សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជំនុំជម្រះក្ដីសកម្មជនបក្សប្រឆាំង ៥នាក់ពាក់ព័ន្ធការវិលចូលស្រុក លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ពេលសួរដេញដោលនោះសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំគឺ លោក ទុំ ប៊ុនថន ដែលបានកោសក់របស់ខ្លួនពីក្នុងពន្ធនាការ លោកបានដោះអាវនៅក្នុងបន្ទប់សវនាការបង្ហាញការមិនពេញចិត្តចំពោះតុលាការដែលមិនផ្ដល់ឱកាសឲ្យលោកនិយាយក្នុងសវនាការនោះ។
តុលាការនៅតែបន្តសាកសួរសកម្មជនបក្សប្រឆាំងពីទំនាក់ទំនាក់របស់ពួកគេ ជាមួយ មេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស និងការចែករំលែកព័ត៌មានពីហ្វេសប៊ុកលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន។
ជាសវនាការតុលាការភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូនេះ ពាក់ព័ន្ធសំណុំរឿងក្បត់ជាតិ និងករណីញុះញង់។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះគឺ លោកចៅក្រម រស់ ពិសិដ្ឋ នៃសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការគឺ ព្រះរាជអាជ្ញារង សេង ហៀង។
សកម្មជនបក្សប្រឆាំងដែលបានចូលបំភ្លឺក្នុងបន្ទប់សវនាការទាំង ៥នាក់ ក្នុងនោះបីនាក់ជាអ្នកជាប់ឃុំ រួមមានលោក ហេង ច័ន្ទសុទ្ធី លោក កាក់ កុម្ភារ និងលោក ទុំ ប៊ុនថន និងសកម្មជន ២នាក់ទៀតនៅក្រៅឃុំគឺ សមាជិកប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ អ្នកស្រី យក់ នាង និងសមាជិកក្រុមប្រឹក្សាសង្កាត់បឹងសាឡាងនៃរាជធានីភ្នំពេញ អ្នកស្រី ហង់ សុផារី។
សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំម្នាក់គឺ លោក ទុំ ប៊ុនថន បានបង្ហាញការតស៊ូមតិរបស់ខ្លួនដោយលោកបានកោសក់ពីក្នុងពន្ធនាគារ និងដោះអាវ នៅចំពោះមុខក្រុមជំនុំជម្រះនៅក្នុងបន្ទប់សវនាការ។
ប្រពន្ធសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ លោកស្រី ព្រំ ចន្ថា ដែលបានចូលរួមស្ដាប់ក្នុងសវនាការដែរនោះឲ្យអាស៊ីសេរីដឹងថា លោក ទុំ ប៊ុនថន បានស្នើសុំផ្ដល់ចម្លើយជាច្រើនដងក្នុងបន្ទប់សវនាការ ប៉ុន្តែ តុលាការមិនអនុញ្ញាតឲ្យលោកនិយាយនោះទេ ទើបធ្វើឲ្យសកម្មជនរូបនេះបានដោះអាវចេញពីខ្លួន បង្ហាញការមិនសុខចិត្ត៖ « គាត់ ( លោក ទុំ ប៊ុនថន ) ដោះអាវ និងកោសក់នេះគាត់ចង់បង្ហាញបីវីរភាពរបស់គាត់ដែលគាត់មិនបានធ្វើខុសទី១ ទី២ គាត់មិនធ្វើដូចតុលាការចោទប្រកាន់ទី៣ គាត់មានទុក្ខលំបាកផ្ទាល់ខ្លួន អ៊ីចឹងគាត់ចង់សម្ដែងនៃការលំបាករបស់គាត់ ប៉ុន្តែ តុលាការមិនគាត់អត់បានយល់អារម្មណ៍មួយហ្នឹង ហើយអត់បានសួរគាត់ទេ » ។
