គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស គ្រោង​រៀបចំ​ពិធីបុណ្យ​ឧទ្ទិស​កុសល​ជូន​សព​លោក លិម គិមយ៉ា

0:00 / 0:00

គណបក្សប្រឆាំង និង​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស គ្រោង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើបុណ្យ​ឧទ្ទិស​កុសល ព្រមទាំង​ធ្វើ​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា នៅ​ពេល​ខាងមុខនេះ។ ពួក​គាត់​ចោទ​ការ​បាញ់​សម្លាប់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ថា ជា​ការរៀបចំ​ជា​ប្រព័ន្ធ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​ពីក្រោយ ដើម្បី​ផ្ញើ​សារ​គំរាម​កំហែង​ដល់​សមាជិក​បក្ស​ប្រឆាំង​ផ្សេងទៀត​ថា គ្មាន​នរណា​ម្នាក់​មាន​សុវត្ថិភាព​ឡើយ ទោះបីជា​ពួក​គេ​បាន​ចាកចេញ​ពី​កម្ពុជា​ហើយ​ក៏​ដោយ។

គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​អង្គការ​សង្គម​ស៊ីវិល រួម​ជាមួយ​សហគមន៍​ខ្មែរ​នៅ​តាម​បណ្ដា​ប្រទេស​នានា​ នៅ​ជុំវិញ​ពិភពលោក ប្រកាស​ជួបជុំគ្នា​រៀបចំ​ធ្វើ​ពិធី​បុណ្យ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អតីត​តំណាង​រាស្ត្រ លោក លិម គិមយ៉ា ដែល​ត្រូវ​ខ្មាន់​បាញ់សម្លាប់​នៅ​ក្រុងបាងកក ប្រទេសថៃ កាល​ពី​ថ្ងៃ​ទី៧ ខែមករា។

ពួក​គាត់​រៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​រំលឹក​ដឹងគុណ​ដល់​លោក លិម គិមយ៉ា ដែល​ជា​អ្នក​នយោបាយ​ម្នាក់​ហ៊ាន​រិះគន់​គ្រួសារ​ត្រកូល ហ៊ុន ក្នុង​បុព្វហេតុ​ការពារ​ផល​យុត្តិធម៌ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

Kim-Ya_Lim_FB_081314_1.jpg
លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧។ លោក​ត្រូវបាន​ខ្មាន់​កាំភ្លើង​ជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ បាញ់​សម្លាប់​ នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២៥។ រូបពីហ្វេសប៊ុក Kimya Lim

ប្រធាន​ចលនា​ស្ត្រី និង​កិច្ចការ​បរទេស​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ធិត គឹមហ៊ុន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១០ ខែធ្នូ​ថា សាខា​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋអាមេរិក នឹង​រៀបចំ​ពិធីបុណ្យ​តាម​បែប​សាសនា​ជូន​លោក លិប គិមយ៉ា ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ទីក្រុងឡុងប៊ិច (Long Beach) នៃ​រដ្ឋកាលីហ្វ័រញ៉ា (California) និង​នៅ​ទីក្រុងឡូវែល (Lowell) នៃ​រដ្ឋម៉ាស្សាឈូសេតស៍ (Massachusetts) នៅ​ថ្ងៃអាទិត្យ​ទី១៩ ខែមករា។ ចំណែក​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ប្រទេស​មួយ​ចំនួន ដូចជា​នៅ​បារាំង ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម ក៏​នឹង​រៀបចំ​ពិធីបុណ្យ​ដូច​គ្នា​នេះ​ដែរ។ អ្នកស្រី ធិត គឹមហ៊ុន ចាត់​ទុក​ករណី​បាញ់​សម្លាប់​លោក លិប គិមយ៉ា ថា ជា​អំពើ​ឃោឃៅ ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​កំពុង​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​រដ្ឋាភិបាល​ប្រទេស​លោកសេរី​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ។

អ្នកស្រី ធិត គឹមហ៊ុន៖ «ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ សាខា​គណបក្ស​របស់​យើង​ទាំង​អស់​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​ឧទ្ទិស​ជូន​លោក លិម គិមយ៉ា ដែល​គាត់​ជា​អ្នកជាតិនិយម​ហ៊ាន​រិះគន់​របប​លោក ហ៊ុន សែន ហ្នឹង។ យើង​ក៏​បាន​ធ្វើ​កិច្ច​ពី​ក្រៅ​ប្រទេស​ជាមួយ​អន្តរជាតិ​ផ្សេងៗ​ទៀត គេ​ដឹង​ហើយ​តែ​យើង​ជំរុញ​រឿង​ហ្នឹង​បន្ថែម​ទៀត។ អ៊ីចឹង យើង​មិន​បណ្ដោយ​ឱ្យ​រឿង​អយុត្តិធម៌​កើត​នៅ​លើ​ប្រទេស​កម្ពុជា​មិន​អស់​ចិត្ត​ទៅ​ឆ្លង​គំរាមកំហែង​សាហាវ​ដល់​ប្រទេសថៃ​ទេ យើង​នឹង​បន្ត​ស៊ើបអង្កេត និង​បន្ត​ទាមទារ​រក​យុត្តិធម៌​ដល់​ឯកឧត្ដម លិម គិមយ៉ាង និង​គ្រួសារ​របស់​គាត់»។

