លោក សម រង្ស៊ី បន្ត​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​​ទៅ​បោះឆ្នោត​ទោះ​រង​ការ​គំរាម​រឹបអូស​ទ្រព្យ​សម្បត្តិ

ដោយ មួង ណារ៉េត
2018-05-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​នៅ​ខ្មែរ កុំ​ឱ្យ​នាំគ្នា​ទៅ​បោះឆ្នោត ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម ទោះបី​មន្ត្រី​របប​លោក ហ៊ុន សែន ព្រមាន​ចាត់វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ អ្នក​ហ៊ាន​ធ្វើ​ដូច្នេះ។

លោក សម រង្ស៊ី បាន​ឈាន​មួយ​ជំហាន​ទៀត ពី​ការ​ប្រកាស​ជាទូទៅ ឱ្យ​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ អំពី​ការ​រួម​គ្នា​មិន​ទៅ​បោះឆ្នោត ទៅជា​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ទាក់ទង​បងប្អូន​នៅ​ស្រុក​ខ្មែរ តាមរយៈ​ទូរស័ព្ទ ប្រាប់​ត​គ្នា ឱ្យ​ធ្វើ​ពហិការ​ការ​បោះឆ្នោត​ខាងមុខ​នេះ។ ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​វេទិកា​សាធារណៈ ស្ដីពី​ដំណើរការ​បោះឆ្នោត នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២០ ខែ​ឧសភា នៅ​ទីក្រុង​វ៉ែនឃូវើ (Vancouver) ប្រទេស​កាណាដា លោក សម រង្ស៊ី អះអាង​ថា ការ​បោះឆ្នោត​ក្នុង​ស្ថានភាព​បែបនេះ គ្មាន​ន័យ​អ្វី​ទាំងអស់ ព្រោះ​លទ្ធផល​ដឹង​ជាមុន​រួច​ទៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ឈ្នះ​យ៉ាងតិច ៩៩% ព្រោះ​គ្មាន​គូប្រកួត។ លោក​អះអាង​ថា ការ​បោះឆ្នោត​បែបនេះ បើ​មិន​ទៅ​ចូលរួម គឺ​ស័ក្ដិសម​បំផុត៖ «បើ​អ្នក​មិន​ទៅ​បោះឆ្នោត ច្រើនជាង​អ្នក​ទៅ​បោះឆ្នោត សង្គ្រោះជាតិ​ឈ្នះ​ហើយ​បងប្អូន​! ដូច្នេះ​ការប្រកួតប្រជែង​គ្នា​នេះ មិនមែន​តាមរយៈ​សន្លឹក​ឆ្នោត យក​ទៅ​ញាត់​ក្នុង​ហិប​ឆ្នោត​ទេ។ ការប្រកួតប្រជែង​នេះ ចាំ​មើល​អ្នកណា​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ អត់​ទៅ​បោះឆ្នោត។ អ្នកណា​គាំទ្រ ហ៊ុន សែន ទៅ​បោះឆ្នោត។ ចាំ​មើល​អ្នកណា​ឈ្នះ។ ខ្ញុំ​ជឿ​ថា​ប្រជារាស្ត្រ​ខ្មែរ​អត់​ទៅ​បោះឆ្នោត​ទេ។ ទៅ​បោះឆ្នោត​យ៉ាងម៉េច បើ​គេ​មិន​ឱ្យ​យើង​ចូលរួម​ប្រកួត​ផង​នោះ»

ក៏ប៉ុន្តែ សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដទៃ​ទៀត ដែល​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​បែបនេះ រង​ការ​គំរាម និង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ពី​មន្ត្រី​របប​លោក ហ៊ុន សែន។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយ​ថា ក្រសួង មហាផ្ទៃ នឹង​ប្ដឹង​អ្នក​ឃោសនា មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យ​សម្បត្តិ ជន​ទាំងនោះ។ លោក​ថា មូលហេតុ ដែល​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​បែបនេះ ព្រោះ​ក្រុម​អ្នកធ្វើ សកម្មភាព​នេះ​គឺ កំពុង​នៅ​ក្រៅ​ប្រទេស។

ប៉ុន្តែ ការព្រមាន​បែបនេះ​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ត្រូវ​បាន​អ្នកច្បាប់ និង​អ្នក​ធ្វើ​ការងារ ទាក់ទង​ការបោះឆ្នោត យល់ថា គឺជា​ការ​និយាយ​ហួស​ពី​ច្បាប់​ចែង។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នកច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន និយាយ​ថា ការ​ព្រមាន​ប្ដឹង​បែបនេះ មិន​ដឹង​ថា តើ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សំអាង​ទៅលើ​ភស្តុតាង​អ្វីខ្លះ​នោះ​ទេ។ ប៉ុន្តែ​លោក​យល់ថា បើ​ទ្រព្យសម្បត្តិ​របស់​អ្នក​អំពាវនាវ មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នោះ មិនមែន​បាន​មក ដោយ​ខុសច្បាប់ គឺ​មិន​អាច​រឹបអូស​បាន​នោះ​ទេ។ «»

