លោក រ៉ុង ឈុន ស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញផ្តល់នីតិសម្បទាឱ្យលោកមានសេរីភាពពេញលេញធ្វើនយោបាយឡើងវិញ ខណៈអ្នកគាំទ្របន្តធ្វើយុទ្ធនាការរៃអង្គាសប្រាក់ជូនលោកដែលត្រូវបង់សំណងដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារ តាមការបង្គាប់របស់តុលាការ។ មន្ត្រីសិទ្ធិមនុស្សថា ការចោទប្រកាន់ និងបំបិទសិទ្ធិលើលោក រ៉ុង ឈុន គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
តំណាងអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ លោក អ៊ឹម សុផាន បានចេញដីកាកោះហៅលោក រ៉ុង ឈុន ឱ្យចូលរួមសវនាការជំនុំជម្រះ លើបណ្ដឹងសុំឱ្យផ្តល់នីតិសម្បទាឡើងវិញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ខាងមុខ បន្ទាប់ពីលោក រ៉ុង ឈុន អនុវត្តទោសព្យួររយៈពេល ៣ឆ្នាំរួចរាល់ កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែកុម្ភៈថា លោកនឹងចូលរួមសវនាការនេះ ពីព្រោះកន្លងទៅលោកបានអនុវត្តត្រឹមត្រូវតាមការកំណត់របស់តុលាការ ចំណែកសកម្មភាពនយោបាយរបស់លោកជាមួយបក្សប្រឆាំង ឬការបញ្ចេញមតិអំពីបញ្ហាសង្គម ឬការជួបជុំជាមួយពលរដ្ឋរងគ្រោះកន្លងមក មិនមែនជាសកម្មភាពខុសច្បាប់ ឬបំពានបម្រាមតុលាការនោះទេ។ លោក រ៉ុង ឈុន មានប្រសាសន៍ថា បើតុលាការសម្រេចក្ដីឈរលើភាពឯករាជ្យ និងយុត្តិធម៌នោះ លោកនឹងទទួលបានសិទ្ធិសេរីភាពពេញលេញ ដើម្បីឱ្យលោកបានធ្វើនយោបាយបម្រើសង្គម និងប្រជាពលរដ្ឋខ្មែរ។
លោក រ៉ុង ឈុន៖«នៅថ្ងៃទី២៨ ខែមីនាខាងមុខនេះ ខ្ញុំគ្រាន់តែស្នើឱ្យតុលាការត្រូវតែអនុវត្តច្បាប់តាមវិជ្ជាជីវៈ ប្រកាន់គោលការណ៍ជំហរឯករាជ្យ គឺយើងនឹងទទួលបានយុត្តិធម៌ និងការផ្តល់នីតិសម្បទាដល់ខ្ញុំឡើងវិញបាទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី២១ ខែកុម្ភៈ។
កាលពីខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដាក់ពន្ធនាគារជាលើកទី២ ក្រោយពីលោកបានចុះឃ្លាំមើលដីធ្លីរបស់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ និងការរិះគន់បញ្ហាព្រំដែនកម្ពុជា និងវៀតណាម។
នៅខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចប្រកាសសាលដីកា ដោយកាត់តម្រឹមទោស លោក រ៉ុង ឈុន មកនៅត្រឹម ១ឆ្នាំ ៣ខែ និង ១១ថ្ងៃ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាត់ទោសលោកឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ។ តុលាការបានបង្គាប់ឱ្យលោក រួមជាមួយកញ្ញា ស កណិការ និងលោក តុន និមល សងជំងឺចិត្តទៅគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ៤០០លានរៀល ឬស្មើ ១០ម៉ឺនដុល្លារ។ លោក រ៉ុង ឈុន ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមលក្ខខណ្ឌព្យួរទោសសាកល្បងចំនួន ៣ឆ្នាំ។
ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានយកសំណុំរឿងចាស់មកចោទប្រកាន់លោក រ៉ុង ឈុន បន្ថែមទៀត គឺនៅមុនពេលលោកត្រូវទទួលបាននីតិសម្បទាពេញលេញឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ តុលាការចោទប្រកាន់លោក អំពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម លើបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារលោកបញ្ចេញមតិ និងចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដីធ្លីនៅក្នុងឆ្នាំ២០២៤។
សំណុំរឿងញុះញង់នេះដែរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ បានចេញសេចក្ដីជូនដំណឹងបង្គាប់ឱ្យលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល រួមគ្នាសងសំណងចំនួន ១០ម៉ឺនដុល្លារទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ ចំណែកប្រាក់ទាំងនោះ តុលាការដាក់កំហិតឱ្យបង់ទៅម្ចាស់បំណុលនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃ ទទួលបានលិខិត។
