លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​បង្កើន​សំពាធ​បង្ខំ​របប​ក្រុង​ភ្នំពេញ​ចរចា​ពេល​លោក​វិល​ចូល​កម្ពុជា

0:00 / 0:00

របប​ក្រុងភ្នំពេញ​នៅតែ​ប្រកាស​ចាប់​ខ្លួន មេ​បក្ស​ដឹកនាំ​បក្ស​ប្រឆាំង លោក លោក សម រង្ស៊ី បើ​សិន​ហ៊ាន​វិល​ចូល​ស្រុក​វិញ​មែន​នោះ ព្រមទាំង​ប្រកាសប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ធ្វើ​សកម្ម​អ្វី​ពាក់ព័ន្ធ​នឹង​បក្ស​ប្រឆាំង ដូចជា​នាំគ្នា​ទៅ​ទទួល លោក សម រង្ស៊ី ជាដើម ដែល​ជា​រឿង​នាំ​ទុក្ខ​ដល់​ខ្លួន​។ តែ​ទោះ​យ៉ាងណា លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា លោក​មានបំណង​ចង់​ចរចា ជាមួយ​របប​ក្រុងភ្នំពេញ នៅ​ពេល​លោក​វិល​ត្រលប់​ចូល​កម្ពុជា នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។

អ្នកគាំទ្រ​បក្ស​ប្រឆាំង និង​អ្នកវិភាគ​សង្គម នៅតែ​ជំរុញ​ឱ្យ​គ្រប់​ភាគី​អ្នកនយោបាយ​ខ្មែរ ថែរក្សា​វប្បធម៌​ជជែក​គ្នា ដោយ​សន្តិវិធី​ដើម្បី​ផលប្រយោជន៍​ជាតិ។

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៧ មិថុនា នៅ​ខេត្ត​បាត់ដំបង ថា លោក សម រង្ស៊ី អាច​វិល​ចូល​កម្ពុជា​វិញ​បាន​គ្រប់​ពេល ហើយ​អាជ្ញាធរ​កម្ពុជា នឹង​ចាប់ខ្លួន លោក សម រង្ស៊ី ភ្លាម បើ​ត្រលប់​មកដល់​កម្ពុជា ព្រោះ​សំអាង​លើ​ហេតុផល​មាន​ដីកា​តុលាការ​បង្គាប់​ឱ្យ​ចាប់ខ្លួន។

លោក ស ខេង ថែម​ទាំង​ផ្ដាំ​ឱ្យ​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង និង​ជា​សមាជិក​បក្ស​កាន់អំណាច ពន្យល់​ពលរដ្ឋ​កុំ​ឱ្យ​ទៅ​ទទួល លោក សម រង្ស៊ី ពេល​វិល​ចូល​កម្ពុជា ដោយសារ លោក សម រង្ស៊ី ធ្វើ​នយោបាយ​បោកប្រាស់​ពលរដ្ឋ៖ «ពី​ម្សិលមិញ ម្សិលម្ង៉ៃ ប្រកាស​ថា នឹង​ចូល​ស្រុក ចូល​អ្វី ខ្ញុំ​ថា អើ ចុះ​មាន​ពី​ណា​ហាមឃាត់​។ បើ​ថា​ចូល​មក ក៏​ចូល​មក ចុះ​ពី​ណា​ហាមឃាត់​។ គ្រាន់​ថា បើសិន​ណា ជា​អ្នកណា មាន​ដីកា មាន​អ្វី អា​ណុង រឿង​អនុវត្ត​តាម​ហ្នឹង​ទៀត។ ចាំបាច់​សុំ​អ្វី សុំច្បាប់​ចូល​ស្រុក​ស្អី បើ​គាត់​ជា​ខ្មែរ ចាំបាច់​សុំ​ស្អី ចូល​មក អាហ្នឹង​រឿង​របស់​គាត់»។

លោក សម រង្ស៊ី ប្រកាស​ថា នៅតែ​មាន​គម្រោង​វិល​ចូល​ស្រុក​វិញ​ដដែល និង​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​ដដែល គឺ​មិន​ចាត់​ទុក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ ហើយ​មានបំណង​ចង់​ចរចា ដើម្បី​បញ្ចៀស​បញ្ហា​ជាប់​គាំង​នយោបាយ។

លោក សម រង្ស៊ី ថា គឺ លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​បិទ​ផ្លូវ​ចរចា គឺ​បង្កើត​ឱ្យ​មាន​បញ្ហា ធ្វើ​ឱ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ មាន​កំហឹង ព្រោះតែ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ថែរក្សា​អំណាច​ក្រុម​គ្រួសារ និង​បក្ខពួក ដែល​លោក សម រង្ស៊ី ហៅថា ជា​ការ​បន្ត​អំណាច​ផ្ដាច់ការ។

