មន្ត្រីសិទ្ធិមនុស្សថា សកម្មជនបក្សប្រឆាំងដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាបកន្លងមកនោះ មិនទាន់មានករណីណាមួយដែលសមត្ថកិច្ចរកជនដៃដល់ឃើញនោះទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នគរបាលជាតិនៅតែអះអាងថា សមត្ថកិច្ចកំពុងស្រាវជ្រាវតាមនីតិវិធី ហើយសង្ឃឹមថា នឹងអាចរកជនដៃដល់នោះឃើញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ថា សកម្មជនដែលមករកអន្តរាគមន៍ពីអង្គការលីកាដូបាននិយាយថា ពួកគេបានប្ដឹងសមត្ថកិច្ចរួចហើយ ប៉ុន្តែមិនសូវមានទំនុកចិត្តទើបមករកអន្តរាគមន៍ពីអង្គការរបស់លោកបន្ថែមទៀត។ មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា បើសមត្ថកិច្ចនៅតែមិនអាចស្វែងរកជនប្រព្រឹត្តមកផ្ដន្ទាទោសបាននោះទេ សាធារណជននឹងរិះគន់ថា ករណីហិង្សានេះគឺជាការធ្វើទុក្ខបុកម្នេញ និងជាការគំរាមកំហែងលើសកម្មជនគណបក្សប្រឆាំង៖ «មកទល់ឥឡូវមិនទាន់មានលទ្ធផលណាមួយអាចរកជនល្មើសដែលប្រព្រឹត្តហិង្សាលើអតីតសកម្មជនគណបក្សប្រឆាំងនៅឡើយ»។
ករណីជនមិនស្គាល់មុខអ្នកវាយធ្វើបាបសកម្មជនគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញចំនួន១២ករណី ក្នុងនោះ ៦ករណីពួកគេ បានសុំអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សលីកាដូ ប៉ុន្តែគ្មានករណីណាមួយដែលសមត្ថកិច្ចចាប់ជនប្រព្រឹត្តយកមកផ្ដន្ទាទោសបានឡើយ។
ចៅសង្កាត់គណបក្សសង្គ្រោះជាតិម្នាក់នៅភ្នំពេញ លោក ស៊ីន សំអាត ដែលត្រូវជនមិនស្គាល់មុខវាយបែកក្បាល កាលពីខែកញ្ញាប្រាប់អាស៊ីសេរីថា ដោយឃើញសមត្ថកិច្ចមិនបានរកឃើញជនប្រព្រឹត្តណាម្នាក់ដែលវាយធ្វើបាបសកម្មជនបក្សប្រឆាំង លោកមិនបានប្តឹងទៅសមត្ថកិច្ចទេ ប៉ុន្តែលោកបែរជាសុំអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលទៅវិញ។ លោកនិយាយទាំងភ័យខ្លាចថា ពេលនេះធ្វើការមួយថ្ងៃតែពីរម៉ោងទេ និងមិនហ៊ានចេញទៅណាឆ្ងាយពីផ្ទះទេ ព្រោះខ្លាចជនដៃដល់តាមមកវាយធ្វើបាបលោកម្ដងទៀត៖ «ខ្ញុំអត់បានប្ដឹងទៅមូលដ្ឋានទេបងអឺយ ខ្ញុំប្តឹងទៅតែអង្គការលីដាដូ និងឧត្ដមស្នងការ ( ទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំកម្ពុជា ) និយាយតែប៉ុណ្ណឹងខ្ញុំមិនហ៊ានអីច្រើនទេ»។
ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ឱ្យអាស៊ីសេរីដឹងថ្ងៃទី១៦ ខែតុលា ថា មូលហេតុដែលសមត្ថកិច្ចរកទាន់រកឃើញជនដៃដល់ ព្រោះការស៊ើបអង្កេតជួបឧបសគ្គខ្លះប៉ុន្តែលោកមិនបានបញ្ជាក់ពីឧបសគ្គនោះយ៉ាងណានោះទេ។ មន្ត្រីជាន់ខ្ពស់នគរបាលរូបនេះ ស្នើទៅជនរងគ្រោះទាំងនោះផ្ដល់កិច្ចសហការល្អ ដល់សមត្ថកិច្ចនៅពេលសមត្ថកិច្ចសួរនាំ ឬត្រូវការពួកគេឱ្យទៅបំភ្លឺបន្ថែម៖ «រឿងសំខាន់អញ្ចេះទេ ជនរងគ្រោះត្រូវសហការឱ្យជិតដិតជាមួយសមត្ថកិច្ចបន្តិចឧទាហរណ៍ថា គ្រាន់តែមករាយការណ៍ថា មានគេមកវាយខ្ញុំមួយម៉ាត់ថា ខ្ញុំជាអតីតនេះនោះអីចឹង មួយម៉ាត់ប៉ុណ្ណឹងគ្នាមិនដឹងរកឯណាទេ ប៉ូលិសអាមេរិកាំងក៏មិនដឹងថានៅណាដែរទេ»។
នៅពេលមេដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា កំពុងរៀបបណ្ដាញដើម្បីរង់ចាំទទួល សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនោះ គឺតែងតែលេចមុខជនដៃដល់តាមវៃធ្វើបាបសកម្មជនគណបក្សសង្គ្រោះជាតិ បណ្ដាលឱ្យរងរបួស ក្នុងនោះមានបីករណីជនប្រព្រឹត្តសុទ្ធតែវាយសំដៅចំក្បាលជនរងគ្រោះតែម្ដង។ ក្រៅតែពីមានករណីវាយសកម្មជនបក្សប្រឆាំងនេះ គិតត្រឹមថ្ងៃទី១៦ តុលាអាជ្ញាធររបបក្រុងភ្នំពេញបានចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤៦នាក់ហើយ និងមានម្នាក់ត្រូវបានដោះលែងវិញក្រោយសារ ភាពតាមការចង់បានរបស់អាជ្ញាធរ។ ដោយឡែកចំនួនសកម្មជនបក្សប្រឆាំងដែលអាជ្ញាធរកោះហៅ និងចេញដីកាតាមចាប់ខ្លួនបានកើនឡើងដល់ ១៨៣នាក់ គិតត្រឹមរយៈពេលដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
