ប្រធានាធិបតី​វៀតណាម​សន្យា​ជួយ​ពលរដ្ឋ​វៀតណាម​ចុះ​ឈ្មោះ​ស្របច្បាប់​នៅ​កម្ពុជា

ប្រធានាធិបតី​ថ្មី​របស់​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) សន្យា​ជួយ​ដល់​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​មិន​ស្របច្បាប់​នៅ​កម្ពុជា ឲ្យ​មាន​សិទ្ធិ​រស់នៅ​ស្របច្បាប់ នា​ពេល​ឆាប់ៗ​ខាងមុខ។

ការ​ប្តេជ្ញា​ចិត្ត​របស់​មេ​ដឹកនាំ​វៀតណាម​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ស្ថានទូត​វៀតណាម កាលពី​ថ្ងៃទី​២២ ខែធ្នូ ដែល​មាន​ការចូលរួម​មន្ត្រី​ស្ថានទូត​វៀតណាម តំណាង​ក្រុមហ៊ុន​ឬ​អាជីវកម្ម​នានា និង​តំណាង​សមាគមន៍​វៀតណាម នៅ​អំឡុង​ពេល​ប្រធានាធិបតី​រូប​នេះ ធ្វើ​ទស្សនកិច្ច​ផ្លូវការ ២​ថ្ងៃ ពី​ថ្ងៃ​ទី២១ ដល់​២២ ខែ​ធ្នូ នៅ​ប្រទេស​កម្ពុជា។

ចំពោះ​ការសន្យា​របស់​ប្រធានាធិបតី​វៀតណាម​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែធ្នូ​នេះ​ថា សំណើសុំ​របស់​មេដឹកនាំ​វៀតណាម កម្ពុជា អាច​ទទួល​យក​បាន ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា៖ «ជា​គោលជំហរ​របស់​យើង តាំងពី​ប្រធាន​រដ្ឋសភា និង​រដ្ឋាភិបាល មិន​ថា​វៀតណាម ឬ​សាសន៍​ណា​ទេ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា។ ការ​លើកឡើង​នេះ យើង​តែង​ទទួល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​វៀតណាម ហើយ​ចម្លើយ​យើង​នៅ​ដដែល​ទេ អ្វី​ទាំងអស់​ស្ថិត​លើ​ច្បាប់​អន្តោប្រវេសន៍ គឺ​មិនមែន​តែ​វៀតណាម​ទេ គឺ​គ្រប់​សញ្ជាតិ​រស់​នៅ​ប្រទេស​កម្ពុជា​ ...»។

សារពត៌មាន​វីអ៊ិន អិចស្រ្ពេស (VN Express) ចុះផ្សាយ​កាលពី​ថ្ងៃទី​២២ ខែធ្នូ ដោយ​ដកស្រង់​សំដី​របស់​ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ្វុក ដែល​បាន​បញ្ជាក់​ថា គ្មាន​ពលរដ្ឋ​ណា​ដែល​ជួប​បញ្ហា​លំបាក​ខ្លាំង ដូចជា​ពលរដ្ឋ​វៀតណាម នៅ​កម្ពុជា​នោះ​ទេ ដោយសារ​ពួកគេ គ្មាន​លិខិតបញ្ជាក់​រស់នៅ​ស្របច្បាប់ ដូចជា​អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន ជាដើម។

ប៉ុន្តែ​ការ​លើកឡើង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មុន​សម្រេច​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​បឹង​ទន្លេសាប បាន​ត្រួតពិនិត្យ​ច្បាស់លាស់​ពី​ស្ថានភាព​ទូទៅ និង​អនុវត្ត​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​សកល៖ «មិនមែន​អ៊ីចឹង​ទេ យើង​មាន​អង្គការសិទ្ធិមនុស្ស តាម​ឃ្លាំមើល​រាល់​សកម្មភាព​ទាំងអស់ តាំងពី​ការដែល​យើង​ប្តូរ​ទីតាំង​ឲ្យ ចាក​ចេញ​ពី​មាត់ទន្លេ ដើម្បី​សោភ័ណភាព​របស់​ទីក្រុង និង​តាម​ខេត្ត​។ យើង​គោរព​គោលការណ៍​សិទ្ធិមនុស្ស ហើយ​មិនមែន​តែ​អង្គការ​អន្តរជាតិ​នោះ​ទេ សូម្បី​អង្គការ​ខ្មែរ​ក្នុងស្រុក ក៏​គាត់​ស្វះស្វែង​ក្នុង​កិច្ចការពារ​តម្លៃ​មនុស្ស​ជា​សកល​នេះ​ដែរ ដូចនេះ​រដ្ឋាភិបាល​មិនអាច​ធ្វើ​អ្វី​ផ្តេសផ្តាស ក្រៅពី​អនុវត្ត​តាមច្បាប់​ដែល​មាន​នោះ​ទេ​ ...»។

