ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថាសម្ពាធអន្តរជាតិ នឹងធ្វើឲ្យរបបលោក ហ៊ុន សែន គ្មានជម្រើសអ្វី ក្រៅពីត្រូវបង្ខំចិត្ត ងាកមករកដំណោះស្រាយនយោបាយរួមមួយ ក្នុងពេលឆាប់ៗខាងមុខ។ លោកបានអំពាវនាវ ឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូប ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយ និងសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀត រក្សាភាពអត់ធ្មត់ កុំលុះក្រោមល្បិចនយោបាយរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី ជឿជាក់លើឥទ្ធិពលអន្តរជាតិ ដែលបន្តដាក់សម្ពាធមកលើរបបលោក ហ៊ុន សែន យ៉ាងសន្ធាប់ ដើម្បីឲ្យរបបនេះស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ឲ្យខាងតែបាន។ លោក សម រង្ស៊ី ចាត់ទុកជំហរសហគមន៍អន្តរជាតិ ក្នុងការទាមទារឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ផ្ដល់សម្បទាឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយទាំងអស់ ដើម្បីឲ្យពួកគាត់អាចមានសេរីភាពពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញ ផ្ដល់សម្បទាឲ្យគណបក្សសង្គ្រោះជាតិ ដើម្បីអាចបើកដំណើរការឡើងវិញ និងរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ជាដើមនេះ ថាជាដំណោះស្រាយរួម ដែលនឹងកើតមានឡើងជាយថាហេតុ ដោយចៀសមិនផុតនោះឡើយ។
លោក សម រង្ស៊ី ប្រដូចសម្ពាធអន្តរជាតិ ទៅនឹងរលកយក្ស ដែលបោកបក់យ៉ាងខ្លាំងមកលើរបបលោក ហ៊ុន សែន ដែលមិនអាចទប់បាន៖ «ហ៊ុន សែន ខ្លាចសហគមន៍អន្តរជាតិនេះ ជាពិសេសសហភាពអឺរ៉ុប ដែលកំពុងរៀបចំដាក់ទណ្ឌកម្មពាណិជ្ជកម្ម។ ទណ្ឌកម្មពាណិជ្ជកម្មហ្នឹងមកដល់ហើយ ដូចស៊ូណាមិ។ ដូច្នេះហើយបានលោក ហ៊ុន សែន ភ័យស្លន់ស្លោ បន្តិចទៀតស៊ូណាមិហ្នឹងបក់បោក មកធ្វើឲ្យលោក ហ៊ុន សែន ចុះចេញ បើមិនចុះចេញទេ ក៏ចុះចាញ់ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ឲ្យលោក កឹម សុខា រួចផុតពីការឃុំឃាំង ហើយឲ្យយើងទាំងអស់គ្នាទាំង ១១៨ នាក់ហ្នឹង គង់តែទទួលសិទ្ធិធ្វើនយោបាយបានឡើងវិញ ដោយស្វ័យប្រវត្តិ ព្រោះគណបក្សយើងត្រូវដំណើរការឡើងវិញ»។
សម្ពាធអន្តរជាតិ បានកើនឡើងកាន់តែសន្ធាប់លើរបបលោក ហ៊ុន សែន។ សហរដ្ឋអាមេរិក បានបន្ថែមទណ្ឌកម្ម ដោយបិទទិដ្ឋាការចំពោះមន្ត្រីក្នុងជួរ និងនៅក្រៅជួររបបនេះ រួមទាំងសមាជិកក្រុមគ្រួសារពួកគាត់ផង។ លោក ហ៊ីង ប៊ុនហៀង ដែលជាមេកងអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានរដ្ឋាភិបាលអាមេរិក មិនត្រឹមតែបិទទិដ្ឋាការទេ គឺថែមទាំងនឹងចាត់វិធានការ បង្កកទ្រព្យសម្បត្តិទាំងអស់របស់មន្ត្រីរូបនេះ បើមាននៅអាមេរិក ឬក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ ចំណែកឯសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ស្ដីពីការដាក់ទណ្ឌកម្មនេះដែរ និង កំពុងស្ថិតនៅក្នុងដៃព្រឹទ្ធសភា ដែលគ្រោងនឹងពិភាក្សានៅខែមករា ឆ្នាំ២០១៩។ ច្បាប់ H.R ៥៧៥៤ ឬច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨ នេះ នឹងដាក់ទណ្ឌកម្មបន្ថែមទៅលើមន្ត្រីរបបលោក ហ៊ុន សែន។ ទណ្ឌកម្មផ្សេងទៀត ដែលអាមេរិក បានដាក់កន្លងមក រួមមានការផ្តាច់ជំនួយទាំងស្រុងទៅគ.ជ.ប និងការផ្តាច់ជំនួយទាំងស្រុងទៅរបបលោក ហ៊ុន សែន លើកលែងតែជំនួយមនុស្សធម៌។
