អ្នក​គាំទ្រ​ទាមទារ​តុលាការ​ឱ្យ​ដោះ​លែង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​កញ្ញា សេង ធាវី

អ្នកគាំទ្រ​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះ​លែង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​កញ្ញា សេង ធាវី ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ ពីព្រោះ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​រូប​នេះ​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ពួក​គេ​យល់​ថា ចំណាត់​ការ​លើ​កញ្ញា សេង ធារី កន្លងមក គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​សង្គម​ប្រជាធិបតេយ្យ។ មន្រ្តី​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ប្រើ​វប្បធម៌​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ ដូច​អ្វី​ដែល​ពួក​គេ​ធ្លាប់​ដោះ​ស្រាយ​កន្លង​មក ដើម្បី​ផល​ប្រយោជន៍​ជាតិ។

សកម្មជន​សង្គម យុវជន​នាំ​គ្នា​ចេញ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ​កញ្ញា សេង ធារី ដើម្បី​ឱ្យ​សង្គម​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ ពីព្រោះ​គាត់​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អតីត​សកម្មជន​បឹងកក់ ដែល​ចេញ​តស៊ូ​មតិ​យ៉ាង​សកម្ម​​ជាមួយ​កញ្ញា សេង ធារី គឺ​លោកស្រី សាត ផា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៩ ខែកញ្ញា​ថា លោកស្រី​នៅ​តែ​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក សេង ធារី ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ជា​រឿង​អយុត្តិធម៌ និង​ឈឺ​ចាប់​បំផុត ​សម្រាប់​អ្នក​ ដែល​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោកស្រី​បញ្ជាក់​ថា ទោះ​ពេល​នេះ លោកស្រី​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​គេច​ខ្លួន​ពី​ការ​ចាប់ចង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ ក៏​លោកស្រី​មិន​បោះបង់​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​កញ្ញា សេង ធារី ឡើយ។ សកម្មជន​រូប​នេះ​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី១៨ ខែកញ្ញា លោកស្រី និង​ស្ត្រី​ភៀស​ខ្លួន​ផ្សេង​ទៀត បាន​នាំ​គ្នា​ពាក់​អាវ​យឺត​មាន​រូប​កញ្ញា សេង ធារី ចូលរួម​ពិធី​ជួបជុំ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ពលរដ្ឋ​រាប់​រយ​នាក់​នៅ​ទីក្រុង​បាងកក ដើម្បី​បង្ហាញ​ពី​វីរភាព​របស់​កញ្ញា ព្រមទាំង​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង កញ្ញា សេង ធារី ដោយ​ឥត​លក្ខខណ្ឌ៖ « ខ្ញុំ​នៅតែ​ទាមទារ​ឱ្យ​ដោះ​លែង​កញ្ញា សេង ធារី ទោះបីឥឡូវខ្ញុំមកដល់ប្រទេសទី២ ហើយ​ក៏​ខ្ញុំ​ធ្វើ​ដែរ ខ្ញុំ​លះបង់​អាយុ​ជីវិត​របស់​ខ្ញុំ និង​ប្ដេជ្ញា​ទាមទារ​ឱ្យ​ដោះ​លែង​គាត់​ដោយ​ឥត​លក្ខខណ្ឌ »

