អង្គរក្សលោក សម រង្ស៊ី ម្នាក់ដែលសល់ជីវិតពីការគប់គ្រាប់បែក១៩៩៧ទ្រាំរស់នៅជាជនភៀសខ្លួននៅថៃ
2023.05.01

អង្គរក្សរបស់លោក សម រង្ស៊ី ម្នាក់ដែលសល់ជីវិតពីការប៉ុនប៉ងសម្លាប់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ កំពុងរស់នៅជាជនភៀសខ្លួនក្នុងប្រទេសថៃ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលលោក ហ៊ុន សែន។ មន្ត្រីសិទ្ធិមនុស្សថា ជំហរនយោបាយរបស់អង្គរក្សលោក សម រង្ស៊ី រូបនេះជាសិទ្ធិនយោបាយ ដែលត្រូវបានការពារដោយច្បាប់។
សំឡេងជជែកតិចៗ ចេញក្នុងបន្ទប់តូចមួយកណ្ដាលទីក្រុងបាងកក ប្រទេសថៃ។ នៅទីនេះ ជនភៀសខ្លួនខ្មែរផ្នែកនយោបាយមួយក្រុម ជាសកម្មជនគណបក្សសង្គ្រោះជាតិ កំពុងនិយាយពីការតស៊ូក្នុងសមរភូមិនយោបាយ និងលើកឡើងពីបទពិសោធន៍នៃការជាប់ឃុំក្នុងពន្ធនាគាររបស់ពួកគាត់ នៅប្រទេសកម្ពុជាកន្លងមក។
ក្នុងចំណោមជនភៀសខ្លួនទាំងនោះ ជនភៀសខ្លួនម្នាក់មានវ័យច្រើនជាងគេ។ បុរសសក់ល្បាយអាចម៍ខ្លា អាយុ៥៣ឆ្នាំ ឈ្មោះ សូ តារា ជាអង្គរក្សមេបក្សប្រឆាំងលោក សម រង្ស៊ី ជិត៣០ឆ្នាំមក។ ក្រៅពីមានតួនាទីការពារសុវត្ថិភាពឱ្យលោក សម រង្ស៊ី លោកក៏ជាសកម្មជនគណបក្សប្រឆាំងមួយរូបមិនក្បត់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតផងដែរ។ ត្បិតលោកមិនមែនជាសកម្មជននយោបាយដែលមហាជនស្គាល់ឈ្មោះក៏ពិតមែន ក៏ក្នុងនាមជាអ្នកប្រជាធិបតេយ្យមួយរូប ដែលតស៊ូធ្វើនយោបាយជាមួយមេបក្សប្រឆាំង លោក សូ តារា ស្ទើរបាត់បង់ជីវិត ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងគ្មានកំហុស និងធ្លាប់ជាប់ឃុំក្នុងពន្ធនាគារផងដែរ។
លោក សូ តារា៖ «ខ្ញុំកំពុងតែគេងនៅចាក់អង្រែទីស្នាក់ការហើយក្រោយផ្ទះលោក សម រង្ស៊ី ហ្នឹងឯងនៅពេលយើងគេងស្លៀកខោខ្លី ដោះខោអាវផងមានកម្លាំងគេមកចាប់មកចូលផ្ទះ ហើយយើងក៏អត់បាននិយាយអីទេ ខ្ញុំឡើងមកប្រាប់ថា កុំចូលផ្ទះខ្ញុំខ្លាចឆ្កែខាំគេក៏ប្រាប់ខ្ញុំវិញថា ឆ្កែខាំអីអញមកចាប់ហ្អែងដាក់គុក»។
លោក សូ តារា បានធ្វើជាអង្គរក្សលោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៥ និងចូលរួមសកម្មភាពនយោបាយជាមួយមេដឹកនាំគណបក្សប្រឆាំងរូបនេះ តាំងពីគណបក្សជាតិខ្មែរ គណបក្សសម រង្ស៊ី គណបក្សសង្គ្រោះជាតិ ហើយនៅចុងក្រោយនេះ លោកក៏ជាអ្នកគាំទ្រគណបក្សភ្លើងទៀន ដែលជាមរតកនយោបាយរបស់លោក សម រង្ស៊ី។
លោកបានរត់គេចពីការធ្វើទុក្ខបុកម្នេញ ពីសមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានចាប់ខ្លួនលោក កាលពីខែវិច្ឆិកាឆ្នាំ២០១៩ តែសមត្ថកិច្ចឃុំខ្លួនមួយរយៈពេលខ្លីក៏បានដោះលែងលោកវិញ។
