លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានប្រកាសព្រមានចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាថ្មីម្ដងទៀត ដោយលោកចោទអ្នកទាំងនោះថា កំពុងមានផែនការចង់បំផ្លាញសន្តិភាពរបស់លោក។ ទោះជាបែបនេះក្ដី មេបក្សប្រឆាំងហៅសន្តិភាពនៅកម្ពុជានេះ ជាសន្តិភាពផ្នូរខ្មោច។
រីឯអ្នកវិភាគវិញ អះអាងថា លោក ហ៊ុន សែន ប្រើប្រាស់សន្តិភាពនេះ ដើម្បីចង់សម្រេចផែនការផ្ទេរអំណាចឲ្យកូនរបស់លោកតែប៉ុណ្ណោះ។
លោក ហ៊ុន សែន នៅថ្ងៃទី៧ តុលានេះ បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ដោយទំនងជាលោកចង់សំដៅទៅលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិថា កំពុងរៀបចំផែនការចង់ផ្ដួលរំលំរបបលោក ឬចង់បំផ្លាញសន្តិភាព ដែលលោកអះអាងថា បានកសាងឡើងទំាងលំបាក។ លោក ហ៊ុន សែន ព្រមានជាថ្មីទៀតថា ងើបមួយ វាយមួយ ចំពោះអ្នកដែលប្រឆាំងសន្តិភាព ឬប្រឆាំងនឹងរូបលោក៖ «ខ្ញុំដឹងទាំងអស់អាហ្អែងបញ្ជាពីក្រៅប្រទេសឲ្យអ្នកខាងក្នុងធ្វើសកម្មភាពប្រឆាំងនឹងយើង អញដឹងទាំងអស់ ខ្ញុំហៅវាឧក្រិដ្ឋជន រីឯអាពួកអ្នកខ្លះលើកឡើងថា សព្វថ្ងៃនេះ មានសន្តិភាពហើយ តែអសន្តិសុខក្នុងចិត្ត អើបើហ្អែងធ្វើខុសច្បាប់ទុកឲ្យហ្អែងងាប់អ៊ីចឹងទៅ»។
ឆ្លើយតប និងការចោទប្រកាន់នេះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានហៅសន្តិភាពរបស់លោក ហ៊ុន សែន នេះថា ជាសន្តិភាពផ្នូរខ្មោចទៅវិញទេ។ លោក សម រង្ស៊ី អះអាងថា លោកនឹងវិលចូលស្រុកវិញជាលើកទី២ នៅពេលខាងមុខ ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីសន្តិភាពផ្នូរខ្មោចនេះ៖ «សន្តិភាពរបស់លោក ហ៊ុន សែន ជា ហ៊ុន សែន ផ្នូរខ្មោច ពីព្រោះថា របបនេះ ជារបបចោរ កាប់ព្រៃ បណ្ដេញពលរដ្ឋចេញ ចាប់ដាក់ពលរដ្ឋដាក់គុក ដូច្នេះសន្តិភាពនេះ ជាសន្តិភាពចោរ សន្តិភាពផ្នូរខ្មោច
លោក ហ៊ុន សែន លើកឡើងជាញឹកញាប់ថា ទោះក្នុងតម្លៃណាក៏ដោយ លោកត្រូវតែការពារសន្តិភាព ដែលលោកបានកសាងឡើងឱ្យបាន។ លោកតែងតែលាបពណ៌ ឬចោទប្រកាន់ក្រុមអ្នកមានទស្សនៈផ្ទុយពីលោក ឬអ្នកតវ៉ាប្រឆាំងអំពើអយុត្តិធម៌សង្គមថា ជាក្រុមចង់ធ្វើបដិវត្តន៍ពណ៌ និងចង់បំផ្លាញសន្តិភាពទៅវិញ។ លើសពីនេះ លោក ហ៊ុន សែន ថែមទាំងធ្លាប់សម្ដែងការសោកស្ដាយដោយលោកមិនបានសម្លាប់មនុស្ស ១០០នាក់ ឬ ២០០នាក់ កាលពីឆ្នាំ២០១៤ ដោយលោកចោទក្រុមកម្មករ និង បក្សប្រឆាំងបាតុកម្មកាលពីឆ្នាំ២០១៤ នោះថា ជាក្រុមចង់ធ្វើបដិវត្តន៍ពណ៌ជាដើម។
លើសពីនេះទៀត ការប្រកាសការពារសន្តិភាពនេះ មិនមែនធ្វើឡើងតែលោក ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះទេ។ រីឯកូនប្រុសច្បងរបស់លោកវិញ គឺលោក ហ៊ុន ម៉ាណែត ក្នុងនាមជាមេទ័ពផងនោះ កាលពីពេលថ្មីៗ នេះ បានប្ដេជ្ញាថា មិនឲ្យអ្នកណាបំផ្លាញសន្តិភាពនេះបានឡើយ។ លោក ហ៊ុន ម៉ាណែត ថែមទាំងអំពាវនាវឲ្យកងទ័ពទាំងអស់ត្រូវ ការពារសន្តិភាពនេះទៀតផង៖ «ខ្ញុំមានមនសិការមានទស្សនៈ មានការយល់ដឹងរបស់ខ្ញុំហើយ ខ្ញុំកាន់កងទ័ពជើងគោក គឺខ្ញុំមានភារកិច្ចរបស់យើងរក្សាសន្តិភាពមិនអាចឲ្យអ្នកណាបំផ្លាញបានឡើយ មានគោលដៅរបស់ខ្ញុំ » ។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយដែលនិរទេសខ្លួនទៅក្រៅប្រទេស ដែលធ្លាប់ជាប់ពន្ធនាគារដោយសារតែរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារផងនោះ លោក គឹម សុខ មានប្រសាសន៍ថា ការប្រកាសពីការប្ដេជ្ញាចិត្តការពារសន្តិភាពទាំងឪពុក ទាំងកូននេះ គ្រាន់តែជាល្បែងនយោបាយបិទបាំងអំពីផែនការ ការពារអំណាច នឹងបន្តឲ្យកូនដឹកនាំប្រទេស មិនខុសពីមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងឡើយ។ លោក គឹម សុខ ថ្លែងថា កងទ័ពដែលការពារសន្តិភាពតាមបញ្ជាលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន នេះ មិនមែនជាកងទ័ពរបស់ជាតិនោះទេ គឺកងទ័ពរបស់គ្រួសារត្រកូល ហ៊ុន តែប៉ុណ្ណោះ៖ «ខ្ញុំមិនជឿថា លោក ហ៊ុន ម៉ាណែត ដើរខុសពីគន្លងឪពុកទេ នៅពេលកងទ័ពយួនមកឈ្លានពានព្រំដែន លោក ហ៊ុន ម៉ាណែត បែរជាលួចទៅជួបថ្នាក់ដឹកនាំយួនស្ងាត់ៗ ទៅវិញ ដើម្បីសុំឲ្យគាំទ្រផែនការបន្តអំណាចរបស់ខ្លួន»។
រីឯព្រះភិក្ខុ បណ្ឌិត យស ហ៊ុត ព្រះមហាថេរ គង់នៅវត្តធម្មរង្សី ទីក្រុងប៉ារីស ធ្លាប់មានថេរដីកាថា ព្រះអង្គមើលមិនឃើញមេដឹកនាំសព្វថ្ងៃនេះ ជាមេដឹកនាំដែលមានចិត្តមេត្តា ករុណា និងសេចក្ដីថ្លៃថ្នូរជាមេដឹកនាំដែលល្អឡើយ។ ព្រះអង្គបន្ថែមថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នេះ គឺធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្តិភាពទុក្ខព្រួយ និងភ័យខ្លាច៖ «ហើយយើងរស់នៅខ្ពស់ឆ្ងាយដាច់គេ ប្រើប្រាស់ធនធានច្រើនលើសគេ ជាមហាសេដ្ឋី បើមិនអ៊ីចឹងមិនដឹងជានៅឯណាទេ មេត្តាធម៌ ករុណាធម៌ ហើយមិនមានយុត្តិធម៌ មិនមានបែងចែកអំណាច ដូចនេះ សន្តិភាពមិនដឹងជានៅឯណាទេ សន្តិភាពក្រោមការភ័យខ្លាច » ។
ទាក់ទងនិង សន្តិភាព មិនមែននិយាយផ្ចង់ឆ្ពោះទៅត្រឹមតែការទម្លាក់អាវុធចុះតែម្យ៉ាងទេ វាមានន័យជ្រាលជ្រៅដល់ "ការរក្សាក្ដីស្ងប់ សតិអារម្មណ៍ មិនក្ដៅក្រហល់ក្រហាយរបស់ប្រជារាស្ត្រនៃសង្គមជាតិ " ថែមទៀតផង។ ភាពស្ងប់សុខក្នុងសង្គមមួយ ដែលអាចកើតមានឡើងបាន លុះត្រាតែ "មេដឹកនាំ ឈប់លោភលន់ ឈប់ល្មោភអំណាច ឈប់ដើរតួកាចសាហាវ ហើយងាកមកប្រកាន់នូវទសពិធរាជធម៌ " ដែលជាធម៌ទាំង១០ ក្នុងគម្ពីរ ភាពជាអ្នកដឹកនាំ។ល។ ម្យ៉ាងវិញទៀត ន័យសន្តិភាព តាមវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត វិញ គឺមានន័យថា សេចក្ដីស្ងប់ សេចក្ដីសាន្តត្រាណ ដំណើរសះជានឹងគ្នា។
អ្នកវិភាគលើកឡើងថា ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានសន្តិភាពពិតប្រាកដនោះ លុះត្រាផ្លាស់ប្ដូរលោក ហ៊ុន សែន ចេញ ហើយកងទ័ពទាំងអស់ លែងជាកងទ័ពការពារគ្រួសារត្រកូល ហ៊ុន ពោលគឺ ជាកងទ័ពតំណាងឲ្យជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។