ACU រង​ការ​រិះគន់​ក្រោយ​​អះអាង​​ថា មន្ត្រី​​សមត្ថកិច្ច​​គ្រាក់ៗ ​ពីរ​​រូប​​មិន​ជាប់​​ពាក់ព័ន្ធ​​អំពើ​ពុក​រលួយ

ដោយ សេក បណ្ឌិត
2019-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឱម យ៉ិនទៀង (ឆ្វេង) ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្វើ​សន្និសីទ​កាសែត នា​ការិយាល័យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៦។
លោក ឱម យ៉ិនទៀង (ឆ្វេង) ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្វើ​សន្និសីទ​កាសែត នា​ការិយាល័យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៦។
RFA

សង្គម​ស៊ីវិល និង​ពលរដ្ឋ រិះគន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​​ថា អតីត​មេ​ប៉េអិម​ខេត្ត​រតនគិរី និង​ស្នងការ​រង​ខេត្ត​កណ្ដាល​ មិន​ជាប់​ពាក់ព័ន្ធ​​អំពើពុករលួយ ក្រោយ​បើក​ការស៊ើបអង្កេត ដោយ​ស្ងាត់ៗ​ អស់​​រយៈ​ពេល​​ជិត​​កន្លះ​​ឆ្នាំ។ សង្គម​​ស៊ីវិល និង​ពលរដ្ឋ​មិន​មាន​ជំនឿ​លើ​ការស៊ើបអង្កេត​របស់​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​​នេះ​​ទេ និង​​​ទាមទារ​​​ឱ្យ​​​ស៊ើប​​អង្កេត​​ដោយ​​តម្លាភាព​ និង​​ត្រឹមត្រូវ​​ឡើង​​​វិញ។

សង្គម​ស៊ីវិល និង​ពលរដ្ឋ​ហួសចិត្ត​ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ប្រកាស​​ថា រក​មិន​ឃើញ​អំពើពុករលួយ​របស់​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី និង​ស្នងការ​រង​ខេត្ត​កណ្ដាល លោក ស្រេង សុខា ដោយ​អះអាង​ថា ពួកគាត់​គ្មាន​លុយ​និង​ទ្រព្យ សម្បត្តិ​ស្ដុកស្ដម្ភ​ដូច​ការ​សម្ញែង​នោះ​ឡើយ។

ពលរដ្ឋ​រស់នៅ​ភ្នំពេញ លោក ភាព ភាជន៍ លើកឡើង​ថា លោក​​មិន​​ជឿ​​ចំពោះ​​ការ​ស៊ើប​អង្កេត​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​រលួយ​​​នោះ​​​ទេ ដោយ​​​ចាត់​​ទុក​​ថា ចំណាត់​ការ​​របស់​​អង្គភាព​​មួយ​​នេះ លម្អៀង និង​ការពារ​មន្ត្រី​គ្រាក់ៗ​ ទាំងពីរ​រូប​នេះ ឱ្យ​​គេច​ផុត​​​ពី​​​ការ​​ទទួល​​ទោស​​ទណ្ឌ​​តាម​ច្បាប់៖ «សួរ​ថា គាត់​បាន​លុយ​មក​ពី​ណា បើ​ប្រាក់​ខែ​គាត់​ក្នុង​មួយ​ខែៗ មិន​លើស​ពី ១ពាន់​ដុល្លារ​ផង។ បើ​ថា គាត់​សម្ញែង ចុះ​ថា​តើ​លុយ​នោះ​ជា​លុយ​ខ្មោច ឬ​លុយ​អី ។ខ្ញុំ​ថា លុយ​ទាំង​អស់​នេះ គឺ​ជា​លុយ​ពិត​ប្រាកដ និង​ដោយសារ​តែ​គាត់​មាន​លុយ​ទើប​គាត់​សម្ញែង​កើត»

