តុលាការ​អនុញ្ញាត​ឱ្យ​សហ​មេធាវី​ជួប​លោក កឹម សុខា នៅ​ផ្ទះ នៅ​ថ្ងៃ​ទី២៨ ខែមីនា​ខាង​មុខ

ដោយ ទីន ហ្សាការីយ៉ា
2023.03.22
តុលាការ​អនុញ្ញាត​ឱ្យ​សហ​មេធាវី​ជួប​លោក កឹម សុខា នៅ​ផ្ទះ នៅ​ថ្ងៃ​ទី២៨ ខែមីនា​ខាង​មុខ (រូបឯកសារ) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​មេធាវី​ការពារ​ក្ដី​​​លោក ធ្លាប់ជួប​គ្នា កាល​ពី​ឆ្នាំ២០១៨។​
រូប៖ ហ្វេសប៊ុកលោក កឹម សុខា

តុលាការ​អនុញ្ញាត​ឱ្យ​សហ​មេធាវី​ជួប​លោក កឹម សុខា នៅ​ផ្ទះ នៅ​ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០២៣ ខាង​មុខ។

អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​វិទ្យុ​អាស៊ី​សេរី​ទួល​បាន​នៅ​មុន​នេះ​បន្តិច​ថា ការ​អនុញ្ញាត​ឲ្យ​សហ​មេធាវី​ជួប​លោក កឹម សុខា នេះ ទៅ​តាម​លិខិត​សំណើ​សុំ​របស់​លោក កឹម សុខា ដែល​បាន​លោក​បាន​ដាក់​លិខិត​ជូន​តុលាការ​នៅ​ថ្ងៃ​ទី២២ មីនា​ដដែល​នេះ។ លិខិត​របស់​លោក កឹម សុខា បាន​សរសេរ​ថា លោក​ត្រូវ​ការ​ជួប​លោក​មេធាវី ដើម្បី ពិគ្រោះ​យោបល់​បន្ត​នីតិវិធី​តាម​ផ្លូវ​តុលាការ ជាពិសេស ជួប​ពិគ្រោះ​យោបល់ ក្នុង​ការ​ប្ដឹង​ឧទ្ធរណ៍ ជំទាស់​សាលក្រម​សាលា​ដំបូង​ឲ្យ​បាន​ទាន់​ពេល​វេលា​កំណត់ ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង សហ​មេធាវី​លោក កឹម សុខា ដើម្បី​សួរ​អំពី​បញ្ហា​នេះ បន្ថែម​បាន​នៅ​ឡើយ​ទេ នៅ​មុន​ការ​ផ្សាយ​រាត្រី​នេះ។

សមត្ថកិច្ច​យាម​ផ្ទះ លោក កឹម សុខា បាន​ហាម​សហ​មេធាវី​មិន​ឲ្យ​ចូល​ជួប​លោក កឹម សុខា ដើម្បី​ជជែក​អំពី​នីតិវិធី​ប្ដឹង​ឧទ្ធរណ៍​នេះ​ទេ កាល​ពី​សប្ដាហ៍​មុន ដោយ​តម្រូវ​ឲ្យ​សហ​មេធាវី​ដាក់​លិខិត​ស្នើសុំ​តុលាការ​ជា​មុន។ សហ​មេធាវី​អះអាង​ថា ពួក​គេ​មិន​ដាក់​លិខិត​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ជួប លោក កឹម សុខា ទេ ពីព្រោះ​គ្មាន​ច្បាប់​ណា​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ។ អ្នក​ច្បាប់​លើក​ឡើង​ថា ការ​ហាម​មិន​ឲ្យ​មេធាវី​ជួប​កូនក្ដី​នេះ គឺ​ធ្វើ​ឲ្យ​រំលោភ​សិទ្ធិ​មេធាវី និង​សិទ្ធិ​អ្នក​ជាប់​ឃុំ ឬ​សិទ្ធិ​របស់​លោក កឹម សុខា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។