កាល​ពី​ដើម​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​គំរោង​ផ្លាស់​ទីលំនៅ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី នៅ​តាម​ដង​ទន្លេសាប នៅ​ខេត្ត​កំពង់ឆ្នាំង និង​ក្រុងភ្នំពេញ គឺ​ត្រូវ​រើចេញ​ទៅ​តាំងទី​លំនៅ​លើគោក ដើម្បី​ដោះស្រាយ​បញ្ហា​បំពុលបរិស្ថាន បំផ្លាញ​គុណភាព​ទឹក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ទីក្រុង និង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ ដែល​ទទួលទាន​ទឹក​មិន​ស្អាត ដោយសារ​ការ​បន្ទោបង់​គ្មាន​អនាម័យ​របស់​ពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​ទឹក។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​រុះរើ​បែ​ត្រី ផ្ទះ​បណ្ដែត​ទឹក និង​សំណង់​អនាធិបតេយ្យ​ចេញពី​ទន្លេ​កាលពី​ថ្ងៃទី​១២ ខែមិថុនា​។ ប៉ុន្តែ​ទូក​បណ្តែត​ទឹក​ទាំងនោះ នៅ​គាំង​នៅ​ព្រំ​ដែនទឹក​ជាមួយ​វៀតណាម ដោយសារ​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​ឆ្លង​ចូលក្នុង​ប្រទេស​ខ្លួន ដោយ​លើក​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

សមាគម​វៀតណាម​នៅ​កម្ពុជា​អះអាង​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​វៀតណាម រស់នៅ​ខុសច្បាប់ នៅ​ទីក្រុង​ភ្នំពេញ ជាង​៣​ម៉ឺន​នាក់ ដែល​គ្មាន​សំបុត្រស្នាម​រស់នៅ​ស្របច្បាប់​។ សមាគម​ដដែល​នេះ ក៏​ធ្លាប់​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ស្នាក់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក មាន​ជាង​មួយ​ពាន់ ៥​រយ​គ្រួសារ (១.៥០០) គ្រួសារ​។ ប៉ុន្តែ​តួលេខ​ជាក់ស្ដែង​អាច​ច្រើនជាង​នេះ ព្រោះ​គ្រាន់តែ​ខណ្ឌ​ជ្រោយចង្វា​មួយ មាន​អ្នក​ស្នាក់​នៅ​លើ​ផ្ទៃ​ទឹក​ប្រមាណ​មួយ​ពាន់ (១.០០០) គ្រួសារ​ទៅ​ហើយ។

យោង​តាម​ការ​អះអាង​ក្នុង​លទ្ធផល​ជំរឿន​ឆ្នាំ​២០១៩ របស់​រដ្ឋាភិបាល បង្ហាញថា​ជន​អន្តោ​ប្រវេ​សន្ត​វៀតណាម​នៅ​កម្ពុជា ជិត​ប្រាំបួន​ម៉ឺន​(៨៩.៤៧១) នាក់​បាន​ដាក់​ស្នើសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​។ ក្រសួងមហាផ្ទៃ ក៏បាន​រក​ឃើញ​ឯកសារ​ក្លែងក្លាយ ចំនួន​ជិត​ពីរ​ម៉ឺន​(១៩.៩៦៧)​គ្រួសារ ដែល​ចេញ​ឱ្យ​ជនជាតិ​វៀតណាម​ជិត ៧​ម៉ឺន​នាក់ (៦៩.៧៨៧) កាន់កាប់ និង​ប្រើប្រាស់​។ ឯកសារ​ទាំងនោះ ជា​ប្រភេទ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពលរដ្ឋ​ដូចជា សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។