ពលរដ្ឋ​មួយ​រូប​ទៀត សម្ដែង​ការ​ហួសចិត្ត​ ចំពោះ​ការ​បកស្រាយ​លទ្ធផល​ស៊ើបអង្កេត​របស់​ប្រធាន​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ លោក ឱម យិនទៀង​។ ពលរដ្ឋ​រូប​នេះ ជឿជាក់​ថា ប្រសិនបើ​អង្គភាព​របស់​​លោក ឱម យិនទៀង មាន​ឆន្ទៈ​ស៊ើបអង្កេត​ដោយ​ត្រឹមត្រូវ និង​តម្លាភាព គឺ​ប្រាកដជា​រក​ឃើញ​ថា លោក គឹម រស្មី និង​លោក ស្រេង សុខា ពិតជា​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ៖ «សម្រាប់​ពលរដ្ឋ​ស្លូត​ត្រង់ៗ ល្មមៗ គេ​ចោទ​ពី​បទ​នេះ​បទ​នោះ តាម​តែ​ការ​នឹក​ឃើញ​តែ​ពេល​មន្ត្រី​ធំៗ កំពូលៗ បង្វែរ​សំណុំ​រឿង​គ្រប់​បែប​យ៉ាង​អ៊ីចឹង​ទៅ។ ខ្ញុំ​ថា មន្ត្រី​ទាំង​អស់​នេះ ហ៊ាន​សម្ញែង​ប្រាកដ​ជា​មាន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​លើ​អី​មួយ​មិន​ខាន​ទេ។ អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់ និង​ប្រកាន់​នូវ​វិជ្ជាជីវៈ»

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ភាគច្រើន ក៏បាន​ប្រតិកម្ម​ខ្លាំងៗ​ ចំពោះ​ចំណាត់ការ​របស់​អង្គភាព​​​ប្រឆាំង​​​អំពើ​​ពុក​​រលួយ​​​នេះ​​​ដែរ ដោយ​អ្នកខ្លះ​ចាត់ទុកថា វា​គឺជា​រឿង​កំប្លែង​ដែល​ល្អ​សើច​បំផុត​។ អ្នក​ខ្លះ​ទៀត​សរសេរ​​ថា ឱ្យ​​តែ​​មនុស្ស​​របស់​គណបក្ស​​ប្រជាជន​​កម្ពុជា គឺ​​រក​មិន​ឃើញ​អំពើ​ពុក​រលួយ​​ទេ កុំថាឡើយ​លុយ ​៥០​ម៉ឺន​​ដុល្លារ ទោះ​​​ជា​​​ពួក​​គេ​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​អំពើ​​ពុក​​រលួយ​​​លុយ​​រាប់​​​លាន​​​ដុល្លារ​​​ក៏​​ដោយ ប៉ុន្តែ​​ប្រសិន​បើ​​អ្នក​​ដែល​​មាន​​និន្នាការ​​ផ្ទុយ​​ពី​​របប​​ក្រុង​ភ្នំពេញ​​វិញ គឺ​​លុយ​​ត្រឹម​តែ ​៥០​ដុល្លារ ក៏​អង្គភាព​របស់​លោក ឱម យិនទៀង អាច​រក​ឃើញ​ និង​​ចោទ​​ថា ជា​​អំពើ​ពុក​រលួយ ហើយ​​​ស្រួល​​​មិន​​​ស្រួល​​​អាច​​​ជាប់​​គុក​​​មុន​​ហើយ ​ទើប​​រក​​បទ​ល្មើស​មក​ចោទ​ជា​ក្រោយ​ទៀត​ផង​​ក៏​ថា​​បាន។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​មិថុនា លោក ឱម យិនទៀង អះអាង​ថា លោក គឹម រស្មី អត់​លុយ ៥០​ម៉ឺន​ដុល្លារ​ទេ​។ លុយ​ក្នុង​ធនាគារ​របស់​លោក គឹម រស្មី មិន​​គ្រប់ ​៥០​ម៉ឺន ដូច​ការ​​អួត​​សម្ញែង​​ទ្រព្យ​សម្បត្តិ​នោះ​ទេ។ លោក​បន្ត​ថា ករណី​សម្ញែង​ទ្រព្យ គឺ​គ្មាន​ទោស​ទេ ព្រោះ​មិន​មាន​ចែង​ក្នុង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា។ ប៉ុន្តែ​លោក​ថា បើ​នៅ​ហុងកុង ច្បាប់​ប្រឆាំង​អំពើពុករលួយ​មាន​ទោស​ជាប់គុក៖ «សែក​ដែល​លោក គឹម រស្មី ចែក​ឲ្យ​លុយ ១០ម៉ឺន​ដុល្លារ ៥សន្លឹក​ឱ្យ​កូន ៥នាក់​នោះ អត់​បាន​ទៅ​បើក​ទេ ហើយសែក ២សន្លឹក ដូច​ជា ហែក​ចោល​ទៀត​ផង។ សែក​ទាំង​ប៉ុន្មាន​យើង​ខ្ញុំ រឹប​អូស​យក​បាន​មក​ធ្វើ​ជា​ភស្តុតាង។ កូន​ដែល​ហែក​សែក​ចោល និយាយ​ថា សែក​នោះ​ចង្រៃ​អត់​លុយ ហើយ ឪ​វា​អស់​​បុណ្យ​ទៀត។ យើង​បាន​ហៅ​គាត់​មក​សួរ​ចម្លើយ មើល​ទ្រព្យ​សម្បត្តិ​របស់​គាត់ ទាំង​ផ្ទះ ទាំង​ឡាន និង​លុយ​ដាក់​នៅ​ធនាគារ​ទាំង​អស់»

កាលពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​រតនគិរី ត្រូវ​បាន​លោក ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់ពី​លោក បាន​ប្រកាស​ចែក​ប្រាក់​ដល់​កូនៗ​ចំនួន ៥​នាក់​ដោយ​ម្នាក់ៗ​ ទទួល​បាន​ ១០​ម៉ឺន​ដុល្លារ សរុប​ ៥០​ម៉ឺន​ដុល្លារ នៅ​ក្នុង​ពិធី​ខួបកំណើត​កូនស្រី​របស់​លោក។ នៅ​ចំពោះ​មុខ​ភ្ញៀវ​ ដែល​កំពុង​ចូលរួម​កម្មវិធី​ខួបកំណើត​កូន​របស់​ខ្លួន លោក គឹម រស្មី ក្រៅពី​ការ​ប្រកាស​ចែក​លុយ​ដល់​កូនៗ​របស់​ខ្លួន លោក​ក៏បាន​អួត​អំពី​តម្លៃ វ៉ែនតា ស្បែកជើង ខ្សែក្រវាត់ និង​អាវ​ជាដើម ដែល​មាន​តម្លៃ​រាប់ពាន់​ដុល្លារ និង​មាន​ផ្ទះ​ជាច្រើន​កន្លែង ព្រមទាំង​មានលទ្ធភាព​បញ្ចូន​កូន​ទៅ​រៀន នៅ​ប្រទេស​សិង្ហបុរី ដែល​ជា​ប្រទេស​អ្នកមាន​ថែមទៀត៖ «ថ្ងៃ​នេះ មាន​កូន ៥នាក់ ជូន​សែក​ម្នាក់ ១០ម៉ឺន ដើម្បី​ទៅ​រកស៊ី។អា​បង​គេ​រាង​តូច​នេះ ឲ្យ​ផ្ទះ​ផ្លូវ​ផ្សារ បើក​ហាង។ ផ្ទះ​ពីរ​ល្វែង​នេះ ខ្ញុំ​ត្រូវ​តម្លៃ​ជាមួយ​គេ ៥៤ម៉ឺន​ដុល្លារ តែ​ប្រពន្ធ​ខ្ញុំ​មិន​ឲ្យ​លក់។ ដូច្នេះ​ឲ្យ​កូន​បើក​ហាង និង​ឲ្យ​លុយ ១០ម៉ឺន​ថែម​ទៀត។ អា​មួយ​នេះ ទិញ​ដី​ឲ្យ​ហើយ​ឲ្យ​លុយ ១០ម៉ឺន​ទៀត។អា​មួយ​បង​នោះ​ឲ្យ​លុយ ១០ម៉ឺន​ដែរ បើក​ហាង​ធ្វើ​សក់​ធ្វើ​មុខ គេ​ទៅ រៀន​ចេះ​ហើយ តែ​នៅ​មាន​កម្រិត ត្រូវ​រៀន​ថែម​ទៀត។ នៅ​កូន ២នាក់​ទៀត​តូចៗ ដែល​ទៅ​រៀន​នៅ សាំងហ្គាពួរ ក៏​បាន​លុយ​ម្នាក់ ១០ម៉ឺន​ដុល្លារ​ដែរ»

ការប្រកាស​បង្ហាញ​លុយ និង​ទ្រព្យ​សម្បតិ្ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ហើយ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន ក៏បាន​ដាក់​ការ​ចោទប្រកាន់​ថា លោក គឹម រស្មី គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​រកស៊ី​ឈើ​នៅ​ខេត្ត​រតនគិរី ដែល​ជា​ខេត្ត​សម្បូរ​បទល្មើស​ព្រៃ​ឈឺ​ទៀត​ផង។

