គណបក្សកម្លាំងជាតិចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឱ្យដឹងថា សំណុំរឿងមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម លើបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម លើទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលតុលាការគ្រោងនឹងបើកសវនាការ នៅថ្ងៃទី១៧ ខែមករា ត្រូវបានស្នើសុំពន្យារពេលដោយសារមេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន មានបញ្ហាសុខភាព។
ជុំវិញករណីនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីបន្ថែមថា មេធាវីការពារក្ដីរបស់លោក គឺលោក ជួង ជូងី មានបញ្ហាសុខភាព និងបានដាក់ពាក្យស្នើសុំពន្យារពេលសវនាការរួចរាល់ហើយ។ ទោះជាយ៉ាងណាក្ដី លោកថា តុលាការនៅមិនទាន់ឆ្លើយតប ចំពោះការស្នើសុំនេះនៅឡើយទេ។
លោក រ៉ុង ឈុន ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រលោក ដែលបានជួយតាមដានបទចោទប្រកាន់នេះ។ លោក រ៉ុង ឈុន ថា លោកនឹងចូលសវនាការ ដើម្បីបង្ហាញភាពស្អាតស្អំ នៅពេលដែលមេធាវីរបស់លោកមានសុខភាពល្អប្រសើរវិញ។
លោក រ៉ុង ឈុន៖ «ជាចុងក្រោយ ខ្ញុំសូមអធ្យាស្រ័យអ្នកគាំទ្រ អ្នកខ្លះ ក៏បានកក់សំបុត្រឡាន អ្នកខ្លះក៏បានរៀបចំ ហើយអ្នកខ្លះ ក៏បានមកដល់ភ្នំពេញ ខ្ញុំសូមការអធ្យាស្រ័យផង ដោយសារមានការប្រែប្រួល ហើយក៏សូមអរគុណដល់ក្ដីបារម្ភរបស់អ្នកគាំទ្រ ដែលបានសម្ដែងមតិនៅលើបណ្ដាញសង្គម ក៏ដូចជា ផ្ញើសារមកកាន់ខ្ញុំ»។
វិទ្យុអាស៊ីសេរីព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ជាច្រើនដង ប៉ុន្តែ លោកចុចបិទទូរស័ព្ទ។
លោក រ៉ុង ឈុន បញ្ជាក់ថា លោកគ្មានធ្វើអ្វីខុសច្បាប់នោះទេ គឺមានតែធ្វើ ប៉ុការងារសង្គម នយោបាយ ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។ លោកបន្ថែមថា ឪពុកម្ដាយរបស់លោកបង្កើតលោកមក គឺលោកគ្មានទ្រព្យសម្បត្តិ លុយ កាក់ ដើម្បីយកទៅកសាងជាតិឡើយ។ អ្វី ដែលលោកមានគឺ ខ្លួនប្រាណ និងឆន្ទៈ ភាពស្មោះត្រង់របស់លោក ធ្វើការ ដើម្បីជួយប្រជាពលរដ្ឋ និង សង្គមជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
