លោក ហ៊ុន សែន អះអាង​ថា ប្រធាន​មហាសន្និបាត​អ.ស.ប​សរសើរ​លោក​រឿង​នយោបាយ​ឈ្នះឈ្នះ

ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៦ សរសើរ​កម្ពុជា​ចំពោះ​ការ​ចូលរួម​ចំណែក​របស់​ប្រទេស​នេះ​ក្នុង​ប្រព័ន្ធ​ពហុភាគី​និយម និង​ការ​ថែរក្សា​សន្តិភាព​នៅ​លើ​ពិភពលោក។

លោក អាប់ឌូឡា សាហ៊ីដ (Abdulla Shahid) ដែល​ជា​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ម៉ាល់ឌីវ (Maldives) ផង​នោះ បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅ​លើ​ទំព័រ​ទ្វីតធ័រ (Twitter) របស់​លោក ក្រោយពី​លោក​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២២ ខែសីហា​។ លោក​សរសេរ​ថា ជំនួប​នោះ​ផ្តោត​លើ​ការពិភាក្សា​លើ​បញ្ហា​មួយចំនួន ដូចជា​ការប្រែប្រួល​ថ្មីៗ​នៅ​កម្ពុជា គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន កិច្ច​គាំទ្រ​ចំពោះ​ការ​ផ្តល់​វ៉ាក់សាំង​របស់​អង្គការ​សហប្រជាជាតិ និង​ការ​ការពារ​សិទ្ធិមនុស្ស​។ លោក​មិនបាន​បញ្ជាក់​លម្អិត​អំពី​ខ្លឹមសារ​នៃ​ជំនួប​នេះ​ទេ។ លោក​គ្រាន់​តែ​សរសេរ​យ៉ាង​ខ្លី​បន្ថែម​ថា​ លោក​កោតសរសើរ​កម្ពុជា​ចំពោះ​ការ ចូលរួម​ចំណែក​ក្នុង​ប្រព័ន្ធ​ពហុភាគី​និយម និង​ការ​ថែរក្សា​សន្តិភាព​នៅ​លើ​ពិភពលោក។

Honored to call on H.E. Samdech Hun Sen, Prime Minister of Kingdom of Cambodia

Discussions touched on 🇰🇭s recent transformation, initiatives as ASEAN Chair, UN vaccine support & protection of human rights

Commended 🇰🇭 for its contributions to
👉multilateralism

​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក អាប់ឌូឡា សាហ៊ីដ បាន​លើក​ឡើង​ទៅកាន់​លោក​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​ធ្លាប់​ទទួល​កងទ័ព​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ​មក​ការពារ​សន្តិភាព​។ ក៏ប៉ុន្តែ លោក​ថា ពេលនេះ កម្ពុជា​បាន​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​មួយ ដែល​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ជួយ​រក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​ដទៃទៀត​ជាច្រើន​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​។ លោក ហ៊ុន សែន អះអាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដដែល​ថា មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​នេះ ក៏បាន​សម្ដែង​នូវ​ក្តី​គោរព​ជូន​លោក​ដែល​បាន​ដឹកនាំ​កម្ពុជា​ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​ពេញលេញ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​លោក​អះអាង​ថា «​មិន​ទុក​ឱ្យ​អ្នកណាម្នាក់​» នៅ​ក្រៅ​ឆាក និង​មិន​នាំ​ឱ្យ​មាន «​ការ​សង​សឹក​គ្នា​» ទៅវិញ​ទៅ​មក​ឡើយ។

វិទ្យុ​អាស៊ីសេរី កំពុង​ទាក់ទង​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ជុំវិញ​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា មន្ត្រីជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​យ៉ាង​ដូច្នេះ ខណៈ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បន្ត​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ​គាស់​រម្លើង​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស ដោយ​ចាប់ចង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល មាន​ដូចជា សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម យុវជន សកម្មជន​បរិស្ថាន និង​អ្នកសារព័ត៌មាន​ដាក់គុក​ជា​បន្តបន្ទាប់​។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន តែង​រិះគន់​ពី​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​កាល​ពី​សម័យ​អ៊ុនតាក់ (UNTAC)​នៅ​ដើម​ទសវត្សរ៍​ទី​៩០ ថា​មិនបាន​នាំមក​នូវ​សន្តិភាព​ពិតប្រាកដ​ដល់​កម្ពុជា​ទេ ខណៈ​រូបលោក​បាន​ក្រសោប​យក​សមិទ្ធផល​ទាំងអស់ និង​ចេញមុខ​ថា លោក​គឺជា​តួអង្គ​តែ​ម្នាក់​គត់​ដែល​បាន​ដឹកនាំ​កម្ពុជា​ឱ្យ​មាន​សន្តិភាព។

ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​រូប​នេះ ក៏​បាន​មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​។ លោក​សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធ័រ​របស់​លោក​ថា លោក​មាន​កិច្ច​សន្ទនា​ប្រកបដោយ​ការ​គិតគូរ​អំពី​តួនាទី​របស់​ស្ថាប័ន​សភា​ក្នុង​ប្រព័ន្ធ​ពហុ​និយម​សាកល​។ លោក​បន្ត​ថា លោក​បាន​រំឭក​ឡើងវិញ​អំពី​ការ​ចូលរួមចំណែក​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា និង​ការ​កើនឡើង​ភាពជា​ដៃគូ​រវាង​កម្ពុជា​និង​អង្គការសហប្រជាជាតិ​លើ​បញ្ហា​ជាច្រើន​។​

Pleasure meeting H.E. Samdech Heng Samrin, President of the National Assembly of the Kingdom of Cambodia.

Had a thoughtful conversation on the role of parliaments in global multilateralism.

Recalled UN contributions in Cambodia & growing 🇰🇭🤝🇺🇳 partnership on various issues.

គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូត​មក​ទល់​បច្ចុប្បន្ន កម្ពុជា​បាន​ចូលរួម​ចំណែក​ជាមួយ​អង្គការ​សហប្រជាជាតិ ក្នុង​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌​ក្នុង​ពិភពលោក តាមរយៈ​ការ​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ជាង ៨​ពាន់​នាក់ ចូលរួម​ក្នុង​បេសកកម្ម​ចំនួន​១១ ក្នុង​ប្រទេស​ចំនួន​៩​។ ការ​ចូលរួម​ចំណែក​នេះ ធ្វើ​ឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​២៨ ក្នុង​ចំណោម ១២២​ប្រទេស ផ្នែក​បញ្ជូន​កងកម្លាំង​ថែ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ។

ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៦ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​គឺ​ចាប់​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែសីហា ដើម្បី​ស្វែងយល់​ពី​តួនាទី​ប្រកបដោយ​ស្ថាបនា​របស់​កម្ពុជា​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ ជាពិសេស​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ការ​ស្តារ​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។