លោក ទុំ ប៊ុនថន គឺជាសមាជិកបក្សប្រឆាំងម្នាក់ ក្នុងចំណោមសកម្មជនច្រើននាក់ផ្សេងទៀត ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពេលវិលត្រឡប់ទៅរស់នៅជួបជុំប្រពន្ធកូនក្នុងប្រទេសកម្ពុជាវិញ។លោកបានជាប់ឃុំចំនួនពីរដងហើយលើកទី១ ក្នុងព្រឹត្តិការណ៍វិច្ឆិកាឆ្នាំ២០១៩ និងលើកទី២ កាលពីថ្ងៃថ្ងៃទី២៩ ខែកញ្ញា។
ទាក់ទងករណីលោក ទុំ ប៊ុនថន នេះដែរ នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ដែលមានក្រុមការងារលោកឃ្លាំមើលតុលាការ ឲ្យដឹងថា ករណីលោក ទុំ ប៊ុនថន កោសក់ គឺលោកបានកោសក់ តាំងពីក្នុងពន្ធនាគារ ដើម្បីបង្ហាញថា លោកកំពុងរងភាពអយុត្តិធម៌។ លោកបន្តថា ចំពោះករណីលោក ទុំ ប៊ុនថន ដោះអាវ នៅបន្ទប់សវនាការគឺ ដើម្បីសុំសិទ្ធិនិយាយក្នុងពេលបើកសវនាការ។ លោក អំ សំអាត យល់ថា នេះជាការតស៊ូមតិរបស់លោក ទុំ ប៊ុនថន ដែលទាមទារចង់បានយុត្តិធម៌៖ « ខ្ញុំគិតថា នេះជាសេរីភាពរបស់គាត់ ( លោក ទុំ ប៊ុនថន ) ក្នុងការតស៊ូមតិហើយក្នុងច្បាប់ក៏អត់បានហាមទៅទៀតក្នុងការពាក់ខោអាវ ឬមិនពាក់ខោអាវអ៊ីចឹងជាសេរីភាពរបស់គាត់ ដែលចង់បង្ហាញការតស៊ូមតិ ដើម្បីទាមទាររកយុត្តិធម៌របស់គាត់ » ។
មេធាវីការពារឲ្យសកម្មជនបក្សប្រឆាំងលោក សំ សុគង់ ឲ្យដឹងថា តុលាការនៅតែបន្តសាកសួរទាក់ទងអង្គហេតុដែលទាក់ទងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី និងសកម្មភាពការងារសកម្មជនគណបក្សសង្គ្រោះជាតិដែលរងការចោទប្រកាន់។ លោកមេធាវីឲ្យដឹងទៀតថា ក្នុងពេលសវនាការ ក្នុងចំណោមសកម្មជនទាំង៥រូបដែលមានវត្តមាននៅបន្ទប់សវនាការ តុលាការបានសាកសួរសកម្មជនគណបក្សសង្គ្រោះជាតិពីររូបគឺ អ្នកស្រី ហង់ សុផារី និងអ្នកស្រី យក់ នាង៖ « ពាក់ព័ន្ធនឹងរឿងនយោបាយ ដោយសារសកម្មជន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាអ្នកនយោបាយ ហើយរឿងវិលត្រឡប់ រឿងផែនការអីផ្សេងទៀត គឺជាវោហារសាសន៍នយោបាយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយទាក់ទងទៅនឹងសារផ្សេងៗទៀតគណបក្សសង្គ្រោះជាតិដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សម្ភាស ក៏ដូចជាផ្សាយក្នុងហ្វេសប៊ុក ជាបច្ចេកទេសជាលក្ខណៈនយោបាយ មិនមែនជាសកម្មភាពផ្លូវច្បាប់ទេ » ។
សមាជិកក្រុមប្រឹក្សាសង្កាត់គណបក្សសង្គ្រោះជាតិ នៅបឹងសាឡាង រាជធានីភ្នំពេញ អ្នកស្រី ហង់ សុផារី ឲ្យអ្នកសារព័ត៌មានដឹងក្រោយចប់ការសាកសួរថា តុលាការបានសាកសួរអ្នកស្រីជាច្រើនសំណួរក្នុងនោះក៏មានសំណួរទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍លោក សម រង្ស៊ី ដែរ។ លោកស្រីបន្ត អ្នកស្រីប្រាប់តុលាការថា អ្នកស្រីមិនដឹងរឿងនេះ។ អ្នកស្រីបន្តទៀតថា ក្រៅពីនេះអ្នកស្រីសុំសិទ្ធិមិនឆ្លើយតបដោយផ្ដល់សិទ្ធិឲ្យមេធាវីឆ្លើយជំនួស។
