តុលាការ​ក្រុង​ភ្នំពេញ​បន្ត​​​សាកសួរ​​លោក កឹម សុខា ជុំ​​ទី​៤៨

0:00 / 0:00

សំណុំរឿង​ក្បត់ជាតិ​របស់​មេបក្ស​ប្រឆាំង តំណាង​អយ្យការ​ចាប់​ផ្ដើម​ចោទសួរ​ពី​ទំនាក់ទំនង​រវាង កឹម សុខា ស្ថានទូត​ប្រទេស​មហាអំណាច ក្នុង​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ឆ្នាំ២០១៣ កន្លង​ទៅ។ ទោះ​យ៉ាង​ណា​ក្ដី លោក កឹម សុខា មិន​បាន​ឆ្លើយ​សំនួរ​តំណាង​អយ្យការ​នោះ​ទេ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ត្រឹម​ការ​ជួប​ជួប​តំណាង​ទូត​ណាមួយ​មិន​អាច​រាប់​ចូល​ជា​បទ​ល្មើស​ឡើយ។

សវនាការ​ទី៤៨ ថ្ងៃ​ទី១៣ ខែ​កក្កដា​នេះ តំណាង​អយ្យការ និង​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា នៅ​តែ​ជជែក​តាំងតឹង​សរសៃ​ក​ដាក់​គ្នា​ដដែល។ ការ​តឹងសរសៃ​ក​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​សវនាការ​កត់​សម្គាល់​ថា ព្រោះ​តំណាង​អយ្យការ​តាំង​សំណួរ​ឆ្ងាយ​ពី​បទ​ចោទ​ ដែល​ហាក់​មាន​ចេតនា​អូស​បន្លាយ​សំណុំរឿង​នេះ​​ឲ្យ​ស៊ី​ពេល​កាន់តែ​យូរ​ថែម​ទៀត។

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់​គឺ លោក ចាន់ ចេន ឲ្យ​ដឹង​ក្រោយ​ចប់​សវនាការ​ថា តំណាង​អយ្យការ​បាន​តាំង​សំនួរ​យ៉ាង​ក្ដៅ​គគុក​លើលោក កឹម សុខា ហាក់​បី​ដូច​ជា​គ្រប់​រឿង​ទាំង​អស់​ទម្លាក់​ឲ្យ​លោក កឹម សុខា ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង។

លោក​ឲ្យដឹង​ទៀត នៅ​ចុងម៉ោង​តំណាង​អយ្យការ​បាន​យក​វីដេអូ​ នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ២០១៣ ដែល​កាល​នោះ​លោក កឹម សុខា ថ្លែង​ថា ក្រោយ​ជួប​បាតុករ លោក​នឹង​ទៅ​តំណាង​ទូត​ប្រទេស​មហាអំណាច។ ត្រង់​ចំណុច​នេះ តំណាង​អយ្យការ​ព្យាយាម​ដេញដោល​ឲ្យ​លោក កឹម សុខា បញ្ជាក់​ថា តើ​លោក​ទៅ​ជួប​ទូត​មួយ​ណា? ទោះ​យ៉ាង​ណា​ក្ដី លោក កឹម សុខា មិន​បាន​ឆ្លើយ​សំណួរ​តំណាង​អយ្យការ​នោះ​ទេ។ មេបក្ស​ប្រឆាំង​រូប​នេះ ត្រឹម​ប្រាប់​តំណាង​អយ្យការ​ថា គ្រប់​ទូត​នៅ​កម្ពុជា គឺ​ជា​មិត្ត​របស់​កម្ពុជា ហើយ​ការ​ដែល​លោក​ជួប​តំណាង​អង្គទូត​ណា​មួយ ក៏​មិន​ខុស​ច្បាប់​ដែរ៖ « សរុប​មក​វិញ​គឺ បណ្ដា​អង្គទូត​នោះ​គេ​មក​ជួយ​កម្ពុជា មិន​មែន​ជា​សត្រូវ​កម្ពុជា​ទេ។ ដើម្បី​ថែរក្សា​មុខមាត់​អង្គទូត​ឯកឧត្តម កឹម សុខា គាត់​មិន​បាន​បញ្ជាក់​ទេ​ថា ទូត​ឈ្មោះ​អ្វី​ដែល​បាន​ជួប​ជាមួយ​គាត់​ទេ សូម​បញ្ជាក់​ថា ឯកឧត្តម កឹម សុខា ក្ដី ប្រជាពលរដ្ឋ​ខ្មែរ​ក្ដី​អ្នក​នយោបាយ​ក្ដី ដែល​បាន​ជួប​ជាមួយ​បណ្ដា​អង្គទូត​មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ »

