ប្រធានាធិបតីថ្មីរបស់វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) សន្យាជួយដល់ពលរដ្ឋវៀតណាម ដែលរស់នៅមិនស្របច្បាប់នៅកម្ពុជា ឲ្យមានសិទ្ធិរស់នៅស្របច្បាប់ នាពេលឆាប់ៗខាងមុខ។
ការប្តេជ្ញាចិត្តរបស់មេដឹកនាំវៀតណាមនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅស្ថានទូតវៀតណាម កាលពីថ្ងៃទី២២ ខែធ្នូ ដែលមានការចូលរួមមន្ត្រីស្ថានទូតវៀតណាម តំណាងក្រុមហ៊ុនឬអាជីវកម្មនានា និងតំណាងសមាគមន៍វៀតណាម នៅអំឡុងពេលប្រធានាធិបតីរូបនេះ ធ្វើទស្សនកិច្ចផ្លូវការ ២ថ្ងៃ ពីថ្ងៃទី២១ ដល់២២ ខែធ្នូ នៅប្រទេសកម្ពុជា។
ចំពោះការសន្យារបស់ប្រធានាធិបតីវៀតណាមនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែធ្នូនេះថា សំណើសុំរបស់មេដឹកនាំវៀតណាម កម្ពុជា អាចទទួលយកបាន ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺអាស្រ័យលើច្បាប់អន្តោប្រវេសន៍របស់កម្ពុជា៖ «ជាគោលជំហររបស់យើង តាំងពីប្រធានរដ្ឋសភា និងរដ្ឋាភិបាល មិនថាវៀតណាម ឬសាសន៍ណាទេ ត្រូវអនុវត្តតាមគោលការណ៍ច្បាប់អន្តោប្រវេសន៍របស់កម្ពុជា។ ការលើកឡើងនេះ យើងតែងទទួលនៃទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម ហើយចម្លើយយើងនៅដដែលទេ អ្វីទាំងអស់ស្ថិតលើច្បាប់អន្តោប្រវេសន៍ គឺមិនមែនតែវៀតណាមទេ គឺគ្រប់សញ្ជាតិរស់នៅប្រទេសកម្ពុជា ...»។
សារពត៌មានវីអ៊ិន អិចស្រ្ពេស (VN Express) ចុះផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ដោយដកស្រង់សំដីរបស់ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក ដែលបានបញ្ជាក់ថា គ្មានពលរដ្ឋណាដែលជួបបញ្ហាលំបាកខ្លាំង ដូចជាពលរដ្ឋវៀតណាម នៅកម្ពុជានោះទេ ដោយសារពួកគេ គ្មានលិខិតបញ្ជាក់រស់នៅស្របច្បាប់ ដូចជាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ជាដើម។
ប៉ុន្តែការលើកឡើងនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលកម្ពុជា មុនសម្រេចជម្លៀសពលរដ្ឋចេញពីបឹងទន្លេសាប បានត្រួតពិនិត្យច្បាស់លាស់ពីស្ថានភាពទូទៅ និងអនុវត្តតាមគោលការណ៍សិទ្ធិមនុស្សជាសកល៖ «មិនមែនអ៊ីចឹងទេ យើងមានអង្គការសិទ្ធិមនុស្ស តាមឃ្លាំមើលរាល់សកម្មភាពទាំងអស់ តាំងពីការដែលយើងប្តូរទីតាំងឲ្យ ចាកចេញពីមាត់ទន្លេ ដើម្បីសោភ័ណភាពរបស់ទីក្រុង និងតាមខេត្ត។ យើងគោរពគោលការណ៍សិទ្ធិមនុស្ស ហើយមិនមែនតែអង្គការអន្តរជាតិនោះទេ សូម្បីអង្គការខ្មែរក្នុងស្រុក ក៏គាត់ស្វះស្វែងក្នុងកិច្ចការពារតម្លៃមនុស្សជាសកលនេះដែរ ដូចនេះរដ្ឋាភិបាលមិនអាចធ្វើអ្វីផ្តេសផ្តាស ក្រៅពីអនុវត្តតាមច្បាប់ដែលមាននោះទេ ...»។
កាលពីដើមឆ្នាំ២០២១កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសគំរោងផ្លាស់ទីលំនៅពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី នៅតាមដងទន្លេសាប នៅខេត្តកំពង់ឆ្នាំង និងក្រុងភ្នំពេញ គឺត្រូវរើចេញទៅតាំងទីលំនៅលើគោក ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថាន បំផ្លាញគុណភាពទឹក ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងប៉ះពាល់ដល់សុខភាពពលរដ្ឋ ដែលទទួលទានទឹកមិនស្អាត ដោយសារការបន្ទោបង់គ្មានអនាម័យរបស់ពលរដ្ឋរស់នៅលើផ្ទៃទឹក។
អាជ្ញាធររាជធានីភ្នំពេញ បានចុះរុះរើបែត្រី ផ្ទះបណ្ដែតទឹក និងសំណង់អនាធិបតេយ្យចេញពីទន្លេកាលពីថ្ងៃទី១២ ខែមិថុនា។ ប៉ុន្តែទូកបណ្តែតទឹកទាំងនោះ នៅគាំងនៅព្រំដែនទឹកជាមួយវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនឲ្យឆ្លងចូលក្នុងប្រទេសខ្លួន ដោយលើកហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សមាគមវៀតណាមនៅកម្ពុជាអះអាងថា បច្ចុប្បន្នមានពលរដ្ឋវៀតណាម រស់នៅខុសច្បាប់ នៅទីក្រុងភ្នំពេញ ជាង៣ម៉ឺននាក់ ដែលគ្មានសំបុត្រស្នាមរស់នៅស្របច្បាប់។ សមាគមដដែលនេះ ក៏ធ្លាប់បញ្ជាក់ថា ជនជាតិវៀតណាមស្នាក់នៅលើផ្ទះបណ្ដែតទឹក មានជាងមួយពាន់ ៥រយគ្រួសារ (១.៥០០) គ្រួសារ។ ប៉ុន្តែតួលេខជាក់ស្ដែងអាចច្រើនជាងនេះ ព្រោះគ្រាន់តែខណ្ឌជ្រោយចង្វាមួយ មានអ្នកស្នាក់នៅលើផ្ទៃទឹកប្រមាណមួយពាន់ (១.០០០) គ្រួសារទៅហើយ។
យោងតាមការអះអាងក្នុងលទ្ធផលជំរឿនឆ្នាំ២០១៩ របស់រដ្ឋាភិបាល បង្ហាញថាជនអន្តោប្រវេសន្តវៀតណាមនៅកម្ពុជា ជិតប្រាំបួនម៉ឺន(៨៩.៤៧១) នាក់បានដាក់ស្នើសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។ ក្រសួងមហាផ្ទៃ ក៏បានរកឃើញឯកសារក្លែងក្លាយ ចំនួនជិតពីរម៉ឺន(១៩.៩៦៧)គ្រួសារ ដែលចេញឱ្យជនជាតិវៀតណាមជិត ៧ម៉ឺននាក់ (៦៩.៧៨៧) កាន់កាប់ និងប្រើប្រាស់។ ឯកសារទាំងនោះ ជាប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណពលរដ្ឋដូចជា សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
