គណបក្សនយោបាយធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃទី១០ នៅតាមរាជធានី-ខេត្ត
2022.05.30

គណបក្សនយោបាយមួយចំនួនបន្តសកម្មភាពឃោសនារកសំឡេងឆ្នោត ដោយហែរក្បួន និងធ្វើសកម្មភាពតូចៗនៅតាមមូលដ្ឋានដែលមានអ្នកចូលរួមរាប់ពាន់នាក់ នៅថ្ងៃទី១០ នៃយុទ្ធនាការនេះ។ ប៉ុន្តែគណបក្សភ្លើងទៀននៅតែទទួលរងការគំរាមកំហែង និងការបំភិតបំភ័យឥតស្រាកស្រាន្តពីសំណាក់អាជ្ញាធរ និងជនមិនស្គាល់មុខ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំរុញឱ្យគណបក្សនយោបាយដាក់ពាក្យបណ្តឹងតាមនីតិវិធីច្បាប់។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅអស់រយៈពេល១០ថ្ងៃហើយគិតត្រឹមថ្ងៃទី៣០ ខែឧសភា។ គណបក្សតិចតួចប៉ុណ្ណោះធ្វើយុទ្ធនាការដោយហែរក្បួនទ្រង់ទ្រាយធំ ហើយបក្សខ្លះទៀតបន្តសកម្មភាពដោយចាក់មេក្រូចល័ត ចងបដា ដើរចែកខិត្តប័ណ្ណដូចសព្វដងនៅតាមដងផ្លូវសារធារណៈ និងក្នុងភូមិនីមួយៗ ដើម្បីបញ្ជូនសារគោលនយោបាយទៅកាន់ប្រជាពលរដ្ឋ។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ថ្លែងថា អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ សកម្មជន និងភ្នាក់ងារគណបក្សរបស់លោកជាច្រើននាក់នៅតែទទួលរងការគំរាមកំហែង និងការបំភិតបំភ័យបំបាក់ស្មារតីពីសំណាក់អាជ្ញាធរ និងជនមិនស្គាល់មុខដដែល។ លើសពីនេះលោកថា រាល់ពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀនកន្លងមក អាជ្ញាធរ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពុំដែលបង្ហាញលទ្ធផលស្រាវជ្រាវ ឬវែកមុខជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ម្តងណាទេ។ លោកបញ្ជាក់ថា បើទោះបីជួបការលំបាកយ៉ាងណាក្តី ក៏ក្រុមអ្នកគាំទ្ររបស់គណបក្សភ្លើងទៀនបន្តហែរក្បួនឃោសនាទ្រង់ទ្រាយធំ និងផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនទូទាំងប្រទេសដោយមិនរាថយទេ ដើម្បីបញ្ជូនសារនយោបាយទៅប្រជាពលរដ្ឋ៖ «យើងឃើញថា មិនមានអំពើហិង្សាក៏ពិតមែន ប៉ុន្តែការគំរាមកំហែងតាមរូបភាពផ្សេងៗ គឺច្រើនមកលើគណបក្សភ្លើងទៀង។ បើយើងមានចេតនាចង់ឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមិនមិនមានការគំរាម ចឹងគួរវែកមុខមក ហើយផ្តន្ទាទោសតែម្នាក់ពីរនាក់ គឺវាលែងហ៊ានបាត់ តែនេះគ្រាន់ស្រែកហាក់បើដៃឱ្យគេធ្វើហ្នឹង ចឹងរកមើលដែលឃើញទេ»។
ជាមួយគ្នានេះ អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តកណ្តាលលោក លី ម៉េងឃៀង អះអាងថា ជនមិនស្គាល់មុខបានលួចគាស់រំលើង និងកាត់ស្លាក រួមទាំងបដាគោលនយោបាយរបស់គណបក្សភ្លើងទៀន រាប់សិបកន្លែងដូចជានៅឃុំលំហាចនៃស្រុកអង្គស្នួលកាលពីថ្ងៃទី២៩ ខែឧសភា និងស្រុកមួយចំនួនទៀត។ មន្រ្តីបក្សភ្លើងទៀនរូបនេះបញ្ជាក់ថា មន្រ្តីមូលដ្ឋានរបស់លោកបានដាក់ពាក្យបណ្តឹងពីករណីទាំងនេះទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតហើយ ប៉ុន្តែហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធមិនទាន់ចាត់វិធានការទប់ស្កាត់អំពើល្មើសទាំងនោះនៅឡើយទេ។
លោកចាត់ទុកទង្វើទាំងនេះថា ជាការគំរាមកំហែងបំបាក់ស្មារតីកុំសកម្មជនកុំឱ្យចេញឃោសនារកសំឡេងឆ្នោតពីពលដ្ឋ៖ «ផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួននៅតាមទីសាធារណៈអត់បាន អាហ្នឹងវាជាការលម្អៀងរបស់អាជ្ញាធរមានសមត្ថកិច្ចហើយ ចឹងសូមឱ្យគិតឡើងវិញអំពីភាពសុក្រឹតរបស់ខ្លួនត្រូវធ្វើ។ សំណូមពរទៅអាជ្ញាធរជួយរកជនខិលខូច ជនដៃដល់ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគណបក្សភ្លើងទៀន»។
ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលបានដាក់បេក្ខជនចូលរួមការបោះឆ្នោតជិត៧រយឃុំ សង្កាត់វិញ ថ្ងៃទី១០នៃយុទ្ធនាការ គណបក្សនេះបានជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រ និងហែរក្បូនឃោសនារកសំឡេងឆ្នោតនៅឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដឹកនាំដោយប្រធានគណបក្ស គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលមានអ្នកចូលរួមជាង២រយនាក់។ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន ប្រាប់វិទ្យុអាស៊ីសេរីថា ថ្នាក់ដឹកនាំគណបក្សបានថ្លែងសារនយោបាយសំខាន់ៗ និងសន្យាប្រមូលសំណូមពររបស់ប្រជាពលរដ្ឋបញ្ចូលក្នុងគោលនយោបាយ ដើម្បីយកទៅដោះស្រាយក្រោយពេលគណបក្សដឹកនាំឃុំនាពេលខាងមុខនេះ៖ «ក្នុងនោះដែរគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើក្បួនយុទ្ធនាការឃោសនាទ្រង់ទ្រាយតូច ដូចជាចាក់មេក្រូ ចែកខិត្តប័ណ្ណទៅតាមឃុំរៀងៗខ្លួន ហើយយើងបានធ្វើសកម្មភាពនេះជាប្រចាំថ្ងៃ»។
រីឯគណបក្សប្រជាជនកម្ពុជាវិញ គណបក្សនេះមិនបានរៀបចំកម្មវិធីជួបជុំ និងហែរក្បួនឃោសនាទ្រង់ទ្រាយធំៗនោះទេ ប៉ុន្តែគណបក្សនេះបន្តធ្វើសកម្មភាពឃោសនាតូចៗដូចជា ចាក់មេក្រូនៅទីស្នាក់ការបក្ស និងចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ។
អ្នកនាំពាក្យគណបក្សប្រជាកម្ពុជាលោក សុខ ឥសាន លើកឡើងថា រយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សកាន់អំណាចមិនទាន់ទទួលរងនូវពាក្យបណ្តឹងនៅឡើយទេ។ លោកយល់ថា ការណ៍ដែលមន្រ្តីគណបក្សភ្លើងទៀនតែងតែលើកឡើងពីបញ្ហាបាត់ស្លាក និងគំរាមកំហែងកន្លងមកនោះ គឺគ្រាន់តែវោហាសាស្រ្តនយោបាយតែប៉ុណ្ណោះ៖ «សកម្មជនដើរតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីពន្យល់អំពីកម្មវិធីនយោបាយ ពន្យល់អំពីបញ្ហាឱ្យគាត់យល់ដឹងអំពីគុណសម្បត្តិគណបក្សក្រោមការដឹកនាំកន្លងទៅបានហូចលទ្ធផលឱ្យបងប្អូនរក្សាគោលជំហរ និងឆន្ទៈបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានាពេលខាងមុខនេះ»។
ដោយឡែក គណបក្សខែ្មរស្រឡាញ់ជាតិវិញ គណបក្សនេះបានហែរក្បូនឃោសនាទ្រង់ទ្រាយធំនៅស្រុកថ្មគោល ខេត្តបាត់ដំបង ដឹកនាំដោយប្រធានគណបក្ស គឺលោក ជីវ កត្តា ដែលមានអ្នកចូលរួមរាប់ពាន់នាក់។ ក្រៅពីនេះគណបក្សនយោបាយមួយចំនួនទៀតរួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាដើម មិនទាន់ប្រកាសថ្ងៃយុទ្ធនាការទ្រង់ទ្រាយធំនៅឡើយទេ ដោយសកម្មជនគណបក្សនយោបាយទាំងនេះបន្តធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយតូចៗនៅតាមឃុំ សង្កាត់រៀងៗខ្លួន។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែឧសភា គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតទូទាំងប្រទេសបានទទួលពាក្យបណ្តឹងសរុបចំនួន៣៨ករណី ក្នុងចំណោមនោះភាគច្រើនជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាដែលប្តឹងគណបក្សភ្លើងទៀន។ ទោះយ៉ាងណាលោកអះអាងថា ដំណើរការឃោសនារបស់គណបក្សនយោបាយនៅថ្ងៃទី១០នេះ ប្រព្រឹត្តទៅដោយមានសន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់ល្អ៖ «បើសិនជាការដោះស្រាយ និងប្រងើយកន្តើយរបស់អាជ្ញាធរដែលមិនបានដោះស្រាយបញ្ហា ឬការដោះស្រាយរបស់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតមិនសមស្របនឹងចិត្តហ្នឹង គឺស្នើសុំដាក់ពាក្យបណ្តឹងបន្តទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោតបាទ»។
មន្ត្រីសង្គមស៊ីវិលតាមដានដំណើរការបោះឆ្នោតកត់សម្គាល់ឃើញថា គណបក្សចំនួនពីរដែលធ្វើសកម្មភាពឃោសនាលេចធ្លោជាងគេ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។
មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស លើកឡើងថា ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិនេះ អង្គការសង្គមស៊ីវិលបានជួបបញ្ហាលំបាកក្នុងការជ្រើសរើសអ្នកសង្កេតការណ៍បោះឆ្នោតដូចគ្នាគណបក្សនយោបាយដែរ ដោយសារពួកគេទទួលរងការគំរាមកំហែង និងការដាក់សម្ពាធបំភិតបំភ័យពីសំណាក់អាជ្ញាធរមូលដ្ឋាន។ ដូច្នេះលោកជំរុញឱ្យ គ.ជ.ប និងអាជ្ញាធរគួរពិនិត្យដោះស្រាយបណ្តឹងភាគីពាក់ព័ន្ធដោយអព្យាក្រឹត ដើម្បីផ្តល់ទំនុកចិត្ត និងជៀសវាងការចោទប្រកាន់ថា ស្ថាប័នទាំងនោះលម្អៀងផ្នែកនយោបាយ៖ «យើងឃើញមានកាត់ខ្សែ ស្លាករបស់គណបក្សនយោបាយចោល ឃើញមានយកស្លាកសញ្ញាឡូហ្គោគណបក្សមួយទៅបិទលើស្លាកគណបក្សមួយជាដើម យើងឃើញថា ជារូបភាពអសីលធម៌មួយនៃដំណើរការឃោសនាបោះឆ្នោត ដោយមិនគួរកើតមានអំពើទាំងនោះនៅពេលឃោសនានោះទេ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខ។ ក្នុងនោះគណបក្សនយោបាយចំនួន១៧ បានចូលប្រកួតប្រជែងដណើមយកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនជាង ១ម៉ឺន (១១.៦២២) អាសនៈ ហើយប្រជាពលរដ្ឋជាង៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។