របប​លោក ហ៊ុន សែន បាន​ធ្វើ​ច្បាប់​ដាក់ទោស​លើ​ជន​ណា​ដែល​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​បោះឆ្នោត ក្នុង​នោះ​មាត្រា​១៤២ និង​១៤៨ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចែងថា ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ខាងលើ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​២០​លាន រៀល ដោយ​គ..ប ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​ទេ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឱ្យ​អាស៊ីសេរី​ដឹង​ថា របប​លោក ហ៊ុន សែន បាន​យក​ប្រព័ន្ធ​តុលាការ​មក​បង្ក្រាប លើ​គណបក្សប្រឆាំង​នា​កន្លងមក។ លោក​ថា លោក​មិន​ព្រួយបារម្ភ​ចំពោះ​ការព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ ដោយសារ​ការ​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ បោះឆ្នោត​នោះ​ទេ។ អនុប្រធាន​គណបក្ស​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស​រូប​នេះ​បន្ត​ទៀត​ថា វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ ដែល​របប​លោក ហ៊ុន សែន ព្រមាន​នៅ​ពេល​នេះ គឺ​មិន​ខុសគ្នា​ទៅ​និង​របប ប៉ុល ពត នោះ​ទេ។ «»

ចំណែក​មន្ត្រី​ផ្នែក​អង្កេត​ជាន់ខ្ពស់​របស់​អង្គការ​ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស ស្នើ​ទៅ​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​អ្វី​ទៅជា​ការរារាំង​ពលរដ្ឋ​មិន​ឱ្យ​ទៅ បោះឆ្នោត​ហើយ​អ្វី​ទៅជា​ការ​សម្ដែង​មតិ។ ចំពោះ​ការព្រមាន​ប្ដឹង​លើស​ពី​ច្បាប់​ចែង អ្នក​ធ្វើ​ការងារ​ទាក់​ការបោះឆ្នោត​រូប​នេះ យល់ថា នេះ​គឺ​គ្រាន់តែ​ជា​ព្រមាន​តាម​អារម្មណ៍ ដោយ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី។ «»

ដោយសារ​តែ​ការព្រមាន និង​ការ​គំរាមកំហែង​ផ្សេងៗ​ទៀត ជុំវិញ​ការ​មិន​ទៅ​បោះឆ្នោត​នេះ ធ្វើ​ឱ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ដដែល​នេះ យល់​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ អាច​នឹង​រង​ការ​ភិតភ័យ និង​ត្រូវ​បង្ខំចិត្ត ទៅ​ចូលរួម​បោះឆ្នោត ដោយ​មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពិតប្រាកដ​របស់​ពួកគាត់​នោះ​ឡើយ។

ការព្រមាន​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អ្នក​ដែល​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ពេលនេះ​គឺ​ស្រប​ពេល​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​របប​លោក ហ៊ុន សែន និង​ហាមឃាត់​មិន​ឱ្យ​ចរាចរ​សាច់ប្រាក់​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​អាមេរិក។ គណបក្ស​ប្រឆាំង​នៅតែ​បន្ត​ប្រកាស​ជំហរ​មិន​រាថយ ក្នុង​ការ​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត បើ​ទោះ​បី​ជា​របប​លោក ហ៊ុន សែន ព្រមាន​ពួកគេ​យ៉ាង​ណា​ក្តី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Meet the world's most terrifying man dictator known as tmil HunSen

Dictator Hun Sen is going craziest right now,fear himself,fear lose this election,silly,bullying in this election posing new treat,evil Hun Sen,is definitely one of the worst man to walk the earth.This bad dude dictator committed numerous atrocitties and create a vile ideology was one of the main caused of dividing its people class.The horrible leader never hesitate to miscount or destroy ballots.Coming to office from backdoor and staying in office are the most important things in politics,and good candidates who aren't willing to cheat are typically beaten by those who are....

May 26, 2018 05:41 PM

Khmer០០០7

ពី PP

Dan,
ពិតជាមនុស្សផ្កាប់មុខនឹងពូកCPP មែនសូមសសើរ។​

May 22, 2018 10:11 AM

Dan

ពី Phnom Penh

សមរង្សីជាមនុស្សឡប់សតិទេដឹង? ខ្លួនឯងដាក់មេផាយចោលកូនចៅយករួចខ្លួន ស្មានថាប្រជាជនខ្អែរក្រីក្របើគេរឹបអូសយកដីនិងទ្រព្យសម្បត្តិទៅវេទនាយ៉ាងម៉េចទេ? ចំជាមិនដឹងខ្យល់អីមែន

May 21, 2018 02:31 PM

គេហទំព័រ​ទាំងមូល