តើមាននីតិវិធីយ៉ាងណាខ្លះដើម្បីធានាថា សន្លឹកឆ្នោតមិនត្រូវបានក្លែងបន្លំក្នុងអំឡុងពេលរាប់សន្លឹកឆ្នោត?
ក្នុងចំណោមដំណាក់កាលផ្សេងៗនៃការរៀបចំការបោះឆ្នោត ការរក្សាសន្លឹកឆ្នោតឲ្យចៀសផុតពីការក្លែងបន្លំតាមរូបភាពណាមួយ ក៏ជាចំណុចដែលអ្នកបោះឆ្នោតគប្បីស្វែងយល់ដែរ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា គ.ជ.ប បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ដំណើរការបោះឆ្នោតដែលកាន់តែខិតជិតចូលមកដល់នេះ។ គ.ជ.ប នឹងប្រើប្រាស់មន្ត្រី បុគ្គលិកសម្រាប់ការិយាល័យបោះឆ្នោតប្រមាណ ១១ម៉ឺននាក់ ហើយមន្ត្រីទាំងនោះ ត្រូវបានបណ្ដុះបណ្ដាលអំពីការងារទាក់ទងនឹងការបោះឆ្នោត ដើម្បីធានាថា ការបោះឆ្នោតនីតិកាលទី៥នេះ នឹងប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ។
លោកបានឲ្យដឹងថា ការដឹកជញ្ជូនសន្លឹកឆ្នោតនឹងធ្វើឡើងដោយមានកម្លាំងការពារដើម្បីរក្សាសន្តិសុខ៖ «ទីមួយ យើងរក្សាសន្តិសុខដោយសុំឲ្យខាងគណៈបញ្ជាការអចិន្ត្រៃយ៍សន្តិសុខបោះឆ្នោត គាត់ដាក់កម្លាំងការពារ។ ឧបមាថា ឡានអ៊ីចឹងទៅ មានឡានស៊ីរ៉ែននៅពីមុខការពារ ហើយការដឹកជញ្ជូនសន្លឹកឆ្នោត គឺយើងការពារសន្តិសុខបែបនេះរហូតដល់ការថែរក្សាទុកនៅនឹងខេត្ត អាចមួយយប់ ឬពីរយប់ ស្អែកឡើងដឹកចេញ មានកម្លាំងសន្តិសុខជួយ ហើយមានភ្នាក់ងារគណបក្សនយោបាយ គាត់អាចតាមទៅមើល។ ការយកទៅចែកតាមឃុំ សង្កាត់ និងរក្សាទុកនៅតាមឃុំ សង្កាត់ ហើយបន្ទាប់មកបានបញ្ជូនទៅការិយាល័យបោះឆ្នោតនៅព្រឹក នៅថ្ងៃបោះឆ្នោតតែម្ដង»។
នៅក្នុងថ្ងៃបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ នឹងត្រូវបានរក្សាសន្តិសុខទាំងបរិវេណខាងក្នុង ទាំងបរិវេណខាងក្រៅ។
មាត្រាទី៩០ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា នៅថ្ងៃបោះឆ្នោត សមាជិកគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវមកដល់ទីតាំងការិយាល័យ ដើម្បីរៀបចំការបោះឆ្នោតមួយម៉ោងយ៉ាងតិច មុនចាប់ផ្ដើមការបោះឆ្នោត។ គណៈកម្មការការិយាល័យបោះឆ្នោត ត្រូវផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍មុននឹងអនុញ្ញាតឲ្យអ្នកទាំងនេះចូលក្នុងការិយាល័យបោះឆ្នោត។
