បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អណត្តិទី៤

0:00 / 0:00

គណបក្ស​នយោបាយ​បាន​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ស្រប​ពេល​សមាជិក​អង្គ​បោះឆ្នោត​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​រង​ការ​គាប​សង្កាត់ គំរាមកំហែង ហើយ​អ្នក​ខ្លះ​នឹង​មិន​អាច​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៦ ខែឧសភា​ខាងមុខ​ដោយសារ​ពួក​គេ​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ និង​អ្នកខ្លះ​រត់​គេច​ខ្លួន។ មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​យល់​ថា​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​គ្មាន​យុត្តិធម៌ និង​តម្លាភាព។

ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៤ ដែល​មាន​រយៈ​ពេល​ចំនួន ៨ថ្ងៃ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២៤ ខែឧសភា។ ក្នុង​នោះ​គណបក្ស​ចំនួន៥ បាន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ យុទ្ធនាការ​ឃោសនា​ថ្ងៃ​ចុង​ក្រោយ​នេះ គណបក្ស​នយោបាយ​ខ្លះ​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​នៅ​ទីស្នាក់ការ​បក្ស ហើយ​គណបក្ស​ខ្លះ​ទៀត​ក្រៅ​ពី​ជួបជុំ​អ្នកគាំទ្រ និង​​អង្គ​បោះ​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បន្ទាប់​មក​ពួក​គេ​បាន​នាំគ្នា​ហែ​ក្បូន​ស្រែក​ជយឃោស​តាម​ដង​ផ្លូវ​ផង​ដែរ។

មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​បាន​ជួបជុំ​ជាមួយ​សមាជិក នៅ​តាម​បណ្ដាល​ខេត្ត​ទូទាំង​ប្រទេស និង​ហែ​ក្បូន​រយៈ​ពេល​មួយ​ព្រឹក នៅ​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​រាប់​ពាន់​នាក់។

CPP_Election_Campaign_on_clising_day_052424_FB_CPP.jpg
ក្បួន​ហែ​​ឃោសនា​​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២៤ ​ជា​ថ្ងៃ​បិទ​បញ្ចាប់​យុទ្ធនាការឃោសនា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង-ស្រុក-ខណ្ឌ អាណត្តិ​ទី៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី២៦ ខែឧសភា។ រូបពីហ្វេសប៊ុកគណបក្ស​ប្រជាជនកម្ពុជា

ចំណែក​គណបក្ស​ប្រឆាំង​វិញ ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​នៅ​ថ្ងៃ​ចុងក្រោយ​ដែរ។ មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​បាន​ហែ​ក្បួន​តាម​បណ្ដោយ​ផ្លូវ​នៅ​ក្នុង​ក្រុង​សៀមរាប​ដោយ​មាន​យាន​ជំនិះ និង​អ្នក​ចូល​ជាង ១ពាន់នាក់ ព្រមទាំង​ថ្លែង​សារ​នយោបាយ​សំខាន់ៗ ​ពង្រឹង​ស្មារតី​ដល់​អង្គ​បោះ​ឆ្នោត​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្របច្បាប់​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​យុត្តិធម៌​សង្គម។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង ថ្លែង​ថា ថ្វី​ដ្បិត​បរិយាកាស​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​រឹតត្បិត​សិទ្ធិ​សេរីភាព ដោយ​មេ​បក្ស​លោក ស៊ុន ចន្ធី ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​យ៉ាង​ណា​ក្ដី ក៏​គណបក្ស​កម្លាំង​ជាតិ​នៅតែ​រក្សា​ជំហរ​រឹងមាំ​ក្នុង​ការ​តស៊ូ​ទៅ​មុខ និង​ជំរុញ​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​ការ​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា។ លោក សុខ គឹមសេង អំពាវនាវ​ដល់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​អង្គ​បោះ​ឆ្នោត​ទាំង​អស់​ឱ្យ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​កម្លាំង​ជាតិ ដើម្បី​រក្សា​ស្មារតី​ដើម​របស់​គណបក្ស​ភ្លើង​ទៀន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន ការពារ​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​កំពុង​រង​គ្រោះ។

លោក សុខ គឹមសេង៖«ទោះបី​យើង​មាន​ការ​ឈឺ​ចាប់ ចំពោះ​អវត្តមាន​លោក​ប្រធាន ស៊ុន ចន្ធី ក៏​ដោយ យើង​កែប្រែ​ការ​ឈឺ​ចាប់​នេះ កែប្រែ​កម្ដៅ​ថ្ងៃ​នៅ​ថ្ងៃ​នេះ​ឱ្យ​ក្លាយ​ជា​ភាព​រឹងមាំ ដើម្បី​បន្ត​ដំណើរ​ទៅ​ដល់​គោលដៅ​ខាងមុខ​គឺ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជយោ គណបក្ស​កម្លាំង​ជាតិ!ជយោៗ»។

រីឯ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​គណបក្ស​នៅ​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​វិញ​បាន​រៀបចំ​កម្មវិធី​សំណេះសំណាល​នៅ​ថ្ងៃ​បិទ​បញ្ចាប់​យុទ្ធនាការឃោសនាបោះឆ្នោត​នៅ​ទីស្នាក់ការ​បក្ស​ក្នុង​ខេត្តត្បូងឃ្មុំ​ដោយ​មាន​សមាជិក និង​អ្នក​គាំទ្រ​ចូលរួម​ជិត​១ពាន់​នាក់។

