ពលរដ្ឋរស់នៅទីក្រុងភ្នំពេញ កំពុងផ្ដោតទៅលើព្រឹត្តិការណ៍ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក្រោយពីផ្ទុះអំពើហិង្សាដោយប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ាទាមទារឲ្យដោះលែងទីលានប្រជាធិបតេយ្យ ជាមួយនឹងក្រុមសន្តិសុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា។
ពលរដ្ឋភាគច្រើនបានរិះគន់ចំពោះការចាប់តំណាងរាស្ត្រដាក់ខ្នោះ ហើយចោទថា ជាមេញុះញង់ឲ្យមានអំពើហិង្សានោះថា ជារឿងមិនត្រឹមត្រូវ។ តែក្រុមការងារគណបក្សប្រជាជនកម្ពុជា មួយរូប ថ្លែងថា គណបក្សជាប់ឆ្នោតទាំង២ គួរបន្ទន់ឥរិយាបថដើម្បីកសាងជាតិជាការប្រសើរ។
ពលរដ្ឋភាគច្រើនមានទស្សនៈថា ការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ៥រូបរបស់បក្សសង្គ្រោះជាតិ ជាការដុតកម្ដៅឲ្យមានអំពើហិង្សា និងនាំឲ្យភាពជាប់គាំងនយោបាយកាន់តែអូសបន្លាយយូរថែមទៀត។
អ្នករកស៊ីលក់ផលិតផលគ្រឿងបន្លាស់រថយន្ត នៅសង្កាត់វត្តភ្នំ ថ្លែងមិនបញ្ចេញឈ្មោះថា គាត់ជាអ្នករកស៊ីមិនប្រកាន់គណបក្សនយោបាយទេ។ ប៉ុន្តែមុខរបរគាត់លក់ដាច់បានច្រើន ដោយសារតែស្ថិរភាពនយោបាយដំណើរការល្អដែរ។ លោកបន្តថា ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នោះ បានធ្វើឲ្យគាត់បារម្ភកាន់តែខ្លាំងពីការជាប់គាំងនយោបាយបន្តទៀត៖ «ការចាប់ហ្នឹង គឺបន្តការជាប់គាំងខ្លាំងមែនទែនតែម្តង។ បើដោះលែងអាចបន្ធូរបន្ថយបានច្រើន ដោយនិយាយបែបសន្តិវិធីវិញ ព្រោះការចាប់ហ្នឹងមិនអាចទេ ធ្វើឲ្យតែប្រជាជនក្តៅក្រហាយ»។
អ្នកលក់ខោអាវនៅផ្សារចាស់ លោកស្រី លី សុខា ថ្លែងថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រនោះមិនត្រឹមត្រូវទេ។ លោកស្រីបន្តថា គាត់បានឃើញផ្ទាល់ភ្នែក ក្រុមសន្តិសុខបានប្រើហិង្សាទៅលើក្រុមអ្នកមកចូលរួមមើលគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មទាមទារបើកទីលានប្រជាធិបតេយ្យ ស្រាប់ក្រុមសន្តិសុខយកដំបងរឹង រុំក្រដាសបំភ័ន្តភ្នែកប្រជាពលរដ្ឋ ទៅវាយក្រុមអ្នកតវ៉ាដូចសត្វ។ នៅពេលពលរដ្ឋឈឺ គេមិនតដៃ ព្រោះគេមិនមែនគណបក្សប្រឆាំងផង គេគ្រាន់តែអ្នកឈរមើល ហើយរដ្ឋាភិបាលទៅចាប់តំណាងរាស្ត្រទាំងនោះ ចោទថាបង្កបញ្ហាទៅវិញ។ លោកស្រីថា ការចាប់ខ្លួនតំណាងរាស្ត្រជាប់ឆ្នោតនេះ ជាលេសបង្ខំឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវចូលប្រជុំសភា៖ «រដ្ឋាភិបាលហ្នឹងខុសច្បាប់ មិនអាចធ្វើអ៊ីចឹងបានទេ ព្រោះអីគាត់ធ្វើអ៊ីចឹង ដើម្បីអំណាចរបស់គាត់ គាត់ធ្វើអ៊ីចឹងដើម្បីឲ្យគណបក្សប្រឆាំងចូលសភា។ តែខ្ញុំថាល្បិចរដ្ឋាភិបាលមិនអាចត្រឹមត្រូវ ខ្ញុំមិនទទួលស្គាល់»។