លោក សូ តារា រំលឹកថា នៅពេលជាប់ឃុំមានអ្នកជាប់ឃុំខ្លះជាសកម្មជនគណបក្សសង្គ្រោះជាតិ បានដើរបញ្ចុះបញ្ចូលឱ្យអ្នកជាប់ឃុំគណបក្សបក្សប្រឆាំង ទៅចូលរួមធ្វើនយោបាយជាមួយគណបក្សកាន់អំណាច និងធ្វើលិខិតសុំទោសលោក ហ៊ុន សែន។ លោកបន្តថា នៅពេលនោះ លោកដេញវាយអ្នកដើរបញ្ចុះបញ្ចូលទាំងនោះរត់ពេញគុក ហើយចាប់ពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានមកបបួលអ្នកជាប់ឃុំឱ្យទៅចូលរួមនយោបាយជាមួយគណបក្សកាន់អំណាចទៀតទេ។
លោក សូ តារា៖ «ចុះហត្ថលេខាជាមួយសម្ដេចទៅសម្ដេចនឹងអនុគ្រោះឱ្យ ក្នុងនេះមានអ្នកចុះចូលប្រាំបីប្រាំបួនប្រសិនបើបាន១០នាក់ខ្ញុំនឹងបញ្ជូនទៅ ខ្ញុំប្រតិកម្មធំជាងគេបំផុត អារម្មណ៍ដែលខ្ញុំរស់នៅផ្ទះ សម រង្ស៊ី ផ្ទាល់ខ្ញុំការពារ សម រង្ស៊ី តាំងពីឆ្នាំ១៩៩៥ រហូតដល់ខ្ញុំជាប់គុកបែកប្រពន្ធបែកកូនហើយមានអ្នកនិយាយអ៊ីចឹង ខ្ញុំក៏ស្រែកភ្លាត់មាត់ថា អាមួយហ្នឹងនៅឯណា តាមវាយវាចូលគុកមួយសារទៀត»។
នៅពេលរដ្ឋាភិបាល លោក ហ៊ុន សែន រារាំងផែនការវិលចូលស្រុករបស់ លោក សម រង្ស៊ី បាន សម្រេចកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏សម្រេចដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន ក្នុងនោះក៏មានលោក សូ តារា ដែរ។ ទោះយ៉ាងណាក្រុមសមត្ថកិច្ចនៅតែតាមឃ្លាំមើលសកម្មភាពរបស់លោកជាប្រចាំ ហើយអាជ្ញាធរមូលដ្ឋានតែងតែមកព្រមានមិនឱ្យលោកចូលរួមសកម្មជនជាមួយលោក សម រង្ស៊ី ឡើយ ដែលទង្វើទាំងនេះធ្វើឱ្យលោកបារម្ភពីសុវត្ថិភាព ហើយសម្រេចចិត្តរត់ភៀសខ្លួនមកប្រទេសថៃ កាលពីចុងឆ្នាំ២០១៩។
ជីវិតជាជនភៀសខ្លួននៅប្រទេសថៃ លោក សូ តារា ធ្វើការងារសំណង់ជាងពីរឆ្នាំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយពេលខ្លះជួយកាន់បាតព្រះសង្ឃ និមន្តបិណ្ឌបាត ដើម្បីបានកុសលផលបុណ្យផង និងទទួលបានបាយម្ហូបខ្លះសម្រាប់ហូបផង។
ការរស់នៅស្រុកគេតែឯង ឆ្ងាយពីប្រពន្ធ ឆ្ងាយពីកូន មិនមែនជារឿងស្រួលចិត្តសម្រាប់សកម្មជននយោបាយរូបនេះទេ ពេលខ្លះធ្វើឱ្យលោកតប់ប្រមល់ ឬកើតស្ត្រេស។

លោក សូ តារា៖ «រឿងជក់យើងចេះជក់ពីមុនមកតិចតួចដែរ ប៉ុន្តែដោយសារស្ត្រេសដោយសារយើងស្មុគស្មាញក្នុងជីវិតបែកបាក់គ្រួសារប្រពន្ធកូននៅស្រុកខ្មែរនោះផង អ៊ីចឹងទៅគ្មានអ្វីដោះស្រាយមានតែបង្ហុយបារីមើលមេឃមើលផ្កាយទៅ»។
