លោក ហ៊ុន សែន ទទួលយកការបំភ្លឺរបស់បក្សភ្លើងទៀន តែមិនលើកលែងឱ្យលោក ជា ប៉ូច
2023.05.23

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន ទាក់ទងនឹងលិខិតសុំទោសជាលក្ខណៈបុគ្គលរបស់លោក ជា ប៉ូច។ បើទោះជាទទួលយកការបំភ្លឺនេះក្ដី លោក ហ៊ុន សែន បញ្ជាក់ថា នឹងមិនអត់ឱនឱ្យលោក ជា ប៉ូច ទេ។
លោក ហ៊ុន សែន បានចេញសារនៅលើទំព័រ តេឡេក្រាម (Telegram) របស់លោក កាលពីយប់ថ្ងៃទី២២ ខែឧសភាថា លោកទទួលយកការបំភ្លឺនៅក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីថ្ងៃដដែលនោះ។ លោកសរសេរបន្តថា លោកមិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរ បើទោះបីជាលោកដឹងច្បាស់ថា នរណាជាអ្នកបញ្ជាឱ្យធ្វើ និងទំនាក់ទំនងបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៏ដោយ។ លោក ហ៊ុន សែន បន្តថា ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ។
សេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែឧសភា បានឆ្លើយតបនឹងការទាមទាររបស់លោក ហ៊ុន សែន ដែលឱ្យគណបក្សនេះពន្យល់ពីភាពជាប់ពាក់ព័ន្ធនៃលិខិតចំហមួយរបស់ លោក ជា ប៉ូច ជាមួយគណបក្សភ្លើងទៀន។ ករណីនេះ គណបក្សភ្លើងទៀនបញ្ជាក់ថា គណបក្សមិនជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានា ដែលចេញដោយរូបវន្តបុគ្គល។ លើសពីនេះគណបក្សនេះអះអាងថា គណបក្សតែងតែគោរពសិទ្ធិ និងការសម្រេចចិត្តរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ដោយមិនបង្ខិតបង្ខំ ឬបង្គាប់បញ្ជាឱ្យផ្ទុយពីឆន្ទៈ ឬគោលបំណងរបស់សាមីខ្លួនទេ។
កាលពីថ្ងៃទី១២ ខែ ឧសភា លោក ហ៊ុន សែន បានចេញសារតាមតេឡេក្រាមបដិសេធមិនទទួលការសុំទោសរបស់លោក ជា ប៉ូច តាមរយៈលិខិតមួយច្បាប់ កាលពីថ្ងៃទី១៥ ខែឧសភា។ លិខិតដែលលោក ហ៊ុនសែន អះអាងជារបស់លោក ជា ប៉ូច នោះឱ្យដឹងថា លោកសុំទោស ប្រសិនបើមានការខុសឆ្គងការប្រើពាក្យតស៊ូទម្លាក់ លោក ហ៊ុន សែន ឱ្យបាន នៅក្នុងកិច្ចប្រជុំមួយរបស់គណបក្ស។ លោក ជា ប៉ូច បញ្ជាក់ថា ពាក្យនេះ គឺក្នុងន័យតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
សេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀនបន្តថា ខ្លួនមានឆន្ទៈមុតមាំចូលរួមការបោះឆ្នោតក្នុងឆ្នាំ២០២៣ នេះ ដោយប្រកាន់ខ្ជាប់គោលការណ៍អហិង្សា និងសន្តិវិធី ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់នានា ហើយគណបក្សកំពុងតវ៉ាតាមច្បាប់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឱ្យគណបក្សអាចចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខ។
ទាក់ទងនឹងគណបក្សភ្លើងទៀននេះដែរ ក្រុមការងារគណបក្សភ្លើងទៀន និងជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ មណ្ឌលកំពង់ចាម លេខរៀងទី៧ គណបក្សភ្លើងទៀន លោក ស្រេង សារិទ្ធ នៅយប់ថ្ងៃទី២២ ខែឧសភា បានសរសេរសំបុត្រ និងចេញវីដេអូស្នើសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជារបស់ លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។