ពលរដ្ឋ សង្គម​ស៊ីវិល​ទាមទារ​អនុវត្ត​ច្បាប់​លើ​សមាជិក​ព្រឹទ្ធសភា​រឿង​ទន្ទ្រាន​ដី​ព្រៃ​នៅ​មណ្ឌលគិរី

ដោយ ហេង រស្មី
2020-10-09
Share
ណន ស្រូន ៩២២ សមាជិក​ព្រឹទ្ធសភាខាង​គណបក្សប្រជាជន​កម្ពុជា លោក ណយ ស្រូន ដែលពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ ខេត្ត​មណ្ឌលគិរី។
Photo courtesy of CPP's website

ជនជាតិ​ដើម​ភាគតិច​ព្នង និង​មន្ត្រី​សង្គម​ស៊ីវិល សំដែង​ការ​ខកចិត្ត​ចំពោះ​ស្ថាប័ន​ព្រឹទ្ធសភា ដែល​មិន​ព្រម​ប្រគល់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់អំណាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ ការទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់ ជាង ៥​រយ​ហិកតារ​(៥៣១) ក្នុង​ខេត្ត​មណ្ឌលគិរី ឲ្យ​តុលាការ​ផ្ដន្ទាទោស។ ពួកគេ​ប្រតិកម្ម​ថា ករណី​នេះ​ជា​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​នឹង​ច្បាប់​រដ្ឋ មិន​ត្រូវ​អនុគ្រោះ​ត្រឹមតែ​សុំទោស​នោះ​ទេ។ជនជាតិ​ដើម​ភាគតិច និង​មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ការ​សារភាព​កំហុស របស់​សមាជិក​ព្រឹទ្ធសភា បក្ស​ប្រជាជន​កម្ពុជា លោក ណយ ស្រូន គឺជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ដាច់ខាត​។ ពួកគេ​ថា ប្រសិនបើ​សមត្ថកិច្ច និង​ស្ថាប័ន​អយ្យការ​ខេត្ត​នេះ មិន​ដោះស្រាយ​សំណុំរឿង ដោយ​យុត្តិធម៌​នោះ​ទេ វា​បញ្ជាក់​ថា ពួកគេ​កំពុង​អនុវត្ត​ស្តង់ដារ​ពីរ។

ជនជាតិដើ​ម​ភាគតិច​រស់នៅ​ស្រុក​ពេជ្រ​ដា លោក ក្លាន ថូល ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី៨ តុលា ថា ដី​ព្រៃ​ដែល​លោក ណយ ស្រូន ច្បាម​យក​ជា​កម្មសិទ្ធិ ជា​តំបន់​ការពារ​ធម្មជាតិ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ដែល​ជនជាតិ​ដើម​ភាគតិច​ធ្វើ​ចម្ការ​វិល​ជុំ និង​អាស្រ័យ​ផល​បែប​ប្រពៃណី​។ លោក​យល់​ថា កំហុស​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ មិន​អាច​បញ្ចប់​ត្រឹម​សុំទោស​នោះ​ទេ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដើម្បី​ព្រមាន​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​៖ «មនុស្ស​ខូច​ប៉ុណ្ណឹង​ហើយ រដ្ឋាភិបាល​លើកលែង​ទៀត​អ៊ីចឹង អ្នកខ្លះ​មានចិត្ត​អ៊ីចឹង​ទៀត ហើយ​ថ្ងៃក្រោយ​នៅតែ​ដដែល​។ ម្តង​គេ​លើកលែង ថ្ងៃក្រោយ​ទៀត​គេ​លើកលែង​ទៀតហើយ បើ​គំនិត​ខ្ញុំ​បើ​ខុស​ហើយ មិន​ឱ្យ​គាត់​កែ​ទៀត​ទេ»

