លោក ហ៊ុន សែន ប្រកាសជាថ្មីថា នឹងកម្ចាត់ចោលអ្នកនយោបាយណាដែលមើលងាយគ្រួសារ
2023.03.08

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមជាថ្មីថា នឹងតាមកម្ចាត់អ្នកនយោបាយណាដែលបានមើលងាយប្អូនស្រី និងគ្រួសាររបស់លោក។ បុរសខ្លាំងខាងហិង្សារូបនេះ ថែមទាំងប្ដេជ្ញាថា មិនប្រើចុងប៊ិកអត់អោនទោសដល់ក្រុមប្រឆាំងទាំងនោះទេ។ អ្នកវិភាគ និងបក្សប្រឆាំងថា ការថ្លែង របស់ លោក ហ៊ុន សែន នេះពុំមានផលចំណេញដល់កម្ពុជានោះឡើយ ផ្ទុយទៅវិញ បានត្រឹមតែហែកហួរគ្នា ផ្ដល់នូវគំរូអាក្រក់ដល់សង្គម និងបែកបាក់ផ្ទៃក្នុងជាតិ។
នៅក្នុងកម្មពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ដែលជាបុរសខ្លាំងនៅកម្ពុជា បានថ្លែងនៅចំពោះមុខបណ្តាទូតបរទេសប្រចាំនៅកម្ពុជាថា លោកឈឺចាប់បំផុត ដែលអ្នកនយោបាយមួយចំនួនបានប្រមាថសពប្អូនថ្លៃ និងគ្រួសាររបស់លោកកន្លងទៅ ខណៈលោកកំពុងតែកាន់ទុក្ខ។ ការថ្លែងបែបនេះទំនងជាលោក ចង់សំដៅដល់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិគឺ លោក សម រង្សី។
លោក ហ៊ុន សែន ថា ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏លោកពុំអត់ឱនដល់អ្នកនយោបាយបក្សប្រឆាំងដែលប្រមាថគ្រួសាររបស់លោកនោះទេ បើសិនជាលោកយោគយល់ គឺលោកខ្លួនឯងស្មើនឹងសត្វតិរច្ឆាន។ លោកបន្តថា សូមឱ្យអ្នកទាំងនោះ កុំរំពឹងថា លោកនឹងប្រើប្រាស់ចុងប៊ិចរបស់លោកលើកលេងទោសឱ្យសោះ ព្រោះលោកចាត់ទុកទង្វើនៃការប្រមាថគ្រួសាររបស់ក្រុមបក្សប្រឆាំងកន្លងទៅ នោះគឺជារឿងអាក្រក់។
លោក ហ៊ុន សែន៖ «ដោយសារវាអាក្រក់ជ្រុលហួសគ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួចទេ ប្រសិនបើខ្ញុំយោគយល់ គឺខ្ញុំមានតម្លៃស្មើនឹងតិរច្ឆាន ដូច្នេះខ្ញុំមិនអាចធ្វើទេ។ សូមកុំរង់ចាំស្រមៃថា ហ៊ុន សែន នឹងប្រើប៊ិករបស់ខ្លួនដើម្បីចុះហត្ថលេខាសុំការលើកលែងទោសឱ្យជននេះ ឬជននោះកុំស្រមៃ។ ព្រោះវាអាក្រក់ជូរជាតិ ហួសពីសត្វធាតុទៅទៀត ខ្ញុំមិនអាចទ្រាំរងនូវការវាយប្រហារ»។
ប្រតិកម្មរបស់លោក ហ៊ុន សែន ជាថ្មីនេះ ធ្វើឡើងដោយសារតែលោកបន្តខឹង លោក សម រង្ស៊ី ដែលបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី៨ កុម្ភៈថា លោក ហ៊ុន សែន ជាអ្នកសម្លាប់អតីតប្អូនថ្លៃរបស់ខ្លួន ឈ្មោះ កូវ សាមុត កាលពីឆ្នាំ១៩៩៦។ លោក កូវ សាមុត គឺជាមន្ត្រីប៉ូលិសជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងត្រូវជាប្តីដើមរបស់សពអ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកស្រី ប៊ុន រ៉ានី។ ការបង្ហោះសាររបស់លោក សម រង្សី នេះ កំឡុងពេលដែល លោក ហ៊ុន សែន កំពុងតែកាន់ទុក្ខការស្លាប់ប្អូនថ្លៃរបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន សុថា។
