លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដោះ​ស្រាយ​បញ្ហា​ភូមា ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្មាន​ភាព​ជឿនលឿន​ទេ

ដោយ មាន ឫទ្ធិ
2022.08.03
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដោះ​ស្រាយ​បញ្ហា​ភូមា ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្មាន​ភាព​ជឿនលឿន​ទេ លោក ហ៊ុន សែន ជួប​​លោក មីន អ៊ុងលាំង (Min Aung Hlaing) មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា តាម​វីដេអូ កាលពី​ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លើក​ឡើង​ថា ជម្លោះ​នយោបាយ​នៅ​ភូមា (Myanmar) កាន់តែ​ធ្ងន់ធ្ងរ​ហើយ ប៉ុន្តែ ក្នុង​នាម​លោក​ជា​ប្រធាន​អាស៊ាន លោក​មិន​បាន​បង្ហាញ​ចំណាត់​ការ​ណា​មួយ​លើ​របប​យោធា​ភូមា​ឡើយ។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ជំរុញ​ទៅ​ប្រទេស​សមាគម​អាស៊ាន និង​ប្រទេស​ពាក់ព័ន្ធ​គួរ​យក​ឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ដាក់​ចេញ​វិធានការ​តឹងរ៉ឹង លើ​របប​យោធា​ភូមា។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ លើក​ឡើង​ថា អាស៊ាន និង​ភាគី​ពាក់ព័ន្ធ មិន​គួរ​រក្សា​ភាព​ស្ងៀម​ស្ងាត់​លើ​មេ​ដឹកនាំ​របប​យោធា​ភូមា​នោះ​ទេ។ ក្រុម​អ្នក​ឃ្លាំមើល​ថា បើ​អាស៊ាន​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ អាស៊ាន​គួរ​ប្រមូល​មតិ​រួម​មួយ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​ឲ្យ​អន្តរាគមន៍​ករណី​អំពើ​ហិង្សា និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា។

ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា លោក​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​ភូមា គ្មាន​ភាព​ជឿនលឿន​ទេ។ លោក ហ៊ុន សែន បាន​ត្រឹម​អួតអាង​ថា ការ​ដោះ​ស្រាយ កន្លង​មក​ការ​ផ្ដល់​ជំនួយ​មាន​ការ​រីក​ចំរើន។ ទោះ​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា ប្រសិន​បើ​របប​យោធា​ភូមា ប្រហារ​ជីវិត​លើ​សកម្មជន​ប្រជាធិបតេយ្យ​ត​ទៅ​ទៀត លោក​នឹង​បង្ខំ​ចិត្ត​គិតគូរ​ឡើង​វិញ អំពី​តួនាទី​របស់​អាស៊ាន ចំពោះ​កិច្ច​ព្រមព្រៀង ៥ចំណុច​របស់​អាស៊ាន«សភាពការណ៍​នៅ​ពេល​នេះ​ប្រែប្រួល​ខ្លាំង ដែល​អាច​និយាយ​បាន​ថា កាន់តែ​អាក្រក់​ជាង​មុន​ការ​ព្រមព្រៀង​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ទៅ​ទៀត ក្រោយ​ពី​ការ​អនុវត្ត​ទោស​ប្រហារជីវិត​សកម្មជន​បក្សប្រឆាំង៤រូប កម្ពុជា​ក៏​ដូចជា​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​អស់ ខកចិត្ត និង​រន្ធត់​យ៉ាង​ក្រៃលែង ចំពោះ​ការ​ប្រហារ​ជីវិត​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ»

