ប៉ូលិសជាច្រើននាក់ឡោមព័ទ្ធផ្ទះសកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តស្វាយរៀង
2019.09.20

ពលរដ្ឋឱ្យដឹងថា ប៉ូលិសខេត្តស្វាយរៀងជិត ១០០នាក់បានដាក់ពង្រាយក្នុងភូមិមួយនៅស្រុករមាសហែក និងឡោមព័ទ្ធផ្ទះរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងម្នាក់នៅក្នុងខេត្តនេះ នៅព្រឹកថ្ងៃទី២០ កញ្ញា។ កូនប្រុសមន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា ក្នុងនោះមានមន្ត្រីប៉ូលិសប្រមាណ ២០នាក់បានចូលទៅឆែកឆែក្នុងផ្ទះរបស់លោកទាំងកម្រោល ដែលម្ចាស់ផ្ទះពុំបានអនុញ្ញាត និងគ្មានដីកាពីតុលាការឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកទង្វើរបស់មន្ត្រីប៉ូលិសនេះថា ជាការអនុវត្តខុសច្បាប់។
កូនប្រុសរបស់លោក ញ៉ែម វាន ជាសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង គឺលោក ញ៉ែម វីរៈ ឱ្យដឹងនៅថ្ងៃទី២០ កញ្ញាថា ប៉ូលិសស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជិត ១០០នាក់ដាក់ពង្រាយកម្លាំងគ្រប់ច្រកចេញចូលក្នុងភូមិជុំវិញផ្ទះរបស់លោក នៅភូមិត្រគៀបក្តាម (អ្នកភូមិសរសេរត្រកៀបក្ដាម) ឃុំត្រពាំងស្តៅ ស្រុករមាសហែក តាំងពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ៣រសៀល នៅថ្ងៃទី២០ កញ្ញា ទើបដកថយទៅវិញ។ លោកបន្តថា ក្នុងចំណោមនោះមានមន្ត្រីប៉ូលិសប្រមាណ ២០នាក់ បានចូលឆែកក្នុងបន្ទប់ទឹក និងបន្ទប់ស្នាក់នៅក្នុងផ្ទះរបស់លោក ទាំងកម្រោលដែលក្រុមគ្រួសារមិនបានអនុញ្ញាត។ ការឆែកនេះ គឺដើម្បីតាមរកឪពុករបស់ខ្លួន៖ «គេសួរថាពុកខ្ញុំទៅណាខ្ញុំប្រាប់ថាបាវិតហើយ តែគេមិនជឿក៏សុំឆែកឆេរផ្ទះរបស់ខ្ញុំតែម្ដង ហើយខ្ញុំសួរប៉ូលិសថាមកឆែកផ្ទះខ្ញុំអីចឹងតើខ្ញុំខុសអីដែរ ។ខ្ញុំយល់ថា ការធ្វើបែបនេះមិនត្រូវទេដូចសាហាវណាស់ ព្រោះខ្ញុំមិនបានធ្វើអីខុសច្បាប់ទេ»។
ពលរដ្ឋម្នាក់ទៀត ដែលស្ថិតក្នុងហេតុការណ៍នេះដែរ ថ្លែងសុំមិនបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពឱ្យដឹងថា មន្ត្រីប៉ូលិសបានប្រាប់លោកថា មូលហេតុដែលសមត្ថកិច្ច ឡោមព័ទ្ធផ្ទះមន្ត្រីបក្សនេះ គឺតាមចាប់លោក ញ៉ែម វាន បន្ទាប់ពីសកម្មជនរូបនេះ បានផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី អំពីគម្រោងការទៅការពារលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងស្ដៅ លោក ជា សុខ មិនអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយលោកបង្វែរឱ្យសួទៅមន្ត្រីថ្នាក់លើជំនួសវិញ៖ «មានឆែកឆេរអីទេសួរទៅលោកអធិការទៅខ្ញុំអត់ដឹងដែរ ព្រោះខ្ញុំបានចូលទៅខាងក្នុងទេ ខ្ញុំប្រចាំការនៅលើផ្លូវតើ»។
អាស៊ីសេរីក៏បានព្យាយាមទាក់ទងទៅស្នងការនគរបាលខេត្តស្វាយរៀងលោក កឹង ឃន ម្ដងហើយម្ដងទៀត ដើម្បីសាកសួរបន្ថែមទៀត ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ប៉ុន្តែលោក កឹង ឃន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ប៉ូលិសរបស់លោកមិនបានឡោមព័ទ្ធផ្ទះ លោក ញ៉ែម វាន ដូចលើកឡើងរបស់កូនប្រុសសកម្មជនបក្សប្រឆាំងនោះទេ។ លោកបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក ចុះទៅសម្របសម្រួលករណីសហគមន៍សាមគ្គីរមាសហែក ដែលជួបប្រជុំគ្នានៅឃុំអំពិល ស្រុករមាសហែក ដោយពុំបានសុំអនុញ្ញាតពីសមត្ថកិច្ច កាលពីថ្ងៃទី១៧ កញ្ញាកន្លងទៅ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក នុត ប៊ូពិណ្ណារ័ត្ន ហៅការអនុវត្តច្បាប់របស់ប៉ូលិសនេះថា ជាទង្វើខុសច្បាប់ធ្ងន់ធ្ងរ ដែលរំលោភបំពានដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា មន្ត្រីប៉ូលិសអាចឆែកឆេរផ្ទះរបស់ប្រជាពលរដ្ឋណាម្នាក់បាន លុះត្រាតែមានដីកាពីតុលាការ ឬមួយក៏ស្ថិតក្នុងបទល្មើសជាក់ស្ដែង ដែលសមត្ថកិច្ចកំពុងដេញចាប់ជនល្មើស ហើយជននោះបានរត់ចូលទៅលាក់ខ្លួននៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋទើបអាចធ្វើទៅបាន៖ «បើនិយាយនិងនីតិវិធីខុសច្បាប់ទាំងអស់ ហើយពាក់ព័ន្ធនឹងការខ្លាចក្រែងគាត់ប្រមូលគ្នាទៅទទួលលោកសម រង្ស៊ី គ្រាន់តែការខ្លាចរបស់សមត្ថកិច្ច តែបើគាត់មិនបានធ្វើខុសផង គឺជាការរំលោភសិទ្ធិរបស់គាត់ទាំងស្រុងហើយ។រាល់ថ្ងៃគឺកម្លាំងនគរបាលតាមរាជធានីខេត្តកំពង់ពង្រឹងតាមសហគមន៍តាមមូលដ្ឋានខ្លាចប្រជាពលរដ្ឋឡើងទៅភ្នំពេញទៅទទួលលោក សម រង្ស៊ី ។អីចឹងសកម្មភាពទាំងនេះគេផ្ដោតខ្លាំងទៅលើអតីតសកម្មជនគណបក្សប្រឆាំងនឹងហើយដែលយើងឃើញរាល់ថ្ងៃ»។
លោក ញ៉ែម វីរៈ អំពាវនាវឱ្យអង្គការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងមន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធទៅជួយអន្តរាគមន៍ផ្នែកច្បាប់ និងចុះតាមដានករណីនេះដល់ផ្ទះលោកជាបន្ទាន់ ។លោកបន្តថា ថ្វីត្បិតតែមន្ត្រីប៉ូលិសស្លៀកពាក់ឯកសណ្ឋានបានដកថយអស់ហើយក្ដី ក៏នៅសមត្ថកិច្ចនៅតែដាក់ពង្រាយមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិលបង្កប់ក្នុងភូមិរបស់លោកប្រហែល ១០នាក់ ដើម្បីតាមចាប់ឪពុករបស់លោកដដែល។
គិតត្រឹមរសៀលថ្ងៃទី២០ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៧នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួន និងកំពុងស្ថិតនៅក្នុងពន្ធនាគារ ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង ដែលច្បាប់កម្ពុជាអនុញ្ញាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។