ស្រដៀង​គ្នា​ដែរ ប្រធាន​សមាគម​ខ្មែរ​រដ្ឋវ៉ិកតូរីយ៉ា លោក ជា យូហ៊ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​ថា​តំណាង​អង្គការ​សង្គម​ស៊ីវិល គណបក្ស​សង្គ្រោះ​ជាតិ និង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី បាន​ប្រជុំ​សម្រេច​រៀបចំ​ពិធីបុណ្យ​៧ថ្ងៃ​ជូន​លោក លិប គិមយ៉ា នៅ​វេលា​ម៉ោង​៩ព្រឹក​ ថ្ងៃអាទិត្យ ទី១២ ខែមករា ឋិត​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​រដ្ឋវ៉ិកតូរីយ៉ា។ លោក​បន្ត​ថា ពិធី​នេះ នឹង​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​សាសនា ហើយ​ក៏​មាន​ការ​ថ្លែង​សារ​របស់​វាគ្មិន និង​អ្នក​ចូលរួម​ច្រើន​រូប​ផង​ដែរ។ ក្រៅ​ពី​នេះ​សហគមន៍​ខ្មែរ​នៅ​ទីនោះ ក៏​គ្រោង​យក​ញត្តិ​ដាក់​ជូន​រដ្ឋាភិបាល​អូស្ត្រាលី និង​ថៃ ដើម្បី​ជួយ​ជំរុញ​ស្វែង​រក​ការ​ពិត ជាពិសេស​អ្នក​នៅ​ក្រោយ​អំពើ​ឃាតកម្ម​នេះ។

លោក ជា យូហ៊ន៖ «លោក លិម គិមយ៉ាង ដែល​គេ​លួច​ធ្វើ​ឃាត​នៅ​ប្រទេសថៃ នៅ​កណ្ដាល​ទីក្រុង​បាងកក​តែ​ម្ដង អំពើ​នេះ​ជា​អំពើ​ព្រៃផ្សៃ​ណាស់ ដូច្នេះ​យើង​ដែល​រស់​នៅ​ប្រទេស​មាន​ប្រជាធិបតេយ្យ​មិន​អាច​អត់​ទ្រាំ​ឃើញ​គេ​ធ្វើបាប​ខ្មែរ​ទាំង​អស់​គ្នា​របៀប​ហ្នឹង​បាន​ទេ»។

សមត្ថកិច្ច​កម្ពុជា​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) នៅ​ខេត្តបាត់ដំបង​ជាប់​ព្រំដែន​ប្រទេសថៃ។ ក្នុង​នោះ​តុលាការ​ថៃ បាន​ចេញដីកា​ចាប់ខ្លួន​ជនសង្ស័យ​បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែល​ជា​ប្អូនប្រុស​របស់​លោក ពេជ្រ ស្រស់ ពាក់ព័ន្ធ​នឹង​ការ​រួម​គំនិត​ដែល​ប្រាប់​គោលដៅ​ឱ្យ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក លិម គិមយ៉ា ខណៈ​សមត្ថកិច្ច​កម្ពុជា​មិន​មាន​វិធានការ​ចំពោះ​ជន​នោះ​យ៉ាង​ណា​ឡើយ​ទេ។

ឃាតកម្ម​លើ លោក លិម គិមយ៉ា នេះ កើត​ឡើង​ក្រោយពេល​លោក​បាន​សរសេរ​រិះគន់​កូនប្រុស​លោក ហ៊ុន សែន គឺហ៊ុន ម៉ានី ដែល​បាន​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ២០២៤ ចូល​ឆ្នាំ២០២៥ បណ្ដាល​ឲ្យ​ឆេះ​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ។

ក្រុម​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ថៃ​រក​ឃើញ​ថា ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា គឺ​មាន​ការរៀបចំ​ជា​ប្រព័ន្ធ​ដោយ​ខ្មាន់​កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Aekaluck Paenoi) ជា​អ្នក​ស៊ីឈ្នួល ដែល​មាន​អ្នកបញ្ជា​ពី​ទឹកដី​កម្ពុជា។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ចង្អុល​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា។

ជុំវិញ​រឿង​នេះ ក្រុម​អង្គការ​អន្តរជាតិ​នាំ​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ថ្កោលទោស​ករណី​ឃាតកម្ម​លើ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ធ្វើ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ធានា​ការស៊ើបអង្កេត​មិន​ត្រូវ​បាន​ទុកចោល ហើយ​មេខ្លោង​ពិតប្រាកដ ដែល​នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​នេះ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។