លោក សម រង្ស៊ី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃទី២៨ មិថុនា ថា គម្រោង​វិល​ត្រលប់​ចូល​កម្ពុជា នៅ​ឆ្នាំ​២០១៩ លោក​នៅ​តែ​មាន​បំណង​ចង់​ចរចា​ជាមួយ​របប​ក្រុងភ្នំពេញ ហើយ​លោក​អំពាវនាវ​ឱ្យ​បង្កើន​ការ​ដាក់​សំពាធ លើ​របប​ក្រុងភ្នំពេញ គ្រប់​វិធីសាស្ត្រ ដើម្បី​បង្ខំ​ឱ្យ​លោក ហ៊ុន សែន ងាក​មក​រក​ការចរចា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ៖ «គ្រប់​វិធី​ទាំងអស់ ចរចា​ក៏​មាន​។ ប៉ុន្តែ​បើ​ចរចា​មិនទាន់​ធ្វើ​ហើយ​ទេ ត្រូវ​រក​វិធី​ដាក់​សំពាធ​លើ ហ៊ុន សែន​។ ហ៊ុន សែន គាត់​ច្បាស់​ជា​មិន​ព្រម ចរចា​ជាមួយ​យើង​ទទេៗ​ទេ ទាល់​តែ​មាន​សំពាធ។ ទាល់តែ​គេ​បង្ខំ​គាត់ និយាយ​ឱ្យ​ចំ​ទៅ គឺ​យើង​ត្រូវតែ​រក​កម្លាំង ពី​ក្នុងស្រុក​ផង ពី​ក្រៅ​ស្រុក​ផង គួបផ្សំ​គ្នា បាន​មានការ​ផ្លាស់ប្ដូរ​។ តែ​យើង​កុំ​ទៅ​ឱ្យ​តម្លៃ​ទៅ ហ៊ុន សែន គាត់​ថា គាត់​មិន​ព្រម​ចុះចាញ់​ដាច់ខាត មិន​ព្រម​ចុះចេញ​ដាច់ខាត​។ យើង​មើល​ជន​ផ្ដាច់ការ​ណា​ក៏​ដោយ និយាយ​ភាសា​ដូចគ្នា​អ៊ីចឹង​។ តែ​ទី​បញ្ចប់​វា​មាន​បញ្ចប់​របស់​វា គឺ​និយាយ​ថា ចុះចេញ​ថ្ងៃ​ណា បើ​ចុះចេញ​ស្រួលៗ អាហ្នឹង​យើង​បើកផ្លូវ​ឱ្យ​ចេញ​ស្រួលៗ តែ​បើ​នៅ​រឹងទទឹង អាហ្នឹង​វាសនា​របស់​គាត់ គាត់​ជា​អ្នកទទួល​ខ្លួនឯង​ហើយ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានទេ នៅ​ថ្ងៃទី២៩ មិថុនា ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។