លោក ឱម យិនទៀង ទទួល​ស្គាល់​ថា លោក គឹម រស្មី គឺជា​អ្នកក្រ ប៉ុន្តែ​ក្រោយពី​រៀបការ​ជាមួយ​ភរិយា​ដែល​ជា​ប្អូនថ្លៃ​របស់​លោក គន់ គីម ទើប​លោក​មានទ្រព្យ​សម្បត្តិ​ដោយសារ​ចម្ការ​កៅស៊ូ និង មុខ​របរ​ចងការ​ប្រាក់​របស់​ភរិយា​លោក​ដែល​មិន​ចេះ​អក្សរ។ ទោះ​យ៉ាង​ណា​ក្តី លោក ឱម យ៉ិនទៀង បាន​ព្រលយ​ពាក្យ​ថា អង្គភាព​របស់​លោក នឹង​បន្ត​ស៊ើបអង្កេត​ករណី​មួយ​ចំនួន​ទៀត​លើ​លោក គឹម រស្មី ពាក់ព័ន្ធ​មាន​ករណី​ស្លាប់​អ្នកកាសែត និង​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ។

ទាក់ទង​នឹង​ស្នងការ​រង​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា វិញ លោក ឱម យិនទៀង ក៏បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ដែរ​ថា គឺជា​ការ​បង្អួត​សម្ញែង​ទ្រព្យសម្បត្តិ ដែល​តាមពិត​គ្មាន​ទ្រព្យ​នោះ​ទេ​។ កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ អង្គភាព​​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​បើក​ការស៊ើបអង្កេត​ទៅលើ​ទ្រព្យសម្បត្តិ​របស់​ស្នងការ​រង​ខេត្ត​កណ្ដាល ក្រោយពី​មានការ​ផ្សព្វផ្សាយ​រូបថត​ជាច្រើន​របស់​លោក ស្រេង សុខា ក្នុង​ពិធី​ភ្ជាប់​ពាក្យ ដោយ​បាន​ផ្តល់​ឱ្យ​កូនក្រមុំ ១០​ម៉ឺន​ដុល្លារ ចិញ្ចៀន​ពេជ្រ និង​ឡាន​ទំនើប​។ ក្នុង​នោះ ក៏​មានការ​សម្ញែង​ទ្រព្យសម្បត្តិ​របស់​លោក​ស្នងការ​រង ស្រេង សុខា ដែល​មាន​ចិញ្ចៀន​ពេជ្រ ខ្សែ​ក និង​ក្បាល​ខ្សែក្រវាត់​មាស ដាំ​ពេជ្រ ជាដើម​។

លោក ឱម យិនទៀង រក​ឃើញ​ថា ស្នងការ​រូប​នេះ គ្មាន​លុយ​ទេ ហើយ​លុយ​និង​ទ្រព្យ​សម្បតិ្ត​ដែល សម្ញែង​នោះ​គឺជា​របស់​ខាង​ស្រី ដូច្នេះ​គ្មាន​ទោស​អ្វី​ឡើយ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថា ការ​បកស្រាយ​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ មិន​អាច​ឱ្យ​មហាជន​អស់ចិត្ត ឬ​ទទួលយក​បានទេ ព្រោះ ពួកគេ មិន​បាន​ឃើញ​មិន​បាន​ដឹង​អំពី​ប្រភព​ចំណូល​ពិត​ប្រាកដ​របស់​ជនសង្ស័យ។ លោក​បន្ត​ថា ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា មិន​ថា​នៅ​ក្នុង​អង្គភាព​ណាមួយ​ទេ គឺ​តែងតែ​មាន​ភាព​ចម្រូងចម្រាស និង​ឃើញ​មាន​ស្តង់ដារ​លើស​ពី​មួយ ដូច្នេះ​ដើម្បី​ពង្រឹង​ការ​ជឿជាក់​ពី​សាធារណជន គឺ​ត្រូវ​ពង្រឹង​ការអនុវត្ត ច្បាប់​ជារួម និង​ត្រូវ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​យុត្តិធម៌៖ «ប្រហែល​ជា​មិន​ទាន់​មាន​តម្លាភាព​គ្រប់គ្រាន់ ឬ​ក៏​មាន​ចំណុច ដែល​មិន​សម​ហេតុ​ផល​ខ្លះ។ឧទាហរណ៍​ថា មន្ត្រី​ដែល​នៅ​ខេត្ត​រតនគិរី​នោះ អត់​មាន​លុយ​អត់​មាន​ថវិកា​ទេ គាត់​គ្រាន់​តែ​សម្ញែង ហើយ​សែក​នោះ គឺ​សែក​បំប៉ោង​ទេ គឺ​ជា​រឿង​គួរ​ឲ្យ​ចម្លែក​ដែរ។ ខ្ញុំ​មិន​ថា​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​មន្ត្រី​មួយ​រូប​អត់​មាន​ថវិកា​ទេ ប៉ុន្តែ​សរសេរ​សែក​បង្អួត​ប្រាប់​គេ គឺ​ជា​រឿង​គួរ​ឲ្យ​ចម្លែក និង​មិន​ដែល​ជួប​ទេ»

