អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិហៅតុលាការរបបភ្នំពេញថាធ្វើឡើងក្រោមបញ្ជារបស់ហ៊ុន សែន
2019.05.03
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរិទ្ធ បានចាត់ទុក សាលក្រមតុលាការរបបក្រុងភ្នំពេញថា ជាសាលក្រមនយោបាយ ធ្វើតាមបញ្ជារបស់មេដឹកនាំរបបក្រុងភ្នំពេញ បន្ទាប់ពីបានកាត់ទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទញុះញង់កងទ័ពកុំឱ្យស្ដាប់បទបញ្ជា និងប្រមាថព្រះមហាក្សត្រ។
លោក អ៊ូ ច័ន្ទរិទ្ធ មានប្រសាសន៍ការកាត់ទោសនេះគ្រាន់តែធ្វើឡើងតាមការចង់បានពីរបបក្រុងភ្នំពេញមិនមែនជាតុលាការឯករាជ្យនោះទេ៖ «ខ្ញុំយល់ថា មិនមានន័យអ្វីសម្រាប់ប្រជាពលរដ្ឋហើយជាទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរលោកក៏អស់ជំនឿលើទំនុកចិត្តនឹងតុលាការហ្នឹងតាំងពីដើមមកដោយសារតែតុលាការមិនឯករាជ្យ តុលាការពុករលួយ តុលាការបំពេញទៅអ្នកកាន់អំណាច»។
រហូតមកដល់ពេលនេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលត្រូវបានរដ្ឋាភិបាលហាមមិនឲ្យវិលចូលស្រុក កំពុងជាប់បណ្ដឹងសរុបនៅក្នុងតុលាការកម្ពុជាចំនួន ៨ ករណី។
បណ្ដឹងទាំងនោះរួមមាន បណ្ដឹងបរិហារកេរ្តិ៍លោក ហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែក ពីបទបរិហារកេរ្តិ៍ លោក ហេង សំរិន បណ្ដឹងបរិហារកេរ្តិ៍ពាក់ព័ន្ធការចោទប្រកាន់ថា លោក ហ៊ុន សែន បានទិញចំនួនឡៃ (Like) ហ្វេសប៊ុកពីបរទេស បរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងករណីឃាតកម្មលោកបណ្ឌិត កែម ឡី ហើយចុងក្រោយពាក់ព័ន្ធនឹង សំណុំរឿងញុះញង់ឲ្យកងទ័ពកុំស្ដាប់បទបញ្ជា និងករណីប្រមាថព្រះមហាក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។