KWP_gathering_on_Election_Campaign_Closing_day_052424_FB_CLP_1.jpg
ទិដ្ឋភាពគណបក្ស​ឆន្ទៈ​ខ្មែរ​ ដែល​ជា​គណបក្ស​នៅ​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត ​រៀបចំ​កម្មវិធី​សំណេះសំណាល​ នៅ​ថ្ងៃ​បិទ​បញ្ចាប់​យុទ្ធនាការឃោសនាបោះឆ្នោត ​នៅ​ទីស្នាក់ការ​បក្ស​ក្នុង​ខេត្តត្បូងឃ្មុំ​ នៅ​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយ​មាន​សមាជិក និង​អ្នក​គាំទ្រ​ចូលរួម​ជិត ​១ពាន់​នាក់។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន

អគ្គលេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក គង់ មុនីកា ថ្លែង​ទៅកាន់​សមាជិក​ថា​ការបោះឆ្នោត​អសកល​នេះ​មាន​សារៈសំខាន់​​សម្រាប់​គណបក្ស​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដើម្បី​កសាង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ចូលរួម​កួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ២០២៧ និង២០២៨។ លោក គង់ មុនីកា សង្ឃឹម​ថា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មក​ពី​បក្ស​ភ្លើង​ទៀន​នឹង​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ​ក្នុង​ការ​​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ពេល​ខាង​មុខ​នេះ។

លោក គង់ មុនីកា៖«ខ្ញុំ​អំពាវនាវ​ដល់​អ្នក​ប្រជាធិបតេយ្យ​នៅ​គណបក្ស​នយោបាយ អ្នក​គាំទ្រ​បក្ស​ផ្សេងៗ​ទៀត​រួមគ្នា​ខាង​មុខ ទៅ​ដល់​ឆ្នាំ២០២៧ ឆ្នាំ២០២៨ យើង​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​រួម​សាមគ្គី​គ្នា​ក្លាយ​ជា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​តែ​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​ឆ្នាំ២០២៧ ឆ្នាំ២០២៨ បាទ»។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដោយ​ខ្លី​ថា គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោស​បោះ​ឆ្នោត​រយៈ​ពេល ៨ថ្ងៃ​មក​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សណ្ដាប់ធ្នាប់​ល្អ និង​គ្មាន​អំពើ​ហិង្សា។

ទន្ទឹម​នឹង​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៤ ខែឧសភា បាន​ចេញ​លិខិត​អំនាវនាវ​ដល់​គណបក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ចាប់​ពី​ម៉ោង ១០យប់​ថ្ងៃ​ទី២៤ ខែឧសភា ដល់​ម៉ោង ១២យប់​ថ្ងៃ​ទី២៦ ខែឧសភា ឬ​ហៅ​ថា​ថ្ងៃ​ស ហើយ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចាត់វិធានការ​សកម្មភាព​ទាំង​ឡាយ​ណា​ធ្វើ​ឱ្យ​ភាន់​ច្រលំ ឬ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង-ស្រុក-ខណ្ឌ អាណត្តិ​ទី៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៦ ខែឧសភា ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុង​តំណែង​ចំនួន​ជាង ១ម៉ឺន ១ពាន់ (១១.៦២២) នាក់​នៅ​ទូទាំង​ប្រទេស​ជា​អង្គ​បោះ​ឆ្នោត។

ទោះ​យ៉ាង​ណា​ក្តី ការបោះឆ្នោត​លើក​នេះ​មិន​ខុស​ពី​ការ​បោះ​ឆ្នោត​លើក​មុន​នោះ​ទេ គឺ​ករណី​អាជ្ញាធរ​បក្ស​កាន់​អំណាច​ដើរ​អូសទាញ គំរាម​កំហែង ជាពិសេស យក​ប្រព័ន្ធ​តុលាការ​ដាក់​សម្ពាធ​ដើម្បី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កើតឡើង​ស្ទើរ​គ្រប់​រូបភាព​នៅ​តាម​មូលដ្ឋាន។ ជាង​នេះ​ទៅ​ទៀត សកម្មជន​ដែល​មិន​ព្រម​លក់​ឧត្ដមគតិ​តាម​ការ​អូសទាញ​វិញ​ត្រូវ​​អាជ្ញាធរ​​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ឬ​អ្នក​ខ្លះ​រត់​ភៀស​ខ្លួន​ដើម្បី​រក្សា​សុវត្ថិភាព​ដែល​ធ្វើ​ឱ្យ​អង្គ​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​នឹង​ខកខាន​ចេញ​ទៅ​បោះ​ឆ្នោត ដោយសារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​បក្ស​កាន់​អំណាច។ គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ទាំង​នេះ​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​អនុវត្ត​សិទ្ធិ និង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​នៅ​ថ្ងៃ​ទី២៦ ខែឧសភា​ខាង​មុខ​នេះ​នឹង​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។