យុវជន និង​ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​ការ​ចុះហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន ៨៤​ភាគរយ

ដោយ ទីន ហ្សាការីយ៉ា
2019-10-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA
បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA
Photo: RFA

មន្ត្រី​គណបក្ស​ប្រឆាំង ពលរដ្ឋ និង​ក្រុម​យុវជន ប្រតិកម្ម​ថា ការ​ចុះ​ហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន​ចំនួន ៣១៥ បង្គោល ឬ​ស្មើ​និង ៨៤​ភាគរយ រវាង​របប​ក្រុងភ្នំពេញ និង​រដ្ឋាភិបាល​វៀតណាម ជា​ការ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។ ពួកគេ​មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​ប្រើ​អំណាច​កំណត់​បង្គោល​ព្រំដែន​ស្រេច​តែ​ចិត្ត ហើយ​បាន​មើ់ល​រំលង​ក្ដីកង្វល់​របស់​ពលរដ្ឋ និង​មិនបាន​ឆ្លង​សេចក្ដី​សម្រេច​ពី​រដ្ឋសភា​ឯកបក្ស។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល បដិសេធ​ការ​ចោទប្រកាន់​នេះ។

ក្រុម​ពលរដ្ឋ និង​ក្រុម​យុវជន បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​ជា​ផ្លូវការ រវាង​របប​ក្រុងភ្នំពេញ និង​រដ្ឋាភិបាល​វៀតណាម កាលពី​ថ្ងៃ​ទី ០៥ តុលា​កន្លងទៅ​។ ពួកគេ​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​មែន​ជា​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌ កាលពី​ឆ្នាំ២០១៨​ នោះ​ទេ ហើយ​ការសម្រេចចិត្ត​របស់​លោក ហ៊ុន សែន ពេលនេះ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​នយោបាយ​រួម រវាង​គណបក្ស​ប្រឆាំង គណបក្ស​កាន់អំណាច និង​ប្រជាពលរដ្ឋ​ភាគច្រើន​នោះ​ទេ។

តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន បដិសេធ​មិន​ទទួល​ស្គាល់​ការ​កំណត់​បង្គោល​ព្រំដែន ៨៤​ភាគរយ​នេះ​ទេ។ លោក​ថា ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​របស់​រដ្ឋាភិបាល​ផ្អែក​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០០៥ គឺជា​ទង្វើ រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ​ឆ្នាំ១៩៩១​។ ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ជំហរ​ថា នឹង​សើរើ​ឡើងវិញ​រាល់​បង្គោល​ព្រំដែន​ណា ដែល​បោះ​មិន​ត្រឹមត្រូវ និង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ និង​ប្រទេស​ម្ចាស់​ហត្ថលេខី​ក្រុង​ប៉ារីស ដើម្បី​ឱ្យ​ពិនិត្យ​មើល ការឈ្លានពាន​ទឹកដី ពី​សំណាក់​ប្រទេស​វៀតណាម​ផ្អែក​តាមច្បាប់​អន្តរជាតិ​៖ «សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ ១៩៨៥​ហ្នឹង ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​មាត្រា ៥៥ បើ​គិត​ពី​ផ្លូវច្បាប់​សន្ធិសញ្ញា​នេះ ខុសច្បាប់ ត្រូវ​ចាត់​ទុក​ជា​មោឃ​រួចហើយ ដោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ​លោក ហ៊ុន សែន ធ្វើ​ហ្នឹង វា​ខុសច្បាប់​ហើយ​។ ថ្ងៃក្រោយ​គឺ​យើង​អាច​សើរើ​សន្ធិសញ្ញា​ហ្នឹង​ឡើងវិញ រដ្ឋាភិបាល​ថ្មី​អាច​ឱ្យ​សភា​លុប​ចោល​សន្ធិសញ្ញា​ឆ្នាំ​២០០៥ ហើយ​យើង​សើរើ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​យួន»

