ក្រុមសមាគមគ្រូបង្រៀនកម្ពុជា អះអាងថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២ មីនា ថា នឹងដំឡើងប្រាក់ខែគ្រូបង្រៀនឲ្យ ១លាននៅឆ្នាំ២០១៨ គឺជារឿងមិនត្រឹមត្រូវទេ ព្រោះវាយូរពេក។ សមាគមគ្រូបង្រៀនបានលើកឡើងថា គុណភាពអប់រំនឹងធ្លាក់ចុះនៅពេលដែលជីវភាពគ្រូបង្រៀនកាន់តែក្រីក្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា ក្រសួងអប់រំនឹងរៀបចំគម្រោងដំឡើងប្រាក់ខែគ្រូបង្រៀនជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពគ្រូបង្រៀន និងគុណភាពអប់រំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងទិវាយុទ្ធនាការអក្ខរកម្មជាតិនៅថ្ងៃទី២ មីនា ថា ប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០១៥ ត្រង់កម្រិតទាបបំផុតមានចំនួន ៦៥ម៉ឺនរៀល។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យក្រសួងពាក់ព័ន្ធត្រូវរៀបចំប្រាក់បៀវត្សសម្រាប់គ្រូបង្រៀនឲ្យបានរួចរាល់នៅខែមេសា។ ម៉្យាងវិញទៀត ប្រាក់ខែគ្រូបង្រៀនទាបបំផុតនឹងមានចំនួន ១លានរៀល នៅឆ្នាំ២០១៨។
របាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា ក្របខ័ណ្ឌមន្ត្រីរាជការនៅទូទាំងប្រទេសកម្ពុជា មានជាង ១៨ម៉ឺននាក់ក្នុងនោះមានគ្រូបង្រៀន ១១ម៉ឺននាក់ និងមន្ត្រីពេទ្យជាង ២ម៉ឺននាក់។ ប៉ុន្តែក្រុមគ្រូបង្រៀននៅកម្ពុជា បានលើកឡើងថា ការទន្ទឹងរង់ចាំប្រាក់ខែគ្រូឲ្យបានដល់ ១លានរៀលនៅរយៈពេលបីឆ្នាំខាងមុខ នឹងប៉ះពាល់ដល់គុណភាពគ្រូបង្រៀន។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការដំឡើងប្រាក់ខែទាបបំផុតមួយលានរៀលសម្រាប់គ្រូបង្រៀន គឺជារឿងត្រឹមត្រូវ ប៉ុន្តែរយៈពេលដែលត្រូវអនុវត្តគឺក្នុងឆ្នាំ២០១៥ មិនមែនឆ្នាំ២០១៨ នោះទេ ព្រោះបច្ចុប្បន្ន ស្ថានភាពរស់នៅរបស់គ្រូបង្រៀនកាន់តែដុនដាបទៅ ស្របពេលតម្លៃទំនិញគ្រប់ប្រភេទឡើងថ្លៃ៖ «អាត្រង់ហ្នឹងហើយ បានជាមន្រ្តីរាជការ គ្រូបង្រៀននៅមានជីវភាពលំបាកជាបន្តបន្ទាប់។ អ៊ីចឹងបានជាសមាគមចង់ឲ្យមានដំឡើងប្រាក់ខែឲ្យដល់ ១លានរៀលនៅឆ្នាំ២០១៥»។
លោក រ៉ុង ឈុន មានប្រសាសន៍បន្ថែមទៀតថា សមាគមគ្រូបង្រៀននឹងមានការប្រមូលផ្ដុំ ឬការតវ៉ា ប្រសិនបើប្រាក់ខែគ្រូបង្រៀន មិនដំឡើងស្របទៅតាមការរំពឹងទុករបស់គ្រូបង្រៀន។
ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងការដំឡើងប្រាក់ខែគ្រូបង្រៀននេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន បានអះអាងថា បញ្ហាគ្រូបង្រៀនជាបញ្ហាសំខាន់សម្រាប់លើកកម្ពស់គុណភាពអប់រំ។ បច្ចុប្បន្ន ក្រសួងបានរៀបចំកម្មវិធីកំណែទម្រង់គុណភាពអប់រំ ដោយរាប់ទាំងពីកម្មវិធីដំឡើងប្រាក់ខែគ្រូបង្រៀនជាដើម។ លទ្ធផលនេះ បង្ហាញជារូបរាងនៅចុងអាណត្តិ គឺនៅឆ្នាំ២០១៨។ ប៉ុន្តែរយៈពេលនៃការរង់ចាំដំឡើងប្រាក់ខែនេះ គ្រូបង្រៀនទាំងអស់ត្រូវប្រឈមនឹងការចំណាយចំពោះការឡើងថ្លៃទំនិញប្រើប្រាស់ប្រមាណ ១៥% ឬសមាមាត្រ ១០ម៉ឺនរៀលក្នុងរយៈពេល ៣ឆ្នាំខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