នៅក្នុងថ្លៃទី១៦ ខែកក្កដា នេះដែរ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មួយចំនួន បានដឹកនាំបាតុកម្មដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ ដើម្បីសម្រុកចូលទីលានប្រជាធិបតេយ្យ ក្រោមពាក្យស្លោក ដោះលែងទីលានប្រជាធិបតេយ្យ ដោយប្រើហិង្សាដ៏កាចសាហាវ បានបណ្ដាលឲ្យកងរក្សាសន្តិសុខអាជ្ញាធរមូលដ្ឋានចំនួន ៣៨នាក់ រងរបួស ក្នុងនោះ ២២នាក់របួសធ្ងន់ និង ៣នាក់ស្ថិតក្នុងការសង្គ្រោះបន្ទាន់។
ក្រុមអ្នករកស៊ីនៅក្បែរទីលានប្រជាធិបតេយ្យ ថ្លែងមិនបញ្ចេញឈ្មោះទាំងអស់គ្នាថា ក្រុមសន្តិសុខបានដឹកដំបងមានរុំក្រដាសចំនួនមួយរថយន្ត ទៅទម្លាក់នៅក្បែរទីលានប្រជាធិបតេយ្យ។ ក្រុមសន្តិសុខខណ្ឌដូនពេញ ចាប់ដំបងនោះវាយទៅលើបាតុករ ហើយក៏មានការតដៃគ្នា។ ក្រុមអ្នកលក់ដូរអះអាងថា សន្តិសុខដែលវាយបាតុករ និងអ្នកឈរមើលបាតុកម្មកាលពីលើកមុន គឺសាលារាជធានីភ្នំពេញ មិនទទួលស្គាល់ថាជាមន្ត្រីរបស់គេឡើយ។ ដូច្នេះ ទើបលើកនេះ បាតុករ និងអ្នកឈរមើលឃើញសន្តិសុខយកដំបងវាយគេ គេតដៃវិញ៖ «ចាប់អ្នកតំណាងរាស្ត្រទាំងអស់ហ្នឹងអត់ត្រឹមត្រូវទេ មូលហេតុមកពីសន្តិសុខវ៉ៃគេមុន ហើយគេការពារខ្លួនទៅចាប់គាត់ ចាប់ម៉េចត្រូវ គាត់មានទៅដឹងអីគាត់ គាត់ដឹកនាំបាតុករមកគ្រាន់តែមករកយុត្តិធម៌នៅកន្លែងនេះហ្នឹង ហើយទៅចាប់គាត់យកទៅដាក់អ៊ីចឹងម៉េចកើត»។
អាជីវករនៅវត្តភ្នំ ឲ្យដឹងថា ពលរដ្ឋស្ទើរគ្រប់ស្រទាប់មានទូរស័ព្ទប្រើតាំងពីអ្នករើសអេតចាយ អ្នកលក់ត្រកួនអីទៅ គេបានដឹងច្បាស់ថា អ្នកណាដឹកនាំល្អ និងអ្នកដឹកនាំអាក្រក់ ព្រោះការយករឿងដែលគេដឹងឮជាសាធារណៈទៅកាឡៃ ហាក់ដូចជាកាន់តែចុះនូវឥទ្ធិពលអ្នកដឹកនាំ៖ «សូម្បីតែអ្នកលក់ត្រកួនក៏មានអ៊ីនធឺណិតមើលដែរ ហើយគេចេះបែងចែកទាំងអស់ហើយ អ្នកណាខុសអ្នកណាត្រូវ គេទទួលយកអស់ហើយ ហើយខ្ញុំក៏មិនមែនតួនាទីបក្សប្រឆាំងអីដែរ គ្រាន់តែអ្នកគាំទ្រសន្លឹកឆ្នោតទេ»។
ស្ត្រីមួយរូបទៀតថ្លែងថា នយោបាយកំពុងតែស្ងប់ បែរជាទៅបង្កការចាប់ខ្លួនអ្នកតំណាងរាស្ត្រ៥រូប ដែលជាទង្វើដូចជាដុតឲ្យក្តៅទៅវិញ៖ «ខ្ញុំធ្វើថាការធ្វើរបៀបនេះ គឺការដុតកម្ដៅនយោបាយឲ្យកាន់តែខ្លាំងទៅវិញទេ»។
