ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រកាស​​ដាក់​ព្រះកាយ​​ជា​អ្នក​ប្រឆាំង​ក្នុង​បក្ស​ប្រឆាំង

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​សែស្រឡាយ​រាជវង្ស គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រកាស​ដាក់​ព្រះកាយ​របស់​ទ្រង់​ថា ជា​អ្នក​ប្រឆាំង​ក្នុង​បក្ស​ប្រឆាំង​ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រសិនបើ​ព្រះអង្គ​មើល​ឃើញ​ពី​សកម្មភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស​នោះ។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រកាស​នេះ​ឡើយ ដោយ​ចាត់​ទុក​ថា ជា​សិទ្ធិ និង​សេរីភាព​របស់​បុគ្គល​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ។

ការ​ប្រកាស​ពី​ជំហរ​របស់​ព្រះអង្គម្ចាស់ ធម្មិកោ នៅ​ពេល​នេះ ធ្វើ​ឡើង​ជា​ចំហ​នៅ​លើ​បណ្ដាញ​សង្គម​ហេ្វសប៊ុក (Facebook) របស់​ទ្រង់​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។

​ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​បញ្ជាក់​បន្ថែម​ទៅ​លើ​សារ​របស់​ទ្រង់​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក ថា ជា​ការ​បញ្ចេញ​ទស្សនៈ​ឯកជន​របស់​ទ្រង់ ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​បែកបាក់ ឬ​ការ​ហែកហួរ​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ៖
«ខ្ញុំ​ចង់​ឆ្លុះ​បញ្ចាំង​ចំណុច​ខ្សោយ​របស់​យើង ដូច្នេះ​មិនមែន​ជា​ការ​បែកបាក់​ទេ វា​ជា​ទស្សនៈ​មួយ​ដែល​ខ្ញុំ​លើក​ឡើង​ហ្នឹង​យក​ទៅ​គិត​ពិចារណា ដើម្បី​កែ​ទម្រង់»

ចំណុច​ដែល​ចង់​ឲ្យ​មាន​ការ​កែទម្រង់​នោះ ព្រះអង្គ​ម្ចាស់​បង្ហាញ​យ៉ាង​ខ្លី​ថា ការ​សម្រេច​អ្វីៗ ឬ​ចង់​ធ្វើ​អ្វី​មួយ​សូម​អោយ​សម្រេច​ជា​រួម និង​ទទួល​ខុស​ត្រូវ​រួម ដោយ​មិន​ចង់​ឲ្យ​មាន​ការ​ខ្វែងគំនិត​គ្នា​ច្រើន​នៅ​ក្នុង​បក្ស​នោះ​ទេ។

រី​ឯ​នៅ​លើ​ទំព័រ​ហេ្វសប៊ុក ដដែល ទ្រង់​បាន​បង្ហាញ​ទៀត​ថា៖ "គណបក្ស​ប្រជាជន​កម្ពុជា រក​ផ្លូវ​ឈ្នះ​គ្មាន​ទេ ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ដើម្បី​ធ្វើ​អោយ​យើង​ចាញ់ បើសិនជា​យើង​មិន​កែទម្រង់​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ហើយ​យើង​នឹង​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​តែម្ដង"។

ការ​ផ្ញើ​សារ​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅ​ពេល​នេះ នៅ​ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង​ការ​គំរាមកំហែង​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បន្ត​ចាប់​ខ្លួន​បន្ត​ទៀត ចំពោះ​អ្នក​ណា​ហើយ​ហ៊ាន​រិះគន់​ថា ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​នោះ​ជា​ផែនទី​ក្លែងក្លាយ។

