១ . សាលាឧទ្ធរណ៍គ្រោងបើកសវនាការលើបណ្ដឹងទាស់អនុប្រធានបក្សភ្លើងទៀនដែលចាញ់ក្ដី គ . ជ . បនិងបក្សកាន់អំណាច
សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការលើបណ្ដឹងទាស់របស់អនុប្រធានបក្សភ្លើងទៀន លោក សុន ឆ័យ ដែលបានត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យចាញ់ក្ដីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបក្សកាន់អំណាចនាថ្ងៃទី១៤ ខែធ្នូ ខាងមុខ។ មេធាវីការពារលោក សុន ឆ័យ និងមន្ត្រីសង្គមស៊ីវិលចង់ឃើញតុលាការជាន់ខ្ពស់មួយនេះកាត់ក្ដី ឈរលើស្មារតីច្បាប់ដោយកុំសម្រេចក្ដីតាមឥទ្ធិពលអ្នកមានអំណាច។
២ . សកម្មជនសិទ្ធិមនុស្សជិះកង់ពីខេត្តសៀមរាបទៅភ្នំពេញដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនប្រមាណ ៣០នាក់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ បានផ្តើមធ្វើយុទ្ធនាការជិះកង់ប្រវែងជាង ៣០០ គីឡូម៉ែត្រ ចាប់ពីចំណុចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឆ្ពោះទៅកាន់ក្រុងភ្នំពេញ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ខែធ្នូខាងមុខនេះ។ ក្រុមយុវជនធ្វើយុទ្ធនាការនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពដល់សហគមន៍មូលដ្ឋាន និងពលរដ្ឋខ្មែរ ដើម្បីការពារធនធានធម្មជាតិឱ្យបានពេញលេញឡើងវិញ។
៣ . អង្គការសហប្រជាជាតិអំពាវនាវឲ្យមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ដោះស្រាយបញ្ហាជួញដូរមនុស្សឆ្លងដែន
អង្គការសហប្រជាជាតិអំពាវនាវឲ្យមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ចាត់វិធានការដោះស្រាយបញ្ហាជួញដូរមនុស្សគ្រប់រូបភាព ខណៈអង្គការអន្តរជាតិផ្នែកទេសន្តប្រវេសន៍ (IOM) ប្រារព្ធខួបលើកទី២០ឆ្នាំ។ អង្គការសហប្រជាជាតិ ក៏បានផ្តល់អនុសាសន៍៦ចំណុច ក្នុងនោះរួមមាន ស្នើដល់រដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធ បង្កើតក្រុមឆ្លើយតបជាបន្ទាន់និងសកម្ម ដើម្បីប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ អនុសាសន៍នោះក៏បានជម្រុញឱ្យមានការផ្តោតយកចិត្តទុកដាក់លើសេវាជួយដល់ជនរងគ្រោះនៃការជួញដូរមនុស្ស ការរត់ពន្ធមនុស្សតាមសមុទ្ទ និងការលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ក្នុងនោះក្រុមការងាររួមទាំងនោះ ត្រូវសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីកាត់បន្ថយការបោកប្រាស់តាមប្រព័ន្ធអ៊ិនធឺណេត។
ទន្ទឹមនេះដែរអង្គការសហប្រជាជាតិក៏បានលើកទឹកចិត្តដល់រដ្ឋនីមួយៗសហការភាពជាដៃគូជាមួយវិស័យឯកជនដើម្បីស្វែងរកមូលហេតុនៃការជួញដូរមនុស្សនិងការរត់ពន្ធមនុស្សដោយផ្អែកតាមស្តង់ដាការងារនិងសិទ្ធិមនុស្សអន្តរជាតិដើម្បីកាត់បន្ថយអាត្រាជួញដូរមនុស្សជួយដល់ជនរងគ្រោះនិងជួយដល់ជនភៀសខ្លួនស្វែងរកការតាំងទីលំនៅប្រទេសទី៣ជាដើម។ ចំណែកនៅប្រទេសកម្ពុជាវិញ របាយការណ៍ ក្រសួងមហាផ្ទៃឲ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទបានចំនួន ១២២ករណី និងបានជួយសង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ ក្នុងនោះស្រី១៩០នាក់។
៤ . មនុស្ស ១ពាន់ ៥រយនាក់នៅខេត្តកោះកុងចូលរួមទិវាសិទ្ធិមនុស្ស ដើម្បីយុត្តិធម៌សង្គម
