មេប៉ូលិសកម្ពុជាមិនទាន់បង្ហាញចំណាត់ការច្បាស់លាស់លើលោក សម រង្ស៊ី ដែលគ្រោងឆ្លងទឹកដីថៃចូលកម្ពុជា
2019.10.19
មេប៉ូលិសកម្ពុជាមិនទាន់បង្ហាញចំណាត់ការច្បាស់លាស់លើលោក សម រង្ស៊ី ដែលគ្រោងធ្វើដំណើរឆ្លងកាត់ទឹកដីថៃចូលកម្ពុជាឡើយ។ ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា ពេលនេះមានប្រទេសក្នុងតំបន់អាស៊ានខ្លះបានអនុញ្ញាតឱ្យពួកគេអាចធ្វើសកម្មភាពរៀបចំផែនការក្នុងការអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។
អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន និយាយថា លោកមិនអាចប្រាប់លម្អិតថា ពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចថៃ ក្នុងការចាប់ខ្លួនលោក សម រង្ស៊ី ពេលចូលប្រទេសថៃនោះទេ។ មន្ត្រីជាន់ខ្ពស់នគរបាលជាតិគ្រាន់តែបញ្ជាក់ថា ចំពោះករណីលោក សម រង្ស៊ី កម្ពុជា និងថៃ ជាសមាជិកអាស៊ាន ដែលមានសន្ធិសញ្ញាស្តីពីការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ហើយកិច្ចសហការនេះមានទាំងក្របខ័ណ្ឌក្នុងតំបន់ផង និងទ្វេភាគីផង៖ «ទីមួយថៃនិងកម្ពុជាជាសមាជិកអាស៊ានមានសន្ធិសញ្ញារបស់អាស៊ានមានសន្ធិសញ្ញារបស់អាស៊ានស្ដីពីកិច្ចសហការបង្ក្រាបបទឧក្រិដ្ឋឆ្លងដែនអីចឹង ទីពីរក៏ប្រកាសថា មិនលូកលាន់កិច្ចផ្ទៃប្រទេសវៀងខ្លួន ប៉ុន្តែឱ្យខ្ញុំបញ្ជាក់ថា មានអីខ្លះមួយពីរបីបួនខ្ញុំក៏មិនអាចជម្រាបជូនអស់ដែរ ប៉ុន្តែគ្រាន់តែមានកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបញ្ហានេះ»។
លោក ឆាយ គឹមខឿន បញ្ជាក់ទៀតថា ប្រទេសទាំងពីរព្រមព្រៀងគ្នាថា មិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងប្រទេស រៀងខ្លួន ហើយក៏មិនអនុញ្ញាតឱ្យអ្នកណាម្នាក់ធ្វើអ្វីផ្ដេសផ្ដាសលើដីរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ ឬសន្តិសុខដល់ប្រទេសមួយទៀតទេ។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់នគរបាលកម្ពុជាបែបនេះ គឺក្រោយពេលប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងជំនួបជាមួយក្រុមអ្នកតំណាងរាស្ត្រសេរីនិយមមកពីប្រទេសជាច្រើនក្នុងសន្និសីទនៃសហភាពអន្តរសភា (IPU) ប្រទេស ស៊ែប៊ី (Serbia) កាលពីថ្ងៃទី១៥ តុលាថា លោកចង់ចូលប្រទេសកម្ពុជាវិញតាមរយៈប្រទេសថៃ ដែលមានពលករខ្មែរប្រមាណ ២លាននាក់រស់នៅទីនោះ។
ចំណែកសារព័ត៌មាន MGR online របស់ថៃបានដកស្រង់សម្ដីអគ្គស្នងការនគរបាលជាតិថៃ លោក ស៊ុវ៉ាត់ ចែងយ៉តស៊ុខ មកចុះផ្សាយថា ប្រសិនបើលោក សម រង្ស៊ី ចូលមកប្រទេសថៃ ធ្វើឱ្យមានការប៉ះពាល់ដល់សន្តិសុខប្រទេសនេះ អាជ្ញាធរថៃនឹងពិចារណាមិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ធ្វើដំណើរចូលមកក្នុងប្រទេសរបស់ខ្លួនឡើយ។
អ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសហ្វាំងឡង់ និងដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់យល់ថា ការបង្ហាញតម្រុយខ្លះៗ នៃការធ្វើដំណើរវិលចូលស្រុករបស់លោក សម រង្ស៊ី នេះជាល្បិចនយោបាយរបស់គណបក្សសង្គ្រោះជាតិ៖ «កាលណាគេនិយាយអំពីបណ្ដាញរៀបចំចូលស្រុករបៀបនេះ គេរៀបចំជាសម្ងាត់ ប៉ុន្តែបើសិនជាមានការលើកឡើងថា ចូលច្រកនេះមិនចូលច្រកនេះខ្ញុំយល់ថា គ្រាន់តែជាតាកតិចអ្នកនយោបាយទេ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស លោក អ៊ុង រិទ្ធី ផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីកាលពីរាត្រីទី១៧ ខែតុលាថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានទាក់ទងទៅបណ្ដាប្រទេសមួយចំនួនក្នុងទឹកដីអាស៊ីរួចហើយ។ លោកអះអាងថា ពេលនេះប្រទេសក្នុងតំបន់អាស៊ានមួយចំនួន បានអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិអាចធ្វើការងារក្នុងការរៀបចំផែនការធ្វើមាតុភូមិនិវត្តន៍ថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ៖ «ឥឡូវនេះយើងបានជោគជ័យច្រើនណាស់ហើយយើងឃើញថា ប្រទេសអាស៊ីកំពុងបន្ទន់ឥរិយាបថហើយអនុញ្ញាតឱ្យយើងទៅកិច្ចការងារនៅប្រទេសរបស់គេផង អ៊ីចឹងជោគជ័យនេះជាជោគជ័យវិជ្ជមានហើយយើងបន្តធ្វើការងារនេះដើម្បីសម្រេចទិសដៅរបស់យើងជូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា»។
មន្ត្រីគណបក្សសង្គ្រោះជាតិនៅតែអះអាងដដែលថា លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ដែលចំថ្ងៃបុណ្យឯករាជ្យជាតិ។ ពេលនេះមន្ត្រីជាន់ខ្ពស់ និងសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បានចាប់ផ្ដើមចេញដំណើរទៅកាន់ប្រទេសមួយចំនួនក្បែរកម្ពុជា ដើម្បីត្រៀមខ្លួនចាំទទួលលោក សម រង្ស៊ី ក្នុងការធ្វើដំណើរចូលមាតុប្រទេសវិញ៕