លោក ទេព នីថា បានអះអាងថា ការលួចបន្លំសន្លឹកឆ្នោត មិនអាចកើតមានដោយងាយៗទេ ដោយសារមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់៖ «ពីព្រោះថា ព្រលឹមឡើងសន្លឹកឆ្នោតនៅការិយាល័យណា គឺយើងបង្ហាញនៅហ្នឹង យើងអត់មានយកពីណាមកទៀតទេ។ រាប់សន្លឹកឆ្នោតដែលមិនទាន់បោះហ្នឹង នៅមុខភ្នាក់ងារគណបក្សនៅទីនោះ ភ្នាក់ងារសង្កេតការណ៍នៅទីនោះ យើងរាប់ឲ្យមើលឃើញពីសន្លឹកឆ្នោតប៉ុន្មាននៅទីនោះ ហើយកត់បញ្ចូលក្នុងកំណត់ហេតុមួយ។ បន្ទាប់មកយើងបោះឆ្នោតនៅទីនោះ នៅសល់ប៉ុន្មាន ពេលបិទការិយាល័យបោះឆ្នោត យើងរាប់សន្លឹកឆ្នោតដែលនៅសល់ ហើយបន្ទាប់មក យើងធ្វើកំណត់ហេតុនៅទីនោះ សន្លឹកឆ្នោតដែលនៅសល់ យើងចុះកម្ទេចចោលនៅទីនោះតែម្ដង»។
មាត្រា១០២ នៃច្បាប់ដដែលបានចែងថា "ក្រោយពីការប្រកាសបញ្ចប់ការបោះឆ្នោត គណៈកម្មការការិយាល័យបោះឆ្នោតត្រូវចុះក្នុងកំណត់ហេតុនូវចំនួនអ្នកដែលបានបោះឆ្នោត និងចំនួនសន្លឹកឆ្នោតដែលមិនបានប្រើប្រាស់ ហើយត្រូវរៀបចំដើម្បីរាប់សន្លឹកឆ្នោតនៅនឹងកន្លែងស្របតាមបទបញ្ជា និងនីតិវិធី។ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ព្រមទាំងអ្នកតំណាងគណបក្សនយោបាយនីមួយៗអាចចូលរួមជាសាក្សីក្នុងការរាប់សន្លឹកឆ្នោតនេះ"។ សន្លឹកឆ្នោតបានការ គឺជាសន្លឹកឆ្នោតដែលគូសសញ្ញាគាំទ្រគណបក្សនយោបាយតែមួយគត់។
បន្ទាប់ពីរាប់សន្លឹកឆ្នោតរួចហើយ គណៈកម្មការការិយាល័យបោះឆ្នោតត្រូវធ្វើកំណត់ហេតុអំពីការរាប់សន្លឹកឆ្នោតនេះជាពីរច្បាប់ មួយច្បាប់ផ្ញើជូនគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងមួយច្បាប់ទៀត បិទនៅការិយាល័យបោះឆ្នោត ហើយកំណត់ហេតុស្ដីពីការរាប់សន្លឹកឆ្នោតនេះ ត្រូវចុះហត្ថលេខាដោយប្រធាន និងសមាជិកគណៈកម្មការការិយាល័យបោះឆ្នោត។ ក្រោយមកគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតត្រូវធ្វើកំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់របស់ខ្លួន រួចធ្វើកំណត់ហេតុនេះជាបួនច្បាប់ មួយច្បាប់ផ្ញើជូន គ.ជ.ប. មួយច្បាប់ផ្ញើជូន គ.ខ.ប. មួយច្បាប់បិទផ្សាយនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់ និងមួយច្បាប់ទៀតទុកជាឯកសារ។ គ.ខ.ប. ត្រូវធ្វើកំណត់ហេតុសរុបពីលទ្ធផលនៃការបោះឆ្នោតក្នុងខេត្តក្រុងរបស់ខ្លួន រួចបញ្ជូនទៅគ.ជ.ប។
រាល់បណ្ដឹងតវ៉ាអំពីលទ្ធផលបោះឆ្នោត អាចប្ដឹងបានចាប់តាំងពីនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ហើយក្នុងករណីអ្នកប្ដឹងមិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់គណៈកម្មការឃុំ សង្កាត់ គឺមានសិទ្ធិប្ដឹងតវ៉ាទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ហើយបើនៅតែមិនពេញចិត្តចំពោះសេចក្ដីសម្រេចនោះ អ្នកប្ដឹងអាចបន្តដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
