តុលាការរបបលោក ហ៊ុន សែន ដោះលែងសកម្មជនបក្សប្រឆាំងម្នាក់នាក់ ក្រោយពេលសារភាពថា បានរួមគំនិតក្បត់ ជាមួយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី។ ចំណែកមន្ត្រីបក្សប្រឆាំងម្នាក់ផ្សេងទៀត បានបង្ហោះវីដេអូសារភាពមុខប៉ូលិសខេត្តបន្ទាយមានជ័យ ដោយបញ្ជាក់ថា លោកមិនបានរួមគំនិតក្បត់ជាមួយលោក សម រង្ស៊ី ឡើយ។ មន្ត្រីបក្សប្រឆាំងថា របបក្រុងភ្នំពេញគំរាមឱ្យធ្វើបែបនេះ ហើយមន្ត្រីបក្សប្រឆាំងទ្រាំ បង្ខំចិត្តសារភាពទាំងគ្មានកំហុស។
សាលាដំបូងខេត្តកំពង់ធំដោះលែង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក រស់ គឹមស្រៀង កាលពីថ្ងៃទី១១ ខែតុលា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សោ ចាន់ដេត អះអាងថា សកម្មជនបក្សប្រឆាំងនេះធ្វើតាមការបង្ខំ ដោយសារចង់រក្សាសុវត្ថិភាព ហើយគណបក្សប្រឆាំង បានដឹងច្បាស់ថា មន្ត្រីបក្សប្រឆាំងមិនអាចទ្រាំបាននឹងការធ្វើបាប ទើបចេញសារភាព ទាំងខ្លួនគ្មានកំហុស។ លោកប្រៀបរបបលោក ហ៊ុន សែន ទៅនឹងរបប ប៉ុល ពត ដែលចាប់បង្ខំមនុស្សស្អាតស្អំ ឱ្យសារភាពកំហុស៖ «សុទ្ធតែគេបង្ខំទេ។ វាអត់មានចេញពីឆន្ទៈខ្លួនឯងទេ។ បើវាចេញពីឆន្ទៈខ្លួនឯង ពួកហ្នឹងមិនមែនមកចាប់ទេ។ សុទ្ធតែការបង្ខំ សុទ្ធតែការគំរាមកំហែង សុទ្ធតែការបំភ័យហើយ ព្រោះពួកហ្នឹងមិនបំភ័យ មិនបង្ខំ គាត់មិនទៅសារភាពអ្វីទេ អ៊ីចឹងណា។ ដូចរបបខ្មែរក្រហមអ៊ីចឹងណា។ ខ្មែរក្រហមចាប់មនុស្សយកទៅអត់មានកំហុសអ្វីសោះ ឱ្យមនុស្សសារភាព ហើយពេលហ្នឹងចេះតែសារភាពហើយ ដើម្បីរស់។ អ៊ីចឹងណា ដើម្បីជៀសវាងគេយកទៅសម្លាប់ចោល។ យ៉ាងណាមិញ ពួកពីរនាក់ហ្នឹង ក៏ដូចតែគ្នាដែរ។ ដូចរបបខ្មែរក្រហមអ៊ីចឹង។ អ៊ីចឹង កាលណាគេប្រាប់យ៉ាងម្ដេច គាត់អាចការពារ អាចមានសុវត្ថិភាពបាន អាចនៅក្រៅឃុំបាន គាត់និយាយហើយ អាហ្នឹងនោះ។ សុទ្ធតែការគំរាមកំហែងដល់ការដាក់គុក ដាក់ច្រវាក់ ដល់គ្រួសាររបស់គាត់ហើយ អ៊ីចឹងណា»។
ទោះយ៉ាងណា លោកប្រាប់ថា គណបក្សប្រឆាំងស្ងើចសរសើរដល់សកម្មជនភាគច្រើន ដែលអាចនៅស៊ូទ្រាំ នឹងការគំរាម ធ្វើទុក្ខបុកម្នេញ មិនព្រមចាញ់សម្លុតរបស់របបក្រុងភ្នំពេញ។ លោកអះអាងថា បក្សប្រឆាំងដឹងច្បាស់ថា ការសារភាពនេះ ជាការចាប់បង្ខំ និងមិនខឹងសកម្មជន ដែលរងគ្រោះ ដោយគ្មានកំហុសទាំងអស់នោះទេ។ ដោយឡែកសកម្មជនបក្សប្រឆាំងម្នាក់ទៀត នៅខេត្តបន្ទាយមានជ័យ បានយល់ព្រមបង្ហោះវីដេអូ នៅមុខប៉ូលិស ដើម្បីទទួលបានសុវត្ថិភាពដែរ។ អនុប្រធានគណៈកម្មការប្រតិបត្តិស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ហុង សំចិត្រ បានបង្ហោះថា លោកបានចូលសារភាពមុខសមត្ថកិច្ច នៅថ្ងៃទី១១ តុលា ដោយគ្មានការបង្ខិតបង្ខំទេ៖ «បង្ហាញអំពីជំហររបស់ខ្ញុំ។ ខ្ញុំបង្ហោះនេះ គឺថា ជាគំនិតរបស់ខ្ញុំ ហើយអត់មានអ្នកណាបង្ខិតបង្ខំទេ។ អ៊ីចឹង ខ្ញុំសុំអានអំពីការបង្ហោះរបស់ខ្ញុំបាទ។ ខ្ញុំបាទ ហុង សំចិត្រ ជាអតីតមន្ត្រីបក្សប្រឆាំង ជាអនុប្រធានគណៈកម្មការប្រតិបត្តិស្រុកមង្គលបុរី ឥឡូវ បច្ចុប្បន្នជាពលរដ្ឋសាមញ្ញម្នាក់ សូមបញ្ជាក់ជំហរទស្សនៈ និងសកម្មភាព រាល់សកម្មភាពទាំងឡាយណា គ្រប់រូបភាព ទាំងទស្សនៈ និងជំហរ ទាក់ទងនឹងហិង្សា ឬផ្ដួលរំលំរដ្ឋាភិបាល ឬប្រឆាំងអាជ្ញាធររដ្ឋ ឬប្រព្រឹត្តិខុសច្បាប់ ឬប្រឆាំងនឹងសាលក្រមរបស់តុលាការ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជាយើង ដាច់ខាតមិនមែនជាគំនិត ឬទស្សនៈ ឬសកម្មភាពរបស់ខ្ញុំឡើយ»។
របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងចំនួន ៣៨នាក់ ពាក់ព័ន្ធនឹងការបន្តគាំទ្រសកម្មភាព លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ។ ខណៈសកម្មជន ១៨០នាក់ទៀត មានដីកាកោះហៅ និងចាប់ខ្លួន។ ក្រៅពីនេះ សកម្មជនបក្សប្រឆាំងមួយចំនួនធំទៀត កំពុងភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ និងរង់ចាំអមដំណើរ លោក សម រង្ស៊ី ចូលប្រទេសកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា។
លោក សោ ចាន់ដេត អះអាងថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិត និងធ្វើកិច្ចការងារទូត រាល់ថ្ងៃ ជាមួយអង្គការសហប្រជាជាតិ ដើម្បីរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិមនុស្ស និងការធ្វើបាបលើសកម្មជនបក្សប្រឆាំង ពីសំណាក់របបក្រុងភ្នំពេញ។
ចំណែកគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំងវិញ បានដាក់លិខិត ២ច្បាប់ ទៅសហភាពអឺរ៉ុប ដើម្បីសុំអន្តរាគមន៍ ករណីយុទ្ធនាការចាប់ខ្លួន សកម្មជនបក្សប្រឆាំងនេះ។ លិខិតទាំងពីរច្បាប់ ដែលផ្ញើទៅសហភាពអឺរ៉ុប នៅថ្ងៃទី១០ តុលា មានមួយច្បាប់ បានផ្ញើទៅកាន់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកស្រី Cécilia Malström និងមួយច្បាប់ទៀត