រីឯ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ថា លោក​រួម​ទាំង​មហាជន គឺ​មិន​ទាន់​អាច​ទទួលយក​លទ្ធផល​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ឡើយ​។ លោក​មើល​ឃើញ​ថា ខេត្ត​រតនគិរី គឺជា​ខេត្ត​សម្បូរ​ដោយ​បទល្មើស​ព្រៃឈើ​ដឹក​ទៅ​លក់ នៅ​វៀតណាម ហើយ​លោក គឹម រស្មី គឺជា​តួអង្គ​មួយ​ដែល​ទទួលខុសត្រូវ​ក្នុង​ខេត្ត​រតនគិរី​នេះ​ដែរ។

លោក​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ស៊ើបអង្កេត​រក​ប្រភព​លុយ​តាម មធ្យោបាយ​ផ្សេងៗ​ទៀត មិនមែន​ត្រួតពិនិត្យ​តែ​ក្នុង​ធនាគារ​នោះ​ទេ ព្រោះ​លុយ​ដែល​បាន​ពី​អំពើ​ពុក រលួយ​ត្រូវ​ចាត់ទុកជា​លុយ​កខ្វក់ ដូច្នេះ​មិន​អាច​ឆ្លងកាត់​តាម​ធនាគារ​បាន​ភ្លាមៗ​ទេ អាច​រក្សាទុក​នៅ កន្លែង​ណាមួយ​ដើម្បី​រង់ចាំ​ឱកាស​ល្អ​សម្រាប់​លាង​លុយ​នោះ៖ «ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​តែ​ក្នុង​ធនាគារ គឺ​រក​មិន​ឃើញ​ទេ គឺ​ត្រូវ​ទៅ​ស្រាវជ្រាវ​រក​ប្រភព​អ្វី ដែល​ខ្មៅ​កខ្វក់ ដែល​លុយ​យក​មក​លាក់​ទុក យក​មក​លាង គឺ​ខ្ញុំ​គិត​ថា វា​នឹង​លេច​ចេញ​លុយ​កខ្វក់​ទាំង​នោះ។ អំពើ​ពុក​រលួយ​វា​សាំញ៉ាំ វា​ទាមទារ​ឲ្យ​មាន អ្នក​ឯកទេស​ខាង​ធនាគារ​ខាង​អីៗ មក​ស្រាវជ្រាវ ហើយ​ពិនិត្យ​ភាព​ជាក់​ស្ដែង ដែល​បទ​ល្មើស ដែល​កើត​ឡើង​ក្នុង​ខេត្ត​បុគ្គល​នោះ​ទទួល​ខុស​ត្រូវ តើ​បទ​ល្មើស​ទាំង​អស់​នោះ វា​មាន​រូបភាព​យ៉ាង​ម៉េច»

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម​ថា សម្រាប់​លោក មិន​ចម្លែក​ទេ ចំពោះ​ការប្រកាស​របស់​លោក ឱម យិនទៀង នេះ ព្រោះ​កន្លងមក មាន​អំពើពុករលួយ​ខ្លះ គឺ​នៅ​នឹង​មុខៗ​ឬ​ត្រូវ​បាន​គេ​មើល​ឃើញ ជាក់ស្ដែង​ដូចជា​បទល្មើស​ព្រៃឈើ បទល្មើស​ចាក់​ដី​លុប​សមុទ្រ ករណី​បណ្ដោយ​ឱ្យ​ជនបរទេស​រស់ នៅ​និង​សាងសង់​អាគារ​ខុសច្បាប់​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម ប៉ុន្តែ​មិន​មាន​ចំណាត់ការ​ផ្លូវច្បាប់​ឬ យក​ភ្នែក​មើល​ឡើយ ដោយ​បង្កើត​ឱ្យ​អំពើ​និទ្ទណ្ឌភាព​កាន់តែ​ច្រើន​ក្នុង​សង្គម។

