គណបក្សនយោបាយបានបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ស្របពេលសមាជិកអង្គបោះឆ្នោតរបស់បក្សប្រឆាំងមួយចំនួនរងការគាបសង្កាត់ គំរាមកំហែង ហើយអ្នកខ្លះនឹងមិនអាចទៅបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភាខាងមុខដោយសារពួកគេត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ និងអ្នកខ្លះរត់គេចខ្លួន។ មន្ត្រីបក្សប្រឆាំង និងពលរដ្ឋយល់ថាការបោះឆ្នោតនេះប្រព្រឹត្តទៅគ្មានយុត្តិធម៌ និងតម្លាភាព។
ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមានរយៈពេលចំនួន ៨ថ្ងៃបានបិទបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា។ ក្នុងនោះគណបក្សចំនួន៥ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ យុទ្ធនាការឃោសនាថ្ងៃចុងក្រោយនេះ គណបក្សនយោបាយខ្លះរៀបចំពិធីសំណេះសំណាលជាមួយសមាជិកនៅទីស្នាក់ការបក្ស ហើយគណបក្សខ្លះទៀតក្រៅពីជួបជុំអ្នកគាំទ្រ និងអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ បន្ទាប់មកពួកគេបាននាំគ្នាហែក្បូនស្រែកជយឃោសតាមដងផ្លូវផងដែរ។
មេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនបានជួបជុំជាមួយសមាជិក នៅតាមបណ្ដាលខេត្តទូទាំងប្រទេស និងហែក្បូនរយៈពេលមួយព្រឹក នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានអ្នកចូលរួមរាប់ពាន់នាក់។

ចំណែកគណបក្សប្រឆាំងវិញ បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សានៅថ្ងៃចុងក្រោយដែរ។ មេដឹកនាំគណបក្សកម្លាំងជាតិបានហែក្បួនតាមបណ្ដោយផ្លូវនៅក្នុងក្រុងសៀមរាបដោយមានយានជំនិះ និងអ្នកចូលជាង ១ពាន់នាក់ ព្រមទាំងថ្លែងសារនយោបាយសំខាន់ៗ ពង្រឹងស្មារតីដល់អង្គបោះឆ្នោតប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងយុត្តិធម៌សង្គម។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ថ្លែងថា ថ្វីដ្បិតបរិយាកាសនយោបាយនៅមុនការបោះឆ្នោតរឹតត្បិតសិទ្ធិសេរីភាព ដោយមេបក្សលោក ស៊ុន ចន្ធី ត្រូវអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌យ៉ាងណាក្ដី ក៏គណបក្សកម្លាំងជាតិនៅតែរក្សាជំហររឹងមាំក្នុងការតស៊ូទៅមុខ និងជំរុញឱ្យកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងការចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា។ លោក សុខ គឹមសេង អំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាអង្គបោះឆ្នោតទាំងអស់ឱ្យប្រើប្រាស់សិទ្ធិសេរីភាពទៅបោះឆ្នោតជូនគណបក្សកម្លាំងជាតិ ដើម្បីរក្សាស្មារតីដើមរបស់គណបក្សភ្លើងទៀនធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន ការពារផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរកំពុងរងគ្រោះ។
លោក សុខ គឹមសេង៖«ទោះបីយើងមានការឈឺចាប់ ចំពោះអវត្តមានលោកប្រធាន ស៊ុន ចន្ធី ក៏ដោយ យើងកែប្រែការឈឺចាប់នេះ កែប្រែកម្ដៅថ្ងៃនៅថ្ងៃនេះឱ្យក្លាយជាភាពរឹងមាំ ដើម្បីបន្តដំណើរទៅដល់គោលដៅខាងមុខគឺការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ជយោ គណបក្សកម្លាំងជាតិ!ជយោៗ»។
រីឯគណបក្សឆន្ទៈខ្មែរដែលជាគណបក្សនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគតវិញបានរៀបចំកម្មវិធីសំណេះសំណាលនៅថ្ងៃបិទបញ្ចាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីស្នាក់ការបក្សក្នុងខេត្តត្បូងឃ្មុំដោយមានសមាជិក និងអ្នកគាំទ្រចូលរួមជិត១ពាន់នាក់។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ថ្លែងទៅកាន់សមាជិកថាការបោះឆ្នោតអសកលនេះមានសារៈសំខាន់សម្រាប់គណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដើម្បីកសាងកម្លាំងអ្នកប្រជាធិបតេយ្យចូលរួមកួតប្រជែងជាមួយបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៧ និង២០២៨។ លោក គង់ មុនីកា សង្ឃឹមថាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សភ្លើងទៀននឹងបោះឆ្នោតគាំទ្រគណបក្សឆន្ទៈខ្មែរក្នុងការបោះឆ្នោតក្រុមប្រឹក្សាពេលខាងមុខនេះ។
លោក គង់ មុនីកា៖«ខ្ញុំអំពាវនាវដល់អ្នកប្រជាធិបតេយ្យនៅគណបក្សនយោបាយ អ្នកគាំទ្របក្សផ្សេងៗទៀតរួមគ្នាខាងមុខ ទៅដល់ឆ្នាំ២០២៧ ឆ្នាំ២០២៨ យើងមានពេលវេលាគ្រប់គ្រាន់ដើម្បីរួមសាមគ្គីគ្នាក្លាយជាកម្លាំងអ្នកប្រជាធិបតេយ្យតែប្រកួតប្រជែងជាមួយបក្សកាន់អំណាចឆ្នាំ២០២៧ ឆ្នាំ២០២៨ បាទ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីដោយខ្លីថា គណបក្សនយោបាយធ្វើយុទ្ធនាការឃោសបោះឆ្នោតរយៈពេល ៨ថ្ងៃមកនេះបានប្រព្រឹត្តទៅដោយរលូន មានសណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែឧសភា បានចេញលិខិតអំនាវនាវដល់គណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៤ ខែឧសភា ដល់ម៉ោង ១២យប់ថ្ងៃទី២៦ ខែឧសភា ឬហៅថាថ្ងៃស ហើយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការសកម្មភាពទាំងឡាយណាធ្វើឱ្យភាន់ច្រលំ ឬបាត់ទំនុកចិត្តលើការបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ហើយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួនជាង ១ម៉ឺន ១ពាន់ (១១.៦២២) នាក់នៅទូទាំងប្រទេសជាអង្គបោះឆ្នោត។
ទោះយ៉ាងណាក្តី ការបោះឆ្នោតលើកនេះមិនខុសពីការបោះឆ្នោតលើកមុននោះទេ គឺករណីអាជ្ញាធរបក្សកាន់អំណាចដើរអូសទាញ គំរាមកំហែង ជាពិសេស យកប្រព័ន្ធតុលាការដាក់សម្ពាធដើម្បីឱ្យសកម្មជនបក្សប្រឆាំងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានកើតឡើងស្ទើរគ្រប់រូបភាពនៅតាមមូលដ្ឋាន។ ជាងនេះទៅទៀត សកម្មជនដែលមិនព្រមលក់ឧត្ដមគតិតាមការអូសទាញវិញត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ឬអ្នកខ្លះរត់ភៀសខ្លួនដើម្បីរក្សាសុវត្ថិភាពដែលធ្វើឱ្យអង្គបោះឆ្នោតរបស់បក្សប្រឆាំងមួយចំនួននឹងខកខានចេញទៅបោះឆ្នោត ដោយសារការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរបក្សកាន់អំណាច។ គណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលមើលឃើញថា បញ្ហាទាំងនេះជះឥទ្ធិពលមិនល្អដល់ការអនុវត្តសិទ្ធិ និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះនឹងមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
