ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យសកម្មជនបក្សប្រឆាំងក្រុងព្រះសីហនុ ខេត្តព្រះសីហនុម្នាក់ គឺលោក ម៉ៃ ហុងស្រៀង ជាប់ពន្ធនាគារ ១៨ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកការសម្រេចនេះថា ធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិពលរដ្ឋ។
មេធាវីការពារក្ដីឲ្យសកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង គឺលោកមេធាវី កែត ឃី ប្រាប់ថា ដំបូង តុលាការបានចោទ ២បទល្មើស គឺបទញុះញង់ឲ្យមានការរើសអើង និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។ តែក្រោយមក គឺក្នុងសវនាការព្រឹកថ្ងៃទី១០ តុលា ចៅក្រមសម្រេចចោទតែមួយបទចោទវិញ គឺបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងសម្រេចដាក់ពន្ធនាគារ ១៨ខែ គិតពីថ្ងៃឃុំខ្លួនមក។
លោកមេធាវីប្រាប់ថា កូនក្ដី គឺលោក ម៉ៃ ហុងស្រៀង ចាត់ទុកការសម្រេចក្ដីនេះ ជារឿងអយុត្តិធម៌ ទើបផ្ដិតមេដៃប្រគល់សិទ្ធិឲ្យលោកប្ដឹងទៅសាលាឧទ្ធរណ៍ ចំពោះការចោទប្រកាន់នេះទៀត។ លោក មេធាវី កែត ឃី បន្តថា លោកបានត្រៀមពាក្យប្ដឹងសាលាឧទ្ធរណ៍ឲ្យកូនក្ដី តាំងពីមិនទាន់សវនាការមកម្ល៉េះ៖« អយុត្តិធម៌ចំពោះគាត់ គាត់មិនបានប្រព្រឹត្តិដូចការចោទប្រកាន់ អ៊ីចឹង យើងក៏បានរៀបចំ ហើយយើងក៏បានដឹងមុនដែរ តុលាការនឹងជំនុំសម្រេចផ្ដន្ទាទោសគាត់ហើយ។ អ៊ីចឹង ខ្ញុំក៏រៀបចំពាក្យប្ដឹងឧទ្ធរណ៍នេះឲ្យហើយ នៅពេលទៅដល់គឺយើងរង់ចាំតែចប់ ចេញសាលក្រមទៅ ឲ្យគាត់ផ្ដិត មេដៃ»។
សកម្មជនគណបក្សសង្គ្រោះជាតិ ក្រុងព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួន នៅតាមបណ្ដោយផ្លូវលេខ២០០៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីចុងខែកក្កដា ក្រោយពេលលោករត់ភៀសខ្លួន ចេញពីការឡោមព័ទ្ធ របស់កម្លាំងអាជ្ញាធរខេត្តព្រះសីហនុ។ របបក្រុងភ្នំពេញ បានចោទប្រកាន់ លោក ម៉ៃ ហុងស្រៀង ថា បានបង្ហោះសារក្នុងហ្វេសប៊ុក (facebook) ជេរប្រមាថថ្នាក់ដឹកនាំកំពូលៗ ក្នុងរបបនេះ។
បន្ទាប់មក ចៅក្រមស៊ើបសួរកាន់សំណុំរឿងនេះ គឺលោក រៀល សុភិន បានចោទប្រកាន់សកម្មជនបក្សប្រឆាំងរូបនេះ ពីបទជេរប្រមាថរបបក្រុងភ្នំពេញ និងញុះញង់ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ហើយបានបញ្ជាឲ្យសមត្ថកិច្ចឃុំខ្លួន លោក ម៉ៃ ហុងស្រៀង បណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១ សីហា។
មុនពេលត្រូវបានចាប់ខ្លួន លោក ម៉ៃ ហុងស្រៀង ធ្លាប់បានភៀសខ្លួនទៅប្រទេសថៃម្ដង ដោយសារបារម្ភពីការធ្វើទុក្ខបុកម្នេញពីរបបក្រុងភ្នំពេញ។ ក្រោយភៀសខ្លួនច្រើនខែ លោកបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយសង្ឃឹមថា អាចរស់នៅសុខសាន្តជាមួយប្រពន្ធកូន។ តែសមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានបន្តឡោមព័ទ្ធ និងតាមចាប់លោកទៀត ដោយសារលោកនៅបង្ហោះសាររិះគន់របបក្រុងភ្នំពេញ។