ចំណែកសហភាពអឺរ៉ុប ដែលជាបណ្ដុំប្រទេសសេរី និងអភិវិឌ្ឍខ្ពស់ផ្នែកសេដ្ឋកិច្ចទាំង ២៨ប្រទេស បានជូនដំណឹងទៅរបបលោក ហ៊ុន សែន កាលពីដើមខែតុលា ថារបបនេះមានពេល ១២ខែ ដើម្បីកែខ្លួន បើមិនដូច្នេះទេ ពួកគាត់នឹងដកការអនុគ្រោះពន្ធពីកម្ពុជា។ ការដាក់ទណ្ឌកម្ម និងព្រមានចាត់វិធានការបន្ថែមលើរបបលោក ហ៊ុន សែន នេះ គឺដោយសារតែរបបនេះ បានរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីរបបនេះ ចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ រម្លាយគណបក្សសង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា រឹតត្បិតសិទ្ធិសេរីភាពក្នុងការតវ៉ាផ្សេងៗ និងការរៀបចំការបោះឆ្នោត ដែលរងការរិះគន់ជុំទិសថា ជាការបោះឆ្នោតក្លែងក្លាយ។
ដោយសារតែសម្ពាធទាំងនេះ នៅមុនដំណាច់ឆ្នាំ ២០១៨ នេះ របបលោក ហ៊ុន សែន បានដោះលែងអ្នកទោសនយោបាយ សកម្មជនដីធ្លី និងពន្លឿននីតិវិធីតុលាការ ដើម្បីបិទបញ្ចប់រឿងក្តីមេដឹកនាំសហជីពកម្មករ បញ្ចេញសារដោយបានអះអាងថា បន្ទន់ឥរិយាបថចំពោះប្រព័ន្ធផ្សព្វផ្សាយ និងអង្គការស៊ីវិល និង ប្រញាប់ប្រញាល់រៀបចំ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិខ្លះ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយ អាចមានសិទ្ធិធ្វើនយោបាយវិញជាដើមនេះ។
ទោះជាយ៉ាងនេះក្តី សមាជិកសភាអាមេរិកលោក អាឡាន់ ឡូវែនថល (Alan Lowenthal) ដែលជាមន្ត្រីអាមេរិកមួយរូប ក្នុងចំណោមមន្ត្រីអាមេរិកជាច្រើនរូបផ្សេងទៀត ដែលផ្ដួចផ្ដើមច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន បញ្ជាក់ថា សហរដ្ឋអាមេរិក និងពិភពលោក មិនចេះតែព្រមជឿទង្វើល្អបន្តិចបន្តួច ដែលធ្វើគ្រាន់តែដើម្បីបិទបាំងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងដំណំ ដែលរបបនេះបានប្រព្រឹត្ត ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយមកនេះនោះទេ។ លោក អាឡាន់ ឡូវែនថល បញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកនៅមានជម្រើសទណ្ឌកម្មបន្ថែមទៀត ដូចជាការដកការអនុគ្រោះពន្ធលើទំនិញនាំចេញពីកម្ពុជា មកទីផ្សារសហរដ្ឋអាមេរិក ដូចអ្វីដែលសហភាពអឺរ៉ុប កំពុងតែពិចារណានោះដែរ ដើម្បីធ្វើយ៉ាងណាដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដឡើងវិញឲ្យខាងតែបាន។