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ លើក​ឡើង​ថា នៅ​ពេល ដែល​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ថា លោក គឹម រស្មី មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ គឺ​​មាន​ន័យ​ថា ការ​​អន្តរាគមន៍​​របស់​​លោក ហ៊ុន សែន កន្លងមក ដែល​ដក​លោក គឹម រស្មី ចេញ ពី​តួនាទី​ជា​មេ​ប៉េអិម ក៏​មិន​ត្រឹមត្រូវ​ដែរ និង​បាន​បង្ហាញ​ថា លោក ហ៊ុន សែន ធ្វើការ​ងារ​តាម​អារម្មណ៍ និង​គ្មាន​ភាព​ច្បាស់លាស់។ កញ្ញា​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​នេះ មិន​ចាំបាច់​ដល់​អ្នក​ដែល​មាន​ចំណេះដឹង​ខ្ពស់ៗ​ទេ សូម្បីតែ​ពលរដ្ឋ​សាមញ្ញ​ធម្មតា ក៏​មាន​មន្ទិល​សង្ស័យ​ដែរ ព្រោះ​ពួកគេ សង្កេត​ឃើញ​ថា រាល់​ការស៊ើបអង្កេត​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ឬ​មន្ត្រី​គណបក្ស​កាន់អំណាច គឺ​តែងតែ​មិន​សូវ​មាន​គុណភាព​នោះ​ទេ៖ «កាល​ណា​យើង​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ​មិន​មាន​តម្លាភាព មាន​ន័យ​ថា ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នេះ បើ​សិន​ជា​គ្នា​ឯង ធ្វើ​លំៗ ហើយ​បើ​គ្នា​គេ ធ្វើ​មែន​ទែន គឺ​វា​ធ្វើ​ឲ្យ​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​អត់​មាន​សមភាព។ ធ្វើឲ្យ ប៉ះពាល់​ដល់​ការ​អនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាត់​បង់​គុណ តម្លៃ»

សង្គម​ស៊ីវិល មើល​ឃើញ​ថា អំពើពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅតែ​មាន​ទំហំ​ធំធេង​និង​មាន លក្ខណៈ​ស្មុគស្មាញ ដែល​ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឆន្ទៈ​មោះមុត និង​បង្កើន សមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ហើយ​ពលរដ្ឋ​ត្រូវ​ជួយ​ជំរុញ និង​ចូលរួម​ឃ្លាំមើល ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នេះ។ លោក ព្រាប កុល ឱ្យ​ដឹង​ថា អំពើពុករលួយ​នេះ មាន​ឫសគល់​កើត​ចេញពី​អំពើពុករលួយ​ផ្នែក​នយោបាយ និង​កើតឡើង​ដោយ​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ក្នុងចំណោម​មន្ត្រី​ ដែល​មាន​តួនាទី​សម្រេចចិត្ត ឬ​មន្ត្រី​ដែល​មាន​តួនាទី​ធ្វើ​កិច្ចការ​សាធារណៈ​។ លោក​រៀបរាប់​​ថា អំពើ​ពុក​រលួយ បង្ក​បញ្ហា​ជាច្រើន​ដល់​សង្គម ​ដូចជា ​បណ្ដាល​ឱ្យ​មាន​ភាព​អសន្តិសុខ ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​រីក​លូតលាស់​យឺតយ៉ាវ និង​ចែក​ផលប្រយោជន៍​មិនបាន​សមភាព​ដល់​ពលរដ្ឋ​ទូទៅ និង​ធ្វើ​ឱ្យ​មានការ​បាត់បង់​​ធនធាន​​ធម្មជាតិ បាត់បង់​​ថវិកា​ជាតិ​ និង​​បង្កើត​​ឱ្យ​​មាន​​អំពើ​​អយុត្តិធម៌​​នៅ​​ក្នុង​​សង្គម​ផង​​ដែរ។

របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៦១ ក្នុង​ចំណោម​ប្រទេស​១៨០​។ ចំណាត់ថ្នាក់​នេះ​ដូច​ឆ្នាំ​២០១៧ ប៉ុន្តែ​កម្ពុជា​ធ្លាក់​មួយ​ពិន្ទុ គឺ​ពី​ ២១ មក​ត្រឹម ​២០​ពិន្ទុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

comrade Ta Tieng only catchup a pussycat

Old ball head comrade Ta Tieng ACU"Association Corruption Unity#ACU"can't make investigate to two big ccp's comrade officials or can't arrest them,because i'm still in this group,he said.

Jul 01, 2019 01:32 PM

គេហទំព័រ​ទាំងមូល