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ អះអាង​ថា ពួកគេ​កំពុង​តាមដាន​រឿង​នេះ ដោយ​យកចិត្តទុកដាក់ ប្រសិន​សមត្ថកិច្ច និង​តំណាង​អយ្យការ មិន​ស៊ើបអង្កេត​ករណី​នេះ ឱ្យ​គ្រប់​ជ្រុងជ្រោយ​ទេ ព្រៃ​អភិរក្ស​នៅតែ​រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​។ លោកស្រី​ចង់​ឃើញ សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដោយ​ស្មើភាព​គ្នា មិន​ត្រូវ​អនុវត្ត​ចំពោះតែ​ពលរដ្ឋ​តូចតាច ហើយ​អ្នក​មាន​អំណាច​ត្រូវ​រួចខ្លួន​នោះ​ទេ៖ «រើសអើង​ពេល​ដែល​អ្នក​តូច​ធ្វើ​បទល្មើស​បែរជា​ជាប់ទោស តែមួយ​ហិកតារ ពីរ​ហិកតារ​។ គាត់​អត់​បាន​លក់​ទេ គាត់​គ្រាន់តែ​កាត់​ចម្ការ​របស់​គាត់​។ ខ្ញុំ​គិត​ថា តុលាការ​គួរតែ​មើល​រឿង​ហ្នឹង​ឱ្យ​ច្បាស់លាស់ មិន​អាច​ទេ ដោយសារ​ច្បាប់​ចែង​ហើយ តែ​មិន​អនុវត្ត​ច្បាប់ អាហ្នឹង​ជា​ប្រទេស​មួយ​ម៉េច?»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សមាជិក​ព្រឹទ្ធសភា លោក ណ​យ ស្រូ​ន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​កូនប្រុស​របស់​លោក បាន​លើក​ទូរ​សព្ទ​ជំនួស​លោក ហើយ​ឆ្លើយ​ថា ឪពុក​របស់​លោក កំពុង​ជាប់រវល់។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​អនុប្រធាន​ព្រឹទ្ធសភា ២​រូប​ទៀត បាន​ណែនាំ​សមាជិក​ព្រឹទ្ធសភា លោក ណយ ស្រូន ឱ្យ​ឈប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទៅទៀត តាម​សំណើ​របស់​លោក ស ខេង​។ សមាជិក​ព្រឹទ្ធសភា លោក ណយ ស្រូន បាន​សារភាព​ទទួល​កំហុស និង​សន្យា​ថា ឈប់​ពាក់ព័ន្ធ​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ​ទំហំ​ជាង​៥ រយ​ហិកតារ (៥៣១) ក្នុង​ខេត្ត​មណ្ឌលគិរី។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា លោក ម៉ម ប៊ុននាង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៧ តុលា ថា ក្រោយពី​ព្រឹទ្ធសភា​បាន​អប់រំ​ណែនាំ លោក ណយ ស្រូ​ន រួចហើយ នឹង​បើកផ្លូវ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​ច្បាស់លាស់​។ លោក​បញ្ជាក់​ថា បើ​រក​ឃើញ​ថា គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង កាប់​រាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់ លោក​នឹង​ស្នើ​ទៅ​ព្រឹទ្ធសភា ពិចារណា​ក្នុង​ការ​ដក​អភ័យឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​។ លោក​បញ្ជាក់​ទៀត​ថា យន្តការ​អប់រំ​ណែនាំ​នេះ​មិនមែន​រារាំង ការស៊ើបអង្កេត​របស់​ស្ថាប័ន​អយ្យការ និង​សមត្ថកិច្ច​នោះ​ទេ​៖ «ដាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​បើ​ពិនិត្យ​ឃើញ​ទៅ​ថា គាត់​មាន​បទល្មើស​ជាក់ស្ដែង​ក្នុង​ការ រាន​ដី​រដ្ឋ ឬ​គ្រប់គ្រង​ដោយ​ខុសច្បាប់ នោះ​គឺ​យើង​នឹង​មាន​ការ​ស្នើសុំ​មក​អង្គ​ព្រឹទ្ធសភា​ឡើងវិញ​ហើយ ថា​គាត់​មាន​ទោស​ទណ្ឌ​កម្រិត​ណា​។ អ៊ីចឹង​គឺ​យើង មិន​រារាំង​ការស៊ើបអង្កេត​ចំពោះ​ច្បាប់​ទេ»

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ហ៊ូ សា​គុណ ដែល​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី បាន​នៅឡើយ​ទេ ព្រោះ​ទូរសព្ទ​លោក​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី៨ តុលា​។ ចំណែក​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ។

ទោះ​យ៉ាងណា អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត មាន​យោបល់​ថា សំណុំ​រឿង​​នេះ ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ដែល​ព្រះរាជអាជ្ញា​ត្រូវ​ធ្វើ​ការចោទប្រកាន់ មិនមែន​ត្រឹម​សុំទោស​ហើយ​រួចខ្លួន​ទេ ៖ «តាម​ផ្លូវ​ច្បាប់​មិន​អាច​រួច តាម​ការណែនាំ​តាម​វិធានការ​រដ្ឋបាល​អ៊ីចឹង​ទេ បើសិនជា​រំលោភ​ដី​រដ្ឋ​មែន ត្រូវ​អនុវត្ត​ច្បាប់​ភូមិបាល ឬមួយ​ក៏​ព្រហ្មទណ្ឌ ត្រូវ​ជាប់ទោស មាន​ការ​ដាក់​ទោស​ទណ្ឌ​ដូចគ្នា​។ វា​មាន​ភាពស្មើគ្នា​ទាំងអស់​គ្នា មិន​ថា​អ្នកមាន​អ្នកក្រ ឬ​ជាតិ​សាសន៍​ណា ថ្នាក់​ណា​ក៏​ដោយ​។ អា​ហ្នឹង​បាន​ថា នីតិរដ្ឋ បើ​អ៊ីចឹង​យើង​ថា នីតិរដ្ឋ​តែ​មាត់​អ៊ីចឹង»

ជាមួយគ្នា​ដែរ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណា​រ៍ ថ្លែង​ថា ប្រសិនបើ​សមត្ថកិច្ច​មិន​ស្រាវជ្រាវ​រឿង​នេះ​ឱ្យ​ច្បាស់លាស់​ទេ វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ បាន​រុញ ឱ្យ​ការអនុវត្ត​ច្បាប់​កាន់តែ​គ្មាន​ប្រសិទ្ធភាព​។ លោក​ថា សមត្ថកិច្ច និង​ស្ថាប័ន​អយ្យការ ត្រូវ​ផ្ដល់​យុត្តិធម៌​ករណី នេះ ដើម្បី​បញ្ជាក់​ពី​ការអនុវត្ត​ច្បាប់ ដោយ​ស្មើភាព​គ្នា ដើម្បី​ពង្រឹង​នីតិរដ្ឋ​៖ «បើ​នរណា​ប្រព្រឹត្ត​ល្អ មើស​ត្រូវតែ​ទទួលទោស មិន​ថា​អ្នកនោះ​ធំ​ប៉ុណ្ណា​ឬ​មួយ​ក៏ ខ្សោយ​ប៉ុណ្ណា​ទេ គឺ​ស្មើភាព​គ្នា ហើយ ចំណុច​នេះ អ្នកដឹកនាំ​រដ្ឋ​យើង​តែងតែ​និយាយ​ជាប្រចាំ យើង​សូម​ទាមទារ​សូម​ឱ្យ​មាន​ការ​អនុវត្ត»

រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ កាប់​រុករាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់​នៅ​ខេត្ត​មណ្ឌលគិរី ដោយ​រក​ឃើញ​ថា មាន​មន្ត្រីរាជការ អភិបាលស្រុក និង​មន្ត្រី​យោធា សរុប​ជិត ២០​នាក់ មាន​ជាប់​ពាក់ព័ន្ធ​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់​។ រីឯ​តុលាការ​ខេត្ត​មណ្ឌលគិរី បាន​សម្រេច​ឃុំខ្លួន​មនុស្ស ៤​នាក់ ភាគច្រើន​ជា​មន្ត្រីរាជការ មាន​ពាក់ព័ន្ធ​សំណុំរឿង​ដូចគ្នា​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។