ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែងអះអាង សមត្ថកិច្ចចម្រុះប្រដាប់អាវុធជាច្រើននាក់ បានឡោមព័ទ្ធផ្ទះលោក សៀក មេគង្គ មេឃុំស្រែគរជាប់ឆ្នោតកូតាពីគណបក្សសង្គ្រោះ នៅថ្ងៃទី២១ ខែតុលា។ ពលរដ្ឋភ្ញាក់ផ្អើល និងចាត់ទុកថា នេះជារឿងអយុត្តិធម៌ថ្មីមួយទៀត ដែលរបបក្រុងភ្នំពេញ ធ្វើបាបសកម្មជនគណបក្សប្រឆាំង។
ប្អូនប្រុសបង្កើតរបស់លោក សៀក មេគង្គ គឺលោក សៀក ខាន់ ប្រាប់អាស៊ីសេរីថា នគរបាល និងមន្ត្រីអាវុធហត្ថ ប្រដាប់ដោយអាវុធជាច្រើននាក់ ប្រើប្រាស់រថយន្តជិត ១០គ្រឿង បានឡោមព័ទ្ធផ្ទះ លោក សៀក មេគង្គ ដែលទំនងជាចង់ចាប់ខ្លួនមន្ត្រីបក្សប្រឆាំងរូបនេះ។ លោកថា សមត្ថកិច្ចបានដាក់ពង្រាយកម្លាំងឃ្លាំមើល គ្រប់ច្រកទាំងអស់ ដើម្បីតាមចាប់ខ្លួនបងប្រុសរបស់លោក ក៏ប៉ុន្តែលោកបញ្ជាក់ថា លោក សៀក មេគង្គ បានភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាពរួចហើយ៖ «ឡានចូលផ្ទះគាត់ ( សៀក មេគង្គ ) ១០គ្រឿង ព្រឹកមិញ។ ប៉ូលិសប៉េអិមពេញឡានចូលទៅផ្ទះគាត់។ គេតាមគ្រប់ច្រកអស់ហើយ » ។
មេឃុំស្រែគរថ្មី ដែលរបបក្រុងភ្នំពេញលើកបន្តុប លោក ហ្វឿន ជឿន បដិសេធថា ពុំមានការឡោមព័ទ្ធផ្ទះ លោក សៀក មេគង្គ ដូចការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ក្នុងនាមលោកជាអាជ្ញាធរឃុំ ប្រសិនបើមានរឿងដូច្នេះ មេភូមិនឹងផ្ដល់ដំណឹងជូនលោកហើយ៖ «បើខ្ញុំអាជ្ញាធរឃុំនៅហ្នឹង អត់ដឹងរឿងអីសោះ ហើយពលរដ្ឋណារឿងមិនពិត ចេះតែប្រាប់សារព័ត៌មាន។ បើខ្ញុំអាជ្ញាធរនៅហ្នឹងអត់ដឹងរឿងអីមួយតំណក់ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងស្នងការខេត្តស្ទឹងត្រែង លោក ម៉ៅ តារា ដើម្បីសុំការបំភ្លឺបន្ថែមរឿងនេះ តែទូរស័ព្ទហៅចូល លោកបានចុចផ្ដាច់ នៅថ្ងៃទី២១ តុលា។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តស្ទឹងត្រែងបង្ហើបថា អាជ្ញាធរខេត្តនេះ បានបញ្ជូនសមត្ថកិច្ចឃ្លាំមើល និងតាមដាន សកម្មជនគណបក្សសង្គ្រោះជាតិ គ្រប់កាលៈទេសៈ ធ្វើឱ្យសកម្មជនខ្លះ បានរត់ភៀសខ្លួនទៅក្រៅប្រទេស។
មន្ត្រីនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកករណីនេះថា ជារឿងនយោបាយ និងជាការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សប្រឆាំង នៅតាមមូលដ្ឋាន៖ «កើតឡើងដោយសារតែបញ្ហាជម្លោះនយោបាយ វាមិនមែនជារឿង ដែលកើតឡើង ដោយសារអំពើល្មើសច្បាប់ទាំងអស់ហ្នឹងទេ។ យើងនៅតែប្រកាន់ជំហរយើងចង់បាន ឲ្យមានដំណោះស្រាយនយោបាយមួយ ដើម្បីបញ្ចប់ភាពតាមតឹងកាន់តែកើនឡើង។ នៅថ្ងៃខាងមុខ អាចនឹងមានការប្រឈមទៅហ្នឹងហិង្សាផ្សេងៗ អាចនឹងកើតមានឡើង រវៀងគណបក្សធំៗ ទាំងពីរ។ អ៊ីចឹងយើងមានការព្រួយបារម្ភរឿងហ្នឹងណាស់ » ។
លោក សៀក មេគង្គ បានជាប់ឆ្នោតជាមេឃុំស្រែគរចំនួន ២អាណត្តិជាប់គ្នា គឺក្នុងអាណត្តិទី៣ លោកឈរឈ្មោះកូតាពីគណបក្ស សម រង្ស៊ី ហើយជាលទ្ធផលគណបក្សរបស់លោកទទួលបានអាសនៈក្រុមប្រឹក្សាឃុំចំនួន ៣អាសនៈ ក្នុងចំណោម ៥អាសនៈ។ ក្រោយមកនៅ អាណត្តិទី ៤ លោកបានឈរឈ្មោះបេក្ខភាពមេឃុំ កូតាពីគណបក្សសង្គ្រោះជាតិ ហើយលោកបានជាប់ឆ្នោតជាមេឃុំម្ដងទៀត ដោយគណបក្សសង្គ្រោះជាតិទទួលបាន ៣អាសនៈ ក្នុងចំណោម ៥អាសនៈដូចគ្នា។ ទោះជាយ៉ាងណា នៅអាណត្តិទី៤ នេះ លោកកាន់តំណែងបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយសាររបបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឱ្យលោកបាត់បង់តួនាទីដែលពលរដ្ឋខំបោះឆ្នោតឱ្យ។ របបនេះបានលើកបន្តុបមេឃុំថ្មីមកពីគណបក្សប្រជាជនកម្ពុជា ដែលមានការគាំទ្រតិចតួចពីប្រជាពលរដ្ឋ។ ក្រោយអស់តំណែងនៅចុងឆ្នាំ២០១៧ លោក សៀក មេគង្គ បានជ្រើសរើសមុខរបរដើររើសខ្យងតាមបឹង និងត្រពាំង ដើម្បីចិញ្ចឹមជីវិត ដោយលោកមិនសុខចិត្តទៅចុះចូលជាមួយគណបក្សកាន់អំណាចនោះឡើយ ទោះជារងការគំរាមកំហែង ឬអូសទាញយ៉ាងណាក៏ដោយ។ ទីលំនៅបច្ចុប្បន្នរបស់លោក សៀក មេគង្គ ឋិតនៅភូមិស្រែគរ១ នៃឃុំស្រែគរ (ថ្មី) ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាប់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
មកទល់ពេលនេះ មិនទាន់មានសកម្មជនគណបក្សសង្គ្រោះជាតិណាម្នាក់នៅខេត្តស្ទឹងត្រែង ត្រូវបានឃាត់ខ្លួន និងឃុំខ្លួននៅឡើយទេ ស្របពេលដែលសកម្មជនបក្សប្រឆាំងនៅខេត្តដទៃទៀត ត្រូវអាជ្ញាធរចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់ ក្រោមបទចោទរួមគំនិតក្បត់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។