មេ​បក្ស​កាន់អំណាច​សរសើរ​ខ្លួនឯង ខណៈ​មេ​បក្ស​ប្រឆាំង​ចង់​ឱ្យ​ខ្មែរ​រួបរួម​គ្នា ក្នុង​ខួប​២៣​តុលា

0:00 / 0:00

មេដឹកនាំ​គណបក្ស​នយោបាយ បាន​បញ្ចេញ​សារ​នយោបាយ​ផ្សេងគ្នា​ក្នុង​ខួប ២៩ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា។ មេដឹកនាំ​ឯក​បក្ស​លើក​សរសេរ​ពី​សមិទ្ធផល​របស់​ខ្លួន ជាង​ឱ្យ​តម្លៃ​លើ​កិច្ចព្រមព្រៀង​នេះ ចំណែក​មេ​បក្ស​ប្រឆាំង​វិញ ចង់​ឃើញ​ខ្មែរ​រួបរួមគ្នា និង​បន្ត​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ហោះ​សារ​អបអរ​ខួប​លើក​ទី​២៩ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា ១៩៩១​។ លោក​បាន​រំលឹក​អំពី​ការ​ចរចា​រវាង​ខ្មែរ​ទាំង​៤ ភាគី ដោយ​មាន​ការចូលរួម​ពី​ប្រទេស​ចំនួន​១៨ រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផង ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។

ទោះជា​យ៉ាងណា លោក ហ៊ុន សែន ហាក់​មិន​ផ្ដល់​តម្លៃ​ដល់​កិច្ចព្រមព្រៀង​នេះ​ប៉ុន្មាន​ទេ ព្រោះ​លោក​ថា ទោះ​ជា​មាន​កិច្ចព្រមព្រៀង​នេះ​ក្តី ក៏​សង្គ្រាមស៊ីវិល​នៅតែ​បន្ត ដែល​បង្ក​ដោយ​ភាគី​ខ្មែរក្រហម​។ លោក ហ៊ុន សែន អះអាង​ថា គឺ​នយោបាយ​ឈ្នះ​-​ឈ្នះៗ​របស់​លោក​ទៅវិញ​ទេ ដែល​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨ ហើយ​កម្ពុជា​ស្គាល់​សន្តិភាព​ពេញលេញ និង​សំបូរ​សប្បាយ​រហូត​មក​ដល់​សព្វថ្ងៃ។

ផ្ទុយ​ពី​ការ​អះអាង​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​កម្ពុជា​។ លោក​បាន​ចោទសួរ​សំណួរ​ជាច្រើន ដូចជា ថា​តើ​ហេតុអ្វី​បានជា​មាន​កិច្ចព្រមព្រៀង​នេះ​? តើ​កម្ពុជា​បាន​សន្យា និង​មាន​កាតព្វកិច្ច​ធ្វើ​អ្វីខ្លះ​? តើ​ត្រូវ​រៀបចំ​ប្រទេសជាតិ​របៀប​ណា ហើយ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​ហត្ថលេខី មាន​កាតព្វកិច្ច​អ្វី​ដែរ?

លោក កឹម សុខា រៀបរាប់​លើ​ហ្វេសប៊ុក​ថា កម្ពុជា​គួរ​ពិចារណា និង​វាយ​តម្លៃ​ថា តើ​អ្វី​ដែល​បាន​សន្យា​ទាំងឡាយ ត្រូវ​បាន​អនុវត្ត​ល្អ​ប្រសើរ​ហើយ ឬ​នៅ​? ហើយ​ទាំង​ភាគី​ខ្មែរ និង​អន្តរជាតិ​ត្រូវ​ពិនិត្យមើល​ទៀតថា តើ​ចំណុច​ណាខ្លះ​ដែល​មិនទាន់​បាន​ធ្វើ ឬ​ធ្វើ​មិនបាន​ពេញលេញ​ស្របតាម​កិច្ចព្រមព្រៀង​នោះ​។ មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​នយោបាយ​រូប​នេះ សង្កត់ធ្ងន់​ថា ទាំង​ភាគី​ខ្មែរ និង​សហគមន៍​អន្តរជាតិ ត្រូវ​យក​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ មក​អនុវត្ត​បន្ត​ចំពោះ​ចំណុច​ណា​ដែល​មិនទាន់​សម្រេច​បាន ជាជាង​ការ​យក​ប្រជាពលរដ្ឋ​ខ្មែរ និង​ទឹកដី​កម្ពុជា បម្រើ​តាម​មហិច្ឆតា​រៀងៗ​ខ្លួន​។ លោក កឹម សុខា បន្ថែម​ថា មាន​តែ​ការ​រួបរួម​រវាង​ខ្មែរ និង​ខ្មែរ​ទេ ទើប​កម្ពុជា​មិន​បែកបាក់ និង​មិន​ជាន់​ដាន​ប្រវត្តិសាស្ត្រ។

ចំណែក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ ពិនិត្យឃើញ​ថា ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ដើរ​ប្រាសចាក​ច្រើន​ពី​គោលការណ៍​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ពិសេស​ត្រង់​ចំណុច​ការ​ឯកភាព​ជាតិ ការធានា​ការ​គោរព​សិទ្ធិមនុស្ស ការអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​តុលាការ​ឯករាជ្យ ជាដើម​។ ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៣ តុលា គណបក្ស​ដែល​កើត​ចេញ​ពី​ក្រុម​បញ្ញវន្ត និង​សង្គម​ស៊ីវិល​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ និង​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​យោគយល់​ចំពោះ​អ្នកមាន​ទស្សនៈ​នយោបាយ​ផ្សេង ដោយ​បញ្ឈប់​ការ​លាប​ពណ៌ ការ​ចោទប្រកាន់​គ្នា​ថា​ក្បត់ជាតិ និង​ការ​ជេរ​ប្រមាថ ជាដើម។

កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​២៣ តុលា នៅតែ​ចំណុច​ខ្វែង​គ្នា​នៅឡើយ​រវាង​ក្រុម​អ្នកកាន់អំណាច គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ឯករាជ្យ​។ គណបក្ស​កាន់អំណាច ពិសេស លោក ហ៊ុន សែន ផ្ទាល់ បាន​ប្រកាស​ជា​ញឹកញាប់​ថា កិច្ចព្រមព្រៀង​នេះ​បាន​អស់​សុពលភាព​ទៅ​ហើយ ព្រោះ​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​។ ប៉ុន្តែ គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ អះអាង​ដូចគ្នា​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នៅតែ​មាន​សុពលភាព ហើយ​ការ​ដែល​លោក ហ៊ុន សែន ចង់​លុបបំបាត់​កិច្ចព្រមព្រៀង​នេះ ព្រោះ​លោក​កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។