សភាឯកបក្សនៃរបបលោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូនេះ នឹងប្រជុំដើម្បីអនុម័តវិសោធនកម្មច្បាប់ ដែលរបបនេះអះអាងថា ដើម្បីផ្ដល់សិទ្ធិនយោបាយឲ្យមន្ត្រីបក្សប្រឆាំងវិញ។ ប៉ុន្តែ អ្នកវិភាគចាត់ទុកថា នេះមិនមែនជាចេតនាល្អរបស់លោក ហ៊ុន សែន នោះទេ ប៉ុន្តែជាល្បិចយុទ្ធសាស្ត្រនយោបាយថ្មីមួយផ្សេងទៀតរបស់លោក ហ៊ុន សែន ដែលចង់ឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងចំណោម១១៨រូប ទៅបំពេញភាពស្របច្បាប់របបនេះ និងទទួលស្គាល់ថា ការរំលាយគណបក្សសង្គ្រោះជាតិកន្លងមក គឺជារឿងត្រឹមត្រូវ។ លោក គឹម សុខ ថាល្បិចថ្មីនេះ ក៏មានគោលដៅបំបែកបំបាក់គណបក្សសង្គ្រោះជាតិឲ្យបែកខ្ញែកគ្នាដែរ។
ប៉ុន្តែមុននឹងសភាអនុម័តច្បាប់នេះ លោក ហ៊ុន សែន បានព្រមានថា ច្បាប់ថ្មីនេះ ក៏មិនអាចបើកសិទ្ធិឲ្យមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ១១៨រូប ចូលធ្វើនយោបាយដោយស្វ័យប្រវត្តិនោះដែរ។ លោកថា មន្ត្រីគណបក្សប្រឆាំងចង់ធ្វើនយោបាយ ត្រូវតែសុំលោក ទើបលោកស្នើទៅព្រះមហាក្សត្រ។
ល្បិចបំបែកគណបក្សសង្គ្រោះជាតិនេះ ឆ្លុះបញ្ចាំងតាមរយៈសាររបស់លោក ហ៊ុន សែន ដែលបញ្ជាក់ថា ក្នុងចំណោមមន្ត្រីគណបក្សប្រឆាំងទាំង ១១៨នាក់ ដែលត្រូវបានហាមឃាត់នោះ គឺមានតែមួយចំនួនប៉ុណ្ណោះ ដែលនឹងត្រូវបានលើកលែងទោស។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ព្រមានថា អ្នកដទៃទៀត អាចប្រឈមនឹងការជាប់ពន្ធនាគារថែមទៀតផង៖ «ត្រូវចាំណា៎ ! អ្នកប្រឆាំងសាលដីកាតុលាការកំពូល មិនមែនត្រឹមតែអត់បានសិទ្ធិធ្វើនយោបាយឡើងវិញទេ គឺត្រូវជាប់គុកថែមទៀតផង។ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំត្រៀមនឹងទទួលយកនូវសំណើរបស់សាមីជនម្នាក់ៗ និងបុគ្គលម្នាក់ៗ ត្រូវស្នើមកនាយករដ្ឋមន្ត្រី»។
លោក សម រង្ស៊ី ថានេះជាល្បែងនយោបាយ និងអន្ទាក់ដ៏គ្រោះថ្នាក់ដែលមន្ត្រីគណបក្សសង្គ្រោះជាតិ មិនត្រូវលុងខ្លួនចាញ់បោកលោក ហ៊ុន សែន នោះឡើយ។ លោកបន្ថែមថា មន្ត្រីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មិនត្រូវការឱនក្រាប ទៅសុំឲ្យលោក ហ៊ុន សែន ផ្ដល់សិទ្ធិធ្វើនយោបាយឲ្យខ្លួនវិញនោះទេ ព្រោះសិទ្ធិនេះជាសិទ្ធិដែលមានធានាក្នុងរដ្ឋធម្មនុញ្ញរួចហើយ៖ «សុំបងប្អូនដែលគាំទ្រគណបក្សសង្គ្រោះជាតិ កុំចូលអន្ទាក់របស់លោក ហ៊ុន សែន។ ហ៊ុន សែន គាត់ខ្លាចតែសហគមន៍អន្តរជាតិទេ ពេលនេះ។ គាត់បែរជាមកសម្លុតយើងវិញ។ យើងធ្វើមិនដឹងទៅ កុំធ្វើថោក។ យើងអត់ចង់បានសិទ្ធិធ្វើនយោបាយពី ហ៊ុន សែន ទេ។ សិទ្ធិនេះប្រជារាស្ត្រខ្មែរអ្នកផ្ដល់ឲ្យយើង។ យើងអត់មានថោកទាបទៅសុំលោក ហ៊ុន សែន ឲ្យផ្ដល់ឲ្យយើងនោះទេ។ សូមបងប្អូនទាំងអស់ប្រកាន់គោលជំហរឲ្យរឹងមាំ»។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគលោក គឹម សុខ ថាលោក ហ៊ុន សែន ដល់ផ្លូវទាល់ច្រក ព្រោះមិនអាចស៊ូទ្រាំនឹងសម្ពាធអន្តរជាតិបាន តទៅទៀតឡើយ។ ក្នុងកាលៈទេសៈនេះ អ្នកវិភាគដដែលថាគណបក្សប្រឆាំង អាចរួចផុតពីល្បិចបំបែករបស់លោក ហ៊ុន សែន បានទាល់តែគណបក្សនេះត្រូវរឹងមាំកុំធ្វើតាមយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
