មេដឹកនាំគណបក្សប្រឆាំងបន្ទន់ជំហរក្នុងការថ្លែងការណ៍នយោបាយជាសាធារណៈបន្ទាប់ពីលោក ហ៊ុន សែន គំរាមលុបចោលកិច្ចចរចាទាំងអស់នោះ។ លោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមករា ព្រមានត្រង់ៗទៅមេដឹកនាំគណបក្សសង្គ្រោះជាតិ ឲ្យឈប់រិះគន់រដ្ឋាភិបាល និង ជំរុញឲ្យតុលាការបន្តចាត់ការលើបណ្ដឹងអាជ្ញាអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ៧រូបទៀតផង។
រយៈពេល ៣ថ្ងៃមកហើយដែលប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ធ្វើមិនដឹងមិនលឺចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មេដឹកនាំគណបក្សប្រឆាំងបានបដិសេធមិនឆ្លើយនឹងប្រសាសន៍របស់លោក ហ៊ុន សែន ម្តងរួចហើយកាលពីថ្ងៃទី២០ ខែមករា នៅវិមានរដ្ឋសភា នៅពេលដែលអ្នកកាសែតសួរពួកគាត់ពីបញ្ហានេះ។
នៅព្រឹកថ្ងៃទី២២ ខែមករា ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក ជា វិជ្ជា វិញ ទាំងលោក សម រង្ស៉ី និងលោក កឹម សុខា ប្រើពេលប្រហែលជាង ២នាទីប៉ុណ្ណោះដើម្បីថ្លែងការណ៍ទៅកាន់អ្នកចូលរួមប្រមាណជាង ១០០នាក់នោះ។ ប្រមុខដឹកនាំទាំងពីរមិនមានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហានយោបាយបន្តិចណាទេ តែពួកគាត់ប្ដេជ្ញាចិត្តថា នឹងស្វែងរកយុត្តិធម៌ជូនលោក ជា វិជ្ជា ឲ្យខានតែបាននៅថ្ងៃណាមួយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការបន្ទន់ជំហររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ជាការដើរផ្លូវត្រូវ។ លោកបន្តថា បើជាមេបក្សប្រឆាំងនៅតែប្រតិកម្មតបនឹងប្រសាសន៍របស់លោក ហ៊ុន សែន តទៅទៀតនោះ វិបត្តិនយោបាយនៅកម្ពុជា នឹងមិនអាចបញ្ចប់ឡើយ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវតែកោះហៅមន្ត្រីរដ្ឋាភិបាលទៅបំភ្លឺពីបញ្ហាណាក្នុងរដ្ឋសភាឲ្យបានឆាប់ ដើម្បីបង្ហាញម្ចាស់ឆ្នោតពីការទទួលខុសត្រូវរបស់ខ្លួនបន្ទាប់ពីចូលទៅអង្គុយនៅក្នុងសភា ជាជាងបរិហាររដ្ឋាភិបាលនៅតាមចិញ្ចើមផ្លូវ។
មកដល់ពេលនេះ គណបក្សប្រឆាំងមិនទាន់កោះហៅមន្ត្រីរាជរដ្ឋាភិបាលណាម្នាក់មកចោទសួរជាសាធារណៈនៅក្នុងរដ្ឋសភាឡើយ។ ប្រធានគណៈកម្មការជំនាញរដ្ឋសភាបានត្រឹមតែហៅរដ្ឋមន្ត្រីមួយចំនួនដើម្បីឆ្លើយសំណួរដោយបិទទ្វារប៉ុណ្ណោះ។ ក្រុមការងារចរចានៃគណបក្សទាំងពីរកំពុងបន្តចរចាគ្នាកែទម្រង់ច្បាប់បោះឆ្នោត ហើយលោក សម រង្ស៉ី ក៏នឹងត្រូវការជជែកជាមួយនឹងលោក ហ៊ុន សែន បន្តទៀតដើម្បីរកផ្លូវដោះលែងអ្នកនយោបាយ និងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ៦នាក់ដែលកំពុងជាប់គុកព្រៃស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