បើទោះជាជីវិតលោក សូ តារា ហាក់សោកសៅខ្លះក្ដី ក៏លោកនៅតែរក្សាឆន្ទៈ តស៊ូជាមួយគណបក្សប្រឆាំង។ អង្គរក្សរបស់លោក សម រង្ស៊ី រូបនេះ នៅតែចាត់ទុកលោក សម រង្ស៊ី ជាដឹកនាំល្អរបស់លោក ព្រោះលោកយល់ថា លោក សម រង្ស៊ី ហ៊ានលះបង់ជីវិត ទ្រព្យសម្បត្តិ និងក្ដីសុខផ្ទាល់ខ្លួនដើម្បីប្រទេសជាតិ និងពលរដ្ឋ។
លោក សូ តារា៖ «ខ្ញុំឃើញមនសិការជាតិដ៏ខ្ពង់ខ្ពស់និងឆន្ទៈដើម្បីជាតិដើម្បីប្រជារាស្ត្រដើម្បីប្រជាជននៅស្រុកខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យគឺខ្ញុំនៅតែគោរពនិងស្រលាញ់គាត់(លោក សម រង្ស៊ី) បាទ គាត់អត់ខ្វល់ពីរឿងជីវភាពគ្រួសារ អត់ខ្វល់បុណ្យស័ក្ដិ គាត់អត់ខ្វល់ពីការរស់នៅរបៀបឡូយឆាយអីទេ គាត់ដឹងតែពីរឿងជួយប្រទេសជាតិ និងប្រជាជនខ្មែរជាពិសេសស្រោចស្រង់ជាតិឱ្យបានរស់ហ្នឹងឯង»។
ទាក់ទងជំហររបស់លោក សូ តារា នេះ ប្រធានក្រុមអង្គរក្សគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី គឺលោក ឡុង រី ឱ្យវិទ្យុអាស៊ីសេរីដឹងថា លោក សូ តារា បានលះបង់ប្រពន្ធកូន ក្ដីសុខខ្លួនឯងដើម្បីបំពេញការងារជាអ្នកការពារលោក សម រង្ស៊ី និងជាសកម្មជននយោបាយមួយរូប ជួយលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ លោក ឡុង រី កត់សម្គាល់ទៀតថា លោក សូ តារា ជាមនុស្សគោរពវិន័យ មានភាពស្មោះត្រង់ និងម៉ឺងម៉ាត់ ហើយអ្វីដែលសំខាន់ គឺលោកចេះឈឺចាប់នឹងរឿងអយុត្តិធម៌សង្គម ដែលធ្វើឱ្យសកម្មជនគណបក្សប្រឆាំងរូបនេះ អាចរស់នៅជាមួយលោក សម រង្ស៊ី និងគណបក្សប្រឆាំងមកដល់ពេលនេះ។

លោក ឡុង រី៖ «ជាបុគ្គលិកលក្ខណៈដែលយើងអាចនិយាយតាមសំបកក្រៅ ហើយខ្ញុំអាចដឹងពីចិត្តគាត់ គាត់បានបោះបង់ក្រុមគ្រួសារមិនមែនគាត់រត់ទៅមានស្រីថ្មីទេ ប៉ុន្តែបោះបង់ដោយកាតព្វកិច្ចយកគោលដៅកាតព្វកិច្ចជាធំបំពេញបេសកកម្មជូនជាតិ ហើយគាត់(លោក សូ តារា) គាត់នៅចាកឆ្ងាយពីប្រពន្ធ ខ្ញុំស្គាល់ទាំងប្រពន្ធទាំងកូនរបស់គាត់។ ឆ្លុះបញ្ចាំងតារា ជាមនុស្សម្នាក់ដែលគោរពគោលដៅគោរពបទបញ្ជា និងស្មោះត្រង់ទោះជាស្ថិតក្នុងកាលៈទេសៈបែបណាក៏លោកមិនប្ដូរជំហររបស់លោកដែរ»។
![]()
កាតសម្គាល់ខ្លួនរបស់លោក សូ តារា អង្គរក្សលោក សម រង្ស៊ី ដែលកំពុងភៀសខ្លួននៅប្រទេសថៃ។ Photo Provided
លោក សូ តារា៖ «បងប្អូនដែលរស់នៅជាអង្គរក្សហ្នឹងណាអ្នកខ្លះត្រូវកំប៉េះគូថអ្នកខ្លះត្រូវក្បាលអ្នកខ្លះត្រូវមុខអីអ៊ីចឹងទៅ ដែលលោតគ្រប់ដណ្ដប់គាត់ (លោក សម រង្ស៊ី) ហ្នឹងធ្វើឱ្យឈាមហូរប្រឡាក់គាត់ ពេលនេះសម្រេចលឺតាមអាយកូម(វិទ្យុទាក់ទង)ថា អាវ៉ែនតា (លោក សម រង្ស៊ី) ត្រូវធ្ងន់ហើយ អ៊ីចឹងមូលហេតុហ្នឹងហើយពេលដឹងថា អាវ៉ែនតាត្រូវធ្ងន់ហើយបានពួកគេឈប់បោក(បោកគ្រាប់បែក) យើងស្ដាប់អាយកូម អាយកូមពួកវានៅជុំទិស»។