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ លោកស្រី ព្រុំ ចាន់ថា ថ្លែង​ថា​ចាប់​តាំង​ពី​អាជ្ញាធរ​ចាប់​ខ្លួន​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ​មក ស្រ្តី​ថ្ងៃសុក្រ​បាន​ចេញ​តវ៉ា និង​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដើម្បី​ជួយ​អន្តរាគមន៍​ដោះ​លែង​កញ្ញា និង​សកម្មជន​នយោបាយ​ផ្សេង​ទៀត។ លោកស្រី​ឱ្យ​ដឹង​ថា ទោះ​បី​កន្លង​ទៅ ពួក​លោកស្រី​ត្រូវ​រង​ការ​យាយី និង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ និង​ក្រុម​សន្តិសុខ​យ៉ាង​ណា​ក្តី តែ​យ៉ាង​ហោច​ណាស់ សកម្មភាព​ទាំង​នោះ ក៏​បាន​ផ្ញើ​សារ​ធ្វើ​ឱ្យ​សាធារណជន និង​អន្តរជាតិ​ដឹង​ច្បាស់​អំពី​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ខ្លួន​ដែរ។ លោកស្រី ព្រុំ ចាន់ថា អំពាវនាវ​ដល់​រដ្ឋាភិបាល​ដោះ​លែង​កញ្ញា សេង ធារី និង​សកម្មជន​នយោបាយ​ទាំង​អស់ ឱ្យ​មាន​សេរីភាព​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ៖ « ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​កញ្ញា សេង ធារី ក៏​ដូច​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​ទៅ ពីព្រោះ​គាត់​អត់​មាន​ទោស​អ្វី​ទេ ហើយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ជាពិសេស ដឹក​គាត់​មក​ព្រៃ​ស​វិញ​មក ដើម្បី​ឱ្យ​នៅ​ជិត​កូន ជិត​ចៅ ជិត​ញាតិ​សន្តាន នៅ​ឆ្ងាយ​អ៊ីចឹង​ពិបាក​ទៅ​សួរ​សុខ​ទុក្ខ​ខ្លាំង​ណាស់»។

ចំណែក​យុវជន​ខ្មែរ​ថាវរៈ កញ្ញា សុគន្ធ តុលា លើក​ឡើង​ថា សកម្មភាព​របស់​កញ្ញា សេង ធារី មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ តែ​គាត់​ជា​ពលរដ្ឋ​សកម្ម និង​ក្លាហ៊ាន​ចេញ​មុខ​តស៊ូ​មតិ​ប្រឆាំង​អំពើ​អយុត្តិធម៌ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​សង្គម​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​ការ​លះបង់​នេះ​បាន​ផ្តល់​គំរូ​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ។ កញ្ញា តុលា បញ្ជក់​ថា ក្រុម​យុវជន​សង្គម​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ធ្វើ​សកម្មភាព​គ្រប់​មធ្យោបាយ​ដោយ​សន្តិវិធី​រហូត​មាន​ការ​ដោះ​លែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើង​វិញ៖ « ចំពោះ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​អ្វី​ដែល​បាន​ចាប់​ខ្លួន​បង សេង ធារី និង​សូម​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ផ្តល់​សិទ្ធិ និង​អនុញ្ញាត​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ ដើម្បី​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ​យើង​ខាង​មុខ​នេះ»។

អ្នក​ជំនាញ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ កញ្ញា សេង ធារី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ កាលពីថ្ងៃទី១៤ មិថុនា ពីបទ រួមគំនិតក្បត់ ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី កាលពីឆ្នាំ២០១៩។ មុន​ការ​ឃាត់​ខ្លួន កញ្ញា សេង ធារី បាន​តតាំង​ជាមួយ​តុលាការ​ជា​ច្រើន​ខែ ហើយ​កញ្ញា​បាន​ចាត់​ទុក​តុលាការ​កម្ពុជា​ជា តុលាការ​សម្ដែង​ល្ខោន​រៀបចំ​ដោយ​អ្នក​នយោបាយ។ កញ្ញា សេង ធារី ត្រូវ​បាន​អាជ្ញាធរ​ពន្ធនាគារ​ផ្ទេរ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ មិថុនា ក្រោយ​ពី​ចាប់​ខ្លួន​មួយ​ថ្ងៃ។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន អះអាង​ដដែលៗ ថា ការ​ចោទ​ប្រកាន់​លើ​កញ្ញា សេង ធារី គឺ​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ផ្នែក​លើ​ភស្តុតាង និង​អង្គហេតុ​ត្រឹមត្រូវ។ លោក​ថា រដ្ឋាភិបាល​ពុំ​មាន​សិទ្ធិ​លូក​ដៃ​ចូល​កិច្ច​ការងារ​របស់​តុលាការ​នោះ​ទេ ពីព្រោះ​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​នៅ​ឡើយ៖ « សំណូមពរ​ជា​សំណូមពរ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​អត់​មាន​ដែន​សមត្ថកិច្ច​ក្នុង​ការ​ជ្រៀតជ្រែក ឬ​ការ​បង្គាប់​ដល់​តុលាការ ដើម្បី​ពន្លត់​រឿង​ហ្នឹង​ទេ យើង​មិន​មាន​សមត្ថកិច្ច​ក្នុង​សាច់​រឿង​ហ្នឹង​ទេ មាន​តែ​តុលាការ​ទេ»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១៩ ខែកញ្ញា។