លោក ហ៊ុន សែន លើក​ឡើង​ដូច្នេះ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ថ្ងៃ​ទី៣ ខែសីហា។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ពេល​នេះ​ហាក់​ខុស​គ្នា​ឆ្ងាយ កាល​ពី​លោក​ទើប​ឡើង​អង្គុយ​កៅអី​ប្រធាន​អាស៊ាន​ថ្មីៗ កាល​ពី​ដើម​ឆ្នាំ២០២២។ ពេល​នោះ​លោក ហ៊ុន សែន ប្រកាស​តាំង​ខ្លួន​ថា ជា​អ្នក​ពូកែ​ចរចា​រក​ដំណោះស្រាយ ហើយ​លោក​ថា នឹង​យក​បទ​ពិសោធន៍​ដែល​មាន ដើម្បី​ទៅ​ចរចា​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា របប​យោធា​ភូមា មិន​ដែល​យក​ចិត្ត​ទុក​គោរព​គោលការណ៍​ឯកច្ឆន្ទ ៥ចំណុច របស់​អាស៊ាន ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា​នោះ​ទេ។ លោក​យល់​ថា អាស៊ាន​គួរ​មាន​វិធានការ​មិន​អនុញ្ញាត​ឱ្យ​គ្រប់​រដ្ឋមន្ត្រី​នៃ​របប​យោធា​ភូមា​ចូលរួម​រាល់​កិច្ចប្រជុំ​អាស៊ាន​ឡើយ។ លោក​លើក​ឡើង​ដូច្នេះ ព្រោះ​លោក​សង្កេត​ឃើញ​ថា ការ​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​កាល​ពី​ពេល​ថ្មីៗ នេះ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​របប​សឹក​ភូមា ចូលរួម​ប្រជុំ៖ «ប្រធាន​អាស៊ាន​កម្ពុជា ហ្នឹង​គួរ​តែ​ពង្រីក​វិសាលភាព នៃ​ការ​ជជែក ឬ​ក៏​ចរចា ពី​ភាគី​ពាក់ព័ន្ធ​របស់​ភូមា ឧទាហរណ៍​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា​ហ្នឹង ដែល​ជា​រដ្ឋាភិបាល​ហ្នឹង​គួរ​ចាប់​ផ្ដើម​ជជែក​ខ្លះ​កុំ​ឲ្យ​រដ្ឋាភិបាល​យោធា​ហ្នឹង គិត​ថា ខ្លួន​ឯង​ជា​តំណាង​ភូមា​ផ្ដាច់​មុខ​ពេក អ៊ីចឹង​រដ្ឋាភិបាល​យោធា មិន​ជជែក​រក​វិធីសាស្ត្រ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សន្តិភាព​នៅ​ភូមា​ទេ​បាទ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ថា គួរ​ដល់​ពេល​ប្រធាន​អាស៊ាន និង​ប្រទេស​សមាជិក​អាស៊ាន បង្ហាញ​ចំណាត់​ការ​ណា​មួយ​លើ​មេ​ដឹកនាំ​នៃ​របប​យោធា​ភូមា។ លោក​បន្ត​ថា អាស៊ាន​គួរ​ពិនិត្យ​ឡើង​វិញ​នូវ​គោលការណ៍​ប្រាំ​ចំណុច​របស់​ខ្លួន​ថា របប​យោធា​ភូមា អនុវត្ត​បាន​កម្រិត​ណា។ លោក​យល់​ថា បើ​អាស៊ាន​មិន​អាច​រក​ដំណោះស្រាយ​បញ្ហា​នៅ​ភូមា​បាន​ទេ អាស៊ាន​គួរ​រួម​គ្នា​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ ដោះ​ស្រាយ​ជម្លោះ​នយោបាយ និង​រំលោភ​សិទ្ធិមនុស្ស​នេះ«គួរ​តែ​មាន​វិធានការ​ណា​មួយ ដើម្បី​ជា​ព្រមាន ដើម្បី​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​បែប​ហ្នឹង មាន​ហិង្សា​បែប​ហ្នឹង​សម្លាប់​ជន​ស្លូតត្រង់​បែប​ហ្នឹង អ៊ីចឹង​យើង​គិត​ថា មិន​មាន​វិធានការ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​បែប​កុម្មុយនិស្ត ឬ​ក៏​ផ្ដាច់ការ​ហ្នឹង​ចេះ​តែ​ប្រើ​វិធី​ហ្នឹង​ទៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ ប្រជាពលរដ្ឋ ឬ​អ្នក​នយោបាយ​ជំទាស់​តាម​អំពើ​ចិត្ត​បន្ត​ទៀត​បាន»

ទាក់ទង​ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​នយោបាយ​អន្តរជាតិ​ពេល​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ប្រតិកម្ម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សន្ទរី បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែសីហា។

រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ ៥ចំណុច​របស់​អាស៊ាន រួម​ទាំង​កិច្ច​ខិតខំ​របស់​មេ​ដឹក​នាំ​កម្ពុជា​ផង ដើម្បី​ជួយ​ឱ្យ​ប្រទេស​ភូមា​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ប្រជាធិបតេយ្យ និង​ប្រក្រតី​ភាព​វិញ​នោះ មិន​ទាន់​ទទួល​បាន​ជោគជ័យ​នោះ​ទេ។ ថ្មីៗ នេះ របប​យោធា​ភូមា​ថែម​ទាំង​បាន​ប្រហារ​ជីវិត​អ្នក​ទោស​នយោបាយ​ភូមា​ចំនួន ៤នាក់ ក្នុង​នោះ​ម្នាក់​ជា​អតីត​តំណាង​រាស្ត្រ​របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) និង​សកម្មជនប្រជាធិបតេយ្យល្បីឈ្មោះ៣នាក់ទៀត។ 

