាខាគណបក្សរបស់យើងទាំងអស់ចាប់ផ្ដើមធ្វើបុណ្យឧទ្ទិសជូនលោក លិម គិមយ៉ា ដែលគាត់ជាអ្នកជាតិនិយមហ៊ានរិះគន់របបលោក ហ៊ុន សែន ហ្នឹង។ យើងក៏បានធ្វើកិច្ចពីក្រៅប្រទេសជាមួយអន្តរជាតិផ្សេងៗទៀត គេដឹងហើយតែយើងជំរុញរឿងហ្នឹងបន្ថែមទៀត។ អ៊ីចឹង យើងមិនបណ្ដោយឱ្យរឿងអយុត្តិធម៌កើតនៅលើប្រទេសកម្ពុជាមិនអស់ចិត្តទៅឆ្លងគំរាមកំហែងសាហាវដល់ប្រទេសថៃទេ យើងនឹងបន្តស៊ើបអង្កេត និងបន្តទាមទាររកយុត្តិធម៌ដល់ឯកឧត្ដម លិម គិមយ៉ាង និងគ្រួសាររបស់គាត់»។
ស្រដៀងគ្នាដែរ ប្រធានសមាគមខ្មែររដ្ឋវ៉ិកតូរីយ៉ា លោក ជា យូហ៊ន ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងថាតំណាងអង្គការសង្គមស៊ីវិល គណបក្សសង្គ្រោះជាតិ និងសហគមន៍ខ្មែរនៅអូស្ត្រាលី បានប្រជុំសម្រេចរៀបចំពិធីបុណ្យ៧ថ្ងៃជូនលោក លិប គិមយ៉ា នៅវេលាម៉ោង៩ព្រឹក ថ្ងៃអាទិត្យ ទី១២ ខែមករា ឋិតនៅទីស្នាក់ការសមាគមខ្មែររដ្ឋវ៉ិកតូរីយ៉ា។ លោកបន្តថា ពិធីនេះ នឹងនិមន្តព្រះសង្ឃធ្វើពិធីសាសនា ហើយក៏មានការថ្លែងសាររបស់វាគ្មិន និងអ្នកចូលរួមច្រើនរូបផងដែរ។ ក្រៅពីនេះសហគមន៍ខ្មែរនៅទីនោះ ក៏គ្រោងយកញត្តិដាក់ជូនរដ្ឋាភិបាលអូស្ត្រាលី និងថៃ ដើម្បីជួយជំរុញស្វែងរកការពិត ជាពិសេសអ្នកនៅក្រោយអំពើឃាតកម្មនេះ។
លោក ជា យូហ៊ន៖ «លោក លិម គិមយ៉ាង ដែលគេលួចធ្វើឃាតនៅប្រទេសថៃ នៅកណ្ដាលទីក្រុងបាងកកតែម្ដង អំពើនេះជាអំពើព្រៃផ្សៃណាស់ ដូច្នេះយើងដែលរស់នៅប្រទេសមានប្រជាធិបតេយ្យមិនអាចអត់ទ្រាំឃើញគេធ្វើបាបខ្មែរទាំងអស់គ្នារបៀបហ្នឹងបានទេ»។
សមត្ថកិច្ចកម្ពុជាបានសហការជាមួយសមត្ថកិច្ចថៃ បានចាប់ខ្លួនជនសង្ស័យជាឃាតកឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) នៅខេត្តបាត់ដំបងជាប់ព្រំដែនប្រទេសថៃ។ ក្នុងនោះតុលាការថៃ បានចេញដីកាចាប់ខ្លួនជនសង្ស័យបុរសជនជាតិខ្មែរឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលជាប្អូនប្រុសរបស់លោក ពេជ្រ ស្រស់ ពាក់ព័ន្ធនឹងការរួមគំនិតដែលប្រាប់គោលដៅឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា ខណៈសមត្ថកិច្ចកម្ពុជាមិនមានវិធានការចំពោះជននោះយ៉ាងណាឡើយទេ។
ឃាតកម្មលើ លោក លិម គិមយ៉ា នេះ កើតឡើងក្រោយពេលលោកបានសរសេររិះគន់កូនប្រុសលោក ហ៊ុន សែន គឺហ៊ុន ម៉ានី ដែលបានរៀបចំកម្មវិធីឆ្លងឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ បណ្ដាលឲ្យឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ។
ក្រុមស៊ើបអង្កេតរបស់សមត្ថកិច្ចថៃរកឃើញថា ករណីឃាតកម្មលើលោក លិម គិមយ៉ា គឺមានការរៀបចំជាប្រព័ន្ធដោយខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Aekaluck Paenoi) ជាអ្នកស៊ីឈ្នួល ដែលមានអ្នកបញ្ជាពីទឹកដីកម្ពុជា។ ចំណែកមន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលចង្អុលរដ្ឋាភិបាលត្រកូល ហ៊ុន នៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា។
ជុំវិញរឿងនេះ ក្រុមអង្គការអន្តរជាតិនាំគ្នាចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសករណីឃាតកម្មលើ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា។ ពួកគេទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធឱ្យធ្វើអន្តរាគមន៍រកយុត្តិធម៌ជូនជនរងគ្រោះ និងធានាការស៊ើបអង្កេតមិនត្រូវបានទុកចោល ហើយមេខ្លោងពិតប្រាកដ ដែលនៅពីក្រោយឧក្រិដ្ឋកម្មដ៏សាហាវនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
