ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការករណីសកម្មជនបក្សប្រឆាំង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ពីបទញុះញង់ និងជេរប្រមាថថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ នៅថ្ងៃទី១០ តុលា វេលាម៉ោង ៨ព្រឹក។ ភរិយារបស់លោក ម៉ៃ ហុងស្រៀង គឺលោកស្រី គា ស៊ីសុគន្ធី រំពឹងថា ប្ដីលោកស្រី នឹងត្រូវបានដោះលែង ដោយគ្មានការចោទប្រកាន់តទៅទៀត ព្រោះប្ដីអ្នកស្រី គ្មានកំហុសដូចការចោទប្រកាន់ឡើយ។
លោក ម៉ៃ ហុងស្រៀង ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួន នៅតាមបណ្ដោយផ្លូវលេខ២០០៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីចុងខែកក្កដា ក្រោយពេលលោកភៀសខ្លួន ពីការឡោមព័ទ្ធ នៅខេត្តព្រះសីហនុ។ ចៅក្រមស៊ើបសួរកាន់សំណុំរឿងនេះ គឺលោក រៀល សុភិន បានចោទប្រកាន់សកម្មជនបក្សប្រឆាំងរូបនេះ បទជេរប្រមាថរបបក្រុងភ្នំពេញ និងញុះញង់ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងបញ្ជាឲ្យសមត្ថកិច្ចឃុំខ្លួន លោក ម៉ៃ ហុងស្រៀង បណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១ សីហា មកដល់ពេលនេះ។
គ្រួសារ និងក្រុមអ្នកការពារសិទ្ធិមនុស្ស គណបក្សប្រឆាំង ទាមទារឱ្យដោះលែង លោក ម៉ៃ ហុងស្រៀង វិញ ព្រោះការចាប់ខ្លួននេះ ជារូបភាពនយោបាយ គំរាមកំហែង រំលោភសិទ្ធិ សេរីភាព និងជាការរំលោភច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