ចំណែក លោក ហ៊ុន សែន ប្រកាស​ច្រើន​លើក​ច្រើន​សា​ហើយ ថា លោក​មិន​ចរចា ជាមួយ លោក សម រង្ស៊ី ដាច់ខាត​។ លោក ហ៊ុន សែន បាន​បង្គាប់​ឱ្យ​មន្ត្រី​ក្រោម​របប​លោក ឈប់​និយាយ ឬ​រំលឹក​ពី​ឈ្មោះ លោក សម រង្ស៊ី ដើម្បី​បង្ការ​កុំ​ឱ្យ​កើតមាន​ការ​ចរចា​នយោបាយ​ណាមួយ មាន​វត្តមាន​លោក សម រង្ស៊ី ចូលរួម​។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ប្ដេជ្ញា ២​ដង ថា​កាត់​ដៃ​ចោល បើ​លោក​បញ្ជា ឬ​ចុះ​ហត្ថលេខា ស្នើសុំ​ឱ្យ​មានការ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី៖ «ខ្ញុំ​ប្រកាស​បើ​ខ្ញុំ​ឱ្យ​ចុះ​ហត្ថលេខា លើកលែងទោស​ឱ្យ​អ្នកណា ខ្ញុំ​នឹង​កាត់​ដៃ​ស្ដាំ​ខ្ញុំ​គ្រវាត់​ចោល​តែម្ដង»។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែ​ត ជឿថា លោក សម រង្ស៊ី ពិតជា​ចង់​បង្ហាញ​ឆន្ទៈ​ចង់​ចរចា និង​គ្មាន​បំណង​គុំកួន លោក ហ៊ុន សែន នៅ​ពេល​លោក វិល​ចូល​កម្ពុជា​ប្រាកដ​មែន បើ​ទោះ​ជា​កន្លងមក លោក ហ៊ុន សែន ធ្លាប់​ត្មះតិះដៀល ប្រមាថ ដល់​ឪពុក ជីតា របស់ លោក សម រង្ស៊ី និង​ធ្វើបាប​គណបក្សប្រឆាំង​ធ្ងន់ធ្ងរ​ក៏ដោយ​។ លោក បុង ដែត យល់ថា ជា​ការ​ល្អ បើ​របប​ក្រុងភ្នំពេញ ក្លាហាន​ចរចា ជាមួយ លោក សម រង្ស៊ី។ ទោះយ៉ាងណា លោក បុង ដែត យល់​ថា របប​ក្រុងភ្នំពេញ នឹង​មិន​ព្រម​ចរចា ជាមួយ លោក សម រង្ស៊ី ទេ បើ​ទោះ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​ក៏ដោយ​។ អ្នកវិភាគ​រូប​នេះ ថា របប​ក្រុងភ្នំពេញ អាច​ត្រូវ​បង្ខំចិត្ត​ចរចា នៅ​ថ្ងៃ​ណាមួយ ប្រសិនបើ​របប​នេះ មិន​អាច​ទប់ទល់​សំពាធ​ធ្ងន់​ពី​អន្តរជាតិ និង​កំហឹង​ក្នុង​ចិត្ត​ពលរដ្ឋ​បាន៖ «ជំហរ​របស់​លោក សម រង្ស៊ី វា​អាច​មាន​លទ្ធផល​ខ្លះៗ។ អ៊ីចឹង​ណា លទ្ធផល​២​យ៉ាងដូច​ខ្ញុំ​និយាយ​ហើយ​។ លទ្ធផល​ទី​១ ទាក់ទង​នឹង​ជំហរ​អន្តរជាតិ​។ ជំហរ​អន្តរជាតិ គឺ​ដូចជា​ការ​ដាក់​គំនាប ទាក់ទង​នឹង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ជាដើម​។ ចំណុច​ទី​២ គឺ​ជំហរ​របស់​ប្រជាពលរដ្ឋ គឺ​អ្នក​ដែល​គាំទ្រ​និន្នាការ​ប្រឆាំង​ហ្នឹង ដែល​រស់នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​មាន​ការ​ប្រឆាំង​នឹង​ការដឹកនាំ​។ ខ្ញុំ​ឃើញ​ជំហរ​២​ហ្នឹង អ៊ីចឹង​ណា»។

ចំណែក​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម លោក ឋាន សុរិទ្ធិ យល់ថា លោក សម រង្ស៊ី នៅតែ​មិន​ចង់​ប្រើ​ឥទ្ធិពល សំពាធ​អន្តរជាតិ និង​កំហឹង​ពលរដ្ឋ ទើប​ចង់​ចរចា នៅ​ពេល​លោក​វិល​ចូល​កម្ពុជា​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ព្រមាន​ថា រដ្ឋាភិបាល ជា​អ្នកទទួលខុសត្រូវ ចំពោះ​ពលរដ្ឋ និង​ប្រវត្តិសាស្ត្រ បើ​នៅតែ​ព្រងើយកន្តើយ មិន​ព្រម​ចរចា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ទៀត៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​ខ្ញុំ​គាំទ្រ​១០០ %​ តែម្ដង​។ ជំហាន​ដំបូង​គឺ​ត្រូវ​ចរចា​គ្នា​សិន​។ តែ​បើ​មិន​មាន​ការចរចា​ទេ មាន​ន័យ​ថា បក្ស​កាន់អំណាច​គឺជា​អ្នកទទួលខុសត្រូវ​ខ្លួនឯង​ទាំងស្រុង​ហើយ​។ អ៊ីចឹង​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ គាត់​ងើប​តស៊ូ​មតិ ដោយ​សន្តិវិធី ចូលរួម​បាតុកម្ម​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី គឺជា​រឿង​មួយ មិនមែន​ជា​ការខុសឆ្គង​ទេ ដោយសារតែ​ជំហាន​នៃ​ការចរចា គាត់​អត់​ព្រម​ចរចា»។

លោក សម រង្ស៊ី អះអាង​ថា លោក​នៅតែ​ផ្ដល់​ឱកាស​ឱ្យ លោក ហ៊ុន សែន ងាក​មក​គន្លង​ប្រជាធិបតេយ្យ​វិញ ខណៈ លោក​កំពុង​កៀរគរ​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ តាម​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក ឱ្យ​ចូលរួម​ក្នុង​ដំណើរ​វិល​ត្រលប់​ចូល​កម្ពុជា​។ ក្រៅពី​កៀរគរ ពលរដ្ឋ​ខ្មែរ និង អន្តរជាតិ លោក សម រង្ស៊ី នៅតែ​បង្កើន​វោហារសាស្ត្រ អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ កុំ​ស្ដាប់​បញ្ជា លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។