អ្នកស្រីបានស្នើទៅតុលាការឲ្យលើកលែងការចោទប្រកាន់លើអ្នកស្រី ព្រោះអ្នកស្រីមិនបានធ្វើសកម្មភាពនយោបាយអ្វីនោះទេ ក្រោយតុលាការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧៖ « ពួកខ្ញុំទាំងអស់ដូចជាអត់មានទោសអីយកមកកាត់ទេ និយាយទៅអត់មានទោសអីទាំងអស់ក្បត់ជាតិ ក៏អត់មាន ព្រោះខ្ញុំអត់បានលក់ជាតិស្អីបន្តិចផង បើនិយាយគណបក្សជាធម្មតាការស្រលាញ់របស់ប្រជាពលរដ្ឋមួយៗ » ។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា សង្កេតសំណុំរឿងនេះជារឿងនយោបាយ ហើយការបន្តអូសបន្លាយលើករណីនេះធ្វើឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលជាបន្តបន្ទាប់។ មន្ត្រីសិទ្ធិមនុស្សដដែលជំរុញទៅអ្នកនយោបាយដោះស្រាយបញ្ហានេះដោយការជជែកចរចាគ្នាឡើងវិញ៖ « ជាការខាតបង់របស់យើងទៅវិញទេ បើសិនជារឿងនយោបាយត្រូវបានអូសបន្លាយអ៊ីចឹងជាអ្វីដែលយើងមើលឃើញ ខ្ញុំគិតថា បើសិនជាមានដំណោះស្រាយនយោបាយកើតឡើងហើយសំណុំរឿងទាំងអស់ហ្នឹងក៏ត្រូវបានបញ្ចប់បែបហ្នឹងតាមដែលកត់សម្គាល់រឿងនយោបាយកន្លងមកបាទ » ។
សវនាការនេះ មានការចូលរួមឃ្លាំមើលពីតំណាងទូតប្រទេសលោកសេរីជាច្រើននិងតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិល និងសាច់ញាតិរបស់ជនជាប់ចោទជាច្រើននាក់។ ចំណែកនៅខាងក្រៅរបងតុលាការវិញ អាជ្ញាធរបានពង្រាយកងសន្តិសុខជាច្រើននាក់ ស្របពេលដែលក្រុមគ្រួសាររបស់មន្ត្រីបក្សប្រឆាំង និងអ្នកគាំទ្រជិត ១០នាក់រង់ចាំលើកទឹកចិត្តជនជាប់ចោទ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាដោយហិង្សានោះទេ។
តុលាការក្រុងភ្នំពេញបានបំបែកជា ៧សវនាការក្នុងសំណុំរឿងសកម្មជន ៤២នាក់ ដែលត្រូវចោទពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងរួមគំនិតក្បត់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គម្រោងមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្ស៊ី។
តុលាការនឹងបន្តជំនុំជម្រះក្ដីសំណុំរឿងនេះបន្តទៀតនៅថ្ងៃទី២៨ ធ្នូខាងមុខ ដោយមានការសាកសួរអ្នកជំនាញខាងច្បាប់ និងនយោបាយអន្តរជាតិ សេង ធារី ដែលកំពុងរស់នៅប្រទេសកម្ពុជា ក្រៅពីនេះមាន លោក សម រង្ស៊ី និងថ្នាក់ដឹកនាំសំខាន់របស់គណបក្សសង្គ្រោះជាតិមួយចំនួនទៀត ដែលត្រូវបានរដ្ឋាភិបាលរារាំងពួកគេមិនឲ្យចូលស្រុក ដើម្បីបំភ្លឺនៅមុខតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