ត្រឡប់​មក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ការ​ចាប់​ផ្ដើម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ថ្ងៃ​ទី៣ ខែសីហា ចែក​ចេញ​ជា​ពីរ​ផ្នែក​សំខាន់ៗ ពេល​ព្រឹក​ជា​កិច្ចប្រជុំ​ទូទៅ ចំណែក​ពេល​រសៀល​ជា​កិច្ចប្រជុំ​ចង្អៀត។

អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន លោក គង់ ភោក ឱ្យដឹងថា កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ប្រមុខការទូតទាំងអស់បានឯកភាពគ្នាលើបញ្ហាសំខាន់ៗចំនួន៤។ បញ្ហាទាំងនោះរួមមានដូចជា៖ ការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត (East Timor) ដែលប្រទេសសមាជិកអាស៊ានជំរុញឱ្យលេខាធិការដ្ឋានអាស៊ានពន្លឿនចំពោះការវាយតម្លៃរួម ហើយដាក់ឲ្យក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដើម្បីពិចារណានៅខែវិច្ឆិកា។ បញ្ហាទីពីរ លោក គង់ ភោក អះអាង​ថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ បញ្ហាទីបី គឺការចូលជាសមាជិកសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) លោកថាកិច្ចប្រជុំបានស្វាគមន៍មិត្ត និងប្រទេសដៃគូដទៃទៀតសរុបចំនួន៦ ក្នុងការចូលជាសមាជិកនៃសន្ធិសញ្ញានេះ ដែលក្នុងនោះមានប្រទេសដាណាម៉ាក (Denmark) ក្រិក (Greece) ហូឡង់ ​(The Netherlands)​ អូម៉ង់​ (Oman) រដ្ឋកាតា (Qatar) និងប្រទេសអារ៉ាប់ អេមីរ៉ាត់ រួម (UAE)។ លោកបញ្ជាក់ថា ការចូលជាសមាជិក TAC គឺជាលក្ខខណ្ឌអប្បបរមាដើម្បីក្លាយជាដៃគូរបស់អាស៊ាន។ បើតាមលោក គង់ ភោក បញ្ហាចុងក្រោយដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សា គឺពាក់ព័ន្ធនឹងការផ្តល់ឋានៈដៃគូសន្ទនាតាមវិស័យជាមួយអាស៊ានដល់ប្រទេសអារ៉ាប់ អេមីរ៉ាត់ រួម និងប្រេស៊ីល ជាដើម។ ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានអនុម័តសំណើរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាណាដា (Canada) និងអាស៊ាន សហភាពអឺរ៉ុប (EU) ការពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ ដទៃទៀតដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពឆ្នាំ២០៣០ ផែនទីបង្ហាញផ្លូវបំពេញបន្ថែមរវាងគោលដៅអភិវឌ្ឍន៍ SDG នេះ និងចក្ខុវិស័យអាស៊ាន ការពិនិត្យមើលការឆ្លើយតបចំពោះកូវីដ១៩ ការគ្រប់គ្រងគ្រោះមហន្តរាយ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ក្រៅពីក៏មានកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏មានកិច្ចប្រជុំរដ្ឋមន្ត្រីប្រទេសដៃគូអាស៊ាន ជិត៤០ប្រទេស ក្នុងនោះក៏មានរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាច រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ជាដើម។

សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២ ខែសីហា ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) នឹងលើកពីទំនាក់ទំនងរវាងកម្ពុជា-អាម៉េរិក និងក្របខណ្ឌអាម៉េរិក-អាស៊ាន។ ចំពោះបញ្ហាកម្ពុជា លោក អែនតូនី ប្ល៊ីងខិន ក៏បានលើកឡើង បញ្ហាមូលដ្ឋានកងទ័ពចិននៅកំពង់ផែខេត្តព្រះសីហនុ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
អ្នក​ឃ្លាំមើល​​ថា ​ដំណើរ​​ទស្សនកិច្ច​របស់​​លោក ហ៊ុន សែន​ ទៅ​​គុយបា​ជា​ការ​​ពង្រឹង​​អំណាច​​ផ្តាច់ការ​​ច្រើន​​ជាង​​ផល​ប្រយោជន៍​​ជាតិ​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។