ជុំវិញរឿងនេះ អ្នកគាំទ្របានធ្វើយុទ្ធការរៃអង្គាសលុយ ក្រោយពីលោក រ៉ុង ឈុន ប្រកាសគ្មានលុយបង់ទៅគណៈកម្មាធិការព្រំដែនកម្ពុជាតាមដីកាបង្គាប់របស់តុលាការ។ ពួកគេបង្ហាញចំនួនលុយនៅលើហ្វេសប៊ុកថា ចំនួនលុយអ្នកដែលបរិច្ចាគជួយលោក រ៉ុង ឈុន គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ បានយ៉ាងហោចជាង ១ម៉ឺនដុល្លារហើយ។
គណបក្សកម្លាំងជាតិចេញលិខិតថ្លែងអំណរគុណ ចំពោះសមាជិកបក្ស មន្ត្រីរាជការ កម្មករ និងប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដែលលះបង់ថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រាលបន្ទុក លោក រ៉ុង ឈុន។ គណបក្សកម្លាំងជាតិចាត់ទុកចរន្តចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននេះកើតចេញពីទឹកចិត្តស្នេហាជាតិ ស្រឡាញ់យុត្តិធម៌ និងបង្ហាញពីរូបភាពសាមគ្គីភាពក្នុងនាមខ្មែរតែមួយ។
លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា យុទ្ធនាការនេះនៅតែបន្ត ហើយមន្ត្រីគណបក្សនឹងបូកសរុបចំនួនថវិកាបង្ហាញឱ្យសាធារណជនបានដឹងនៅពេលបញ្ចប់យុទ្ធនាការ។ លោកថារូបលោកជាអ្នកធ្វើការងារបម្រើសង្គមជាតិដោយស្មោះពុំមានលុយសម្រាប់បង់ឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារនោះទេ។ ទោះជាយ៉ាងណាក្ដី លោក រ៉ុង ឈុន ឱ្យដឹងថា លោកនឹងប្រកាសជំហរនៅពេលឆាប់ៗខាងមុខនេះ ថាតើលោកនឹងសងសំណងប្រាក់ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ឬក៏យ៉ាងណា។
លោក រ៉ុង ឈុន៖«ការចូលរួមរបស់ប្រជាពលរដ្ឋមានតម្លៃធំធេងណាស់ ដោយមិនអាចកាត់ថ្លៃបានឡើយ ពួកគាត់ចូលរួមថវិកានេះចង់បានយុត្តិធម៌ និងចង់បង្ហាញថា រ៉ុង ឈុន អត់បានប្រព្រឹត្តកំហុសអ្វីនោះទេ បាទ»។
ទាក់ទងបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា មានប្រសាសន៍ថាការចោទប្រកាន់លើលោក រ៉ុង ឈុន ពីករណីមួយទៅករណីមួយទៀតត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជារឿងនយោបាយច្រើនជាជាងការអនុវត្តច្បាប់ ពីព្រោះសកម្មភាពរបស់លោក រ៉ុន ឈុន កន្លងមកគឺជាការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់។ លោកយល់ថា អ្នកនយោបាយល្មមដល់ពេលជជែកគ្នាដោះស្រាយវិវាទនយោបាយជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការ យកមកចោទប្រកាន់លើដៃគូប្រជែង ដែលនាំឱ្យជាតិ និងអន្តរជាតិរិះគន់ប៉ះពាល់ផលប្រយោជន៍ជាតិ។
លោក នី សុខា៖«ការកាត់ក្ដី ការដាក់ទោសទណ្ឌកន្លងមកអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់លោក រ៉ុង ឈុន នៅក្នុងភាពសកម្មរបស់គាត់ខាងសកម្មភាពផ្នែកនយោបាយ រឿងហ្នឹងហើយសង្គមស៊ីវិលនៅតែទទូចឱ្យមានការដោះស្រាយបញ្ហាសកម្មជននយោបាយ ជាពិសេស ដូចជាករណីលោក រ៉ុង ឈុន ហ្នឹងសូមឱ្យដោះស្រាយលក្ខណៈសម្របសម្រួលខាងផ្លូវនយោបាយ វាប្រសើរជាងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីយកមកដាក់ទោសទណ្ឌ ហើយរឿងនេះ បើសិននៅមានដាក់ទោសទណ្ឌទៀត នោះវាជារូបភាពមិនល្អសម្រាប់ប្រទេសកម្ពុជាយើងទេ»។
មន្រ្តីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបារម្ភថា បើតាមស្ថានភាពនយោបាយដូចបច្ចុប្បន្ន ដែលរដ្ឋាភិបាលបន្តធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយមាននិន្នាការផ្ទុយពីរដ្ឋាភិបាលឥតស្រាកស្រាន្តដូច្នេះ លោក រ៉ុង ឈុន នឹងមិនរួចផុតពីការចោទប្រកាន់ ឬទទួលបាននីតិសម្បទាឡើងវិញនោះឡើយ។ ពួកគាត់ស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់ប្រើប្រព័ន្ធតុលាការធ្វើជាឧបករណ៍បង្ក្រាបសំឡេងប្រឆាំង និងសំឡេងរិះគន់ ដូចជំនាន់ឪពុករបស់លោក គឺលោក ហ៊ុន សែន តទៅទៀត ព្រោះវាមិនផ្តល់ផលចំណេញដល់ជាតិនោះទេ។ ផ្ទុយទៅវិញ វាកាន់តែធ្វើឲ្យជាតិបែកបាក់ និងមានកេរ្តិ៍ឈ្មោះអាក្រក់នៅលើឆាកអន្តរជាតិ ហើយបាត់បង់ធនធានមនុស្សចូលរួមអភិវឌ្ឍជាតិជាដើម៕
