ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ រងការចោទពីអនុប្រធាន និងអគ្គលេខាធិការគណបក្ស ថា បានប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចផ្ដាច់ការ។ ភាគីអនុប្រធានបក្សប្ដឹងសុំឲ្យតុលាការរំលាយគណបក្សដែលដឹកនាំដោយលោក ម៉ម សូណង់ដូ នេះ។ ទោះជាយ៉ាងណា លោក ម៉ម សូណង់ដូ ច្រានចោលចំពោះការចោទប្រកាន់។
ជម្លោះហែកហួរផ្ទៃក្នុងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាន់តែរីកធំបន្ទាប់ពីអនុប្រធាន និងអគ្គលេខាធិការ ព្រមទាំងមន្ត្រីគណបក្សមួយចំនួនទៀត ដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៦ ខែតុលា ប្ដឹងអោយរំលាយគណបក្សដែលដឹកនាំដោយលោក ម៉ម សូណង់ដូ នេះចេញពីឆាកនយោបាយកម្ពុជា។
អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកបណ្ឌិត ហ៊ាង ឫទ្ធី មានប្រសាសន៍ថា លោក ម៉ម សូណង់ដូ គឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ដែលតែងតែប្រើប្រាស់អំណាចផ្ដាច់ការក្នុងការចាយវាយថវិកាបក្សយ៉ាងអនាធិបតេយ្យ៖ «សុំអោយតុលាការរំលាយគណបក្សនេះ ដោយមិនប្រើអង្គសមាជទេ ព្រោះថា អង្គសមាជធ្វើមិនបានទេ ដោយសារបក្សពួកគ្នាគាត់ទាំងអស់ច្រើនណាស់ គាត់រៀបចំដើម្បីទប់ស្កាត់ផែនការអ្នកជាតិនិយម គាត់យកអំណាចផ្ដាច់ការប្រើប្រាស់តែម្ដង។ អ៊ីចឹងចំណុចនេះ មានតែប្រើប្រាស់តាមផ្លូវតុលាការទេ ទើបយើងទប់ស្កាត់កុំដើរភូតកុហកប្រជាពលរដ្ឋតទៅទៀត»។
លោក ហ៊ាង ឫទ្ធី បន្ថែមថា តាំងពីលោកចូលរួមបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យមក គឺតែងតែជំរុញឲ្យលោក ម៉ម សូណង់ដូ អនុវត្តច្បាប់បែបប្រជាធិបតេយ្យ ដូចជាការចាយវាយថវិកាអោយមានតម្លាភាព និងមានគណនេយ្យករគ្រប់គ្រងការចាយវាយទាំងអស់អោយមានវិក្កយបត្រ ប៉ុន្តែលោក ម៉ម សូណង់ដូ តែងតែច្រានចោលចំពោះសំណើនេះ។
ជាការឆ្លើយតបចំពោះបញ្ហានេះ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ លើកឡើងថា លោកមិនចាប់អារម្មណ៍ចំពោះពាក្យបណ្ដឹងរំលាយគណបក្សនោះឡើយ។ ទោះយ៉ាងណាលោកថា នឹងព្យាយាមផ្សះផ្សាជម្លោះផ្ទៃក្នុងបក្សនេះ ហើយប្រសិនបើជម្លោះមិនសះជាទេនោះ លោកនឹងរៀបចំសមាជវិសាមញ្ញ ដើម្បីបោសសំអាតមន្ត្រីបក្សដែលបង្កបញ្ហា។
លោក ម៉ម សូណង់ដូ៖ «បញ្ហាសព្វថ្ងៃនេះវាល្អទៅវិញទេ ព្រោះថា យើងធ្វើទូកមួយបាន យើងដាក់ទៅក្នុងទន្លេ គឺយើងអាចកែតម្រូវសាច់ឈើកន្លែងណាច្រើនជាងយើងចៀរចេញទៅ។ ប្រសិនបើយើងមិនដឹងបញ្ហារបស់គណបក្សរបស់យើង ក៏មិនអាចផ្សះផ្សា ឬដោះស្រាយបញ្ហានេះបានដែរ ហើយខ្ញុំយល់ថា បញ្ហានេះជាបញ្ហាផ្ទៃក្នុង គឺអត់មានគ្រោះថ្នាក់អ្វីទាំងអស់ ហើយអ្នកដែលបង្កបញ្ហាទៅវិញទេ ដែលមានបញ្ហាក្នុងសតិអារម្មណ៍»។
កាលពីពេលថ្មីៗនេះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលទើបតែបានរៀបចំរចនាសម្ព័ន្ធដឹកនាំឡើងវិញនោះ ក៏គ្រោងដកលោក ហារី សំអាត ពីអនុប្រធានបក្សដែរ ដោយសារតែលោកបានធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស គឺដឹកនាំសមាជិកបក្សទៅចុះចូលជាមួយគណបក្សខ្មែរសាមគ្គីរបស់អ្នកស្រី ឡាក់ សុភាព។
ទាក់ទង់នឹងរឿងរ៉ាវនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ឃើញថា គណបក្សដែលមិនគិតប្រយោជន៍ជាតិជាធំនោះ គឺបង្ហាញអោយឃើញនូវការហែកហួរគ្នាមិនចេះចប់ដោយធ្វើនយោបាយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន៖ «ប្រសិនបើយើងបើកគណបក្សដោយគ្មានគោលការណ៍ច្បាស់លាស់ ដើម្បីតែផលប្រយោជន៍ គឺខ្មែរទាស់គ្នាមិនចេះចប់ទេ ហើយមិនចំណេញអ្វីដល់ជាតិទាល់តែសោះ»។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសមាជកាលពីថ្ងៃទី៩ កញ្ញា បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន។ អង្គសមាជបានបោះឆ្នោតលើកដៃគាំទ្រ លោក ម៉ម សូណង់ដូ ធ្វើជាប្រធាន និងជ្រើសរើសលោកបណ្ឌិត ហ៊ាង ឫទ្ធី និងលោក ហារី សំអាត ជាអាណិកជនខ្មែរមកពីសហរដ្ឋអាមេរិក ជាអនុប្រធានគណបក្ស។ ទោះជាយ៉ាងណា សមាជមិនបានមួយខែស្រួលបួលផង គណបក្សថ្មីនេះបានជួបរឿងប្រេះឆាជាច្រើនករណី។ គេនៅចាំអ៊ុតមើលថា តើគណបក្សនេះ នឹងមានមុខមាត់ក្នុងឆាកនយោបាយនៅកម្ពុជា តទៅទៀត ឬយ៉ាងណា?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
