លោក ហ៊ុន សែន ថា លោក​ខិត​ជិត​កៀកជំងឺ​ទឹកនោមផ្អែម​

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយ​ឱ្យ​សាធារណជន​ដឹង​ថា លោក​ជិតកើត​ជំងឺ​ទឹកនោមផ្អែមហើយ។ អ្នក​វិភាគសង្ស័យថា លោក ហ៊ុន សែន ទំនង​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​លោក​បាន​អះអាង។​

លោក ហ៊ុន សែន បង្ហាញ​ពី​ស្ថានភាព​របស់​ខ្លួនពេលនេះ ក្រោយ​ពេលបង​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ណេង និង​ប្អូន​ថ្លៃ​របស់​លោក គឺ​លោកស្រី ប៊ុន សុថា បាន​ទទួល​មរណភាព​ដោយ​ជំងឺ​ជា​បន្ត​បន្ទាប់​​។ ចំណែក​ភរិយា​លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី ក៏​បាន​ទៅលួច​សង់ចេតិយ​ស្ងាត់ៗ​ឱ្យ​លោក ហ៊ុន សែន នៅ​វត្ត​ចំពុះក្អែក ដែរ តែ​លោក ហ៊ុន សែន បដិសេធ​មិន​ទទួល​យក។

មេដឹកនាំ​ក្រាញ​អំណាច​ដែល​អាយុ​៧១ រូប​នេះ ដាច់​ចិត្ត​បង្ហាញ​ស្ថានភាព​សុខភាព​របស់​លោក​ថា លោក​កំពុង​ខិត​ជិត​ដល់​ជំងឺ​ទឹកនោមផ្អែម​ហើយ​ពេល​នេះ។ លោក​ហ៊ុន សែន ត្អូញត្អែរ​ថា ពេល​នេះ​គ្រូ​ពេទ្យឱ្យ​លោកតម​​អាហារ​ដែល​មាន​ជាតិ​ស្ករ៖

«ដូច​ខ្ញុំ​អ៊ីចឹង​ពេទ្យ​ហាម​សឹងតែ​ម៉ា​គ្រប់​ ប៉ុន្តែ​ជា​ភារកិច្ច​របស់​ពេទ្យ​ គេ​ថា ឥឡូវ​គឺថា អត់​ទាន់​ដល់​ដំណាក់​កាល​ទឹកនោមផ្អែម​ទេ ប៉ុន្តែ គ្រាន់តែ​វា​ទៅ​កៀក​គួរតែ​ត្រូវ​ប្រកាស​អាសន្ន​បន្ថយ​រឿង​ស្ករ​អ្វី​ក៏​ដោយ​ឱ្យ​តែ​មាន​ជាតិ​ស្ករ​ហើយ​ជាតិ​ស្ករ​ខ្ទាស់​ទាំង​អស់​អ៊ីចឹង​ដល់​យូរៗ​ទៅ​អ្នក​ខ្លះ​ថា កាលពី​សម័យ​អាពត​ អាពត​វា​មិន​ឱ្យ​ស៊ី ដល់​ឥឡូវ​មាន​ស៊ី​អា​ពេទ្យ​វា​មិន​ឱ្យ​ស៊ី​ផង ទៅ​បន្ទោស​ពេទ្យ​នោះ​ទៅ​វិញ​»។

នេះ​ជា​លើក​ទី១​ហើយ ដែល​ហើយ​លោក ហ៊ុន សែន លាត​ត្រដាង​ពី​បញ្ហា​សុខភាព​របស់​ខ្លួន​ឱ្យ​មហាជន​បាន​ដឹង​ ព្រោះ​កន្លង​ទៅ​លោក តែងតែ​អួតអាង​ថា លោក​ សុខភាព​ល្អ អាច​រត់​ហាត់ប្រាណ​លើដី​រាប់​សិប​គីឡូម៉ែត្រ​ ហើយ​ថា ពូជ​លោក​គ្មាន​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ទេ។

អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ យល់​ថា ​ស្ថានភាព​ជំងឺ លោក ហ៊ុន សែន ​អាច​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​លោក ហ៊ុន សែន បង្ហាញ។ លោកសង្កេត​ឃើញ​ថា នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​លោក ហ៊ុន សែន បានព្យាយាម​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​ទៅ​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក ហ៊ុន ម៉ាណែត ដោយ​លោក ហ៊ុន សែន បាន​សម្លាប់​គណបក្ស​​សង្គ្រោះជាតិ បិទ​មិន​ឱ្យ​លោក ​សម រង្ស៊ី និង​លោក​ កឹម សុខា អាច​ចូលក្នុង​ឆាក​នយោបាយ​។ ចំណែក​ក្បាល​ម៉ាស៊ីន​គណបក្សភ្លើងទៀន​ក៏​ត្រូវ​បាន​លោក ហ៊ុន​ សែន យក​ប្រព័ន្ធ​តុលាការជាអាវុធ​ធ្វើ​ទុក្ខបុកម្នេញដែរ៖