ទាក់ទង​រឿង​នេះ​ដែរ មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់​ទៀត គឺ​លោក ផែង ហេង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​​​ ការ​ចាប់​ខ្លួន​ និង​​ការ​ចោទប្រកាន់ លោក កឹម សុខា គឺសមត្ថកិច្ច​តែង​ភ្ជាប់​សហរដ្ឋអាមេរិក​ ទៅ​នឹង​សំណុំរឿង​លោក​ កឹម​ សុខា។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស កាល​ពី​ខែ​ឆ្នាំ២០១៧ កន្លង​ទៅ។ ទោះ​យ៉ាង​ណា​ក្ដី ជិត ៥ឆ្នាំ​មក​នេះ តុលាការ​រក​មិន​ទាន់​ឃើញ​ថា លោក កឹម សុខា មាន​ទោស​នៅ​ឡើយ​ទេ ទោះ​ជា​គណបក្ស​របស់​លោក ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល ក្រោយ​ពី​ការ​ចោទ​ប្រកាន់​ថា លោក កឹម សុខា បាន​រួម​គំនិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា បើ​ចង់​ដឹង​រដ្ឋ​បរទេស​ណា​ ឃុបឃិត​ជាមួយ​លោក កឹម សុខា ក្នុង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺ​មាន​ក្នុង​វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ២០១៣។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ទៀត មក​ដល់​ដំណាក់កាល​នេះ​ មិន​អាច​មាន​ការ​ចរចា​ណាមួយ​ដើម្បី​បញ្ចប់​​សំណុំរឿង​បាន​ឡើយ៖ « ព្រោះ​រឿង​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ បើ​ចង់​ចរចា​គ្នា​ពិភាក្សា​គ្នា យ៉ាង​ម៉េច​ឲ្យ​រឿង​ធ្លាក់​ដល់​ដៃ​តុលាការ បើ​កាល​មុន​នឹក​អ៊ីចឹង មាន​ទៅ​ដល់​ដៃ​តុលាការ​អី ប៉ុន្តែ​នឹក​មិន​ឃើញ​ដល់​គុណ​ការ​ហើយ​បាន​ធ្វើ​ឯង​នឹក​ឃើញ​រឿង​ចរចា »

ទោះ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​លើក​ឡើងពី​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា បែប​នេះ​ក្ដី ប៉ុន្តែ​ លោក កឹម សុខា ធ្លាប់​ថ្លែង​ប្រាប់​តុលាការ​ពីការ​និយាយ​របស់​លោក​ជាង​មួយ​ម៉ោង នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៣ ជា​ការ​ថ្លែង​ជា​សាធារណៈ។ លោក កឹម សុខា ក៏​ធ្លាប់​ជំរុញ​ទៅ​តុលាការ​ឲ្យ​ឃើញ​ថា សកម្មភាព​សម្ងាត់​របស់​លោក​មួយ​ណា​ដែលជា​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន។

ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក យី សុខសាន្ត ដែល​ចូល​ឃ្លាំមើល​ក្នុង​បន្ទប់​សវនាការ​សង្កេត​ឃើញ​ថា តំណាង​អយ្យការ​នៅ​តែ​ព្យាយាម​សួរ​សំនួរ​មិន​ទាក់ទង​អង្គហេតុ​មក លោក កឹម សុខា។ លោក​យល់​ថា​ នេះ​ជា​ការខ្ជះខ្ជាយ​ពេល​វេលា និង​ធ្វើ​ឲ្យ​សំណុំរឿង​មួយ​នេះ​ស៊ីពេល​កាន់​តែ​យូរ​ថែម​ទៀត។ លោក​យល់​ថា លោក កឹម សុខា គឺ​ជា​មេ​ដឹកនាំ​គណបក្ស​នយោបាយ និង​ធ្លាប់​ធ្វើ​ជា​អនុប្រធាន​រដ្ឋសភា ដូច្នេះ​ បើលោក កឹម សុខា ជួប​តំណាង​ទូត​ណា​មួយ​មិន​មែន​ជា​ការប្រព្រឹត្តិ​បទ​ល្មើស​ឡើយ៖ « ជួប​មហាអំណាច​ មហាអំណាច​គាំទ្រ​យើង​ ហើយ​គ្រាន់​តែ​រឿង​ពាក្យ​អ៊ីចឹង​មិន​មែន​ខុស​ច្បាប់ គ្មាន​ទោស​ទេ មាន​ទោស​ទាល់តែ​គាត់ ( លោក កឹម សុខា ) ទៅ​បង្កើត​ស្អី​មួយ​ទៅ​ប្រកូកប្រកាស​ធ្វើ​ទៅ​ផែនការ​ស្អី​មួយ​ឲ្យ​ប្រទេស​ហ្នឹង​មាន​អសន្តិសុខ​ស្អី​មួយ​បាន​មាន​ទោស​ ហើយ​គ្រាន់​ថា​ ទៅ​និយាយ​ជាមួយ​អ្នក​នេះ​ទៅ​និយាយ​ជាមួយ​អ្នក​នោះ​ ហើយ​ថ្មីៗ នេះ​ខ្ញុំ​ឃើញ​ជួប​អ្នក​ប្ដឹង​ ខ្ញុំ​និយាយ​ឲ្យ​អស់​ ជួប​សម្ដេច ( លោក ហ៊ុន សែន ) នៅ​ពេល​បុណ្យ​ទាន​ បុណ្យ​សព​អី​ តើ​នេះ​ខុស​ច្បាប់​ដែរ​អត់​នេះ​ជា​សំនួរ​ដែល​ខ្ញុំ​សួរ​ណា »

ដូចគ្នាទៅនឹងការលើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ដែរ ក្រោយ​ចេញ​តុលាការ លោក កឹម សុខា បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា​ដដែល​នេះ​ថា លោក​បាន​ជួប​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា។ លោក​​កត់​សម្គាល់​ឃើញ​ថា ប្រទេស​ប្រជាធិបតេយ្យ​នៅ​តែ​ចាត់​ទុក​កម្ពុជា ជា​មិត្ត និង​ចង់​បន្ត​ជួយ​កម្ពុជា ដោយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដដែល។

សវនាការ​លើក​ទី៤៨ ថ្ងៃ​នេះ ក៏​មិន​ខុស​ពី​លើក​មុនៗ ដែរ មាន​ការ​ឃ្លាំមើល​ពី​មន្ត្រី​សិទ្ធិមនុស្ស តំណាង​អង្គការ​សហប្រជាជាតិ តំណាង​អង្គទូត និង​មន្ត្រី​សង្គមស៊ីវិល។ ចំណែក​នៅ​ក្រៅ​របង​តុលាការ​ក៏​មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ៣០នាក់ និង​មានការ​រឹតបន្តឹង​សុន្តិសុខ​ពី​ក្រុម​សន្តិសុខ​ផង​ដែរ។ តុលាការ​នឹង​ជំនុំជម្រះ​ក្ដី​សំណុំរឿង​លោក កឹម សុខា បន្ត​ទៀត នៅ​ថ្ងៃ​ពុធ ទី២០ ខែ​កក្កដា​ សប្ដាហ៍​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។