ភរិយារបស់លោក ម៉ៃ ហុងស្រៀង គឺលោកស្រី គា ស៊ីសុគន្ធី ប្រាប់ថា បើទោះតុលាការសម្រេចក្ដី អយុត្តិធម៌បែបនេះ ក៏លោកស្រីមិនហ៊ានប្រកែក និងមិនហ៊ានតវ៉ាដែរ ដោយសារលោកស្រី ជាគ្រូបង្រៀន ខ្លាចត្រូវគេធ្វើបាប។ លោកស្រីថ្លែងបន្តថា នៅពេលនេះ លោកស្រី និងកូនតូច ៣នាក់ មិនអាចធ្វើអ្វីបាន ក្រៅពីនាំគ្នាអង្គុយយំ សម្ដែងការសោកស្ដាយ ចំពោះការសម្រេចក្ដីអយុត្តិធម៌នេះ៖« បើសិនជាខ្ញុំទៅ ខ្ញុំក៏មិនដឹងជួយអ្វីបានដែរ បានត្រឹម ទឹកភ្នែក ។ អ៊ីចឹង ខ្ញុំគិតថា មិនទៅលើកនេះ ក៏ល្អម្យ៉ាងដែរ ហើយខ្ញុំគិតថា ទង្វើដែលគេដាក់ទោសគាត់ ដល់មួយឆ្នាំកន្លះ គឺវាអយុត្តិធម៌បំផុត ព្រោះអ្វី គាត់មិនបានធ្វើអ្វីខុសផង គ្រាន់បានបញ្ចេញមតិសោះ គ្មានបានធ្វើអ្វីខុសសោះ។ បើនៅខាងក្រៅប្រទេសគេមិនដាក់ទោសពៃអ្វីទេ គេជាសិទ្ធិរបស់គេ លើកលែងតែស្រុកខ្មែរយើង។ វាមានអ្វី ក្រៅពីអយុត្តិធម៌ទេ ប៉ុន្តែខ្ញុំអត់ហ៊ានវាយប្រហារខ្លាំងៗ ព្រោះអ្វីខ្ញុំគ្រូបង្រៀន។ ខ្ញុំធម្មតា ខ្លាចគេធ្វើបាប អត់មានអ្វី ចិញ្ចឹមកូន»។
លោកស្រីមានប្រសាសន៍ទៀតថា ស្ថានភាពការរស់នៅក្នុងពន្ធនាគារព្រៃស គឺលោក ម៉ៃ ហុងស្រៀង មានសុខភាពល្អ មិនទ្រុឌទ្រោមទេ តែលោកឡើងកន្ទួលរមាស់ពេញខ្លួន។ លោកទទួលបានថ្នាំព្យាបាលកន្ទួលរមាស់ខ្លះ ពីគ្រូពេទ្យអង្គការសិទ្ធិមនុស្ស លីកាដូ។ ចំណែកថ្លៃចំណាយលុយ ក្នុងពន្ធនាគារវិញ គឺចាយអស់ច្រើន ដោយសារទំនិញក្នុងពន្ធនាគារមានតម្លៃថ្លៃ។ លោកស្រី ត្រូវផ្ញើលុយឲ្យស្វាមីចាយក្នុងពន្ធនាគាររៀងរាល់ខែ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត យល់ថា ការសម្រេចក្ដីនេះ ជារឿងធ្ងន់ធ្ងរសម្រាប់លោក ម៉ៃ ហុងស្រៀង ខណៈបទចោទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិនេះ មានភាពស្រពិចស្រពិល សម្រាប់សេរីភាពបញ្ចេញមតិ។ លោកបន្តថា ការសម្រេចធ្ងន់ធ្ងរបែបនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ៖ « ការសម្រេចនេះ វាមានលក្ខណៈធ្ងន់ធ្ងរសម្រាប់គាត់ ហើយកម្រិតទោសទាំងអស់នេះ ហើយអានេះ ក៏វាធ្វើឲ្យប៉ះពាល់មួយដែរ សម្រាប់អ្នកដែលបញ្ចេញមតិដទៃទៀត។ អ៊ីចឹង គិតថា អ្នកដែលចង់បញ្ចេញមតិតាមបណ្ដាញសង្គមផ្សេងៗ គាត់ត្រូវកម្រិតនៃការបញ្ចេញមតិរបស់គាត់ ព្រោះត្រូវខ្លាច មានការជាប់ទោស ជាប់អ្វី បន្តទៅទៀតទៅ អាហ្នឹង ក៏វាពាក់ព័ន្ធជាមួយនឹងការប៉ះពាល់ដល់សេរីភាព និងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែរ»។
លោកមេធាវី កែត ឃី បញ្ជាក់បន្ថែមថា យ៉ាងយូរត្រឹមសប្ដាហ៍ក្រោយ លោកនឹងដាក់ពាក្យប្ដឹងឧទ្ធរណ៍ឲ្យកូនក្ដីលោក។ ភរិយារបស់លោក ម៉ៃ ហុងស្រៀង សង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ឲ្យស្វាមីអ្នកស្រី។ ចំណែកគណបក្សសង្គ្រោះជាតិ បានទាមទារឱ្យដោះលែងលោក ម៉ៃ ហុងស្រៀង វិញ ដោយឥតលក្ខខណ្ឌ ព្រោះគណបក្សសង្គ្រោះជាតិចាត់ទុកការចាប់ខ្លួននេះថា ជារូបភាពនយោបាយ គំរាមកំហែង រំលោភសិទ្ធិសេរីភាព និងជាភាពគឃ្លើនច្បាប់ ពីសំណាក់របបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
