តុលាការ​ព្រមាន​​លោក​ កឹម សុខា​ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2022.06.29
Share on WhatsApp
Share on WhatsApp
តុលាការ​ព្រមាន​​លោក​ កឹម សុខា​ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ លោក កឹម សុខា ថ្លែង​សារ​នយោបាយ​កាល​ពី​លោក​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ
រូប៖ ហ្វេសប៊ុក លោក កឹម សុខា

តុលាការ​ក្រុង​ភ្នំពេញ​បាន​ព្រមាន​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ជា​ថ្មី មិន​ធ្វើ​សកម្មភាព​នយោបាយ។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើ​ ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា យក​ទៅ​ឃុំ​ខ្លួន​​ដាក់​ពន្ធនាគារ​ឡើងវិញ។ ​ ទោះ​យ៉ាង​ណា​ក្ដី មេធាវី​ការពារ​ក្ដី​លោក កឹម សុខា រិះគន់​ថា ពាក្យ​ថា ធ្វើ​សកម្មភាព​នយោបាយ​ពិបាក​ក្នុង​ការ​កំណត់​និយមន័យ​ណាស់ ហើយ​ក៏​គ្មាន​ច្បាប់​ចែង​ឲ្យ​ជាក់លាក់​នោះ​ដែរ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ ក្រោយ​ចប់​សវនាការ​កាល​ពី​ម៉ោង​ជិត ២រសៀល​ថ្ងៃ​ទី២៩ ខែ​មិថុនា។ ទោះ​លោក​ កឹម សុខា មិន​ត្រូវបាន​តុលាការ បញ្ជូន​ទៅ​ឃុំ​ខ្លួន​តាម​សំណើ​តំណាង​អយ្យការ​ក្ដី ប៉ុន្តែ ក្រុម​មេធាវី​រំពឹង​ថា កូនក្ដី​របស់​ខ្លួន​នឹង​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន​ និង​បន្ថយ​សកម្មភាព​របស់​ខ្លួន​ខ្លះ ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត​ពី​តំណាង​អយ្យការ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ម្នាក់​គឺ​លោក ផែង ហេង ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ទោះ​ក្រុម​មេធាវី​មិន​ពេញ​ការ​ព្រមាន​នេះ ប៉ុន្តែ មេធាវី និង​កូន​ក្ដី​ត្រូវ​តែ​គោរព​ការ​សម្រេច​របស់​តុលាការ។ លោក​ដឹង​ទៀត​ថា​ ករណី​ដែល​តំណាង​អយ្យការ​ស្នើ​ ទៅ​តុលាការ​ឲ្យ​ឃុំ​ខ្លួន​ លោក​ កឹម សុខា​ពេល​នេះ​ព្រោះ​​​​​តំណាង​អយ្យការ​ទទួល​បាន​របាយការណ៍​ពី​សមត្ថកិច្ច រួម​មាន​រូប​ថត​ និង​ខ្សែអាត់​សំឡេង​របស់​លោក កឹម សុខា ដែល​បាន​ចុះ​ជួប​អ្នក​គាំទ្រ​ខ្លួន​នៅ​ខេត្ត​សៀមរាប​នា​ពេល​ថ្មីៗនេះ។ តំណាង​អយ្យការ​ចោទ​ប្រកាន់​ថា សកម្មភាព​ទាំង​នោះ​ជា​ការ​បំពាន​បម្រាមតុលាការ។​ ទោះ​យ៉ាង​ណា​ក្ដី ក្រុម​មេធាវី​លើក​ឡើង​ថា ការ​ធ្វើ​បុណ្យ ចូលរួម​ពិធី​មង្គលការ ហូប​បាយ​ជុំ​គ្នា​របស់​លោក កឹម សុខា ជាមួយ​ពលរដ្ឋ មិនមែន​ជា​សកម្មភាព​នយោបាយ៖ «អត់​មាន​សទ្ទានុក្រម​នយោបាយ ដែល​ពន្យល់​អំពី​ម៉េច​ទៅ​ហៅ​ថា សកម្មភាព​នយោបាយ ហើយ​យើង​មាន​តែ​ច្បាប់​ពិសេស​មួយ​គឺ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​ច្បាប់​គណបក្ស​នយោបាយ​នោះ ការ​ធ្វើ​សកម្មភាព​នយោបាយ​បាន​ទាល់តែ​ចុះ​បញ្ជី​គណបក្ស​នយោបាយ ទាល់តែ​រចនាសម្ពន្ធ ដែល​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​នៅ​ក្នុង​ច្បាប់​នយោបាយ​ហ្នឹង ដូច្នេះ​ហើយ​ក្នុង​ការ​យល់​ឃើញ​តំណាង​អយ្យការ គាត់​យល់​ឃើញ​ថា អា​ហ្នឹង ប៉ុន្តែ​មេធាវី​យល់​ថា មិន​មែន​ជា​សកម្មភាព​នយោបាយ​ទេ»

សវនាការ​ជុំ​លើក​ទី៤៦ នៃ​ដេញដោល​នៃ​សំណុំរឿង​ក្បត់​ជាតិ​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា លើក​នេះ​មិន​បាន​ជជែក​ទាក់ទង​បទ​ចោទ​ទេ ដោយសារ​តំណាង​អយ្យការ ​បាន​លើក​យក​សកម្មភាព​របស់​លោក កឹម សុខា កាល​ពី​មួយ​សប្ដាហ៍​មុន​មក​ជជែក​ដេញដោល​ចោទ​ប្រកាន់។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ លោក យី សុខសាន្ត ដែល​តាម​ដាន​សវនាការ​នេះ​សង្កេត​ឃើញ​ថា ការ​ចោទ​ប្រកាន់​ថា​ លោក កឹម សុខា បំពាន​បម្រាម​តុលាការ គឺ​តំណាង​អយ្យការ​មិន​បាន​ផ្ដល់​ដំណឹង​ជា​មុន​នោះ​ទេ​ ដែល​ធ្វើ​ឲ្យ​ក្រុម​មេធាវី​លោក​ កឹម​ សុខា​ គ្មាន​ពេល​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅ​តែ​លើក​ឡើង​ដដែលៗ ថា សំណុំរឿង​នេះ​ជា​រឿង​នយោបាយ មិន​គួរ​យក​តុលាការ​មក​ប្រឡូកប្រឡាក់​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​របស់​តុលាការ​។​ លោក​ជំរុញ​ទៅ​ភាគី​ជម្លោះ​គួរ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​វិញ«គ្រាន់តែ​យក​រូប​ហ្នឹង ហើយ​មក​កាត់​ទោស​គាត់ លោក កឹម សុខា ជា​រឿង​អយុត្តិធម៌​ណាស់​ទាល់តែ​មាន​ភស្តុតាង​អ្វី​ថា គាត់​ធ្វើ​សកម្មភាព​នយោបាយ​ ចំណុច​នេះ​ខ្ញុំ​ស្នើសុំ​ដ៏​ទទូច​ទៅ​រាជ​រដ្ឋាភិបាល ក៏​ដូច​តុលាការ​ផង​ដែរ គួរ​តែ​បែងចែក​ឲ្យ​ដាច់​ពី​រឿង​នយោបាយ ហើយ​ពី​រឿង​ខុស​ច្បាប់»

ឆ្លើយ​តប​ករណី​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ នៅ​តែ​ថ្លែង​ដដែល​ថា នេះ​ជា​កិច្ច​របស់​តុលាការ។ ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​តាម​ការ​ចរចា​ផ្នែក​នយោបាយ លោក​ថា លោក​មិន​ដឹង​ថា នឹង​មាន​ការ​ចរចា​ណា​មួយ​អាច​កើត​ឡើង​នៅ​ឡើយ​ទេ៖ «អ្នក​សារព័ត៌មាន​សួរ​អ៊ីចឹង ហើយ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ បើ​ខ្ញុំ​អត់​ដឹង​ឲ្យ​ឆ្លើយ​ម៉េច? ប្ដី​ប្រពន្ធ​គ្នា ចេះ​ថា ប្រហែល​អ៊ីចេះ​ប្រហែល​អ៊ីចុះ សង្សារ​គ្នា​អាច​និយាយ​ថា ប្រហែល​អ៊ីចេះ​ប្រហែល​អ៊ីចុះ»

តុលាការ​ព្រមាន​លោក កឹម សុខា ពេល​នេះ គឺ​ក្រោយ​ពេល​មាន​សារ​សំឡេង​បែក​ធ្លាយ​របស់​លោក​ កឹម សុខា ជាង ៤០នាទី ដែល​ទំនង​ជា​ការ​ថ្លែង​របស់​លោក​ពេល​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី១៨ ខែ​មិថុនា​កន្លង​ទៅ។

ក្នុងសំឡេងនោះលោក​ កឹម សុខា​ បាន​និយាយ​​ទាក់ទង​បញ្ហា​នយោបាយ​មួយ​ចំនួន។ មេបក្ស​ប្រឆាំង​រូប​នេះ​លើក​ឡើង​ថា គេ​មិន​ឲ្យ​លោក​ធ្វើ​នយោបាយ ព្រោះ​ខ្លាច​ចាញ់​ឆ្នោត។ មេ​បក្ស​ប្រឆាំង​រូប​នេះ​ ក៏​ឆ្លៀត​ឌឺដង​ទៅ​អតីត​មនុស្ស​ជំនិត​របស់​ពីរ​រូប គឺ​លោក ប៉ុល ហំម និង​លោក លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ចាកចេញ​ពី​លោក​ទៅ​បង្កើត​បក្ស​ថ្មី​កំពុង​ធ្វើ​មុខ​ស្វា​ក្រោយ​មិន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ។ លោក​អះអាង​ជា​ថ្មី​អំពី​ការ​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​លោក សម រង្ស៊ី ផង​ដែរ។

ទោះ​យ៉ាង​ណា​ក្ដី លោក​មេធាវី ផែង ហេង ចង់​ឃើញ​ពាក្យ​ថា ធ្វើ​សកម្មភាព​នយោបាយ​មាន​ចែង​ក្នុង​ច្បាប់​ត្រឹមត្រូវ។

លោក កឹម សុខា កំពុង​ជាប់​បទ​ចោទ​ពី​រដ្ឋាភិបាល ក្នុង​សំណុំរឿង​ក្បត់ជាតិ ឬ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ត្រូវ​បាន​តុលាការ​ហាម​ឃាត់​លោក​មិនឲ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​មិនឲ្យចេញ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដោះ​ស្រាយ​បញ្ហា​ភូមា ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្មាន​ភាព​ជឿនលឿន​ទេ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល