លោក សម រង្ស៊ី អំពាវនាវឱ្យ UNHRC ជួយធានាដល់ដំណើរមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំង

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជួយធានាយ៉ាងណា ឱ្យដំណើរមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំង ចេញផ្លែផ្កាជាការចរចា ដើម្បីផ្សះផ្សាជាតិ។ សារអំពាវនាវនេះ ធ្វើឡើងនៅក្នុងលិខិតមួយ ចុះថ្ងៃទី១៧ ខែកញ្ញា ដែលលោក សម រង្ស៊ី សរសេរទៅកាន់ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក ខូលី សេក (Coly Seck)។
លោក សម រង្ស៊ី បញ្ជាក់អំពីការប្រកាសវិលទៅប្រទេសកម្ពុជាវិញ របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេស ដើម្បីវិលទៅរកការចរចា និងការផ្សះផ្សាជាតិ ដែលស្របតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០១៩ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ ខែកញ្ញា ផ្ដល់អនុសាសន៍ដល់របបក្រុងភ្នំពេញ ឱ្យបង្កើតបរិយាកាសសន្ទនាគ្នាផ្នែកនយោបាយ រវាងរដ្ឋាភិបាល និង តួអង្គនយោបាយក្នុងជួរគណបក្សប្រឆាំង។
លោក សម រង្ស៊ី បញ្ជាក់ថា វិធានការណ៍សំខាន់បំផុត ដែលអាចបង្ការការគំរាមប្រើហិង្សា និងគ្រឿងសព្វាវុធយោធា បង្ក្រាបមកលើប្រជាពលរដ្ឋស្លូតត្រង់ គឺមានតែស្ថាប័នអន្តរជាតិទាំងអស់ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន សហភាពអឺរ៉ុប និង សហភាពអន្តរសភាជាដើម គាំទ្រដល់ការប្តេជ្ញាចិត្តរបស់លោក និងមេដឹកនាំដទៃទៀតរបស់គណបក្សប្រឆាំង ក្នុងការវិលត្រឡប់ទៅមាតុភូមិវិញ និង គាំទ្រការទាមទារឱ្យកម្ពុជាស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កំពុងជួបប្រជុំប្រចាំឆ្នាំរបស់ខ្លួន លើកទី៤២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៧ ខែកញ្ញា។
លោក សម រង្ស៊ី ក៏បានស្នើឱ្យស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ គាំទ្រពេញទំហឹងចំពោះអនុសាសន៍ទាំងអស់របស់អ្នកស្រី រ៉ូណា ស្មីត ជាពិសេសចំណុចដែលស្នើឱ្យរបបលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ពីការឃុំខ្លួន និង បិទបញ្ចប់ការស៊ើបសួរឱ្យបានឆាប់ ឬទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់មកលើលោក កឹម សុខា និងអ្នកជាប់ឃុំ ព្រមទាំងអ្នកទោសនយោបាយទាំងអស់។
ជាងនេះទៅទៀត លោក សម រង្ស៊ី ក៏បានស្នើឱ្យបន្តអាណត្តិរបស់អ្នកស្រី រ៉ូណា ស្មីត ពីរឆ្នាំបន្តទៀត ដើម្បីបន្តឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ដែលលោកអះអាងថា នឹងប្រែប្រួលខ្លាំងនៅក្នុងពេលឆាប់ៗខាងមុខនេះ ជាពិសេសក្នុងដំណាក់កាលនៃការត្រៀមធ្វើដំណើរទៅកម្ពុជាវិញរបស់មន្ត្រីបក្សប្រឆាំង និងព្រឹត្តិការណ៍ដែលអាចកាន់តែអាក្រក់ នៅក្រោយថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃកំណត់មាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំងនោះ។
សារអំពាវនាវរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងស្របពេលដែលរបបលោក ហ៊ុន សែន កំពុងបង្កើនការធ្វើទុក្ខបុកម្នេញ និងបង្ក្រាបសំឡេងប្រឆាំងដើម្បីរារាំងអ្នកទាំងនោះ មិនឱ្យចូលរួមគាំទ្រដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង។
ក្នុងសប្ដាហ៍នេះ របបក្រុងភ្នំពេញចេញសារប្រកាសចាប់ខ្លួន និងផ្ដន្ទាទោសប្រជាពលរដ្ឋ ទាំងអស់ ដែលហ៊ានគាំទ្រលោក សម រង្ស៊ី ក្នុងការវិលចូលស្រុកវិញ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន បានព្រមាន កាលពីថ្ងៃទី២១ ខែកញ្ញា ក្នុងទិវាសន្តិភាពអន្តរជាតិ សហគមន៍អន្តរជាតិ ជាពិសេសប្រទេសលោកខាងលិច កុំឱ្យជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះលោកអះអាងថា របបលោកមិនចុះញ៉ម ចំពោះសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្មណាមួយនោះឡើយ។
គិតមកត្រឹមថ្ងៃទី២២ ខែកញ្ញានេះ គឺនៅសល់តែ ៤៨ថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃដែលលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងឯទៀតសន្យាថា នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានោះ។ ត្រឹមថ្ងៃនេះដែរ គឺសល់តែ ៥២ ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃដែលគណៈកម្មការអឺរ៉ុប ចេញរបាយការណ៍បឋម ជុំវិញការព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយសារតែស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនប្រសើរ៕