ទោះ​យ៉ាង​ណា​ក្ដី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កាល​ពី​ពេល​ថ្មីៗ នេះ បាន​ថ្លែង​ក្រោយ​ពេល បិទ​បញ្ចប់​ដំណើរ​បេសកកម្ម​របស់​លោក ដោយ​ផ្ដោត​សំខាន់​លើ​ការ​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពន្លឿន​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ត្រូវ​ដោះ​លែង​សកម្មជន​គណបក្ស​នយោបាយ ដែល​កំពុង​ជាប់​ឃុំ​ឱ្យ​មាន​សេរីភាព​វិញ។ ជាមួយ​គ្នា​នេះ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​នយោបាយ ក្នុង​នោះ ក៏​រាប់​បញ្ចូល​ទាំង​ការ​លុប​ចោល និង​ការ​កែទម្រង់​ច្បាប់​នានា ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ផង​ដែរ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត កត់​សម្គាល់​ថា ទី​មួយ ការ​ចាប់​ខ្លួន​កញ្ញា សេង ធារី ដោយសារ​សកម្មភាព​តស៊ូ​មតិ​សកម្ម​របស់​កញ្ញា​កន្លង​មក។ លោក​បន្ត​ថា ទី​ពីរ សហគមន៍​ជាតិ​បាន​ចាត់​ទុក​ការ​ចាប់ និង​ឃុំ​ខ្លួន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​កន្លង​មក គឺ​ជា​រឿង​នយោបាយ ដែល​រំលោភ​បំពាន​លើ​គោលការណ៍​សិទ្ធិមនុស្ស ជាពិសេស រឹតត្បិត​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ដែល​​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​យល់​ថា ករណី​នេះ រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​គួរ​ចូល​តុ​ចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ហើយ​ដោះ​លែង​កញ្ញា សេង ធារី និង​សកម្មជន​ផ្សេង​ទៀត​ដូច​ដែល​អ្នក​នយោបាយ​ធ្លាប់​ធ្វើ​កន្លង​មក ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​បញ្ចៀស​ការ​រិះគន់​នានា៖ « រដ្ឋាភិបាល​តែងតែ​ការពារ​ខ្លួន ហើយ​ពាក់ព័ន្ធ​រឿង​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​ថា ជា​រឿង​របស់​តុលាការ និង​ជា​ការ​អនុវត្ត​ច្បាប់ ប៉ុន្តែ​យើង​មើល​ឃើញ​បទ​ពិសោធន៍​កន្លង​មក អ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​ដូច​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​បណ្ដា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង គេ​មើល​ឃើញ​ថា ការ​ចាប់ និង​ការ​ឃុំ​ខ្លួន​លើ​អតីត​សកម្មជន​បក្ស​នយោបាយ​មួយ​ចំនួន ក៏​ដូច​កញ្ញា សេង ធារី គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់»។

មូលនិធិ គ្លូនី សម្រាប់​យុត្តិធម៌ (Clooney Foundation for Justice -CFJ) កាល​ពី​ថ្ងៃ​ទី១៥ ខែកញ្ញា បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​ការ​ពិនិត្យ​ដំណើរ​ការ​កាត់ក្ដី (TrialWatch) ដោយ​ដាក់​ពិន្ទុ អេហ្វ (F) ឬ​ទាប​បំផុត បន្ទាប់​ពី​រក​ឃើញ​ថា ការ​កាត់​ទោស​មេធាវី​ខ្មែរ​អាមេរិកកាំង កញ្ញា សេង ធារី ឱ្យ​ជាប់​ពន្ធនាគារ៦ឆ្នាំ នៅ​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់» គឺ​គ្មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា កញ្ញា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ​ឡើយ។ មូលនិធិ គ្លូនី សម្រាប់​យុត្តិធម៌ ស្នើ​ដល់​តុលាការ​កម្ពុជា ឲ្យ​ដោះលែង​កញ្ញា សេង ធារី ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។