តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា កោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី២៦ កញ្ញា ខាងមុខ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ជាសាធារណ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
សមត្ថកិច្ចបានយកដីកាកោះនេះទៅបិទនៅផ្ទះលោក សម រង្ស៊ី ដែលជាអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ កញ្ញានេះ។
ចំណាត់ការរបស់តុលាការក្រុងភ្នំពេញនេះ ជាការអនុវត្តតាមបណ្ដឹងរបស់ក្រុមមេធាវីរបបក្រុងភ្នំពេញ ដែលបានប្ដឹងលោក សម រង្ស៊ី បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងរូបនេះបានថ្លែងក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរីថា ព្រះមហាក្សត្រគឺជាចំណាប់ខ្មាំង និងជាអាយ៉ងរបស់លោក ហ៊ុន សែន។ ក្រុមមេធាវីរបបក្រុងភ្នំពេញ ដែលមានលោក គី តិច ជាប្រធាន បានចាត់ទុកប្រសាសន៍របស់លោក សម រង្ស៊ី នេះ ថាមានចេតនាទុច្ចរិត បង្កឱ្យមានភាពវឹកវរ និងអសន្តិសុខសង្គម។ ក្រុមមេធាវីរបបក្រុងភ្នំពេញបានស្នើដល់តុលាការដែលស្ថិតក្រោមឥទ្ធិពល លោក ហ៊ុន សែន ស្រាប់ទៅហើយនោះ ឱ្យចោទប្រកាន់ និងផ្ដន្ទាទោសលោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរបំផុត។
គិតត្រឹមពេលនេះ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី កំពុងជាប់បណ្ដឹងនៅតុលាការកម្ពុជាចំនួន ១៤ករណីហើយ ដោយក្នុងនោះ ៦ករណី មានសាលក្រមស្ថាពរ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី ធ្លាប់បញ្ជាក់រួចហើយថា លោកមិនខ្វល់នឹងការប្ដឹងផ្ដល់ទាំងនេះឡើយ ព្រោះលោកអះអាងថា តុលាការកម្ពុជាបច្ចុប្បន្នជាតុលាការអាយ៉ង ដែលរង់ចាំស្ដាប់តាមតែបញ្ជាលោក ហ៊ុន សែន ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។