«ហើយ​ចំណុច​ខ្សោយ​ធំ​បំផុត​​របស់​គាត់(លោកហ៊ុន សែន)នៅ​ពេល​នេះ ខ្ញុំ​មើល​ឃើញ​ថា សំខាន់​បំផុត​អត់​មាន​អ្វី​ក្រៅពី​ជំងឺ​របស់​គាត់​ទេ ហើយ​ទី២ នៅពេល​ប្រឈម​សុខភាព​ទ្រុឌទ្រោម​ទៅ​ហើយ​ ចាស់​ក៏​ចាស់​ ជំងឺ​ក៏​ធ្ងន់ធ្ងរ​បញ្ហា​ផ្ទៃក្នុង​គណបក្ស​ប្រជាជនកម្ពុជា​ក៏​ធំ អ៊ីចឹង​ហើយ​បាន​ជា​គាត់​ខំ​ពន្លឿន​ផែនការ​ផ្ទេរ​អំណាច​ហ្នឹង​ណា»។

លោក គឹម សុខ ថា បើទោះ​ជាលោក ហ៊ុន សែន ព្យាយាម​កម្ចាត់​ដៃគូ​នយោបាយ​របស់​ខ្លួន​ពី​សង្វៀន​ម្ដង​មួយៗ​ក្ដី ប៉ុន្តែពេល​នេះ​លោក​មាន​សត្រូវ​ពីរ​យ៉ាង​ដែល​លោក​ពិបាក​តតាំង​​ គឺ​បញ្ហា​ពេល​វេលា និង​បញ្ហាសុខភាព។

ពាក់ព័ន្ធ​រឿង​សុខភាព​លោក ហ៊ុន សែន​ នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​ឱសថ​នៅ​ប្រទេស​អូស្ត្រាលី​ លោក​ឱសថ​ការី លឹម សួរ លើកឡើង​ថា ស្ថានភាព​លោក ហ៊ុន សែន​ ពេលនេះប្រៀប​ដូច​ស្ថិត​នៅ​តំបន់​ព្រំដែន​នៃ​ជំងឺ​ទឹកនោមផ្អែម​ហើយ។ អ្នក​ជំនាញ​ផ្នែក​ឱសថ​​រូប​នេះ ​បន្ត​ទៀត​ថា បើ​ផ្អែក​លើ​អាយុ​ ​ទំងន់របស់​លោក ហ៊ុន សែន និងភាពរវល់​មមាញឹក ក្នុង​ការ​បំពេញ​ការងារ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន សែន ងាយ​នឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម​៖

«ចំពោះ​ពូ​មិនមែន​ធម្មតា​អ្វី​ក៏​ដោយ​ទោះ​ជា​ចាស់​ក៏​ក្ដី ចាស់​គឺ​ងាយ​នឹង​កើត​ជាង​ ដោយ​សារ​អ្វី​ដោយ​សារ​យើង​ចាស់​ថាមពល​យើង​មិន​សូវ​ឆេះ​ ការ​មិន​ឆេះ​​គឺ​យើង​មិន​សូវ​ហាត់ប្រាណ​មិន​សូវ​ធ្វើ​ការ​ធ្ងន់​ពិបាក​យ៉ាងម៉េច?ពិបាក​ត្រង់​ថា សម្ដេច​​ងាយ​កើត​ទឹកនោម​ផ្អែម​ ដល់​ហ្នឹង​មានតែ​ថ្នាំ​ទេ ដែល​ជួយ​បញ្ចុះ​ជាតិ​ស្ករ​​វិញ​កុំ​ឱ្យ​មាន​បញ្ហា​គុណ​វិបត្តិ​ឬ​ផល​វិបាក​ទៅ​សរីរាង្គ​កាយ​និង​អ្វី​ផ្សេងៗ​ទៀត​នៅ​ក្នុង​ខ្លួន​យើង​បាទ»។

អ្នក​ជំនាញ​ផ្នែក​ឱសថ​នៅ​ប្រទេស​អូស្ត្រាលី​លោក​ឱសថ​ការី លឹម សួរ រំលឹក​ថា ជំងឺ​ទឹកនោមផ្អែម​ ងាយ​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន​ទៀត ដូច​ជា ជំងឺលើស​ឈាម គាំង​បេះដូង ​ស្ទះ​សរសៃ​ខួ​ក្បាល ខូច​ក្រលៀន​ ខូចភ្នែក ខូច​ថ្លើម និង​​កើត​ជំងឺមហារីក ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។