មន្ត្រីមួយរូបសុំមិនបញ្ចេញឈ្មោះ ថ្លែងថា គាត់មិនសូវយល់អំពីការចាប់អ្នកតំណាងរាស្ត្រដាក់ខ្នោះបែបនេះសោះ មិនដឹងថាគេប្រើច្បាប់អីទេ៖ «ព្រោះការចាប់នេះមិនធម្មតាទេ តំណាងរាស្ត្រមួយៗសុទ្ធតែមានអភ័យឯកសិទ្ធិគេរៀងៗខ្លួន យើងមិនអាចចាប់គេដាក់ខ្នោះអីទេ អាចាប់ដាក់ខ្នោះបានតែប្រជារាស្ត្រយើងតែប៉ុណ្ណឹងទេ បើតំណាងរាស្ត្រទាល់តែមកពីព្រះមហាក្សត្រ នោះបានយើងហ៊ានចាប់បាន»។
មន្ត្រីប៉ូលិសមួយរូបថ្លែងថា ធម្មតាអ្នកវាយគេ ហើយចាប់គេចោទថាគេខុស វាមិនទំនងទេ៖ «កាលវឹកវ៉ៃបាញ់បោះគេហ្នឹងមានកាកបាទក្រហមឯណាជួយផង ស្រាប់ដល់ពេលនេះវ៉ៃគេ គេវ៉ៃវិញ ស្រាប់តែមានកាកបាទក្រហមមកជួយព្រោងព្រាត អាហ្នឹងវាមិនត្រឹមត្រូវដែរ»។
លោក សឹម ថាច រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កំពុងជិះម៉ូតូទៅកាន់សាលាដំបូង ថ្លែងថា អ្នកដើរវាយគេ រដ្ឋាភិបាលមិនចាប់ ទៅចាប់តំណាងរាស្ត្រដើរឃាត់គេទៅវិញ៖ «តែមិនអាចគួរចាប់ទេ ព្រោះនេះមិនមែនយើងទៅវ៉ៃគេឯណា គេវ៉ៃយើងមុនទេ យើងមានការទប់ទល់ គេចោទថាយើងថាជាអ្នកបង្កទៅវិញ អ៊ីចឹងគួរតែរដ្ឋាភិបាលលើកលែងទោសវិញ»។
ចំណែកអ្នករង់ចាំលទ្ធផលស៊ើបសួរអ្នកតំណាងរាស្ត្រទាំង ៥រូប នៅក្រៅរបងសាលាដំបូង ថ្លែងថា សូមឲ្យមានការចរចាគ្នាដោយសន្តិវិធី មិនគួរចាប់គេដាក់ខ្នោះដូចបានប្រព្រឹត្តបទល្មើសនោះទេ៖ «ហើយខ្ញុំយល់ទៀតថា កាលណាខ្មែរ និងខ្មែរវ៉ៃគ្នា អាចចង់យកទឹកដីនោះវាឈរមើលវាសប្បាយវា»។
ផ្ទុយពីអ្នកទាំងនោះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា មួយរូបថ្លែងមិនបញ្ចេញឈ្មោះថា គណបក្សនយោបាយទាំង២ដែលមានពលរដ្ឋគាំទ្រឲ្យឈ្នះឆ្នោតច្រើនជាងគេ ក្នុងការជ្រើសរើសសភាអាណត្តិទី៥ មិនត្រូវដណ្ដើមកៅអីគ្នាអង្គុយតែមួយនោះទេ ត្រូវមានការចែករំលែកទើបល្អ។ លោកថា អ្នកដឹកនាំសម័យមុន ព្រោះតែគិតពីអំណាច បានធ្វើឲ្យដែនដីកម្ពុជា ប្រែពីធំធេង មកនៅតូចដូចបច្ចុប្បន្ន៖ «មើលទៅដណ្ដើមត្រូវរៀងខ្លួន គាត់មានទស្សនៈត្រូវរៀងខ្លួន អត់គិតរឿងប្រជាជន និងប្រទេសជាតិទេពួកគាត់ គាត់គិតតែពីអញ គឺអញនិយម មេអញល្អ អានេះមេអញល្អ អត់គិតថាតើត្រូវធ្វើយ៉ាងម៉េចតម្រូវគ្នា ព្រោះប្រជាជនគ្នាខំទៅបោះឆ្នោតឲ្យហើយ អត់គិតពីរឿង ថាតើគេធ្វើយ៉ាងម៉េចឲ្យប្រជាជនចំណេញ ស្វែងរកភាពនៃសេចក្តីសុខសម្រាប់ប្រជាជន អត់ឃើញ គឺធ្វើម៉េចឲ្យតែពាក្យថា បក្សឈ្លោះគ្នា អាមេមិនគិតរឿងកូនចៅ ប្រជាពលរដ្ឋដែលគេខំទៅបោះឆ្នោតគាំទ្រទាំងសងខាងហ្នឹង»។
ស្រដៀងគ្នាដែរ មន្ត្រីរាជការមួយរូបកំពុងទិញខោអាវជជុះនៅផ្សារចាស់ ថ្លែងថា ថ្នាក់ដឹកនាំត្រូវគិតពីប្រទេសជាតិឲ្យធំជាងអំណាចរបស់ខ្លួន ទើបពលរដ្ឋគាំទ្រច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