ប្រជាសហគមន៍ខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន និងក្រុមអង្គការសង្គមស៊ីវិល នៅថ្ងៃទី៦ ខែធ្នូ បានរួមគ្នារៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួប៧៤ ក្រោមប្រធានបទសាមគ្គីភាពប្រជាពលរដ្ឋដើម្បីយុត្តិធម៌សង្គម សិទ្ធិមនុស្ស និងកិច្ចគាំពារសង្គម ។ កម្មវិធីនេះមានមនុស្សចូលរួម ១ពាន់ ៥រយនាក់ (១៥០០) ប្រារព្ធឡើងនៅខេត្តកោះកុងដោយមានការចូលរួមពីអភិបាលរងខេត្តកោះកុង លោក ហាក់ ឡេង និងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត។ មន្ត្រីសង្គមស៊ីវិល ឱ្យដឹងថា ពិធីនេះក្នុងបំណងផ្តល់ឱកាសឱ្យប្រជាសហគមន៍និងកសិករបង្ហាញពីក្តីក្ដីកង្វល់របស់ខ្លួនប៉ះពាល់សិទ្ធិរបស់ពួកគាត់ដើម្បីឱ្យអាជ្ញាធរពិចារណាដោះស្រាយ។
៥ . តុលាការលើកពេលជំនុំជម្រះសំណុំរឿងអតីតមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា
តុលាការក្រុងភ្នំពេញនៅថ្ងៃទី៦ ខែធ្នូនេះ សម្រេចលើកពេលសវនាការរឿងក្ដីអតីតមេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ អ្នកស្រី កឹម តុលា ពាក់ព័ន្ធនឹងបទចោទញុះញង់ទៅពេលក្រោយវិញដោយមិនទាន់កំណត់ថ្ងៃជាក់លាក់។ មេធាវី និងមន្រ្តីសិទ្ធិមនុស្សស្នើដល់តុលាការពន្លឿនសំណុំរឿងនេះឱ្យបានឆាប់ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ឃុំ។
៦ . កូដករណាហ្គាវើលដ៍ស្លៀកពាក់ខោអាវអ្នកទោសទាមទារឱ្យថៅកែដោះស្រាយវិវាទការងារនិងដោះលែងកញ្ញា ឈឹម ស៊ីថរ
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) នៅថ្ងៃទី៦ ធ្នូ បានស្លៀកពាក់ខោអាវជាអ្នកទោសចេញធ្វើកូដកម្មទាមទារឱ្យថៅកែដោះស្រាយវិវាទការងារនិងដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។ មន្ត្រីសង្គមស៊ីវិល រិះគន់ថា ការដែលរដ្ឋាភិបាលនៅតែមិនអើពើដោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃនេះរដ្ឋាភិបាលនឹងរងការរិះគន់ធ្ងន់ៗបន្ថែមទៀតពីសហគមន៍ជាតិ និងអន្តរជាតិ។ អានព័ត៌មានពិស្តារ...
៨ . អាជ្ញាធរខេត្តបាត់ដំបងឯកភាពជាមួយភាគីថៃបើកច្រកទ្វាព្រំដែនតំបន់៤០០ ឡើងវិញ
អាជ្ញាធរខេត្តបាត់ដំបងបានឯកភាពគ្នាជាមួយអាជ្ញាធរថៃដើម្បីបើកដំណើរការឡើងវិញនូវច្រកទ្វាតំបន់ព្រំដែន ៤០០ ក្នុងស្រុកសំឡូត និងព្រំដែនតំបន់បានម៉ាក់មួង (BanMakMoung) ខេត្តត្រាត (Trat)។ មន្ត្រីសង្គមស៊ីវិលស្នើដល់អាជ្ញាធរប្រទេសទាំងពីរឱ្យសម្របសម្រួលដល់ពលរដ្ឋក្នុងការដោះដូរទំនិញនិងផលិតផលកសិកម្ម។
៩ . អ្នកតាមដានសង្គមថា លោក ហ៊ុន សែន ប្រមែប្រមូលអ្នកសារព័ត៌មាននិងអ្នកជំនាញវិជ្ជាជីវៈផ្សេងៗឲ្យទៅពង្រឹងអំណាចរបស់ខ្លួន
របបលោក ហ៊ុន សែន ព្យាយាមប្រមែប្រមូលអ្នកជំនាញផ្សេងៗគ្នា រួមទាំង អ្នកច្បាប់ អ្នកសារព័ត៌មាន កវីនិពន្ធ និងអ្នកជំនាញកសិកម្មជាដើមឲ្យទៅបំរើក្នុងរដ្ឋាភិបាលរបស់លោកតាមរយៈការផ្ដល់តួនាទីជាអនុរដ្ឋលេខាធិការនិងរដ្ឋលេខាធិការជាដើម។
តើលោក ហ៊ុន សែន ប្រមែប្រមូលអ្នកជំនាញវិជ្ជាជីវៈដោយផ្ដល់តួនាទីឋាន្តរស័កនេះជាការយកទៅពង្រឹងស្ថាប័នរដ្ឋ ឬ ដើម្បីយកទៅបំរើអំណាចផ្ទាល់ខ្លួនរបស់លោក?
សូមទស្សនាបទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយព្រះតេជគណ ប៊ុត ប៊ុនតិញ អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