អ្នកឃ្លាំមើលបញ្ហានយោបាយថា ការចេញមុខការពារគ្រួសាររបស់ លោក ហ៊ុន សែន ជាបន្តបន្ទាប់នេះ ព្រោះលោកខ្លាចបាត់បង់ការគាំទ្រ និងប្រជាប្រិយភាពពីសំណាកប្រជាពលរដ្ឋ ស្របពេលដែលការបោះឆ្នោតជិតខិតមកដល់។ ទោះយ៉ាងណា អង្គការជាតិ និងអន្តរជាតិ បានរកឃើញថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជិត៤០ឆ្នាំនេះ គឺបានជាប់ជាមេដឹកនាំផ្ដាច់ការ តាមរយៈការរឹតត្បិតសារព័ត៌មានឯករាជ្យ និងការរំលាយបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា គឺបក្សសង្គ្រោះជាតិ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ការថ្លែងសារវាយប្រហាររបស់ លោក ហ៊ុន សែន មកលើមន្ត្រីបក្សប្រឆាំងជាថ្មីម្ដងទៀតនេះ កម្ពុជាពុំមានផលប្រយោជន៍អ្វីនោះទេ បានត្រឹមតែបង្ហាញគំរូអាក្រក់របស់អ្នកនយោបាយដល់ជំនាន់ក្រោយ។ លោកបន្តថា ទង្វើនេះគឺជាវប្បធម៌«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី »ដែលអ្នកនយោបាយគ្រប់រូបគួរតែជៀសវាង។
លោក ឯម សុវណ្ណារ៉ា៖ «វាពិបាកណាស់នៅក្នុងស្ថានភាពនេះ លុះត្រាសង្គមមួយមានយុត្តិធម៌ មានប្រព័ន្ធយុត្តិធម៌រឹងមាំទៅ ស្ថានភាពនៃការត្មះតេះដៀលជេរគ្នា ខ្ញុំគិតថាវាអាចកាត់បន្ថយបានដោយសារតែមានប្រព័ន្ធច្បាប់ល្អ។ ប៉ុន្តែបច្ចុប្បន្នប្រព័ន្ធច្បាប់យើង បង្កឱ្យលក្ខណៈឱ្យទៅលើតែអ្នកមានអំណាច ជាងពលរដ្ឋសាមញ្ញ»។
ចំណែក តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មើលឃើញថា ការថ្លែងរបស់លោកហ៊ុន សែន ថា មិនលើកលែងទោសដល់អ្នកនយោបាយដែលបានប្រមាថដល់គ្រួសារលោក នេះ ដោយសារតែលោក ហ៊ុន សែន ខ្លាចបាត់បង់អំណាចនៅពេលដែលប្រជាពលរដ្ឋបានដឹងពីទង្វើដ៏អាក្រក់របស់លោក តាមរយៈការដឹកនាំផ្ដាច់ការ។ តែយ៉ាងណា លោកថា លោក ហ៊ុន សែន គួរតែគិតផលប្រយោជន៍ជាតិជាធំ ជាជាងដែលយកពេលមកវាយប្រហារតែរឿងឥតប្រយោជន៍ ដូចជារឿងគ្រួសារជាដើម។
លោក អ៊ុំ សំអាន៖ «ទុករឿងជាតិជារឿងធំ ដូច្នេះគួរទុករឿងគ្រួសារ រឿងផ្ទាល់ខ្លួននឹងមួយឡែកទៅ ហើយគិតផលប្រយោជន៍ជាតិជាធំ។ ដូច្នេះត្រូវស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា ហើយបើកផ្លូវឱ្យថ្នាក់ដឹកនាំសង្គ្រោះជាតិដូចជា លោក សម រង្សី និងលោក កឹម សុខា អាចធ្វើនយោបាយឡើងវិញទៅ មានគណបក្សសង្គ្រោះជាតិរស់ឡើងវិញទៅ បោះឆ្នោតដោយសេរី ត្រឹមត្រូវនៅកម្ពុជា នៅខែកក្កដាខាងមុខទៅ ពេលនឹងកម្ពុជាលែងទទួលទណ្ឌកម្មពីសហគមន៍អន្តរជាតិ នឹងទទួលបានEBA២០ភាគរយឡើងវិញ»។
ការវាយប្រហាររបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនដកដៃនេះ ដោយសារតែក្នុងរយៈពេលប៉ុន្មានខែចុងនេះ លោក សម រង្ស៊ី បានទម្លាយឧក្រិដ្ឋកម្មនានាដោយចោទចំៗថា ជាអ្នកសម្លាប់លោក ជា វិជ្ជា និងដន្លងរបស់ខ្លួន គឺលោក ហុក ឡង់ឌី ដែលជាស្នាដៃរបស់លោក ហ៊ុន សែន ខណៈដែលទំនាស់នយោបាយកាន់តែឡើងកម្តៅ។ ចំណែកលោក ហ៊ុន សែន ព្យាយាមរកគ្រប់វិធី ដើម្បីបិទផ្លូវនយោបាយរបស់លោក សម រង្សី តាមរយៈអំណាចតុលាការរបស់លោក។ រីឯ ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួនចង់ឃើញអ្នកនយោបាយចាស់វស្សាពីររូបនេះ គួរតែរួបរួមគ្នា និងបង្កើតវប្បធម៌ចរចាដោយសន្តិវិធីដើម្បីឆ្ពោះទៅករការអភិវឌ្ឍប្រទេសជាតិដែលមានសន្តិភាពពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។