ទាក់ទងការលើកឡើងរបស់លោក សូ តារា នេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី៣០ ខែមេសា។
ទោះយ៉ាងណា របាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) រកឃើញថា លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលកាលនោះជាប្រធាន និងអនុប្រធានក្រុមកងអង្គរក្ស លោក ហ៊ុន សែន ជាអ្នករៀបចំ និងជាអ្នកបញ្ជាផ្ទាល់នៃការគប់គ្រាប់បែកលើអ្នកតវ៉ាអហិង្សានោះ។

ចំណែក តុលាការប្រទេសបារាំង នៅទីក្រុងប៉ារីស កាលពីថ្ងៃ៣០ធ្នូ ឆ្នាំ២០២១ បានចេញដីកាចាប់ខ្លួន លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ក្នុងករណីគប់គ្រាប់បែកនេះតាមបណ្ដឹងរបស់លោក សម រង្ស៊ី។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ថា រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតបន្ថែមទៀតលើករណីគប់គ្រាប់បែកនេះដើម្បីលាងជម្រះការចោទប្រកាន់នានាដែលថា រដ្ឋាភិបាលមានជាប់ពាក់ព័ន្ធរឿងនេះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ក៏សង្កេតឃើញផងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះសកម្មជនគណបក្សប្រឆាំងមួយចំនួនតែងតែរងនូវអំពើហិង្សា ការចោទប្រកាន់តាមផ្លូវតុលាការ និងការធ្វើទុក្ខបុកម្នេញនានា ដែលធ្វើឱ្យអ្នកខ្លះរត់ភៀសខ្លួនទៅប្រទេសថៃ។ លោក អំ សំអាត យល់ថា ចំពោះឆន្ទៈលោក សូ តារា និងសកម្មជនគណបក្សប្រឆាំងផ្សេងទៀត ដែលនៅតែបន្តគាំទ្រគណបក្សប្រឆាំង គឺជាសិទ្ធិក្នុងការគាំទ្រគណបក្សនយោបាយ ដែលត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
លោក អំ សំអាត៖ «បាទឆន្ទៈ ហើយឧត្តមគតិឬក៏ចិត្តស្រលាញ់និងស្មោះស្ម័គ្រជាសិទ្ធិរបស់ពលរដ្ឋមួយៗដែលគាត់អាចជ្រើសរើសយកគណបក្សនយោបាយ ឬក៏មេដឹកនាំគណបក្សណាមួយដែលខ្លួនពេញចិត្តណា»។
![]()
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត។ RFA File
លោក សូ តារា សព្វថ្ងៃត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួននៅប្រទេសថៃទទួលស្គាល់ជាជនភៀសខ្លួនផ្នែកនយោបាយ និងបានរៀបចំតាំងទីលំនៅឱ្យលោកទៅរស់នៅ ប្រទេសទី៣។ បើទោះជាជួបទុក្ខសោកសៅខ្លះនៅពេលនេះក្ដី ក៏លោកនៅតែបង្ហាញជំហរ ស្មោះត្រង់ជាមួយ គណបក្សប្រឆាំង និងជាមួយលោក សម រង្ស៊ី ដដែល ហើយលោករំពឹងថា ថ្ងៃណាមួយលោកនឹងបានការពារសុវត្ថិភាពឱ្យលោក សម រង្ស៊ី ជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។