យុវជន​មួយ​រូប​រស់នៅ​រាជធានី​ភ្នំពេញ លោក ម៉ា ចិត្រា សោកស្ដាយ​ដែល​រដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន​នេះ ដោយ​ពុំ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​។ លោក​ថា កន្លងទៅ​ក្រុម​យុវជន​ធ្លាប់​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​មួយ​ចំនួន ក៏ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​រារាំង និង​ព្យាយាម​លាក់បាំង​ព័ត៌មាន ស្ដីពី​ការ​កំណត់​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។ លោក​យល់​ថា រដ្ឋាភិបាល​គឺជា​អ្នកទទួលខុសត្រូវ​យ៉ាង​សំខាន់ ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​៖ «ឱ្យ​មានការ​ចូលរួម​ឱ្យ​បាន​គ្រប់​ភាគី​មុននឹង​ចុះហត្ថលេខា កិច្ចការ​ព្រំដែន​ណាមួយ​។ វា​ព្រួយ​ចេះតែ​ព្រួយ​តែ​ដូច​ខ្ញុំ​ថា អ៊ីចឹង​ធ្វើ​ម៉េច អ្វីៗ​វា​បាន​ទៅ​ហើយ ពិបាក​ត្រឡប់​ក្រោយ​ព្រោះ​រដ្ឋាភិបាល​គាត់​ធ្វើ​អ៊ីចឹង។ យើង​ទាមទារ​មាន​តែ​ខ្នោះដៃ​ដាក់​ខ្លួនឯង​។ កន្លង​ចុះទៅ​ព្រំដែន​មិនមែន​ជា​ការ​ងាយ​ស្រួល​​ទេ។ គ្រាន់​ចុះទៅ​មើល​បង្គោល​ព្រំដែន​មានការ​រារាំង​ជាដើម»

ឆ្លើយតប​រឿង​នេះ ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល បាន​កំណត់​បង្គោល​ព្រំដែន​សម្រេច​បាន ៨៤​ភាគរយ​នេះ គឺ​ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ១៩៩១។ លោក​បញ្ជាក់​ថា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន មិនបាន​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា​នោះ​ទេ​។ លើស​ពី​នេះ លោក​បញ្ជាក់​ថា ការកំណត់​បង្គោល​ព្រំដែន ធ្វើឡើង​ផ្អែក​តាម​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រួម​ទាំង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ គ្មាន​តំបន់​ណាមួយ ប៉ះពាល់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​នោះ​ទេ៖ «មតិ​ប្រឆាំង និង​មតិ​គាំទ្រ​វា​តែងតែ​មាន​ហើយ ដូច្នេះ​យើង​ទៅ​រវល់​ធ្វើ​អី បើ​រដ្ឋាភិបាល​ធ្វើ​ត្រឹម​ត្រូវ​គេ​ធ្វើ​ហើយ​។ យើង​ប្ដឹង​គេ​ម៉េច​កើត​។ អ្វី​ដែល​ជា​ជំហរ​របស់​រដ្ឋាភិបាល បកស្រាយ​មាត្រា​១ ប្រការ​ឌី D យើង​អត់​មាន​រំលោភ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ទេ។ កម្ពុជា​មាន​កាពត្វកិច្ច និង​លុបចោល​រាល់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ដែល​រំលោភ​អធិបតេយ្យភាព និង​បូរណភាព តែ​វា​អត់​រំលោភ យើង​មិន​ឃើញ គណបក្ស​ទាំងអស់​រំលោភ​នៅ​ត្រង់​ណា?»

លោក វ៉ា គឹមហុង បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា គោរព​គោលការណ៍​ច្បាប់ និង​លក្ខណៈ​បច្ចេកទេស​ព្រំដែន ហើយ​តំបន់​ណា​នៅ​សេសសល់​មិនទាន់​ឯកភាព​គ្នា រដ្ឋាភិបាល​បាន​ផ្អាក​បោះ​បង្គោល​ជា​បណ្ដោះអាសន្ន​។ លោក​ថា ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់ បាន​កំណត់​និយាម​ការ និង​បង្គោល​ព្រំដែន​លើ​ផែនទី​ច្បាស់លាស់ ហើយ រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​នេះ​អស់​រយៈពេល​ជាង ១៣​ឆ្នាំ​មក​ហើយ៖ «អត់​មាន​លក់​ឡាយឡុយ បូរណភាព​ខ្មែរ​ទេ បងប្អូន​ចង់​ធ្វើ​ប័ណ្ណប្រកាស​ចង់​ធ្វើ​អី​ធ្វើ​ទៅ ខ្ញុំ​អត់​ហាមឃាត់​ទេ ជា​សិទ្ធិ​សេរីភាព​លោក​។ តែ​កុំ​គិត​ថា រដ្ឋាភិបាល​លោក​ធ្វើ​ឡាយឡុង បូរណភាព​ទឹកដី​របស់​ប្រទេស​យើង​ឱ្យ​សោះ ហើយ​កុំ​គិត​ថា អ្នកធ្វើ​រឿង​ព្រំដែន​អត់​ស្រឡាញ់​ជាតិ​យើង​កុំ​គិត​ថា គេ​ស្រឡាញ់​មិន​ស្រឡាញ់​ជាតិ គេ​ស្រឡាញ់​ដូច​តែ​លោក តែ​អ្វី​ដែល​យើង​មាន​តួនាទី​ភារកិច្ច​ធ្វើ យើង​ធ្វើ​ឱ្យ​ល្អ និង​ការពារ​បូរណភាព​ទឹកដី ១០០​ភាគរយ​ឱ្យ​ទាល់តែ​បាន»