ផ្ញើទៅកាន់ស្ថាប័ន European External Action Service ដែលជានាយកដ្ឋានទំនាក់ទំនងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប។ លិខិតសុំអន្តរាគមន៍ទាំងពីរនេះ បានរាយការណ៍ថា ស្ថានភាពនយោបាយនៅកម្ពុជា កាន់តែធ្លាក់ចុះដុនដាប និងគួរឱ្យព្រួយបារម្ភខ្លាំង ដោយសារតែព្រឹត្តិការណ៍ចុងក្រោយ គឺអាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងកាន់តែច្រើនឡើង និងស្នើសុំកិច្ចអន្តរាគមន៍។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ការដោះលែងសកម្មជនបក្សប្រឆាំង ២នាក់ ដោយសារឆ្លើយសារភាពកំហុសនេះ មិនបានធ្វើឱ្យស្ថានការណ៍នយោបាយធូរស្បើយឡើយ។ លោកបន្តថា ការដោះលែងសកម្មជនបក្សប្រឆាំង គ្រាន់តែជាទឡ្ហីករណ៍ បង្ហាញពីស្ថានភាពសិទ្ធិមនុស្សប៉ុណ្ណោះ តែអ្វីដែលប្រឈមគឺ បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក៖ «ស្ថានភាពបច្ចុប្បន្ន វាហាក់ដូចជាផុតនៅក្នុងគេហៅថា ពីអ្នកនយោបាយកម្ពុជាហើយ បានន័យថា ស្ថានភាពដែលត្រូវប្រឈម ត្រូវដោះស្រាយបញ្ហាជម្លោះនយោបាយកម្ពុជា គឺបញ្ហាដែលឆ្លើយតបទៅ នឹងតម្រូវការរបស់ពលរដ្ឋកម្ពុជា វាពាក់ព័ន្ធនឹងការរក្សានូវអត្ថប្រយោជន៍នៃសេដ្ឋកិច្ច ដែលកម្ពុជាទទួលបានពីសហគមន៍អន្តរជាតិ។ ប្រទេសកម្ពុជា ត្រូវមានយន្តការ មធ្យោបាយសម្របសម្រួលនឹងឆ្លើយតបទៅស្ថាប័នអន្តរជាតិបែបណា ដើម្បីរក្សាបាននូវអត្ថប្រយោជន៍ ទើបស្ថានភាពនយោបាយហ្នឹងមានលក្ខណៈធូរស្បើយ។ ការដោះលែង សកម្មជនអតីតគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែជាទឡ្ហីករណ៍ មួយចំនួន បង្ហាញអំពីស្ថានភាពសិទ្ធិមនុស្ស ការសម្ដែងមតិ សេរីភាពបញ្ចេញមតិ មានលក្ខណៈបើកចំហ បើកទូលាយ។ អាហ្នឹងគ្រាន់តែបង្ហាញទេ ប៉ុន្តែមិនទាន់បង្ហាញថា មានលក្ខណៈធូរស្បើយទេ»។
បើទោះមានការដោះលែងសកម្មជនបក្សប្រឆាំងខ្លះ តាមរយៈឱ្យសារភាពមុខសមត្ថកិច្ច តែមេដឹកនាំរបបក្រុងភ្នំពេញ បានបង្កើនវោហារសាស្ត្រ គំរាមចាប់ខ្លួនពលរដ្ឋបន្ថែមទៀត។ លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ តុលាថា រដ្ឋាភិបាលនឹងចាត់វិធានការ ចំពោះជនណាចូលរួម ផ្សព្វផ្សាយ ផែនការរដ្ឋប្រហារ ឬបង្ហោះសារ ពីការទៅទទួលដំណើរ លោក សម រង្ស៉ី វិលចូលស្រុក ថ្ងៃទី៩ វិច្ឆិកា តាមបណ្ដាញសង្គមនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
