សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកលំផាត់ ខេត្តរតនគិរី ចោទប្រកាន់នាយរងនគរបាលប៉ុស្តិ៍ឃុំជ័យឧត្ដម ថាមានចេតនាគំរាមកំហែងស្មារតីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ នៃគណបក្សសង្គ្រោះជាតិ។ ចំណែកមន្ត្រីនគរបាលបដិសេធការចោទប្រកាន់នេះ។
ការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ មួយថ្ងៃក្រោយពេលមន្ត្រីប៉ូលិសឃុំសុំឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ បង្ហាញបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំដែលទើបបញ្ចប់ធ្វើបញ្ជីឈ្មោះបញ្ជូនទៅថ្នាក់ជាតិ។
អនុប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកលំផាត់ លោក ស្វិន វេវ បញ្ជាក់ថា នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបានស្នើសុំបញ្ជីឈ្មោះនោះដើម្បីគេថតបញ្ជូនទៅអធិការប៉ូលិសស្រុក ដែលករណីនេះលោកថា ជាការរំលោភទៅលើសិទ្ធិសកម្មជនគណបក្សនយោបាយ និងជាការគំរាមកំហែងបេក្ខជនឲ្យភ័យខ្លាច។ លោកអំពាវនាវសុំឲ្យអាជ្ញាធរមូលដ្ឋាននៃគណបក្សកាន់អំណាចបញ្ឈប់ការបំភិតបំភ័យនេះដើម្បីប្រជាពលរដ្ឋអនុវត្តសិទ្ធិចូលរួមផ្នែកនយោបាយពេញលេញ៖ «ដើម្បីបំបាក់ស្មារតីទើបឈរឆ្នាំនេះពីមុនអត់ជាប់ទេ ជ័យឧត្ដមហ្នឹង»។
គណៈកម្មការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ទើបបញ្ចប់ធ្វើបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនដើម្បីបញ្ជូនបញ្ជីឈ្មោះនេះទៅគណបក្សថ្នាក់ជាតិ សម្រេចនិងបញ្ជូនបញ្ជីឈ្មោះបេក្ខជននេះទៅគណៈកម្មការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ពិនិត្យចុះក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សសង្គ្រោះ។ បញ្ជីឈ្មោះនោះមានបេក្ខជនឈរឈ្មោះពីរលេខរៀងទី១ ដល់លេខរៀងទី១០ ក៏ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជាការសំងាត់ មិនបញ្ចេញបញ្ជីឈ្មោះឲ្យដឹងនៅឡើយ។
ឆ្លើយតបការចោទប្រកាន់នេះ នាយរងនគរបាលប៉ុស្តិ៍ឃុំជ័យឧត្ដម លោក ម៉ៅ ឡាត់ ចាត់ទុកថា ជាការយល់ច្រឡំរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ពីព្រោះលោកមិនបានស្នើសុំបញ្ជីឈ្មោះបេក្ខជនគណបក្សនោះទេ ក៏ប៉ុន្តែបានស្នើសុំស្រង់ស្ថិតិបញ្ជីឈ្មោះតំណាងគណបក្សនានា ដែលមានទីស្នាក់ការនៅក្នុងឃុំតាមការណែនាំរបស់អធិការស្រុក។ លោកថា ការចោទប្រកាន់របស់សកម្មជនគណបក្សសង្គ្រោះជាតិ គ្មានហេតុផលត្រឹមត្រូវ ពីព្រោះលោកបានពោលពាក្យស្នើសុំក្នុងនាមប្រជាពលរដ្ឋរស់នៅភូមិឃុំជាមួយគ្នា៖ «ខាងសន្តិសុខឲ្យខ្ញុំស្រង់ណា! បើគាត់ថា អត់មានខ្ញុំក៏អត់បង្ខំដែរ គាត់ក៏ធ្វើការខាងនោះ ខ្ញុំក៏ធ្វើការខាងសមត្ថកិច្ចប៉ុស្តិ៍»។
គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតកាលពីយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំជ័យឧត្ដម អាណត្តិទី៤ ដែលមានសមាសភាព ៥រូប គ្រាដែលគណបក្ស សម រង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់បេក្ខភាពប្រកួតប្រជែងការបោះឆ្នោតនៅតំបន់នោះដែរ។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់ថា បញ្ជីឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ គឺជាបញ្ហាផ្ទៃក្នុងរបស់គណបក្សនានា ដែលគ្រោងដាក់បញ្ជីឈ្មោះចូលរួមការបោះឆ្នោត។ លោកថា នេះជាសិទ្ធិសម្រេចរបស់សាមីមន្ត្រីគណបក្ស ប្រសិនមានការស្នើសុំបញ្ជីឈ្មោះបេក្ខជនពីអាជ្ញាធរមូលដ្ឋាន៖ «ខ្ញុំអត់បានទទួលព័ត៌មានអ្វីផង មិនដឹងការពិត ឬម៉េច អាហ្នឹងអាស្រ័យសម្របសម្រួលគ្នាទៅរបស់គេតើសិទ្ធរបស់គណបក្ស»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំណត់ឲ្យគណបក្សនយោបាយនានា ដាក់បញ្ជីឈ្មោះបេក្ខជនរបស់ខ្លួន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