នៅ​ត្រង់​ចំណុច​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ហាក់​ចង់​បង្ហាញ​ជំហរ​ឲ្យ​គណបក្ស​ប្រឆាំង ដែល​សមាជិក​របស់​ខ្លួន​កំពុងតែ​ប្រឈម​នឹង​ការ​ចាប់​ចង​នោះ ឲ្យ​មាន​ការ​កែ​ទម្រង់​ផ្ទៃក្នុង​គណបក្ស​ឡើង​វិញ ដើម្បី​រក​វិធី​ទប់ស្កាត់​នឹង​ស្ថានភាព​តឹងតែង និង​គណបក្ស​កាន់​អំណាច​ដែល​បាន​ដំឡើង​សាច់ដុំ​ដាក់​គ្នា​ផ្នែក​នយោបាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជា​សែ​ខាង​រាជា​និយម ហើយ​បាន​ហក់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ កន្លង​មក ប៉ុន្តែ​មណ្ឌល​ព្រះសីហនុ របស់​ព្រះអង្គ​មិន​បាន​ជាប់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ឡើយ។

ទាក់ទង​នឹង​ការ​បង្ហាញ​ជំហរ​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក​មិន​បារម្ភ​ចំពោះ​ការ​ប្រកាស​នេះ​ឡើយ ដោយ​ចាត់​ទុក​ថា ជា​សិទ្ធិ និង​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​តែង​មាន​ការ​សម្ដែង​មតិ​រៀងៗ​ខ្លួន។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ប្រមូល​នូវ​រាល់​មតិ និង​ទស្សនៈ​នានា​ក្នុង​ន័យ​ស្ថាបនា ហើយ​តែងតែ​គោរព​នូវ​មតិ​ភាគ​ច្រើន​ជានិច្ច៖ «គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ឬ​ទស្សនៈ​របស់​ខ្លួន ដើម្បី​ដំណើរការ​គណបក្ស ក៏ប៉ុន្តែ​ការ​បញ្ចេញ​ទស្សនៈ​គឺ​អាស្រ័យ​លើ​មតិ​ភាគ​ច្រើន បើសិនជា​មតិ​ភាគ​ច្រើន​សម្រេច​យ៉ាង​ម៉េច យើង​ត្រូវ​គោរព​តាម​សេចក្ដី​សម្រេច ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មាន​យន្តការ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច»

តែ​ទោះ​យ៉ាង​ណា កន្លង​មក​សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ចូល​ចិត្ត​ទើស​ភ្នែក​ទើស​ត្រចៀក ហើយ​រិះគន់ ឬ​ចង់​ឲ្យ​មាន​ការ​កែទម្រង់​ក្នុង​បក្ស​ញឹកញាប់​នោះ មិន​សូវ​ជា​មាន​វាសនា​ល្អ​ប៉ុន្មាន​ឡើយ ហើយ​មិន​យូរ​មិន​ឆាប់ អ្នក​សកម្ម​ក្នុង​ការ​រិះគន់​ទាំង​នោះ​ត្រូវ​ដើរ​ចេញ​ពី​បក្ស​ដោយ​ខ្លួន​ឯង ហើយ​ក្លាយ​ទៅ​ជា​អ្នក​ប្រឆាំង​ក្រៅ​បក្ស​វិញ​ម្តង ហើយ​ខ្លះ​ទៅ​បើក​គណបក្ស​ថ្មី និង​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម។ ការ​បង្ហាញ​ជំហរ​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចង់​ឲ្យ​គណបក្ស​កែ​ទ្រង់​ផ្ទៃក្នុង​បក្ស​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ​ដោយ​ស្ងៀមស្ងាត់ និង​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​នៅ​ទី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ភ្លាមៗ ដោយ​បាន​កំណត់​នូវ​របៀបវារៈ​ចំនួន​៤ ដើម្បី​ដាក់​ចូល​ក្នុង​ផែនការ​សកម្មភាព​របស់​បក្ស​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ នេះ។ ក្នុង​ចំណោម​របៀបវារៈ​ទាំង​នោះ ក៏​មាន​ការ​រៀបចំ​ពិនិត្យ​រចនាសម្ព័ន្ធ និង​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​ក្រោម​ជាតិ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។