ទោះជា​យ៉ាងណា សមាជិក​ក្រុមការងារ ១០០​រាត្រី លោក មួង សូនី យល់​ឃើញ​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​ទទួលស្គាល់ បង្គោល​ព្រំដែន ៨៤​ភាគរយ​រួចហើយ​ក្ដី ក៏​មិន​អាច​ធានា​ថា នឹង​គ្មាន​ការ​រំលោភបំពាន​ទឹកដី​បន្ថែម​ទៀត​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ដែរ។ លោក​ថា តំបន់​មួយ​ចំនួន​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​រួចរាល់​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​នៅតែ​ឈ្លានពាន​ដូចជា តំបន់​ថ្ម​បី​ដុំ និង​ភូមិ​ប៉ាក់ណាម​ជាដើម​។ រីឯ​តំបន់​មួយ​ចំនួន​ទៀត ដែល​មិនទាន់​ឯកភាព​កំណត់​ខណ្ឌសីមា​ព្រំដែន លោក​ថា អាជ្ញាធរ​វៀតណាម​កំពុង​គ្រប់គ្រង​ទាំងស្រុង​ដូចជា តំបន់​​អូរហ៊ុច នៅ​ខេត្ត​មណ្ឌលគិរី ជាដើម​៖ «យើង​មើល​តំបន់​មួយ​ចំនួន​ដែល​បោះ​បង្គោល​ហើយ​ក្តី​ហ្នឹង មាន​ពលរដ្ឋ​វៀតណាម​គេ​ចូល​មក​នៅ​ដូចជា ថ្ម​បី​ដុំ និង​ប៉ាក់ណាម​ជាដើម​។ យើង​អត់​ទាន់​មាន​វិធីសាស្ត្រ ដើម្បី​ការពារ​ដី​ដែល​បង្គោល​ហើយ​ហ្នឹង​ទេ​។ ទោះជា​យើង​ចុះហត្ថលេខា​ហើយ​ក្តី ក៏​យើង​នៅតែ​មិន​ធានា​ដែល​​យើង​អាច​ការពារ​ដី ដែល​បាន​បោះ​បង្គោល​ហើយ​ហ្នឹង​ដែរ មានន័យថា វៀតណាម​នៅតែ​ឈ្លានពាន​កម្ពុជា​។ ចំណុច​ដែល​ការពារ​ព្រំដែន​ពិតប្រាកដ ទី​១ យើង​​ត្រូវ​មាន​ច្បាប់ បទដ្ឋាន​គតិយុត្តិ ទី​២ ការ​អភិវឌ្ឍ​តាម​ព្រំដែន​ឱ្យ​មាន​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន ទី​៣ គឺ​កម្លាំង​ការពារ​ព្រំដែន​ខ្លាំង»

រដ្ឋធម្មនុញ្ញ​មាត្រា ២ និង​មាត្រា ៥៥ ចែងថា បូរណភាព​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣-១៩៥៣ ។ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ ត្រូវ​លុបចោល​។​

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥ គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១​បង្គោល​។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន​៣១៥ បង្គោល ឬ​ស្មើ​និង ៨៤​ភាគរយ​ហើយ នៅ​សេសសល់ បង្គោល​ចំនួន ៥៦ ទៀត ឋិត​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល